ក្រសួងសុខាភិបាលកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃជំងឺផ្តាសាយបក្សី H5N1 បន្ទាប់ពីមានព័ត៌មានថា មានការផ្ទុះជំងឺនេះនៅភាគខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៧ ខែកុម្ភៈនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញកាលពីថ្ងៃពុធបានឲ្យដឹងថា មានការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី H5N1 ហើយអាជ្ញាធរវៀតណាមបានកម្ទេចសត្វមាន់ប្រមាណ ៥ម៉ឺន៥ពាន់ក្បាល កាលពីទី១៧ខែកុម្ភៈនេះ។ សេចក្តីប្រកាសព័ត៌មានបានសរសេរនៅក្នុងន័យដើមយ៉ាងដូច្នេះថា៖ «អភិបាលនៃគណៈអភិបាលរាជធានីខេត្តបង្កើនការប្រុងប្រយ័ត្ន និងធ្វើការណែនាំអប់រំប្រជាពលរដ្ឋ ដើម្បីបង្កាទប់ស្កាត់ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 មកមនុស្ស»។
សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា បណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមដូចជាខេត្តកណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគីរី មណ្ឌលគីរី កែប និងតាកែវ គួរតែមានការប្រុងប្រយ័ត្នខ្លាំង ដោយមិនត្រូវទទួលទានបក្សីឈឺ ឬងាប់ និងត្រូវចំអិនបសុបក្សីឲ្យបានឆ្អិនល្អមុននឹងបរិភោគ។
ក្រសួងសុខាភិបាលបានប្រាប់អំពីវិធានការការពារ ដោយបានសរសេរនៅក្នុងសេចក្តីដើមយ៉ាងដូច្នេះថា៖ «ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយបសុបក្សី»។
ក្រសួងបានបន្តថា បើបុគ្គលណាម្នាក់មានគ្រុនក្តៅលើសពី ៣៨,៥អង្សាសេ ក្អកពិបាកដកង្ហើមនិងមានប្រវត្តិប៉ះពាល់បសុបក្សឈឺងាប់ក្នុងអំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា ត្រូវទំនាក់ទំនងទៅលេខសង្គ្រោះបន្ទាន់១១៥ ឬទូរស័ព្ទលេខ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕