ប្រទេសអូស្ត្រាលីនិងកាណាដាបានចូលរួមជាមួយប្រទេសជាច្រើនផ្សេងៗទៀតដែលតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនទាំងអស់ត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ជាមុនសិន មុនពេលឡើងយន្តហោះ ខណៈពេលដែលចិនកំពុងប្រយុទ្ធទប់ទល់នឹងការផ្ទុះនៃការឆ្លងជំងឺកូវីដ១៩បន្ទាប់ពីខ្លួនបានបន្ធូរបន្ថយការរឹតបន្តឹង ភ្លាមៗដែលបានអនុវត្តក្នុងអំឡុងពេលភាគច្រើននៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAP។
ក្រុមអាជ្ញាធរសុខាភិបាលអូស្ត្រាលីនិយាយកាលពីថ្ងៃអាទិត្យថាចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះតទៅ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក ទីក្រុងហុងកុង និងម៉ាកាវ នឹងត្រូវបង្ហាញលិខិតធ្វើតេស្តថាគ្មានជំងឺកូវីដ១៩ដែលធ្វើឡើង២ថ្ងៃមុនការចេញដំណើររបស់ពួកគេ។
ដោយឡែកប្រទេសកាណាដាវិញក៏បានប្រកាសវិធានការប្រហាក់ប្រហែលគ្នានេះផងដែរដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី៥ ខែមករាខាងមុខនេះនៅក្នុងសេចក្តីថ្លែង ការណ៍មួយរបស់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅ។
ប្រទេសអូស្ត្រាលីនិងកាណាដាបានចូលរួមជាមួយប្រទេសដទៃផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា ជប៉ុននិងប្រទេសជាច្រើនក្នុងសហភាពអឺរ៉ុបនៅក្នុងការដាក់វិធានការកូវីដ១៩ខ្លាំងជាងមុនទៅលើអ្នកដំណើរមកពីប្រទេសចិន ដោយការបារម្ភជុំវិញការខ្វះទិន្នន័យនៃការឆ្លងជំងឺនេះនៅក្នុងប្រទេសចិន និងការភ័យខ្លាចដែលថា លទ្ធភាពនៃវីរុសបំប្លែងខ្លួនថ្មីនៃជំងឺនេះអាចនឹងឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
អាជ្ញាធរចិននិយាយក្នុងពេលកន្លងទៅថា ចាប់ពីថ្ងៃទី៨ ខែមករានេះតទៅអ្នកធ្វើដំណើរមកពីក្រៅប្រទេស នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតនោះឡើយ នៅពេលមកដល់ប្រទេសចិននោះ ដែលនេះនឹងបើកផ្លូវដល់ជនជាតិចិនជាច្រើនអ្នកផងដែរ ឱ្យធ្វើដំណើរទៅក្រៅប្រទេស៕