ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​អាជ្ញាធរ​ចាប់ខ្លួន​ក្រុម​យុវជន​មាតា​ធម្មជាតិ​ទាំងបង្ខំ​ក្រោយ​តុលាការ​កាត់ទោស​​​ពី​៦ ទៅ​៨​ឆ្នាំ


ក្រុមសកម្មជន​ចលនា​មាតា​ធម្មជាតិ​អង្គុយ​រងចាំ​ការប្រកាស​សាលក្រម​​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
ក្រុមសកម្មជន​ចលនា​មាតា​ធម្មជាតិ​អង្គុយ​រងចាំ​ការប្រកាស​សាលក្រម​​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រោយការ​ប្រកាស​សាលក្រម​កាត់ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី៦ ទៅ​៨ឆ្នាំ ពីបទ «​រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ» សមត្ថកិច្ច​បានសម្រុក​ចាប់​ខ្លួន​ពួកគេ​បញ្ជូនចូល​រថយន្ត​ទាំងបង្ខំ ​ដោយ​មិនបាន​ប្រាប់​ពី​លទ្ធផល​នៃ​សាលក្រម។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤នេះ បាន​ផ្តន្ទាទោស​លោក អាឡិច​ហ្សង់ដ្រូ ហ្គន់សា​ឡេស ​ដេវិត​សិន (Alex Gonzalez Davidson) សហស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ចំនួន៨ឆ្នាំ ពីបទប្រមាថ​ព្រះមហាក្សត្រ និងរួម​គំនិត​ក្បត់។ ចំណែក​លោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា និង​ប្រាំនាក់​ផ្សេងទៀត​ដែល​មិនបង្ហាញ​ខ្លួន ត្រូវ​បាន​ផ្តន្ទាទោសម្នាក់ៗចំនួន​៦ឆ្នាំ ពីបទរួម​គំនិតក្បត់​។ នេះ​បើតាមមេធាវី លោក សំ ចំរើន។

នៅមុនការ​ប្រកាស​សាលក្រម ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​បរិស្ថាន​ប្រមាណជា​៥០​នាក់ ​ស្លៀកពាក់ស មាន​ឆ្នួតក្បាល​ពណ៌ស ដៃកាន់ធូប និង​ផ្កាឈូក​ បានដង្ហែ​ក្បួន​ជា​ពិធី​បុណ្យ​សព​ ចាប់​ពី​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​រៀប​ចំ​កម្រង​ផ្កា ចាក់ភ្លេង​ហែសព និង​មាន​បដា​ និង​ទង់សរសេរ​ថា «យុត្តិធម៌​ស្លាប់​ហើយ»។​ ​

លោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា អះអាង​ថា ពួកគេ​ដឹងខ្លួន​មុន​ជា​ស្រេចថា​នឹងត្រូវ​ចាប់​បញ្ជូន​ចូល​ពន្ធនាគារ​ម្តង​ទៀត។​

លោក លី ចាន់ដារ៉ាវុត ប្រាប់ VOA ពេល​កំពុង​ដើរហែ​ក្បួន​សព​យុត្តិធម៌​ថា៖ «វាមិនមែន​ជារឿង​ធម្មតា​ទេ ដែល​គេ​កាត់​ទោស​សកម្មជន​បរិស្ថាន​ដែល​មាន​អាយុ​មិនដល់​៣០ឆ្នាំ​ផង ហើយ​ដាក់​ទោសពី​បទរួមគំនិត​ក្បត់​បញ្ជូន​ទៅ​ពន្ធនាគារ ហ្នឹង​វាបញ្ជាក់​ថា​សង្គម​យើង​វាធ្លាក់​ដល់​ចំណុច​មួយដែល​យុត្តិធម៌ សខ្មៅលែង​អាច​បែងចែក​បាន។ ហើយមួយ​ទៀត​វាបញ្ជាក់​ថា អ្នក​កាន់​អំណាចហាក់​បី​ដូចជាភ័យ​ខ្លាច​នឹង​អ្វី​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ ទើប​ព្យាយាម​បំបិទ​សំឡេង​សកម្មជន​បរិស្ថាន​ដើម្បី​កុំឱ្យ​ពួកគាត់​និយាយ​ការពិត និយាយ​អំពី​បទឧក្រិដ្ឋ និង​អំពើ​ពុករលួយ​ក្នុង​វិស័យ​បរិស្ថាន​នេះ»។​

កញ្ញា ភួន កែវរស្មី ប្រកាស​នៅ​មុន​ការ​ចាប់​ខ្លួនថា ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ នឹង​មិន​សុំ​ទោស​ជា​ថ្នូរនឹង​ការ​ដោះ​លែងឱ្យ​មានសេរីភាព​ឡើយ​។ ​

លោក ថុន រដ្ឋា សកម្មជន​ចលនា​មាតា​ធម្មជាតិ​កាន់​បដា​ហែ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ថុន រដ្ឋា សកម្មជន​ចលនា​មាតា​ធម្មជាតិ​កាន់​បដា​ហែ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា​និយាយ​ថា៖ «ខ្ញុំបញ្ជាក់​ជំហរ​នៅ​ថ្ងៃនេះ ទោះបី​ខ្ញុំជាប់គុក ៥ឆ្នាំ ៦ឆ្នាំ ១០ឆ្នាំ ​ក៏ខ្ញុំ​មិន​លើកដៃ​សុំទោស​ចំពោះរឿង​ដែល​ខ្ញុំ​មិនធ្វើ​ខុស ហើយ​ខ្ញុំក៏​មិនចុះ​ចាញ់មនុស្ស​អាក្រក់​ដែល​ចង់​គាប​សង្កត់យើង​ដែរ។​ អ៊ីចឹង​ពួកយើង​នឹងគ្មាន​ថ្ងៃសុំទោស​ ដោះដូរ​សេរីភាព​ដែល​យើង​មាន​ស្រាប់​ជាប់​ហ្នឹង​ខ្លួន​ទេ»។​

ខណៈកំពុងរងចាំ​ការប្រកាស​សាលក្រម​ជាមួយ​អ្នកគាំទ្រ​ដែល​ជា​យុវជន​បរិស្ថាន និង​សកម្មជន​ដីធ្លីក្បែរ​តុលាការ​ ក្រុម​សមត្ថកិច្ច​រាប់​សិប​នាក់ដែល​បាន​ពង្រាយ​នៅ​ទីតាំង​នោះ បាន​ចូល​ក្រៀកក លោក ថុន រដ្ឋា និង​លោក លី ចាន់ដារ៉ាវុត ​ហើយ​សមត្ថកិច្ចខ្លះ​បាន​ចាប់​ក្រៀកស្មាកញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា​ ​បញ្ជូន​ចូល​រថយន្ត​ដាច់ដោយ​ឡែកពីគ្នា​ ដោយ​មិនបាន​ប្រាប់​អំពី​លទ្ធផល​នៃការ​ប្រកាស​សាលក្រម​ណាមួយ​ឡើយ​។​

ក្រុម​គ្រួសារ ​យុវជន​បរិស្ថាន និង​សកម្មជន​ដីធ្លី​ដែល​គាំទ្រ​ពួកគេ បាន​ស្រែកយំ​នឹង​ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន​ទាំងនោះចូល​រថយន្តដឹកយក​ទៅ​ពន្ធនាគារ។​

អ្នកស្រី ​គង់ ​ម៉ានិត​ ដែល​ត្រូវ​ជាម្ដាយ​របស់​កញ្ញា​ ភួន​ កែវរស្មី​ ​រៀបរាប់ទាំង​មានទឹកភ្នែក​ហូរ​ថា​ ​ អ្នកស្រី​ឈឺចាប់​ និងអាណិត​កូនខ្លាំង នៅ​ពេលឃើញក្រុម​អាជ្ញាធរ​ចាប់​ខ្លួនកូន​អ្នកស្រី​ទាំង​កម្រោល​បែបនេះ។

​ម្តាយ​របស់​កញ្ញា ភួន កែវរស្មី ​កំពុង​យំ​ ខណៈ​រងចាំការប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
​ម្តាយ​របស់​កញ្ញា ភួន កែវរស្មី ​កំពុង​យំ​ ខណៈ​រងចាំការប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រីបាន​ថ្លែងថា៖​ «វាសាហាវ​ណាស់អូន​ វាសាហាវ​ហួសពី​ការគិត​ ខ្ញុំមិន​ដែល​ឃើញ​ទេ ​ទើប​តែលើក​ទីមួយ ​ខ្ញុំមិន​ដែល​ជួបទេ ​ឃើញ​គេ​កន្ទ្រាក់​ដៃកូន​ ឆក់កូន​ទៅវ៉ឹបៗៗ»។

ចំណែក​អ្នកស្រី​ ប៉ាត់ ​រស្មី ដែល​ត្រូវជា​ភរិយា​របស់​លោក​ ថុន រដ្ឋា​ ​ប្រាប់វីអូអេ​ដែរថា​ ការ​សម្រេច​របស់​តុលាការ​ជារឿង​អយុត្តិធម៌។

អ្នកស្រីថ្លែងថា៖ «តុលាការ​គួរតែ​លាលែង​ពីតំណែង​ហើយទៅ​ការពារ​ធនធាន​ធម្មជាតិ​ដូច​ពួក​គាត់ទៅ។​ តើយល់​អារម្មណ៍​មួយ​ហ្នឹងអត់?​ ហើយ​ចេះ​តែចោទ​គេថាគេ​ក្បត់ជាតិ​ ថាគេ​ប្រមាថ​ព្រះមហាក្សត្រ ​ហើយ​ខ្លួន​ឯង​ធ្វើ​តុលាការ​មានបាន​កូនរៀន​សុទ្ធតែ​សាលា​ល្បីៗ មាន​លុយ​ឱ្យ​កូន​រៀន ​ដេក​សុទ្ធ​តែ​ម៉ាស៊ីន​ត្រជាក់ ​ហើយមក​កាត់​ក្ដីដោយ​អយុត្តិធម៌​បែប​នេះ តើសម​ជាតុលាការ ឬ​អត់?»។

លោក អ៊ី រិន្ទ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិនឆ្លើយ​សំណួរ​ដែល​សួរថា តើ​ការចាប់​ខ្លួនសកម្មជន​ទាំងនោះ​ទាំង​កម្រោល ជានីតិវិធី​របស់​តុលាការ ឬយ៉ាងណា​នោះទេ ដោយ​លោក​គ្រាន់​តែ​ប្រាប់ថា៖ «ចៅក្រម​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ពិនិត្យ​អង្គហេតុ​អង្គច្បាប់​ និង​ភស្តុតាង​នាៗ​ និង​ស្ដាប់​ចម្លើយ​ពេល​សវនាការ​កន្លង​មក​ ក៏បាន​សម្រេច​ផ្ដន្ទា​ទោស​ពួកគាត់ ​ហើយនិងបាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​។ អ៊ី​ចឹង​សមត្ថកិច្ច​គេធ្វើ​តាម​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន»។

ក្រោយការ​កាត់ទោស និង​ចាប់ខ្លួន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំងនោះ​ ក្រុមអង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិមនុស្សជាតិ និង​អន្តរជាតិ​ ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) និង​អង្គការ​លើកលែងទោសអន្តរជាតិ​ (Amnesty Internnational) ជាដើម បាន​រិះគន់​ថា​ជាការ​សម្រេច​ដែល​មាន​ភាពអយុត្តិធម៌ និងជាការ​គំរាម​កំហែងដល់​សកម្មជនផ្សេងទៀត​។​

លោក ​យី ​សុខសាន្ត​ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុកលើកឡើង​នៅ​ខាងក្រៅតុលាការថា​ ការកាត់​ទោស និងចាប់​ខ្លួន​សកម្មជន​ទាំងនេះ ​បង្ហាញពី​រូបភាព​អយុត្តិធម៌​ខ្លាំង និង​បាន​គំរាម​កំហែង​ដល់​សកម្មជន​ដទៃ​ទៀតឱ្យខ្លាចលែង​ហ៊ាន​ការពារ​ធនធាន​ធម្មជាតិ​។​

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី៦ នៅពីមុខសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី៦ នៅពីមុខសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក​ថ្លែងថា៖ ​«យើងគួរ​តែ​ពិចារណា​ទៅបើសិន​ជាការ​ដែល​ក្មេងៗ​ធ្វើការងារ​ការពារ​បរិស្ថាន​ គាត់​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​យើង ​ដើម្បី​ប្រទេសជាតិ​យើង​ យើង​គួរ​ណាស់​តែ​លើក​ទឹក​ចិត្ត​ឱ្យ​ពួកគាត់​វិញ។​ ​ដូច​ប្រទេស​ផ្សេងៗ​ដែលគេ​មិនមែន​ជាជាតិ​សាសន៍​យើងផង ​គេឱ្យ​ពាន​រង្វាន់​ដល់​ក្មេងៗ​ហ្នឹងបាន»។

សកម្មជន​ចលនា​មាតា​ធម្មជាតិបាន​ទទួល​ពានរង្វាន់​អន្តរជាតិ​ចំនួន​ពីរ គឺ​ពី​អង្គការ Front Line Defenders និង​ពានរង្វាន់ Right Livelihood ពី​ប្រទេស​ស៊ុយអែត ចំពោះការ​ហ៊ាន​ប្រថុយ​គ្រោះ​ថ្នាក់ដើម្បី​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅកម្ពុជា។

​លោក​ អាឡិច​ហ្សង់ដ្រូ ហ្គន់សា​ឡេស ​ដេវិត​សិន លោក យឹម លាង​ហ៊ី និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​ និង​រួមគំនិត​ក្បត់» ដែល​ប្រព្រឹត្ត​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២១។

ចំណែក​សកម្មជន​ចំនួន៧​ នាក់​ផ្សេង​ទៀត ​រួម​មាន​លោក លី ចាន់ដារ៉ាវុត​ លោក ថុន រដ្ឋា​ កញ្ញា ​ឡុង ​គន្ធា ​កញ្ញា ភួន ​កែវ​រស្មី លោក​ ម៉ិញ​ ពិសិដ្ឋ កញ្ញា ​រ៉ី រក្សា ​និង​លោក ​ពក ខឿយ រង​ការ​ចោទ​ប្រកាន់​ពី​បទ​«​រួមគំនិត​ក្បត់»ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។

ភស្តុតាង​ដាក់​បន្ទុក​លើ​ពួកគេ​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​សវនាការ​នា​ពេល​កន្លង​មក ​គឺ​ឃ្លីប​វីដេអូដែល​ជា​ការ​សន្ទនា​គ្នា​រវាងសកម្ម​ជន​ចលនា​មាតា​ធម្ម​ជាតិ ​ជាមួយ​លោក ​អាឡិច ​ហ្សង់ដ្រូ ​ ហ្គន់សា​ឡេស ​ដេវិត​សិន តាម​ប្រព័ន្ធ​វីដេអូខល​ Zoom​ អំឡុង​ឆ្នាំ​២០២១ ​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក​ អាឡិច​ហ្សង់ដ្រូ ជាមួយ​សារព័ត៌​មាន​អាស៊ីសេរី និង​សារព័ត៌មាន ​ឌឹខេម​បូឌាដេលី និង​ការ​ទទួល​បាន​លុយ ​ឬ​ប្រាក់​ខែក្នុង​ការ​ធ្វើ​សកម្ម​ភាព​ជាដើម​។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំងនោះ​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ទាំងនោះ ហើយ​ថា សកម្មភាពរបស់​ពួកគេ​គឺ​ដើម្បី​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​តែ​ប៉ុណ្ណោះ។

កាលពី​ឆ្នាំ២០២០ លោក ថុន រដ្ឋា ​កញ្ញា ភួន កែវរស្មី ​និង​កញ្ញា ឡុង គន្ធា បានជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ ពីបទ «ញុះញង់បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ។ ​តុលាការ​បាន​បន្ថែម​បទ​ចោទ «​រួមគំនិត​ក្បត់» ​ពេល​ពួកគេ​កំពុង​ស្ថិតក្នុង​ពន្ធនាគារ។

ចំណែក​កញ្ញា ស៊ុន រដ្ឋា ​លោក យីម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុត ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល​៥​ខែពីបទ​ «​រួមគំនិត​ក្បត់​» និង «​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​»​។ តុលាការបាន​ដោះលែង​ពួកគេ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០២១៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG