ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAIDបានប្រកាសផ្តល់ជំនួយប្រមាណ ៧ លានដុល្លារអាមេរិក ដើម្បីពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ពោលគឺចាប់អនុវត្តពីចុងឆ្នាំ ២០២៤ នេះ។
បើតាមសារដែលបង្ហោះនៅលើគេហទំព័ររបស់ USAID ទីភ្នាក់ងាររបស់អាមេរិកមួយនេះកំពុងស្វែងរកស្ថាប័នដែលនឹងដាក់ពាក្យស្នើសុំជំនួយនេះ។ USAID បញ្ជាក់ថាគោលបំណងនៃការផ្តល់ជំនួយនេះ គឺដើម្បីពង្រឹង និងពង្រីកភាពចម្រុះនៃប្រភពព័ត៌មាន និងព័ត៌មានគួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា ដើម្បីឱ្យពួកគេចូលរួមក្នុងជីវិតប្រចាំថ្ងៃបានកាន់តែប្រសើរជាងមុន។
បើតាម USAID សកម្មភាពចម្បងបីដែលមូលនិធិផ្តោតជាសំខាន់គឺទី ១ ការរៀបចំស្ថាប័ន៖ ពង្រឹងវេទិកាឯករាជ្យសម្រាប់ការប្រមូលផ្តុំ និងផ្សព្វផ្សាយដំណឹង និងព័ត៌មានដែលគួរឱ្យទុកចិត្តដល់អ្នកអានស្តាប់មើលជាជនជាតិកម្ពុជា។ ទី ២ នវានុវត្តន៍៖ ពង្រីកមធ្យោបាយ និងវិធីសាស្រ្តដែលប្រើដើម្បីនាំមកជូនប្រជាជនកម្ពុជានូវដំណឹង និងព័ត៌មានឯករាជ្យ។ ទី ៣ ភាពធន់៖ កសាងការភ្ជាប់គ្នា សន្តិសុខ និងភាពធន់នៃវិស័យសារព័ត៌មានឯករាជ្យរបស់កម្ពុជា។
ដំណើរការនៃការដាក់ពាក្យគឺចាប់ពីថ្ងៃទី ៩ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤។
អ្នកនាំពាក្យទីភ្នាក់ងារ USAID ប្រាប់វីអូអេតាមសារអ៊ីម៉ែលថា USAID បានគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជានាពេលកន្លងមក ហើយនឹងបន្តធ្វើដូច្នេះ តាមរយៈឱកាសផ្តល់មូលនិធិនេះ។ USAID ថា វិស័យប្រព័ន្ធផ្សព្វផ្សាយដ៏រឹងមាំ ជាមួយប្រភពព័ត៌មានចម្រុះ និងឯករាជ្យ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យរបស់ USAID បញ្ជាក់តាមសារអ៊ីម៉ែលថា៖ «សកម្មភាពអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា គឺស្របតាមយុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសរបស់ទីភ្នាក់ងារ USAID កម្ពុជាសម្រាប់ឆ្នាំ ២០២០-២០២៥ ដែលកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមានសមត្ថភាពជាងមុននឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាចូលរួមកាន់តែមានប្រសិទ្ធភាពជាមួយរដ្ឋាភិបាលរបស់ពួកគេ ដើម្បីលើកកម្ពស់សេរីភាពជាមូលដ្ឋាន និងបង្កើនតម្លាភាព និងគណនេយ្យភាពរបស់រដ្ឋាភិបាល»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា លោក ណុប វី ប្រាប់វីអូអេថា សមាគមខេមបូចានឹងចូលរួមដាក់ពាក្យ ដើម្បីប្រកួតប្រជែងយកជំនួយមួយនេះ។ លោកបញ្ជាក់ថា ការផ្តល់ជំនួយនេះបង្ហាញពីការយកចិត្តទុកដាក់ច្រើនជាងមុនដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជាពីសំណាក់រដ្ឋាភិបាលអាមេរិក។ លោកបន្តថា ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយមានសារៈសំខាន់នៅក្នុងពេលដែលការបំពុលព័ត៌មានមិនពិតនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ។
លោកថ្លែងថា៖ «អ៊ីចឹងការគាំទ្រតាមរយៈការផ្តល់មូលនិធិថ្មីរបស់សហរដ្ឋអាមេរិក ខ្ញុំគិតថា វាជួយច្រើនដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាអាចនឹងចូលរួមចំណែកនៅក្នុងការជួយពង្រឹងសេរីភាពសារព័ត៌មាន ជួយពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈត្រឹមត្រូវ ជួយការពារដល់អ្នកសារព័ត៌មានដែលគាត់កំពុងតែបំពេញវិជ្ជាជីវៈនៅក្នុងវិស័យសារព័ត៌មានហ្នឹង»។
បើតាមលោក ណុប វី សារព័ត៌មានឯករាជ្យ និងអ្នកសារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលលោកថា ជំនួយរបស់អាមេរិកគឺនឹងជួយស្តាឡើងវិញនូវដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
នាយិកាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM អ្នកស្រី ឆន សុគន្ធា លើកឡើងថា មូលនិធិ ៧ លានដុល្លារគឺជាជំនួយច្រើនលើកដំបូងរបស់USAID ដែលជួយដោយផ្ទាល់ដល់វិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងក្នុងរយៈពេលយូរ។ អ្នកស្រីបន្តថា ខណៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាកំពុងតែរងការរឹតត្បិត និងខ្វះថវិកា ការផ្តល់មូលនិធិនេះគឺជាឱកាសដើម្បីអាចឱ្យស្ថាប័នដែលចាប់អារម្មណ៍អាចដាក់ពាក្យរួមគ្នា ដើម្បីទទួលបានថវិកានេះ។
អ្នកស្រីបញ្ជាក់ថា៖ «ឥឡូវនេះយើងទាំងអស់គ្នាកំពុងតែពិភាក្សា ជជែកថាតើ Donor[ម្ចាស់ជំនួយ]ធំឬក៏អ្នកសម្របសម្រួលមួយណា ដែលខាងយើងកំពុងតែពិភាក្សាគ្នា ដើម្បីជួយសម្របសម្រួលអង្គការស្ថាប័នសារព័ត៌មានទាំងអស់នេះ រួមគ្នាដាក់proposal [សំណើ]ទៅខាង USAID ឱ្យបានទាន់ពេលវេលា»។
បើតាមអ្នកស្រី ឆន សុគន្ធា ក្រោយការដកជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់រដ្ឋាភិបាលស៊ុយអែត អង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជារងផលប៉ះពាល់ច្រើន ជាពិសេសអង្គការដែលធ្វើការពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ។
អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជា ហៅកាត់ថា CFJ លើកឡើងថា ជំនួយនេះមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ខណៈចំនួនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានតិចតួច ហើយលំហនៅក្នុងការធ្វើការងារ ក៏តូចផងដែរ។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងបើសិនជាយើងមាន Fund [ថវិកា]សម្រាប់អនុវត្តកម្មវិធី យើងគិតថានឹងអាចឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យធ្វើការងាររបស់ខ្លួន ផ្សព្វផ្សាយព័ត៌មានឬក៏ធ្វើកម្មវិធីផ្សេងៗដល់ប្រជាពលរដ្ឋយើងបានច្រើន បានទូលំទូលាយ ហើយប្រជាពលរដ្ឋយើងអាចទទួលបានព័ត៌មានពិត គាត់អាចសម្រេចចិត្តបានត្រឹមត្រូវ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឬក៏ប្រទេសជាតិយើងបានច្រើន»។
អ្នកស្រីរំពឹងថា ជំនួយនេះក៏នឹងជួយដល់អ្នកសារព័ត៌មានស្ត្រីបានច្រើនជាងមុនផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ លើកឡើងថា ភាពរីកចម្រើននៃវិស័យសារព័ត៌មានទាមទារការចូលរួមពីភាគីពាក់ព័ន្ធ «ដោយស្មោះត្រង់និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ» ជាពិសេសការអនុវត្តការងារទៅតាមច្បាប់ដែលបានកំណត់។
លោកថ្លែងថា៖ «ហើយទាំងនេះហើយជាកិច្ចការចាំបាច់ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដែលក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធបាននិងកំពុងអនុវត្តយ៉ាងសកម្មដើម្បីរួមចំណែកលើកស្ទួយតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងការអភិវឌ្ឍវិស័យព័ត៌មាននេះឱ្យកាន់តែរីកចម្រើនថែមទៀត»។
លោកបន្ថែមថា អ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ និងអង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបជាង ២.០០០ អង្គភាពកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានា«បានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព»។
កាលពីខែឧសភា អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលជាអង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីសន្ទទស្សន៍សេរីភាពសារព័ត៌មាន ដោយកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៥១ ក្នុងចំណោម ១៨០ ប្រទេសដែលមានន័យថា សេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
វេទិកាបញ្ចេញមតិ