វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលជាមន្ទីរពិសោធន៍ធ្វើរោគវិនិច្ឆ័យរកវីរុសកូរ៉ូណាថ្មី(កូវីដ១៩-COVID-19)បញ្ជាក់ថា វិទ្យាស្ថានបានធ្វើតេស្តវត្ថុវិភាគសរុបលើមនុស្សយ៉ាងហោចណាស់ចំនួន១.៦០០នាក់នៅកម្ពុជា ដែលលទ្ធផលបង្ហាញថា រហូតមកដល់ពេលនេះមានតែមួយករណីទេ ដែលឆ្លងវីរុសកូវីដ១៩ ហើយកើតទៅលើជនជាតិចិន ដែលត្រូវបានប្រកាសថា បានជាសះស្បើយទៅហើយ។
នេះជាការបញ្ជាក់បន្ថែមរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទៅលើការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងព័ត៌មានដែលចេញផ្សាយដោយក្រសួងសុខាភិបាលកាលពីកន្លងទៅ។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានឲ្យដឹងថា វត្ថុវិភាគជាតម្បារច្រមុះ និងបំពង់ក ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍នៃវិទ្យាស្ថាននេះ សរុបជាង១.៦០០។ ក្នុងនោះមានវត្ថុវិភាគយកពីនិស្សិតខ្មែរដែលសិក្សានៅប្រទេសចិនចំនួន៤១នាក់ អ្នកដំណើរនាវាទេសចរណ៍ Westerdam ដែលសុំចតនៅក្រុងព្រះសីហនុដំបូង២០នាក់ និងក្រោយមកធ្វើតេស្តអ្នកដំណើរ និងបុគ្គលិកប្រមាណ១.៥៨០បន្ថែមទៀត។ វិទ្យាស្ថានបញ្ជាក់បន្ថែមថា វត្ថុវិភាគចំនួន៣៦យកពីបុគ្គលិកនៃនាវាទេសចរណ៍មួយទៀតឈ្មោះ World Dream ដែលចូលចតក្នុងខេត្តព្រះសីហនុ ក៏ត្រូវបានធ្វើតេស្តរកវីរុសនេះផងដែរ។ ប៉ុន្តែលទ្ធផលទាំងអស់ គឺមិនមានវីរុសប្រភេទថ្មីនេះទេ។
ទាក់ទងនឹងការធ្វើតេស្តរកវីរុសកូរ៉ូណាទៅលើអ្នកដំណើរលើនាវា Westerdam ស្ត្រីជនជាតិអាមេរិកកាំងម្នាក់ វ័យ៨៣ឆ្នាំ ត្រូវបានរកឃើញថាផ្ទុកវីរុសកូរ៉ូណាថ្មី(COVID-19)ដោយអាជ្ញាធរម៉ាឡេស៊ី ពេលអ្នកស្រីបានចេញពីកម្ពុជាទៅប្រទេសកំណើតខ្លួន កាត់តាមម៉ាឡេស៊ី។ ស្រ្តីរូបនេះមិនស្ថិតនៅក្នុងចំណោមមនុស្ស២០នាក់ដែលគេបានយកសំណាកទៅពិនិត្យទេ ហើយគាត់និងអ្នកដំណើរមួយចំនួនទៀតក៏មិនបានរាយការណ៍អំពីស្ថានភាពសុខភាពខ្លួនដែរ។ បន្ទាប់ពីរកឃើញដោយម៉ាឡេស៊ី មានការចោទសួរអំពីការធ្វើតេស្តរកវីរុសនេះនៅកម្ពុជាថាតើគួរឲ្យទុកចិត្តកម្រិតណា។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានបង្ហាញការមិនជឿទៅលើការធ្វើតេស្តនេះ និងទាមទារឲ្យធ្វើតេស្តជាលើកទីពីរ ហើយជាលទ្ធផល អ្នកជំនាញរបស់ម៉ាឡេស៊ីបញ្ជាក់ថា ស្រ្តីនោះមានផ្ទុកវីរុសនេះ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ស្រ្តីម្នាក់នេះ ត្រូវបានរាយការណ៍ថា លែងមានផ្ទុកវីរុសនេះវិញ។ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា ស្ត្រីនោះមិនដែលផ្ទុកវីរុសកូរ៉ូណាទេ ហើយប្រហែលជាគាត់មានជំងឺរលាកផ្លូវដង្ហើមធម្មតាប៉ុណ្ណោះ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបញ្ជាក់ថា តេស្តវត្ថុវិភាគទាំងអស់ មានលទ្ធផលអវិជ្ជមាននៃវីរុសកូរ៉ូណាថ្មី លើកលែងតែអ្នកដំណើរមកពីទីក្រុងវូហាន ប្រទេសចិន មកប្រទេសកម្ពុជាដែលរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មី កាលពីថ្ងៃទី២៧ ខែមករា ហើយត្រូវបានព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅប្រទេសចិនវិញ។
កន្លងមក VOAបានព្យាយាមទាក់ទងវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ប៉ុន្តែនាយកវិទ្យាស្ថាន អ្នកស្រី Laurence Baril បានឆ្លើយតបតាមសារអេឡិកត្រូនិកថា៖ «យើងត្រូវបានក្រសួងសុខាភិបាលស្នើសុំមិនឱ្យផ្តល់ព័ត៌មានដោយផ្ទាល់ដល់អ្នកសារព័ត៌មានទេ។ យើងគោរពតាមសំណើនេះ»។
លោកស្រីបន្ថែមថា៖« ខ្ញុំក៏ស្នើសុំកុំទាក់ទងអ្នកវិទ្យាសាស្ត្រដោយផ្ទាល់ ព្រោះពួកគេត្រូវផ្តោតអារម្មណ៍ទៅលើសកម្មភាពមន្ទីរពិសោធន៍»។
មកដល់ពេលនេះ វីរុសកូរ៉ូណាថ្មីបានសម្លាប់មនុស្សជាង២៧០០នាក់ ដែលភាគច្រើនគឺជាប្រជាជនចិន។ មេរោគនេះបានឆ្លងរាលដាលដល់ប្រមាណជិត៤០ប្រទេស។ នៅប្រទេសជិតខាងកម្ពុជា ដែលមានដូចជាប្រទេសថៃ មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនេះចំនួន៤០ករណី ហើយនៅប្រទេសវៀតណាម មានចំនួន១៦ករណី។ ប្រទេសកូរ៉េខាងត្បូងនិងអ៊ីតាលី មានករណីឆ្លងច្រើនជាងគេបន្ទាប់ពីប្រទេសចិន។
អ្នកឯកទេសខាងជំងឺរាតត្បាត លោក Marc Lipsitch នៃមហាវិទ្យាល័យសុខភាពសាធារណៈនៅសហរដ្ឋអាមេរិក Harvard T.H. Chan School of Public Health ធ្លាប់បានប្រាប់VOAថា «ដូចជាមិនទំនង»ថា មានតែមួយករណីនៅកម្ពុជា។ អ្នកឯកទេសខាងជំងឺរាតត្បាតរូបនេះបានលើកឡើងដោយផ្អែកលើការប៉ាន់ស្មាន ចំនួនមធ្យមនៃអ្នកដំណើរតាមជើងហោះហើរពីទីក្រុងវូហានទៅកាន់ទីក្រុងនានានៅក្នុងពិភពលោក និងនៅអាស៊ី។ លោកបន្តថា កាលណាចំនួនអ្នកដំណើរមកតំបន់ផ្ទុះវីរុសកូរ៉ូណាថ្មីកាន់តែច្រើន ត្រូវបានគេសន្មតថាករណីឆ្លងក៏អាចមានច្រើនដែរ។
នៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ទោះយ៉ាងណាក៏ដោយ មកដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋកម្ពុជាណាម្នាក់បានឆ្លងវីរុសកូរ៉ូណាថ្មីនៅឡើយទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ចំណែកកម្ពុជាយើង យើងមានការទទួលខុសត្រូវទៅលើប្រជាពលរដ្ឋរបស់យើង។ ពេលមុននេះ ប្រជាពលរដ្ឋរបស់យើងស្លុតខ្លាំងណាស់ តក់ស្លុតខ្លាំងណាស់។ ពេលនោះខ្ញុំទ្រាំមិនបាន ក៏ចេញមកនិយាយថា ជំងឺពិតប្រាកដនៅកម្ពុជាពេលនេះ គឺជំងឺភ័យខ្លាច មិនមែនជំងឺកូរ៉ូណានោះទេ»។
លោកបន្តថា ការសម្រេចចិត្តរបស់លោក ដោយឲ្យនាវាWesterdamចូលចត ការមិនបិទជើងហោះហើរ និងការមិនជម្លៀសនិស្សិតខ្មែរនៅទីក្រុងវូហានមកកម្ពុជា គឺការសម្រេចចិត្តត្រឹមត្រូវ។
លោក ស៊ុន ដារ៉ូ គឺជានិស្សិតខ្មែរមកពីទីក្រុងធានជីង នៃប្រទេសចិន ហើយមកដល់កម្ពុជានៅចុងខែមករា នៅពេលដែលសាកលវិទ្យាល័យរបស់លោកបានផ្អាកបណ្តោះអាសន្ន ដោយសាររងការឆ្លងរីករាលដាលនៃកូវីដ១៩។ លោក ស៊ុន ដារ៉ូ បានលើកឡើងថា ដំបូងលោកនិងមិត្តភក្តិរបស់លោក៣នាក់ទៀត បានព្យាយាមស្វែងរកសេវាធ្វើតេស្តបញ្ជាក់រកវីរុសកូរ៉ូណាសិន។
លោកបានថ្លែងប្រាប់VOAតាមទូរស័ព្ទថា៖ «មកគ្នាបីបួននាក់មក ព្រឹកម៉ោង ៨ ឬ៩ [ព្រឹក]អីមក រកបាយទឹករួចក៏ខលទៅលេខក្រសួងសុខាភិបាលឲ្យទាក់ទងទៅសាកសួរ ចង់ដឹងថាទៅធ្វើតេស្តណាអីណា ហើយមិនអាចទាក់ទងបានទៅ ក៏នាំគ្នាទៅប៉ាស្ទ័រ ហើយខាងប៉ាស្ទ័រប្រាប់ឲ្យទៅពេទ្យរុស្ស៊ី»។
លោកបន្តថា ក្រុមរបស់លោកពុំទទួលបានការធ្វើតេស្តដោយខាងវិទ្យាស្ថានប៉ាស្ទ័រ និងមន្ទីរពេទ្យផ្សេងៗ ក្រោមហេតុផលថា ពួកគេគ្មានរោគសញ្ញាសង្ស័យ។
មកដល់ពេលនេះ លោក ស៊ុន ដារ៉ូ និងមិត្តភក្តិរបស់លោកមួយចំនួនពុំដែលបានធ្វើតេស្តទេ។ តែទោះជាយ៉ាងណាលោកថា លោកមានសុខភាពល្អធម្មតា។
VOAមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល គឺលោកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ បានទេនៅថ្ងៃពុធនេះ។
កន្លងមក ធ្លាប់មានការចែកចាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកអំពីករណីសង្ស័យនៃការឆ្លងវីរុសកូរ៉ូណាថ្មី ហើយក្រសួងសុខាភិបាលបានបញ្ជាក់ថាព័ត៌មានទាំងនោះជាព័ត៌មានមិនពិត៕