កំណត់និពន្ធ៖ សកម្មជនសិទ្ធិមនុស្សក្នុងសហរដ្ឋអាមេរិកលើកឡើងថា កម្ពុជាគួរតែព្យាយាមអនុវត្តតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧ចំណុចរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺចំណុចស្ដីពីលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌និងការពង្រឹងស្ថាប័ន ហើយថា រដ្ឋាភិបាលកម្ពុជាគួរតែឈប់ចាត់ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួនតែឯកឯងតទៅទៀត។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសលោក Joshua Cooper នាយកវិទ្យាស្ថានហាវ៉ៃ ដើម្បីសិទ្ធិមនុស្ស ក្រោយពេលដែលលោកបានចូលរួមក្នុងវេទិកាសង្គមស៊ីវិលនៅក្នុងទីស្នាក់ការអង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក ជាទីដែលមេដឹកនាំមកពីជុំវិញពិភពលោក បានចូលរួមថ្លែងការណ៍ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤កាលពីសប្ដាហ៍មុន។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃបទសម្ភាសន៍នេះជាភាសាខ្មែរ៖
ស្តាប់បទសម្ភាសន៍នេះជាសំឡេង៖
សំណួរ៖ ជម្រាបសួរលោក Joshua Cooper។ លោកកំពុងស្ថិតនៅអង្គការសហប្រជាជាតិក្នុងបុរីញូវយ៉កនេះ ដើម្បីចូលរួមក្នុងវេទិកាសង្គមស៊ីវិលនិងកិច្ចប្រជុំកម្រិតខ្ពស់ ស្របនឹងមហាសន្និបាតសហប្រជាជាតិលើកទី៧៤។ តើលោកអាចជម្រាបបានទេពីលទ្ធផលសំខាន់ៗខ្លះៗ ដែលលោកទទួលបានពីកិច្ចប្រជុំជាច្រើនថ្ងៃមកនេះ?
Joshua Cooper: បាទ ប្រាកដជាបាន។ ខ្ញុំគិតថា លទ្ធផលធំធេងជាងគេគឺកិច្ចប្រជុំកំពូលស្ដីពីសកម្មភាពទៅលើការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ អ្វីដែលសំខាន់គឺពួកយើងភ្ញាក់រលឹកថា ពួកយើងត្រូវតែថែរក្សាភពផែនដីរបស់យើង។ ដូច្នេះ អំពើពុករលួយនិងគោលនយោបាយមិនល្អ ដែលធ្វើឱ្យខ្ទេចខ្ទីបរិស្ថានធម្មជាតិរបស់យើង ត្រូវតែបញ្ឈប់។
អ្វីដែលសំខាន់គឺថា យើងត្រូវតែការពារកម្លាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាថាធនធានធម្មជាតិ នៅមាននៅទីនោះ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត និងធ្វើឱ្យប្រាកដថា វិធីសាស្ត្រដែលផ្អែកលើសិទ្ធិមនុស្ស ធានាឱ្យមានយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា។
លទ្ធផលសំខាន់មួយទៀត គឺគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧របស់អង្គការសហប្រជាជាតិ។ គោលដៅជាសកលទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់កម្ពុជា ជាពិសេសគឺបញ្ហាគ្មានភាពក្រីក្រ គ្មានភាពអត់ឃ្លាន និងមានប្រជាធិបតេយ្យ យុត្តិធម៌ ហើយនិងសន្តិភាព។
សំណួរ៖ ក្នុងចំណោមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧ គោលដៅទី១៦ផ្ដោតទៅលើសន្តិភាព យុត្តិធម៌និងស្ថាប័នដែលរឹងមាំ ដែលអ្នកតាមដានស្ថានភាពសិទ្ធិមនុស្សគិតថានៅមានកង្វះខាតក្នុងប្រទេសកម្ពុជា។ តើលោកគិតថា ប្រព័ន្ធរបស់អង្គការសហប្រជាជាតិ អាចជួយធានាឱ្យសម្រេចគោលដៅនេះបានដោយរបៀបណា?
Joshua Cooper: ខ្ញុំគិតថា ការពិនិត្យមើលឡើងវិញនៅពេលថ្មីៗនេះនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយសំខាន់គឺការពិនិត្យមើលរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ ជាច្រើនលើកច្រើនសារហើយ គេចង់ឱ្យបញ្ចប់អាណត្តិរបស់អ្នករាយការណ៍ពិសេសនោះ ប៉ុន្តែយើងដឹងថាអាណត្តិនេះ ចាំបាច់ត្រូវតែបន្ត ដរាបណាប្រជាពលរដ្ឋនៅតែមិនទាន់មានសេរីភាពជាសារវន្តនិងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេនោះ។
ខ្ញុំគិតថាវាជាការចាំបាច់ដោយខានមិនបាន ក្នុងការមានស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិដ៏រឹងមាំមួយ ប៉ុន្តែ ស្ថាប័នបែបនេះ មិនទាន់មាននៅឡើយទេនៅពេលនេះ។
ទិដ្ឋភាពមួយទៀតគឺអាស៊ាន នៅពេលដែលអង្គការនេះកំពុងអបអរសាទរខួបលើកទី១០របស់ខ្លួនក្នុងការបង្កើតគណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាល (ASEAN Intergovernmental Commission on Human Rights)។ ប្រទេសកម្ពុជា អាចនាំមុខគេក្នុងការអនុញ្ញាតឱ្យពលរដ្ឋដឹងពីសិទ្ធិរបស់ខ្លួន ដូចអ្វីដែលប្រទេសឥណ្ឌូនេស៊ីបានធ្វើកន្លងមក ដើម្បីឱ្យមានអ្នកតស៊ូមតិដែលការពារសេរីភាពជាសារវន្តទាំងអស់នេះ។
សំណួរ៖ លោកលើកឡើងអំពីភាពចាំបាច់ក្នុងការមានស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិដ៏រឹងមាំមួយ ប៉ុន្តែ កម្ពុជាកំពុងតែរៀបចំឱ្យមានស្ថាប័នបែបនេះហើយនៅក្នុងប្រទេស។ តើលោកគិតដូចម្តេចអំពីស្ថាប័នដែលកម្ពុជាកំពុងរៀបចំបង្កើតឡើងមួយនេះ?
Joshua Cooper: ខ្ញុំគិតថា គ្រប់គ្នាក្នុងប្រទេសកម្ពុជាសុទ្ធតែស្គាល់ពាក្យមួយគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នេះមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែអ្វីដែលសំខាន់ដែរនោះគឺគោលការណ៍ទីក្រុងប៉ារីស សម្រាប់ស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិ(Paris Principles for National Human Rights Institutions)។ គោលការណ៍ទាំងនេះ មានសារៈសំខាន់ដែលមិនអាចអត់បាន។ ដូច្នេះ បើកម្ពុជាកំពុងតែរៀបចំឱ្យមានស្ថាប័នបែបនេះ ពួកគេត្រូវតែសម្រេចឱ្យបានពិន្ទុកម្រិតខ្ពស់បំផុត។ បើពួកគេមិនទទួលបានពិន្ទុ A ទេ នោះពួកគេមិនអាចចូលរួមការពារសិទ្ធិមនុស្សបានទេ ហើយវានឹងបង្ហាញថា ស្ថាប័ននោះខ្សោយនិងមិនបានការពារប្រជាពលរដ្ឋទេ ប៉ុន្តែគ្រាន់តែជាស្ថាប័ននិយាយការពាររដ្ឋាភិបាលប៉ុណ្ណោះ។
ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការបញ្ចូលគោលការណ៍ទីក្រុងប៉ារីស នៅក្នុងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិនោះ។ អ្វីដែលជាដំណឹងល្អគឺថាឧត្ដមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានបទពិសោធន៍រាប់ទសវត្សរ៍មកហើយក្នុងការជួយប្រទេសផ្សេងៗ បង្កើតស្ថាប័នបែបនេះ។
សំណួរ៖ នៅពេលដែលនិយាយដល់ការដោះស្រាយបញ្ហាសិទ្ធិមនុស្សនេះ ប្រទេសកម្ពុជាកន្លងមកតែងតែលើកឡើងថា នេះគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលប្រទេសដទៃទៀត មិនគួរលូកដៃចូលនោះទេ។ តើលោកយល់យ៉ាងដូចម្ដេចដែរ?
Joshua Cooper: ខ្ញុំគិតថាអ្វីដែលសំខាន់ទាក់ទងនឹងកិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលបានធ្វើឡើងនិងកិច្ចប្រជុំស្តីពីសកម្មភាពទៅលើការប្រែប្រួលអាកាសធាតុគឺថា អ្វីដែលកើតឡើងចំពោះនរណាម្នាក់នៅទីណាមួយគឺជារឿងរ៉ាវរបស់មនុស្សគ្រប់គ្នា។ ដូច្នេះ នៅពេលដែលពលរដ្ឋកម្ពុជា អះអាងថាពួកគេមានបញ្ហាប្រឈម យើងចាំបាច់ត្រូវតែស្ដាប់សំឡេងរបស់ពួកគេ។ ប្រសិនបើរដ្ឋាភិបាលគិតថាខ្លួនបានធ្វើកិច្ចការល្អប្រសើរហើយ វាមានសារៈសំខាន់ក្នុងការឱ្យស្ថាប័នផ្សេងៗទៀត ត្រួតពិនិត្យមើលលើការងារនោះ ដើម្បីឱ្យពួកគេអាចវាយតម្លៃដោយឥតលម្អៀងថា តើរដ្ឋាភិបាលសម្រេចបានសមិទ្ធផលទាំងនោះបានដោយរបៀបណា។
គ្រប់រដ្ឋាភិបាលទាំងអស់ សុទ្ធតែមិនចង់ស្ដាប់ការរិះគន់ណាមួយទេ ប៉ុន្តែការណ៍ពិតគឺថាប្រជាពលរដ្ឋស្រឡាញ់ប្រទេសរបស់ពួកគេ ហើយប្រហែលជាស្រឡាញ់ខ្លាំងជាងរដ្ឋាភិបាលស្រឡាញ់ទៅទៀត ហើយអ្វីដែលពួកគេចង់បានគឺជីវភាពប្រសើរជាងមុន និងធ្វើឱ្យប្រាកដថាប្រទេសរបស់ពួកគេ រីកចម្រើនរុងរឿង។
ដូច្នេះ ការប្រើវោហារសាស្ត្រអំពីកិច្ចការផ្ទៃក្នុងនោះ ត្រូវតែបញ្ចប់ទៅ។ វាមិនមែនជាគ្រាដែលត្រូវនិយាយថា វាជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ ដោយសារតែលែងមានអ្វីជាកិច្ចការផ្ទៃក្នុងតទៅទៀតហើយ។
សំណួរ៖ ប៉ុន្តែ បរិយាកាសនៃការភ័យខ្លាច កំពុងតែគ្រប់ដណ្ដប់មកលើពលរដ្ឋកម្ពុជាជាច្រើន ដោយសារតែការគាបសង្កត់ ការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលជាដើម ដូច្នេះ តើពលរដ្ឋកម្ពុជា អាចធ្វើដូចម្តេចបាន ដើម្បីការពារសិទ្ធិមនុស្សរបស់ខ្លួន?
Joshua Cooper: អ្វីដែលសំខាន់គ្រប់កាលៈទេសៈនោះ គឺការក្រោកឈរឡើង ដើម្បីសិទ្ធិរបស់អ្នក ហើយចងសាមគ្គីភាពជាមួយចលនាផ្សេងៗទៀតនៅជុំវិញពិភពលោក។ ប្រសិនបើអ្នកក្រឡេកមើលវេទិកាពលរដ្ឋដែលបានធ្វើឡើងនៅក្នុងសប្ដាហ៍នេះ និងក្រុមសង្គមស៊ីវិលដែលចូលរួមក្នុងវេទិកានយោបាយកម្រិតខ្ពស់ ពលរដ្ឋមកពីគ្រប់ទិសទីពីជុំវិញពិភពលោក ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក។
ដូច្នេះ នៅពេលដែលរដ្ឋាភិបាលរបស់យើង មិនបានធានាសិទ្ធិរបស់ពួកយើង យើងត្រូវតែក្រោកឡើង និងរួមសាមគ្គីគ្នា និងធ្វើការជាមួយគ្នា។ ខ្ញុំយល់ពីការលំបាក ប៉ុន្តែ យើងត្រូវតែរស់នៅដោយរួចផុតពីសេចក្ដីភ័យខ្លាច៕