អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្សនៅកម្ពុជាបានផ្តល់យោបល់ឲ្យកម្ពុជាធ្វើការបោះឆ្នោតឃុំសង្កាត់ថ្មីមួយ«ដើម្បីដោះស្រាយបញ្ហានៃការដកហូតសិទ្ធិបោះឆ្នោតនៅថ្នាក់មូលដ្ឋាន»។
ក្នុងរបាយការណ៍ដែលផ្សាយលើគេហទំព័ររបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្មានម៉ោងមុនឡើងថ្លែងការណ៍អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី៤២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស កាលពីល្ងាចថ្ងៃពុធ លោកស្រី រ៉ូណា ស្មីត (Rhona Smith) ផ្តល់អនុសាសន៍ថា ការបោះឆ្នោតថ្មីនៅថ្នាក់មូលដ្ឋាន«គឺជាការគោរពសិទ្ធិអ្នកបោះឆ្នោតនិងសិទ្ធិដែលត្រូវគេបោះឆ្នោតឲ្យ»និងគឺជាការធានាដល់កាបញ្ចេញមតិដោយសេរីនៃឆន្ទៈអ្នកបោះឆ្នោត។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏មានសក្តានុពលត្រូវរំលាយចោលកាលពីចុងឆ្នាំ២០១៧បន្ទាប់ពីប្រជាប្រិយភាពនិងការគាំទ្រគណបក្សនេះ ត្រូវគេមើលឃើញថាបានកើនឡើងដែលអាចជាការគំរាមកំហែងដល់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
តំណែងមេឃុំ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ៥០០០នាក់របស់អតីតគណបក្សសង្គ្រោះជាតិត្រូវដកហូតនិងប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជាឬឲ្យទៅមេឃុំនិងចៅសង្កាត់ឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ណាដែលដែលសុខចិត្តចាកចេញពីគណបក្សប្រឆាំងដើរចូលគណបក្សកាន់អំណាចវិញ។
លោកស្រី Rhona Smith បានប្រាប់ VOA តាមសារអេឡិចត្រូនិច ឬអ៊ីម៉ែលនៅថ្ងៃព្រហស្បតិ៍នេះថា «ខ្ញុំនៅតែមានកង្វល់ថា ពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិនៅអំឡុងពេលបោះឆ្នោតឃុំសង្កាត់បានបាត់បង់សិទ្ធិរបស់ពួកគេ»។
លោកស្រីគូសបញ្ជាក់ថា សំឡេងឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិត្រូវបានចាត់ទុកជាមោឃៈ ដោយសារសេចក្តីសម្រេចរបស់តុលាការកំពូលនៅឆ្នាំ២០១៧។ ម្យ៉ាងវិញទៀតអាសនៈដែលគណបក្សសង្រ្គោះជាតិបានឈ្នះត្រូវបានចែកចាយទៅឲ្យគណបក្សនយោបាយដទៃទៀត ជាពិសេសគឺគណបក្សប្រជាជនកម្ពុជា។ ហើយបុគ្គលដែលជំនួសមន្រ្តីថ្នាក់មូលដ្ឋានពីគណបក្សសង្រ្គោះជាតិ មិនមែនជាមន្ត្រីដែលពលរដ្ឋបោះឆ្នោតជ្រើសរើសអំឡុងពេលនៃការបោះឆ្នោតឆ្នាំ២០១៧នោះទេ។
ទោះជាយ៉ាងណាក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធ លោកស្រី រ៉ូណា ស្មីត បាននិយាយយោងទៅដល់ការឆក់យកអាសនៈនិងតួនាទីរបស់មេឃុំនិងចៅសង្កាត់រួមទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ក្រោយពីការរំលាយគណបក្សនេះកាលពីចុងឆ្នាំ២០១៧ ដោយលោកស្រីមិនបញ្ជាក់ចំៗពេក។
អ្នកជំនាញអង្គការសហប្រជាជាតិដដែលលើកឡើងថាអ្នកបោះឆ្នោតចំនួន៤២ភាគរយបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋាន ហើយសំឡេងនេះនៅតែត្រូវទាត់ចោលនិងមិនមានដំណោះស្រាយ។
ទោះជាយ៉ាងណា លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់វីអូអេថា ការបោះឆ្នោតថ្មីណាមួយក្នុងពេលនេះគឺជារឿងដែលមិនអាចទៅរួចទេ។
លោកបានថ្លែងថា៖ «ឲ្យបោះឆ្នោតឡើងវិញប្រគល់អាសនៈអីហ្នឹង វាមិនអាចទៅរួច ដោយសារការបែងចែកអាសនៈទាំងអស់នោះ គឺកើតឡើងដោយសារតែលទ្ធផលនៃការរំលាយគណបក្សតាមអំណាចសាលដីការបស់តុលាការ។ អញ្ចឹងអានេះ គឺជាការអនុវត្តតាមអំណាចសាលដីការបស់តុលាការ ដែលតែងទាមទារឲ្យមានការរៀបចំចាត់ចែងបែងចែកអាសនៈផ្អែកលើបញ្ញត្តិច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់»។
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពី២០១៧បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈមេឃុំ-ចៅសង្កាត់ ចំនួន១១៥៨។ ចំណែកគណបក្សសង្គ្រោះជាតិទទួលបានអាសនៈមេឃុំ-ចៅសង្កាត់ជិត៥០០នៅទូទាំងប្រទេស។
លោក អំ សំអាតនាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) គាំទ្រឲ្យមានការបោះឆ្នោតថ្មីនោះដែរ។ លោកគិតថាការបោះឆ្នោតថ្មីនេះនឹងជួយស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
កាលពីថ្ងៃពុធម្សិលមិញដែរ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យធានាដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ក្រោយពីរកឃើញថាបញ្ហាទាំងពីរកំពុងស្ថិតនៅក្នុងការប្រឈមក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាលោកស្រី រ៉ូណា ស្មីត ក៏បានលើកពីចំណុចវិជ្ជមានមួយចំនួនរបស់កម្ពុជាផងដែរក្នុងរបាយការណ៍របស់ខ្លួន ដូចជាការជជែកវែកញែកដោយបើកចំហតាមបណ្តាញសារព័ត៌មានផ្សេងៗ តម្លាភាពថវិកាត្រូវបានធ្វើឲ្យប្រសើរឡើងវិញតាមរយៈការបញ្ចេញរបាយការណ៍សង្ខេបថវិកាប្រចាំឆ្នាំ ធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ការប្តេជ្ញារបស់រដ្ឋាភិបាលមិនទុកប្រជាជនណាម្នាក់ចោល ជាដើម៕