សកម្មជនខ្មែរ-អាមេរិកាំង កំពុងតែធ្វើសកម្មភាពមមាញឹកថែមទៀត ដើម្បីស្នើសុំឱ្យអ្នកតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកគាំទ្រនិងជំរុញសេចក្តីស្នើច្បាប់ដែលបានស្នើឡើងដើម្បីដាក់ទណ្ឌកម្មប្រទេសកម្ពុជានិងស្តារលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែកំពុងតែដំណើរការទៅមុខមានភាពយឺតយ៉ាវ។
នៅតាមរដ្ឋនានា ពួកគេបានទូរស័ព្ទនិងអ៊ីម៉េលទៅការិយាល័យអ្នកតំណាងរាស្រ្តនិងព្រឹទ្ធសភាឱ្យគាំទ្រសេចក្តីស្នើច្បាប់ចំនួនបួនដែលមាន«សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា» ដែលស្នើឡើងដោយអ្នកតំណាងរាស្រ្ត«សេចក្តីស្នើច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងការធ្វើឱ្យវិលត្រឡប់មកវិញនូវការវិនិយោគ» ហៅថាCARI Act ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភា និងសេចក្តីស្នើ«ច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា»របស់អ្នកតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភា។
ទាំងនេះ ជាសកម្មភាពបន្ថែមទៅនឹងការទៅជួបអ្នកតំណាងរាស្រ្តសំខាន់ៗមួយចំនួនដោយផ្ទាល់ដោយថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។
លោកស្រី ធិត គឹមហ៊ុន ប្រធានចលនាស្រ្តីនៃគណបក្សសង្គ្រោះជាតិអាមេរិកាំងបានពន្យល់ថា៖
«ដំណាក់កាលពីមួយគឺយើងទូរស័ព្ទទៅតំណាងរាស្រ្តក៏ដូចជាតំណាងព្រឹទ្ធសភារបស់បងប្អូននៅតាមបណ្តារដ្ឋនីមួយៗដើម្បីឱ្យច្បាប់ហ្នឹងមានសំទុះកាន់តែខ្លាំង។ ហើយដំណាក់កាលទីមួយយើងធ្វើការទូរស័ព្ទដើម្បីឱ្យមានភាពសស្រាក់សស្រាំឱ្យគាត់ដឹងថាយើងចង់បានអ្វីយើងចង់បានច្បាប់នេះឱ្យមានសំទុះទៅមុខកាន់តែខ្លាំងឡើងដើម្បីឱ្យច្បាប់ហ្នឹងទាមទារនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា»។
រហូតមកដល់ពេលនេះក្រុមសកម្មជនបានទាក់ទងការិយាល័យអ្នកតំណាងរាស្រ្តនៅតាមរដ្ឋជាច្រើនដូចជារដ្ឋកាលីហ្វញ៉ាដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុត វ៉ាស៊ីនតោនស្តេត តំបន់រដ្ឋធានីវ៉ាស៊ីនតោននិងរដ្ឋអូហៃយោជាដើម។ នេះ បើតាមការបញ្ជាក់របស់លោកស្រី ណាឡែន ស្មីត ហិរញ្ញិកនៃគណបក្សសង្គ្រោះជាតិក្រៅប្រទេស។
លោកស្រីបានបន្ថែមទៀតថា៖
«បើយើងនិយាយពីញត្តិវិញគឺបានជាង១០.០០០ដែលបងប្អូនយើងបានចុះហត្ថលេខាគ្រប់រដ្ឋទាំងអស់ហើយដែលពួកយើងទូរស័ព្ទទៅអ្នកតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភា ដែលតាមខ្ញុំស្មានប្រហែលជាជាង៥០០។ ក្នុងចំណោមជាង៥០០ហ្នឹងគឺពួកគាត់ខ្លះបានទូរស័ព្ទហើយពួកគាត់ខ្លះបានអ៊ីម៉េល»។
លោកស្រីបន្ថែមថា ពួកគេទទួលបានការសន្យាជាច្រើនពីអ្នកតំណាងរាស្រ្តរបស់គេក្នុងការជំរុញសេចក្តីស្នើច្បាប់ទាំងបួននេះឱ្យសម្រេចបាន។
«ពួកគាត់ជំរុញឱ្យយើងថាកុំឈប់ឱ្យសោះនៅបន្តកិច្ចការហ្នឹងទៀតហើយពួកគាត់ហ្នឹងក៏បន្តកិច្ចការហ្នឹងឱ្យពួកយើងដែរ។ គាត់នឹងជំរុញខ្លាំងមែនទែននៅក្នុងឆ្នាំនេះ ត្រូវតែធ្វើឱ្យមានជោគជ័យជាដាច់ខាត»។
សេចក្តីស្នើច្បាប់ទាំងបួនបានស្នើឱ្យដោះលែងនិងទម្លាក់ចោលការចោទប្រកាន់លើថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សសង្គ្រោះជាតិដែលខ្លះកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេស។ ច្បាប់ទាំងនេះក៏ស្នើឱ្យមានការរៀបចំការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងស្នើឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច បង្កកទ្រព្យសម្បត្តិនិងទិដ្ឋាការលើអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យផងដែរ។
លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជាត្រូវបានមជ្ឈដ្ឋានអន្តរជាតិវាយតម្លៃថាបានធ្លាក់ចុះយ៉ាងខ្លាំងក្រោយពីតុលាការកំពូលដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចបានរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានបញ្ជាក់ថាលោកក៏បានគៀងគរសមាជិកគាំទ្រនិងសមាជិកសហគមន៍ដទៃទៀតឱ្យសរសេរលិខិតនិងទូរស័ព្ទទៅអ្នកតំណាងរាស្រ្តប្រចាំ មណ្ឌលរបស់ខ្លួននិងសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋដើម្បីឱ្យគាំទ្រសេចក្តីស្នើច្បាប់នោះផងដែរ។
លោកបានបន្ថែមថា៖
«គ្រាន់តែគេធ្វើច្បាប់ហ្នឹងទៅធ្វើឱ្យក្រុមហ៊ុនខ្លះគេពិចារណាថាតើគេគួរប្រថុយធ្វើការរកស៊ីនៅស្រុកខ្មែរទៀតឬយ៉ាងណា? ដោយសារប្រថុយស៊ុំគ្រលំជាមួយមនុស្ស និងអ្នកដឹកនាំមួយចំនួនដែលធ្វើមិនត្រឹមត្រូវហើយនៅ ថ្ងៃក្រោយនៅពេលដែលច្បាប់ហ្នឹងកើតឡើងពិតមែនតើក្រុមហ៊ុនគេខាតប៉ុណ្ណានិងចំណេញប៉ុណ្ណា»។
លោកគឹមទឹងបានបន្ថែមថាវាជាកាព្វកិច្ចរបស់សហគមន៍អន្តរជាតិដែលត្រូវតែយកចិត្តទុកដាក់នឹងសិទ្ធិរបស់ពលរដ្ឋទន់ខ្សោយក្នុងប្រទេសកម្ពុជា៖
«យើងប្រជាពលរដ្ឋទាំងក្រៅប្រទេសនិងក្នុងប្រទេសធ្វើម៉េចជួយប្រាប់រដ្ឋាភិបាលខ្មែរយើងឱ្យកែសម្រួលឱ្យមានការបោះឆ្នោតដោយយុត្តិធម៌ហើយនឹងគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវពីព្រោះប្រទេសផ្សេងៗទៀតចេះតែចង់រកស៊ីជាមួយយើងហើយប៉ុន្តែដល់តែយើងធ្វើហួសហេតុពេកគេមិនអាចធ្មេចភ្នែកមិនជួយប្រជាជនបានទេ»។
ក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិកនិងអាស៊ាន(US-ABC)បានវាយតម្លៃថាស្ថានភាពនយោបាយកម្ពុជាពិតជាបានធ្វើឱ្យទំនុកចិត្តរបស់វិនិយោគិនធ្លាក់ចុះផងដែរ។
ការវាយតម្លៃរបស់ក្រុមប្រឹក្សាUS-ABC កាលពីពាក់កណ្តាលខែឧសភាបានបន្ថែមថា៖
«...បញ្ហាប្រឈមនៅតែមាន ដោយសារតែទំនុកចិត្តរបស់អ្នកវិនិយោគទុនពិភពលោកលើប្រទេសកម្ពុជាបានធ្លាក់ចុះដោយសារតែការតានតឹងនយោបាយនៅក្នុងប្រទេសនិងទណ្ឌកម្មសេដ្ឋកិច្ចដែលអាចនឹងកើតមានឡើង ដែលមានដូចជាការព្យួរឋានៈអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) និងការដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ដែលទំនងជានឹងមានផលប៉ះពាល់យ៉ាងមហន្តរាយដល់វិស័យកាត់ដេរ»។
សហភាពអឺរ៉ុបដែលជាទីផ្សារដ៏ធំបំផុតរបស់កម្ពុជាកំពុងដំណើរការដកហូតឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងតែសព្វាវុធ»ដែលកម្ពុជាទទួលបានហើយដែលធ្វើឱ្យកម្ពុជាចំណេញប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំ។
បច្ចុប្បន្ននេះប្រទេសចិនគឺជាអ្នកវិនិយោគទុន អ្នកផ្តល់ជំនួយ ដៃគូពាណិជ្ជកម្មនិងជាប្រភពទេសចរណ៍ដ៏ធំជាងគេបំផុតរបស់កម្ពុជា។ រីឯទំនាក់ទំនងយោធានិងយោធាវិញគឺប្រទេសទាំងពីរកាន់តែឈានចូលមកកៀកគ្នាជាលំដាប់ចាប់តាំងពីឆ្នាំ២០១០មក។ ប៉ុន្តែទំនាក់ទំនងយោធាជាមួយនឹងសហរដ្ឋអាមេរិកមិនដំណើរការល្អចាប់តាំងពីឆ្នាំ២០១៧មកដោយកម្ពុជាបានប្រកាសផ្អាកសមយុទ្ធយោធាប្រចាំឆ្នាំរវាងប្រទេសទាំងពីរដោយគ្មានពេលកំណត់។ សហរដ្ឋអាមេរិកក៏ព្រួយបារម្ភថាចិននឹងប្រើប្រាស់កម្ពុជាធ្វើជាមូលដ្ឋានទ័ពជើងទឹកនៅក្នុងពេលអនាគតផងដែរ។
សមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្រ្តខ្លះបានសម្តែងការព្រួយបារម្ភពីឥទ្ធិពលចិននៅក្នុងប្រទេសកម្ពុជា។ សេចក្តីស្នើច្បាប់ចុងក្រោយគឺ«ច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងការធ្វើឱ្យការវិនិយោគវិលត្រឡប់មកវិញ» (CARI Act) បានបញ្ជាក់យ៉ាងច្បាស់ពីការតម្រូវឱ្យកម្ពុជាទប់ស្កាត់ឥទ្ធិពលរបស់ចិន។
ប៉ុន្តែលោក ផៃ ស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការពិតនៅកម្ពុជាគឺខុសពីនេះ៖ «ការបារម្ភថាកម្ពុជាស្ថិតក្រោមឥទ្ធិពលចិនគឺជារឿងយល់ច្រឡំក៏ប៉ុន្តែ ការពិតកម្ពុជាស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយចិនខាងផ្នែកសេដ្ឋកិច្ចហើយកម្ពុជាដើរតួមានសារៈសំខាន់ណាស់នៅក្នុងអ្វីដែលជាការប៉ុនប៉ងរបស់ខ្លួនរក្សាខ្លួនស្ថិតនៅអព្យាក្រិតគឺយើងនៅតែមានទិសដៅរក្សាវេទិការពិភាក្សាគ្នាប្រឆាំងនឹងការប្រើប្រាស់កម្លាំងឬឥទ្ធិពលដែលបង្កើតឱ្យមានអ្វីទៅដែលញ៉ាំងឱ្យមានសង្គ្រាមឬទំនាស់»។
រហូតមកដល់ពេលនេះមានតែសេចក្តីស្នើ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ត្រូវបានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តអនុម័តកាលពីខែមេសាហើយរង់ចាំបញ្ជូនទៅសភាពេញអង្គ។
សេចក្តីស្នើ «ច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា»កំពុងតែស្ថិតនៅក្នុងគណៈកម្មាធិការពន្ធដាររបស់សភាតំណាងរាស្រ្តនៅឡើយ។ រីឯសេចក្តីស្នើច្បាប់ដៃគូរបស់ខ្លួនដែលស្នើឡើងដោយព្រឹទ្ធសភាកំពុងស្ថិតនៅជាប់គាំងនៅ គណៈកម្មាធិការហិរញ្ញវត្ថុរបស់ព្រឹទ្ធសភាតាំងតែពីខែមករាមកម្ល៉េះ។
ក្នុងខណៈពេលដែលសេចក្តីស្នើច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងការធ្វើឱ្យការវិនិយោគវិលត្រឡប់មកវិញនៅតែស្ថិតនៅគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភា៕