អ្នកសារព័ត៌មាននៅប្រទេសកម្ពុជាបន្តរងការយាយី និងគំរាមកំហែងទាំងតាមផ្លូវច្បាប់ និងរាងកាយ ក្នុងនិងក្រោយពេលធ្វើសេចក្តីរាយការណ៍ព័ត៌មាន ហើយក្នុងកាលៈទេសៈខ្លះ អ្នកសារព័ត៌មានត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយពីអាជ្ញាធររដ្ឋ។ នេះបើតាមរបាយការណ៍ប្រចាំត្រីមាសរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ខេមបូចា) ដែលបានចេញផ្សាយក្នុងខែកក្កដានេះ។
ខេមបូចាបានឱ្យដឹងក្នុងរបាយការណ៍ខ្លួនថា ការកើនឡើងនូវការគំរាមកំហែងតាមច្បាប់នៅតែជាក្តីបារម្ភចម្បងរបស់អ្នកកាសែត ដែលព្យាយាមធ្វើសេចក្តីរាយការណ៍អំពីបញ្ហារសើបនានានៅប្រទេសកម្ពុជា។
នាយកប្រតិបត្តិនៃសមាគមខេមបូចា លោក ណុប វី ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សមាគមខេមបូចា បានសង្កេតឃើញចំណុចសំខាន់ៗពីរដែលកំពុងកើតឡើងលើអ្នកសារព័ត៌មាន គឺការប្រើច្បាប់ព្រហ្មទណ្ឌដើម្បីប្រឆាំងនឹងអ្នកសារព័ត៌មានដែលបង្កឱ្យមានក្តីបារម្ភ ជាពិសេសលើអ្នកសារព័ត៌មានពលរដ្ឋសម្រាប់ការចូលរួមធ្វើសេចក្តីរាយការណ៍ព័ត៌មានផ្សេងៗក្នុងសង្គម និងនាំឱ្យមានការជជែកជាសាធារណៈលើបណ្តាញសង្គម។
លោកបន្ថែមថា បញ្ហាដែលជាក្តីបារម្ភទីពីរនោះ គឺការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលនៅមានកម្រិតនៅឡើយ របស់អ្នកដែលទើបចូលប្រឡូកក្នុងវិស័យនេះ។
លោកថ្លែងថា៖ «គាត់មានការយល់ដឹងនៅតិចតួចនៅឡើយ ជុំវិញរឿងវិជ្ជាជីវៈសារព័ត៌មាន ការប្រើប្រាស់ពាក្យពេចន៍ ការប្រើប្រាស់ឥរិយាបថផ្សេងៗ ហើយនិងសកម្មភាពផ្សេងៗ ដែលមានមួយចំនួនណាមួយនោះគឺថា អាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់សិទ្ធិឯកជនភាពទៅដល់សិទ្ធិមួយចំនួនផងដែរ»។
បើតាម លោក ណុប វី កង្វះនៃការយល់ដឹងក្រមសីលធម៌នេះ បានរួមចំណែកដល់កំណើននៃការប្តឹងផ្តល់លើអ្នកសារព័ត៌មាន។
ដោយឡែក លោកសង្កេតឃើញថាចំនួនអ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវ និងឯករាជ្យថយចុះ ក្រោមហេតុផលថាការបំពេញការងាររបស់អ្នកសារព័ត៌មានដែលគោរពតាមក្រមសីលធម៌វិជ្ជាជីវៈកំពុងប្រឈមនឹងបញ្ហាមួយចំនួន ហើយស្ថានភាពនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៧ មក។ លោកបន្ថែមថា ការថយចុះនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានឯករាជ្យនេះ នឹងធ្វើឱ្យថយចុះចំពោះការផលិតព័ត៌មានដែលមានគុណភាពគ្រប់ជ្រុងជ្រោយ ដែលជួយចូលរួមចំណែកនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋ។
របាយការណ៍ឃ្លាំមើលប្រចាំត្រីមាសរបស់ខេមបូចា ដែលធ្វើឡើងក្នុងចន្លោះខែមេសា និងខែមិថុនា បានបង្ហាញថា ទំនោរនៃការកើនឡើងការគំរាមកំហែងផ្លូវច្បាប់លើអ្នកកាសែត បានរំលេចឱ្យឃើញ «បរិយាកាស កាន់តែយ៉ាប់យឺនឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេស អង្គភាពផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យជារឿយៗប្រឈមនឹងការយាយី»។
ខេមបូចាបានកត់ត្រាករណីនៃការយាយីចំនួន ៧ ប្រឆាំងអ្នកសារព័ត៌មានចំនួន ១១ នាក់ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៤ នេះ ខណៈកាលពីត្រីមាសទី ១ មានករណីយាយីចំនួន ១០ ករណី ត្រូវបានកត់ត្រាទុក ហើយពាក់ព័ន្ធនឹងអ្នកកាសែតចំនួន ១៨ នាក់។
ករណីយាយីដែលត្រូវបានកត់ត្រាទុកក្នុងត្រីមាសទី ២ គឺស្ទើរតែទាំងអស់ជាការគំរាមកំហែងតាមច្បាប់ ហើយករណីទាំង ៧ ដែលបានកត់ត្រាទុកនោះ រួមមានអ្នកយកព័ត៌មានត្រូវបានកាត់ទោស នាំខ្លួន និងឃុំខ្លួនដើម្បីធ្វើការសាកសួរ។ អ្នកសារព័ត៌មានម្នាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារពីបទញុះញង់ ខណៈពីរនាក់ទៀតត្រូវបានចាប់ខ្លួន និងឃុំខ្លួនដើម្បីការសាកសួរ ហើយចាងហ្វាងម្នាក់ត្រូវបានកាត់ទោសបីបទបរិហារកេរ្តិ៍ និងត្រូវបានបង្គាប់ឱ្យសងប្រាក់ពិន័យចំនួន ៤ លានរៀល ឬប្រមាណជា១០០០ដុល្លារអាមេរិក។ មានអ្នកកាសែតម្នាក់ទៀតត្រូវបាននាំខ្លួនទៅតុលាការដើម្បីសាកសួរ បន្ទាប់ពីបានធ្វើសេចក្តីរាយការណ៍អំពីការសូកប៉ាន់។ ហើយមានករណីវាយដំលើរាងកាយលើអ្នកកាសែតម្នាក់ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ខេមបូចាបានលើកឡើងក្នុងរបាយការណ៍ខ្លួនថា៖ «យើងបានកត់សម្គាល់ឃើញថា ភាគច្រើននៃការយាយី និងការគំរាមកំហែង ត្រូវបានអនុវត្តដោយអាជ្ញាធររដ្ឋ ដូចជាមន្ត្រីយោធា អភិបាល និងអាជ្ញាធរមូលដ្ឋាន ហើយភាគច្រើនពាក់ព័ន្ធនឹងការធ្វើសេចក្តីរាយការណ៍ពីបរិស្ថាន»។
ខេមបូចាបានបន្ថែមថា៖ «អ្នកកាសែតអនឡាញពីរនាក់ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនដើម្បីសាកសួរដោយតុលាការខេត្តតាកែវ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ថា បានបង្កការញុះញង់ និងការរើសអើង។ ចាងហ្វាងសារព័ត៌មានម្នាក់ត្រូវបានកាត់ទោសដោយតុលាការខេត្តបាត់ដំបង ចំពោះការបង្ខូចកេរ្តិ៍ឈ្មោះអភិបាលស្រុក។ ហើយអ្នកកាសែតមា្នក់ទៀតត្រូវបាននាំខ្លួនដោយតុលាការខេត្តរតនគិរី បន្ទាប់ពីបានធ្វើសេចក្តីរាយការណ៍អំពីនគរបាលមូលដ្ឋានដែលសង្ស័យថាបានយកលុយពីអ្នកភូមិជាច្រើននាក់»។
ខេមបូចាឱ្យដឹងទៀតថា កាលពីខែមេសា ក្រសួងព័ត៌មានបានប្រកាសថា ខ្លួនកំពុងធ្វើការលើធម្មនុញ្ញមួយសម្រាប់អ្នកកាសែតអាជីព ដែលក្រសួងថា នឹងជួយអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយមួយដ៏មានភាពជោគជ័យ។ ប៉ុន្តែអ្នកពាក់ព័ន្ធជាច្រើនភ័យខ្លាចថា ធម្មនុញ្ញនេះនឹងត្រូវបានប្រើដើម្បីរឹតត្បិតសេរីភាពសារព័ត៌មានបន្ថែមទៀត។ ក្រសួងព័ត៌មានក៏បានចេញរបាយការណ៍លើកដំបូងដែលមិនធ្លាប់មានពីមុនលើស្ថានភាពសារព័ត៌មានប្រទេសកម្ពុជា ដោយបានអះអាងថា ៨០% នៃអ្នកកាសែតចំនួន ៣៤១ នាក់ ដែលត្រូវបានស្ទង់មតិ បាននិយាយថា សេរីភាពសារព័ត៌មាននៅកម្ពុជា «ល្អ» ឬ «ល្អខ្លាំងណាស់»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា របាយការណ៍របស់ខេមបូចា នឹងក្លាយជាធាតុចូលសម្រាប់ការតាមដាន និងស៊ើបអង្កេតបន្ថែមលើហេតុការណ៍នានាដែលបានកើតឡើងចំពោះអ្នកកាសែត ដើម្បីឈានទៅរកដំណោះស្រាយសមស្របមួយ។
លោកលើកចិត្តឱ្យមានការផ្តល់ព័ត៌មានដែលបានកើតឡើងចំពោះអ្នកសារព័ត៌មានដល់ស្ថាប័នមានសមត្ថិកច្ចពាក់ព័ន្ធ និងបានរំឭកអ្នកកាសែតជាទូទៅកុំឱ្យដើរតួនាទី ខុសពីវិជ្ជាជីវៈសារព័ត៌មាន។
លោកថ្លែងថា៖ «ខ្ញុំសូមជម្រាបជូនផងដែរ អ្នកសារព័ត៌មាន គឺមិនត្រូវដើរតួនាទី ជំនួសឱ្យតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ឬជំនួសការងាររបស់តុលាការឡើយ ហើយការបំពេញតួនាទី និងភារកិច្ច តាមក្រមសីលធម៌ វិជ្ជាជីវៈ និងដោយភាពស្មោះត្រង់ពិតប្រាកដរបស់អ្នកសារព័ត៌មាន ទើបជាការចូលរួមលើកតម្កើងគុណតម្លៃអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គម»។
បើតាម លោក ទេព អស្នារិទ្ធ ក្រសួងព័ត៌មានក៏បានយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់អ្នកសារព័ត៌មាន ដែលអង្គភាពរបស់ខ្លួនមានការចុះបញ្ជី និងគោរពវិជ្ជាជីវៈត្រឹមត្រូវ ដោយក្រសួងបានជួយសម្របសម្រួលដោះស្រាយវិវាទ និងបញ្ហានានារបស់អ្នកសារព័ត៌មានបាន សរុបចំនួន ២០ ករណី ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ហើយក៏កំពុងដំណើរការក្នុងការផ្តល់មេធាវីការពារក្តីក្នុងតុលាការសម្រាប់វិវាទមួយចំនួនទៀត។
លោកឱ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០២៣ ក្រសួងបានដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន បានសរុបចំនួន ៤៣ លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០ លើកទៀត ហើយនៅក្នុងឆ្នាំដដែលនោះ ក្រសួងក៏បានផ្តល់មេធាវីការពារក្តី ហើយទទួលបានជោគជ័យសរុប ១១ វិវាទផងដែរ។
កាលពីខែឧសភា អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលជាអង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីសន្ទទស្សន៍សេរីភាពសារព័ត៌មាន។ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៥១ ក្នុងចំណោម ១៨០ ប្រទេស ដែលមានន័យថា សេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
វេទិកាបញ្ចេញមតិ