រដ្ឋធានីវ៉ាស៊ីនតោន — នៅជិតមួយសប្តាហ៍ក្រោយពីទីក្រុងវូហាន ប្រទេសចិនត្រូវបានបិទ និស្សិតខ្មែរដែលនៅទីក្រុងដែលជាប្រភពនៃមេរោគកូរ៉ូណាថ្មីនេះ នៅតែមានការបារម្ភចំពោះស្ថានភាពរបស់ពួកគេ ខណៈដែលចំនួនអ្នកស្លាប់និងឆ្លងវីរុសថ្មីនេះកាន់តែកើនឡើងនៅក្នុងទីក្រុងនេះ។
និស្សិត ប៉ែន បារាំង អាយុ៣០ឆ្នាំ ដែលសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដែល VOA បានសម្ភាសន៍តាមទូរស័ព្ទ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពីសាកលវិទ្យាល័យរបស់លោកតម្រូវឲ្យនិស្សិតស្ថិតនៅក្នុងបន្ទប់ និយាយថា ការបម្លាស់ទីក្នុងសាលាបានត្រូវបន្ធូរបន្ថយបន្តិចហើយ។
និស្សិតរូបនេះបញ្ជាក់ថា៖ «ឥឡូវគេអាចចេញក្រៅបាន និស្សិតអាចក្រៅបាន ទិញកាតទឹកក្តៅ កាតបោកខោអាវទៅទិញទឹកដបតូច ទិញទឹកដបធំអីជាធម្មតា នៅក្នុងអគារហ្នឹង។ ហើយដោយឡែកនៅខាងក្រៅនោះវិញ នៅជិតសាលាហ្នឹងគេបើកផ្សារ ម៉ាតមួយ ហ្វាម៉ាស៊ី [ឱសថស្ថាន] នៅជិតសាលានោះក៏គេបើក។ ហើយនៅខាងអាហារដ្ឋានសាលាក៏គេបើកដែរ។»
ប៉ុន្តែលោក បញ្ជាក់ថា ទីក្រុងនៅតែស្ងាត់ដូចសប្តាហ៍មុន ហើយបើទោះបីជាមានការប្រសើរខ្លះខាងការធ្វើដំណើរ លោកថា ព័ត៌មាននៃការបន្តកើនឡើងនៃអ្នកស្លាប់និងអ្នកឆ្លងមេរោគនេះនៅក្នុងទីក្រុងនេះធ្វើឲ្យលោកកាន់តែមានអារម្មណ៍កាន់តែមានអារម្មណ៍ព្រួយបារម្ភ។
ក្នុងបទសម្ភាសន៍កាលពីថ្ងៃពុធ លោកបារាំង បញ្ជាក់ថា លោកនៅមានអាហារគ្រប់គ្រាន់ និងនៅមានសុខភាពល្អ៖ «មួយអាទិត្យហ្នឹង [សប្តាហ៍ហ្នឹង] អផ្សុកវាអផ្សុកណាស់ ភ័យហ្នឹងក៏ភ័យទៅទៀត គេងក៏មិនសូវគេងបានលក់ គេងភ្ញាក់គេងភ្ញាក់។ ប៉ុន្តែសុខភាពនៅធម្មតាទេបង គ្រាន់តែថ្ងៃនេះហ្នឹងប្អូនចាប់ស្អកក៏»។
បន្ទាប់ពីមានការផ្ទុះមេរោគរលាកសួត វីរុសកូរ៉ូណាថ្មី (Coronavirus 2019-nCoV) ចេញពីទីក្រុងវូហាន (Wuhan) រដ្ឋាភិបាលចិនបានបិទមិនឲ្យមានការធ្វើដំណើរចេញចូល ឬឆ្លងកាត់ទីក្រុងនេះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដែលបង្កឲ្យប្រជាជនចិនយ៉ាងហោចណាស់១៧០ នាក់ស្លាប់ និងឆ្លងមេរោគប្រមាណជាង៧.៧០០នាក់ ដែលភាគច្រើនជាជនជាតិចិន បើគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
ក្រោយការបិទនេះ នៅមាននិស្សិតខ្មែរចំនួន២៣នាក់ដែលបន្តស្ថិតនៅក្នុងទីក្រុងនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមនិស្សិតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ មកទល់នឹងពេលនេះមិនទាន់មានដំណឹងអំពីករណីឆ្លងមេរោគនេះក្នុងចំណោមនិស្សិតត្រូវបានរាយការណ៍ទេ។
លោក គាត ប៉ូជាង អាយុ ២៤ ឆ្នាំ ដែលជានិស្សិតអនុបណ្ឌិតឆ្នាំទី៣ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យវូហាន (Wuhan)។
លោករៀបរាប់អំពីសកម្មភាពដែលលោកបានធ្វើក្នុងមួយសប្តាហ៍កន្លងទៅនេះ ប្រាប់ VOA ថា៖ «ក្នុងមួយសប្តាហ៍ចុងក្រោយនេះ គឺនៅក្នុងបន្ទប់ហើយ សំអាតអនាម័យ ក៏ដូចជាតាមដានព័ត៌មាន ទាក់ទងជាមួយនឹងជំងឺ ហើយនឹងទំនាក់ទំនងជាមួយនឹងខ្មែរយើង ទាំងនៅក្នុងទាំងនៅក្រៅប្រទេសដើម្បីផ្តល់ព័ត៌មានខាងគ្រួសារថា ក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំសុខភាពល្អទេ អត់មានជំងឺអ្វីទាំងអស់។»
ពីដំបូងនិស្សិត គាត ប៉ូជាង ក៏មានការបារម្ភច្រើនដែរ ប៉ុន្តែការបារម្ភជាងនេះនោះ គឺការធ្វើដំណើរចេញពីទីក្រុងវូហាន ជាមួយមនុស្សជាច្រើនផ្សេងទៀតដែលសម្រុកចេញព្រមគ្នាដែរ ដែលស្ថានភាពនេះអាចបង្កឲ្យងាយឆ្លងវីរុសជាងការស្ថិតនៅតែក្នុងបន្ទប់សាលា។
លោកបញ្ជាក់ថា៖ «ដំបូងខ្ញុំមានការភ័យខ្លាំងមែនទែន ប៉ុន្តែដល់ពេលយូរៗទៅ ភ័យក៏វាអត់មានប្រសិទ្ធភាព ក៏វាអត់មានប្រសិទ្ធភាពអី ភ័យក៏នៅតែធម្មតា អញ្ចឹងយូរទៅខ្ញុំស៊ាំហើយបង»។
ក្រៅពីការនៅមានអាហារគ្រប់គ្រាន់និងការថែទាំងសុខភាពផ្លូវកាយ និស្សិតដែល VOA បានសម្ភាសន៍និយាយថា ការទាក់ទងជាមួយរដ្ឋបាលសាលា សមាគមនិស្សិត និងស្ថានទូតកម្ពុជាមានសារៈសំខាន់មិនត្រឹមតែទទួលព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបង្វែរអារម្មណ៍ពីភាពអផ្សុកផង។ កត្តាសំខាន់មួយទៀតសម្រាប់ទប់ទល់នឹងភាពអផ្សុកគឺការទាក់ទងជាមួយមិត្តភក្តិនិងជាពិសេសក្រុមគ្រួសារដែលជួយលើកទឹកចិត្តខ្លាំង បើទោះបីពេលខ្លះមានការលំបាកបន្តិចបន្តួចដោយប្រទេសចិនប្រើប្រព័ន្ធបិទខ្ទប់បណ្តាញសង្គមដូចជាហ្វេសប៊ុកជាដើម។
លោក ប៉ែន បារាំង បានបញ្ជាក់ពីនឹករឭករបស់ម្តាយដែលជាគ្រូបង្រៀនសាលាបឋមសិក្សានៅខេត្តស្វាយរៀង យ៉ាងដូច្នេះថា៖ «គាត់ភ័យចេះតែភ័យហើយបង ធម្មតា បើយើងនៅកន្លែងផ្ទុះជំងឺអញ្ចឹង គ្រាន់ថាគាត់ ព្យាយាមលើកទឹកចិត្តខ្ញុំ ថារឿងហ្នឹងវាមិនអីទេ ហើយគាត់ថា ខ្ញុំនៅបន្ទប់តែម្នាក់ឯង មិនឆ្លងមិនអីទេ។ គាត់ចេះតែលើកទឹកចិត្តថារឿងហ្នឹងវាមិនអីទេ ពេលដែលគាត់ខល [ទូរស័ព្ទ] មកម្តងៗបង។»
ការប្រស្រ័យទាក់ទងជាមួយអ្នកជាទីស្រឡាញ់នៅឯមាតុភូមិនិងក្តីបារម្ភរបស់ពួកគេ ក៏រឹតតែធ្វើឲ្យនិស្សិតខ្មែរដែលជាប់នៅទីក្រុងផ្ទុះមេរោគនេះប្រាថ្នាចង់ត្រឡប់មកប្រទេសកម្ពុជាវិញ។
យុវជន គាត ប៉ូជាង ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ និយាយថា ទោះបីលោកនៅមានសុខភាពល្អក៏ដោយ ក៏ឪពុកម្តាយរបស់លោកមិនអាចស្ងប់ចិត្តទេ ចង់ឲ្យលោក ដែលជាកូនតែមួយរបស់ពួកគាត់ ត្រឡប់ទៅស្រុកវិញ បើអាចមានលទ្ធភាព។
លោកថ្លែងថា៖ «បាទគាត់បន្ថយការព្រួយបារម្ភ គ្រាន់តែក្នុងមួយថ្ងៃគាត់តេ [ទូរស័ព្ទ] មកខ្ញុំហ្នឹងចង់ដប់ដង។
ប៉ុន្តែលទ្ធភាពនៃការត្រឡប់មកប្រទេសកម្ពុជានៅពេលនេះមានភាពស្តួចស្តើងណាស់។
កាលពីថ្ងៃពុធ រដ្ឋាភិបាលនៃប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានជម្លៀសពលរដ្ឋខ្លួនមួយចំនួន ដែលជាប់នៅទីក្នុងទីក្រុងវូហានប្រទេសចិន តាមយន្តហោះពិសេសទៅដល់មាតុភូមិវិញហើយ។ រដ្ឋាភិបាលនៃប្រទេសអ្នកមានមួយចំនួន ទៀតដូចជាប្រទេសបារាំង កូរ៉េខាងត្បូង និងអូស្ត្រាលី បានចាប់ផ្តើមឬបានប្រកាសអំពីផែនការជម្លៀសប្រជាជនរបស់ខ្លួន។ នេះយើងយោងតាមសារព័ត៌មាន CNN។
រដ្ឋាភិបាលកម្ពុជាក្នុងសប្តាហ៍នេះបានប្រកាសថា ខ្លួនមិនមានគម្រោងជម្លៀសពលរដ្ឋខ្មែរចេញពីទីក្រុងវូហានទេ [https://khmer.voanews.com/a/no-evacuation-plans-for-Cambodian-students-in-Wuhan/5263427.html ] ដោយសារនីតិវិធីនៃការរឹតត្បិតការធ្វើដំណើរចេញចូលក្រុងវូហាន ហើយនិងទំនុកចិត្តទៅលើសមត្ថភាពរបស់រដ្ឋាភិបាលចិនក្នុងការគ្រប់គ្រងស្ថានការណ៍នៃការរាលដាលជំងឺនេះ។
នៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាដែលជាមន្ត្រីទូតនិងនិស្សិតខ្មែរនៅទីក្រុងវូហាន កុំឲ្យរត់ចោលប្រជាជនចិនក្នុងគ្រាលំបាក និងដើម្បីជួយអាជ្ញាធរចិនប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
មកទល់នឹងពេលនេះ មិនមានប្រទេសក្នុងអាស៊ីអាគ្នេយ៍ណាបានធ្វើការជម្លៀសពលរដ្ឋខ្លួននៅឡើយ បើទោះបីមានប្រទេសខ្លះដូចជា ប្រទេសម៉ាឡេស៊ីត្រូវបានសារព័ត៌មាន Straits Times រាយការណ៍ថា កំពុងចរចាជាមួយរដ្ឋាភិបាលចិន។ប្រទេសឥណ្ឌូណេស៊ីក៏បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលចិនដើម្បីរៀបចំជម្លៀសពលរដ្ឋខ្លួនចំនួន២៤៣នាក់ នៅក្នុងតំបន់ទីក្រុងវូហាន នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
និស្សិតខ្មែរនៅក្រុងវូហានទាំងបីដែល VOA បានសម្ភាសន៍ថ្លែងថា ពួកគេមានការស្រងាកចិត្តបន្តិចដែលរដ្ឋាភិបាលកម្ពុជាមិនមានគម្រោងជម្លៀសពួកគេចេញពីក្រុងវូហាន ហើយសង្ឃឹមថារដ្ឋាភិបាលកម្ពុជាពិចារណាជម្លៀសពួកគាត់តាមជើងយន្តហោះផ្ទាល់ឬតាមមធ្យោបាយផ្សេងទៀតដូចជារថយន្តក្រុង ទៅខេត្តផ្សេងទៀតក្នុងប្រទេសចិន ខណៈពួកគេនៅមានសុខភាពល្អ។
ពួកគេថា ទោះបីនៅក្នុងសប្តាហ៍នេះ នៅប្រទេសកម្ពុជាមានការរកឃើញករណីកូរ៉ូណាវីរុសថ្មីនេះ ដូចនៅក្នុងប្រទេសចិនក្តី ក៏ពួកគេប្រាថ្នាត្រឡប់មកប្រទេសវិញ ប្រសិនបើមិនមានឆ្លងមេរោគថ្មីនេះទេ ព្រោះពួគគេគិតថា អាកាសធាតុក្តៅនៅកម្ពុជាធ្វើឲ្យការចម្លងលំបាកជាងនៅចិន ហើយមានក្រុមគ្រួសារនៅក្បែរមិនដូចនៅចិន។
ទោះបីពួកគេមានសុខភាពល្អជាទូទៅ នៅមួយសប្តាហ៍ក្រោយពីក្រុងវូហានត្រូវបានបិទមិនឲ្យចេញចូល ក៏អារម្មណ៍ចង់ត្រឡប់មកស្រុកនេះកាន់តែខ្លាំងមួយផ្នែកដោយសារដំណឹងពីការត្រឡប់មកស្រុកវិញរបស់និស្សិតអន្តរជាតិរួមសាលាមួយចំនួន។
យុវជន តាំង ជីវហួរ អាយុ២០ឆ្នាំ ជានិស្សិតខាងផ្នែកទីផ្សារនៅសាកលវិទ្យាល័យខេត្តហ៊ូយបេក្នុងក្រុងវូហាន និយាយថា ខុសពីនិស្សិត ប៉ែន បារាំង និងគាត ប៉ូជាង ស្ថានភាពនៅសាកលវិទ្យាល័យរបស់លោកក្នុងមួយសប្តាហ៍ចុងក្រោយនេះ មានការរឹតបន្តឹងការធ្វើដំណើរកាន់តែខ្លាំង។
និស្សិតដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះបន្តថា លោកនៅមានអាហារគ្រប់គ្រាន់ ហើយ បើទោះបីចាប់ផ្តើមមានការក្អកបន្តិចបន្តួចក្នុងប៉ុន្មានថ្ងៃចុងក្រោយក៏ដោយ ក៏រូបលោកចេះភាសាចិនស្ទាត់និងអាចរកគ្រូពេទ្យចិនបានក្នុងពេលអាសន្ន។ ម៉្យាងទៀតក្នុងមួយសប្តាហ៍កន្លងទៅនេះ ការលំបាកបំផុតមួយគឺភាពអផ្សុក ដែលមិនអាចចេញទៅណាបាន ប៉ុន្តែលោកបានបង្កើតសកម្មភាពជាមួយមិត្តកូរ៉េខាងត្បូងរួមអគារ។
និស្សិតរូបនេះបញ្ជាក់ថា៖ «ខ្ញុំមានមិត្តភក្តិពីរបីនាក់ គេអត់ទាន់ទៅស្រុក [កូរ៉េខាងត្បូង]វិញជាប់នៅនឹងដែរ អញ្ចឹងរកពួកគាត់និយាយគ្នាលេង អានសៀវភៅជាមួយគ្នាអញ្ចឹង»។
យ៉ាងនេះក្តីនិស្សិត តាំង ជីវហួរ ថាចំពោះសុខភាពផ្លូវកាយ លោកកាន់តែមានការបារម្ភដូចគ្នាដែរដោយសារឃើញវីរុសកូរ៉ូណាថ្មីនេះកាន់តែ កាចសាហាវ។ ហើយសុខភាពផ្លូវអារម្មណ៍ក៏លោកមិនដឹងច្បាស់ខណៈអារម្មណ៍នឹកស្រុកកាន់តែកើន ហើយការអផ្សុកកាន់តែកើនខណៈមិត្តរួមអគារជាជនជាតិកូរ៉េនឹងត្រូវបានរដ្ឋាភិបាលមកទទួលនៅក្នុងប៉ុន្មានថ្ងៃខាងមុខ។
លោកពន្យល់ថា៖ «ខាងគ្រួសារគាត់បារម្ភខ្លាំង ហើយគាត់ដូចជាថ្ងៃ៣១ ខានស្អែកហ្នឹង កូរ៉េគេមានយន្តហោះបីគ្រឿង បញ្ជូនសិស្សគេទៅវិញ៦នាក់។ អញ្ចឹងខានស្អែកគាត់ទៅវិញដែរ។»
សូមបញ្ជាក់ថា VOA ក៏បានព្យាយាមទាក់ទងសម្ភាសន៍និស្សិតជាស្ត្រីក្នុងចំណោមនិស្សិតទាំង២៣រូបនេះ ផងដែរ ប៉ុន្តែពួកគេបដិសេធដោយសារថាពិបាកទប់អារម្មណ៍ក្នុងពេលនេះ៕