អ្នកពាក់ព័ន្ធក្នុងនោះមានអ្នកជំនាញនិងមេដឹកនាំគណបក្សជំទាស់ បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តជួយលើកកម្ពស់សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា ខណៈសារព័ត៌មានឯករាជ្យនៅសល់តិចតួចប៉ុណ្ណោះ។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ប្រាប់វីអូអេថាស្ថានភាពសេរីភាពនៅតែជាការព្រួយបារម្ភដដែល ចាប់តាំងពីមានការបង្រ្កាបសារព័ត៌មាន ឯករាជ្យក្នុងប្រទេស កាលពីឆ្នាំ២០១៧។ លោកបន្ថែមថាសារព័ត៌មានឯករាជ្យនៅសេសសល់តិចតួចប៉ុណ្ណោះ ដែលលោកទទូចឱ្យមានការបន្តជួយគាំទ្រពីប្រទេសម្ចាស់ជំនួយ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកបន្ថែមថាស្ថាប័នសារព័ត៌មានវីអូអេបានកំពុងដើរតួនាទីសំខាន់មួយក្នុងការផ្តល់ព័ត៌មានទៅប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលនៅស្តាប់វិទ្យុនៅតាមជនបទ។
លោកថ្លែងថា៖ «វីអូអេគួរតែពិនិត្យមើលនូវលទ្ធភាពបន្ថែមទៀតនៅក្នុងការផលិតធនធានព័ត៌មានឱ្យបានកាន់តែច្រើន ហើយផ្សព្វផ្សាយព័ត៌មានទាំងអស់ហ្នឹង ដោយចាប់ដៃគូជាមួយស្ថាប័នវិទ្យុនៅតាមជនបទដាច់ស្រយាល ដើម្បីឱ្យព័ត៌មានទាំងអស់ហ្នឹងបានទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទដាច់ស្រយាលទាំងអស់ហ្នឹង»។
លោក ណុប វី បន្ថែមថាក្រៅពីការបាត់បង់សារព័ត៌មានឯករាជ្យ កម្ពុជាមិនមានស្ថាប័នសារព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកសារព័ត៌មានដែលមានសមត្ថភាពក្នុងការរាយការណ៍ ដូច្នេះវាបាត់បង់ព័ត៌មានដែលមានការវិភាគស៊ីជម្រៅសម្រាប់សាធារណជន។
លោកបញ្ជាក់ថា៖ «ក្រៅពីការបាត់បង់សារព័ត៌មានឯករាជ្យ គឺអ្នកសារព័ត៌មានដែលមានសមត្ថភាពខ្ពស់ៗហ្នឹង ចាប់ផ្តើមបាត់បង់ជាបន្តបន្ទាប់ ដោយសារតែយើងមិនមានស្ថាប័នសារព័ត៌មានគ្រប់គ្រាន់ ដើម្បីឱ្យពួកគាត់បំពេញការងារ» ។
មេដឹកនាំគណបក្សជំទាស់ដែលនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី ប្រាប់វីអូអេថាវីអូអេភាសាខ្មែរបានកំពុងធ្វើការដែលមានសារៈប្រយោជន៍សម្រាប់សាធារណជន ដើម្បីគាំទ្រប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងជាភាសាអង់គ្លេស ដោយមានការសម្រួលជាភាសាខ្មែរថា៖ «ដោយសារតែមិនមានសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា តួនាទីរបស់វីអូអេមានសារៈសំខាន់ណាស់។ ប្រជាជនកម្ពុជាត្រូវការស្ថាប័នសារព័ត៌មានវីអូអេ ដើម្បីធានាការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ និងដើម្បីរក្សាក្តីសង្ឃឹមរបស់យើងសម្រាប់ការផ្លាស់ប្តូរបែបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា»។
លោក សម រង្ស៊ី បង្ហាញក្តីសង្ឃឹមថារដ្ឋបាលអាមេរិក និងសភាអាមេរិកនឹងផ្តល់ថវិកាគ្រប់គ្រាន់ដល់វីអូអេខ្មែរ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាននៅឡើយទេ។
កាលពីដើមខែឧសភា ក្នុងទិវាអបអរសេរីភាពសារព័ត៌មាន អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphyបានថ្លែងថាសហរដ្ឋអាមេរិកបានលើកឡើងពីសារៈសំខាន់នៃសេរីភាពព័ត៌មាន ពីព្រោះសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោកបច្ចុប្បន្នត្រូវបានធ្លាក់ចុះ និងរងសម្ពាធជាខ្លាំង។ លោកសង្ឈឹមថាភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាលកម្ពុជាអាចគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គាំទ្រដល់សេរីភាពសារព័ត៌មាន និងពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
លោកថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «យើងសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាលកម្ពុជាអាចគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចគាំទ្រដល់សេរីភាពព័ត៌មាន និងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ ទោះបីជាមានការរិះគន់ និងប្រហែលជាភាពអវិជ្ជមានរបស់រដ្ឋាភិបាលក៏ដោយ ព្រោះនោះជាអ្វីដែលរដ្ឋាភិបាលទទួលខុសត្រូវ ហើយនេះពិតជាមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាក្នុងការស្តាប់ និងឮគ្រប់ភាគី»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថាក្នុងឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ និងអង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណីនិងទំនើប ជាង២.០០០អង្គភាព បានកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានា«បានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព»។
លោកបន្ថែមថាក្រសួងព័ត៌មានធ្លាប់បានបង្ហាញពីការស្ទង់មតិរបស់ខ្លួនមួយ ក្នុងនោះអ្នកសារព័ត៌មានភាគច្រើនបានអះអាងថាសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរជាងពីពេលមុន។
លោកថ្លែងថា៖ «ហើយប្រមាណ៨០%បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាព និងឯករាជ្យក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី»។
ទោះជាយ៉ាងណា កាលពីខែឧសភា អង្គការអ្នកកាសែតគ្មានព្រំដែន(Reporters Without Borders)ដែលជាអង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីសន្ទទស្សន៍សេរីភាពសារព័ត៌មាន។ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១៥១ក្នុងចំណោម១៨០ប្រទេសដែលមានន័យថាសេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
វេទិកាបញ្ចេញមតិ