ពលរដ្ឋខ្មែររស់ក្នុងទីក្រុងភ្នំពេញបានថ្លែងនៅថ្ងៃសុក្រនេះថា ពួកគេមានការបារម្ភពីសុខភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងស្ថិតនៅក្នុងប្រទេសចិន ជាពិសេសគឺនៅតំបន់ទីក្រុងវូហាននៃខេត្តហ៊ូបេ ដែលជាប្រភពនៃការផ្ទុះមេរោគ corona (2019-nCoV)។ ពួកគេចង់ឃើញ ការជម្លៀសប្រជាជនខ្មែរ ចេញពីតំបន់នៃការឆ្លងនោះ ដូចដែលរដ្ឋាភិបាលជាច្រើនបានកំពុងធ្វើចំពោះពលរដ្ឋរបស់ពួកគេ។
កំពុងឈរចាំរថយន្តក្រុងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កញ្ញាលីន វ័យ២២ ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនឯកជនមួយក្នុងទីក្រុងភ្នំពេញ បាននិយាយថា៖
«វាពិបាកដែរ យកល្អគួរតែ គួរតែនាំគាត់ មកខាងប្រទេសយើងវិញអីចឹងហ្អាស់ ដោយសារគាត់នៅឯណោះ តែមិនដឹង គិតម៉េច»។
កាលពីព្រហស្បតិ៍កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងរិះគន់ប្រជាពលរដ្ឋកម្ពុជាដែលចង់វិលត្រឡប់ពីតំបន់វូហាន ប្រទេសចិន ជាទីនៃការការផ្ទុះឡើងនៃមេរោគកូរ៉ូណាដែលអាចធ្វើឲ្យខូចផ្លូវដង្ហើម ដែលត្រូវបានគេប្រកាសថា ជាគ្រោះអាសន្នរបស់សាកលលោក។ លោកនាយករដ្ឋមន្ត្រី ចង់ឲ្យអ្នកការទូត និងនិស្សិតកម្ពុជាបន្តស្នាក់នៅប្រទេសចិន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសមហាអំណាចអាស៊ីមួយនេះ។
លោក ហ៊ុន សែន ក៏ប្រកាសកាលពីថ្ងៃម្សិលមិញ ក្នុងសន្និសីទសារព័ត៌មានម្តងជាពីរដងថា គ្មានការជម្លៀសមន្ត្រីការទូត និងនិសិ្សតខ្មែរចេញពីប្រទេសចិនទេ រាប់ទាំងទីក្រុងវូហាន នៃខេត្តហ៊ូបេ។
កញ្ញា លីន ដែលបានសុំមិនបញ្ចេញឈ្មោះពេញ ដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន នៅពេលនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ មិនហ៊ានបង្ហាញការយល់ឃើញយ៉ាងណា ចំពោះការអត្ថាអធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះទេ តែកញ្ញាជឿថា ពលរដ្ឋភាគច្រើននឹងមិនយល់ស្របជាមួយការយល់ឃើញរបស់លោកនាយករដ្ឋមន្ត្រីនោះទេ។
កញ្ញា លីន ដែលបានពាក់ម៉ាស់ការពារសុខភាព សំឡឹងមិនដាក់ភ្នែកទៅរកការមកដល់របស់ឡានក្រុងដើម្បីធ្វើដំណើរទៅកន្លែងធ្វើការ។ ក្នុងកាយវិការប្រញាប់ប្រញាល់ កញ្ញាបន្ថែមថាសាច់ញាតិ និងឪពុកម្តាយរបស់មន្ត្រី និងនិស្សិតខ្មែរដែលកំពុងនៅប្រទេសចិន អាចកើតការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាពដោយសារមេរោគឆ្លងកូរ៉ូណានោះ។
«វាប្រាកដហើយប្រជាជនទូទៅ គាត់មិនយល់ស្របហ្នឹង ចង់និយាយថា ឲ្យប្រជាជនកម្ពុជាខ្មែរនៅហ្នឹង នៅជាមួយគ្រោះថ្នាក់អស់ហ្នឹងទេ ប្រាកដជាមិនយល់ស្របទេ ខ្ញុំក៏ចឹងដែរ តែគ្រាន់ថា ខ្ញុំអត់មាន បងប្អូនឬក៏នរណាគេនៅហ្នឹងទេ តែសម្រាប់ដែលអ្នកដែលជាឪពុកម្តាយ ឬជាបងប្អូនប្រាកដជាគាត់ភ័យខ្លាំងអីចឹង»។
អង្គការសុខភាពពិភពលោក (WHO) បានរាយកាណ៍កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ថា យ៉ាងហោចណាស់មាន៧៨០០ករណីត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគកូរ៉ូណានៅទូទាំងពិភពលោក ក្នុងចំណោមនោះ គឺមាន៧៧២៦ករណីបានកើតឡើងនៅប្រទេសចិនតែម្តង។
កាលពីលា្ងចថ្ងៃព្រសហ្បតិ៍កន្លងទៅនេះ អង្គការសុខភាពពិភពលោកបានប្រកាសថា ការរីករាលដាលនៃការឆ្លងមេរោគកូរ៉ូណា គឺជា «គ្រោះអាសន្នរបស់ពិភពលោក» ដោយសារការកើនឡើងនៃការឆ្លងរាលដាលរបស់មេរោគនេះ មានភាពឆាប់រហ័ស។
ប្រទេសកម្ពុជា បានកត់ត្រាករណីឆ្លងមេរោគនេះ មួយករណីរហូតមកដល់ពេលនេះ ដែលការឆ្លងនោះ គឺមាននៅលើជនជាតិចិនមួយរូបដែលបានមកដល់ក្រុងព្រះសីហនុកាលពីសប្តាហ៍មុន។ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់សារព័ត៌មានក្នុងស្រុកថា មានជនជាតិចិនប្រមាណ៣០០០នាក់ បានចូលដល់ប្រទេសកម្ពុជាពីក្រុងវូហាន ចាប់តាំងពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាកាលពីចុងខែធ្នូ ឆ្នាំ២០១៩។
និស្សិតកម្ពុជាយ៉ាងហោចណាស់២៣នាក់កំពុងជាប់គាំងក្នុងទីក្រុងវូហាន។
លោក ហេង លី វ័យ៣៤ ឆ្នាំ អាជីវករលក់កាហ្វេមួយរូបនៅកណ្តាលទីក្រុងភ្នំពេញ បានសម្រេចចិត្តពាក់ម៉ាស់ជាប់នឹងមុខ ជិតមួយសប្តាហ៍មកហើយ ដោយបារម្ភអំពីការឆ្លងមេរោគកូរ៉ូណា។ ឈរក្នុងតូបកាហ្វេតូចមួយ លោកមិនបានដឹងថា មានពលរដ្ឋខ្មែរប៉ុន្មាននាក់កំពុងរស់នៅក្នុងប្រទេសចិននោះទេ។
ដោយបានដឹងតិចតួចថា មានប្រទេសផ្សេងទៀត បានជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសចិននោះ អ្នកលក់កាហ្វេរូបនេះ និយាយដោយមិនលាក់លៀមថា លោកគាំទ្រឲ្យមានការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសចិនដែរ ប៉ុន្តែការត្រឡប់មកវិញឬយ៉ាងណារបស់ពលរដ្ឋខ្មែរទាំងអស់នោះ គឺនៅលើការសម្រេចចិត្តរបស់បុគ្គលនីមួយៗ។
«សំខាន់គេអ្នកខាងនោះ គេចង់មកអីចឹងទៅណ៎ាបង ព្រោះអីគេទៅរៀនអីបងអ្ហេស ដូចថា ទាល់តែសម្រេចចិត្តលើគេដែរអីចឹងទៅណ៎ា បងណ៎ា»។
នៅក្នុងសង្កាត់ចោមចៅ លោក ពុទ្ធ សារិទ្ធ វ័យ២៩ឆ្នាំ ជាអ្នកលក់ពោត។ លោកថា លោកមិនបានចាប់អារម្មណ៍តាមដានព័ត៌មាន ហើយលោកគិតតែពីរកលុយតែប៉ុណ្ណោះ។
នៅលើមុខមានពាក់ម៉ាស់យ៉ាងក្រាស់មួយនោះ លោកសារិទ្ធ មិនដឹងថា មេដឹកនាំរបស់លោកថ្លែងអ្វីនោះទេ អំពីស្ថានភាពពលរដ្ឋខ្មែរនៅប្រទេសចិន។ ក៏ប៉ុន្តែលោកផ្តល់ការយល់ឃើញរបស់លោកថា ពលរដ្ឋខ្មែរអាចប្រឈមនឹងការឆ្លងមេរោគកូរ៉ូណា បើពួកគេមិនត្រូវបាននាំចេញពីតំបន់ដែលរងការឆ្លងរាលដាលដោយមេរោគនេះ។
«បើសិនជាទុកគាត់នៅហ្នឹង គាត់អាចឆ្លងមេរោគហ្នឹង ព្រោះស្រុកគេវាបង្កើតអាហ្នឹងមកហើយ ដល់ពេលហើយមានពលករខ្មែរនៅហ្នុង អីចឹងយើងអាច បើប្រជាពលរដ្ឋយើង យើងអាចជម្លៀសពួកគាត់មកវិញក៏បានដែរអីចឹង»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់បញ្ជាក់ VOA ថា រដ្ឋាភិបាលនៅតែបំពេញតាមការអំពាវនាវរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្មានផែនការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសចិននោះទេ។
ប្រធានាធិបតីចិនលោក ស៊ី ជីងពីង បានកោះហៅឲ្យមានការប្រជុំសមាជិកការិយាល័យរបស់បក្សកុម្មុយនីស្តចិនកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដើម្បីពិភាក្សារកមធ្យោបាយនានារាំងខ្ទប់មេរោគកូរ៉ូណាដោយបានប្រកាសថា ប្រទេសចិនកំពុងប្រឈម«ស្ថានភាពដ៏ធ្ងន់ធ្ងរ»។
ក្រោយការប្រកាសរបស់លោកប្រធានាធិបតីស៊ីនោះមក ការជម្លៀសជនជាតិបរទេសជាលើកដំបូងចេញពីប្រទេសចិនបានចាប់ផ្តើមកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។
ជនជាតិជប៉ុនចំនួន២០៦នាក់ត្រូវគេរាយការណ៍ថា ត្រូវបានដឹកជញ្ជូនចេញពីទីក្រុងវូហាន ដែលត្រូវបានគេរាយការណ៍ថាជាប្រភពកំណើតមេរោគកូរ៉ូណាថ្មី ទៅកាន់អាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ។ ចំណែកសហរដ្ឋអាមេរិក ក៏ត្រូវបានគេរាយការណ៍ថា បានជម្លៀសពលរដ្ឋខ្លួនចំនួនជិត២០០នាក់តាមជើងហោះហើរចេញពីទីក្រុងវូហាន ទៅកាន់មូលដ្ឋានទ័ពមួយនៅរដ្ឋកាលីហ្វ័ញ៉ា។ សហភាពអឺរ៉ុប ក៏បានប្រកាសផែនការដឹកជញ្ជូនពលរដ្ឋខ្លួនប្រមាណជាង២០០នាក់ចេញពីទីក្រុងវូហានដដែលនេះ។ ប្រទេសមីយ៉ាន់ម៉ា ក៏បានប្រាស្រ័យទាក់ទងជាមួយមន្ត្រីចិន អំពីការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិនផងដែរ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានប្រាប់VOA កាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនយល់ពីបំណងពិតប្រាកដនៃការសម្រេចរបស់មេដឹកនាំកម្ពុជា ចំពោះការមិនមានផែនការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសចិននោះទេ។ ទោះយ៉ាងណា លោកអះអាងថា តាមគោលការណ៍សិទ្ធិមនុស្ស ពលរដ្ឋគ្រប់រូបមានសិទ្ធិដើរហើរដោយសេរី។
«តាមការណ៍ពិត អានេះ វាជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប នៅក្នុងការដើរហើរឬក៏ការរកសុវត្ថិភាពរបស់ខ្លួន បើសិនជាគាត់គិតថា នៅហ្នុងមិនមានសុវត្ថិភាព ហើយគាត់អាចធ្វើការចាកចេញដើម្បីគាត់ រួចសិន អាហ្នឹងជារឿងរបស់បុគ្គលមួយៗ ដែលគាត់យល់ឃើញណ៎ា ពីព្រោះដឹងស្រាប់ហើយថា បុគ្គលគ្រប់រូប សុវត្ថិភាពជាចម្បង»។
អ្នកស្រីជួប ធីតា ជាបុគ្គលិក កំពុងអង្គុយចុចទូរស័ព្ទនៅជាប់ជញ្ជាំងកញ្ចក់នៃហាងលក់សម្លៀកបំពាក់មួយ នៅតាមបណ្តោយផ្លូវត្រសក់ផ្អែម។
ដោយសារមមាញឹក ក្នុងការបំពេញការងារប្រចាំថ្ងៃ អ្នកស្រីមិនមានពេលតាមដានព័ត៌មាន ហើយក៏មិនបានដឹងអំពីសេចក្តីអំពាវនាវរបស់លោកនាយរដ្ឋមន្ត្រីហ៊ុន សែន ដែលស្នើមិនឲ្យរដ្ឋាភិបាលជម្លៀសប្រជាជនខ្មែរដែលជាមន្ត្រីការទូត និងនិស្សិតចេញពីប្រទេសចិន។
ក្នុងទឹកមុខហាក់ដូចជាភ័យ ស្ត្រីដែលជាម្តាយកូនមួយរូបនេះនិយាយថា អ្នកស្រីក៏មិនដឹងថា ការឆ្លងមេរោគកូរ៉ូណា កើតឡើងយ៉ាងដូចម្តេចនោះដែរ។ ប៉ុន្តែដោយបារម្ភពីការឆ្លងរបស់វីរុសកូរ៉ូណានោះ អ្នកស្រីបានចាប់ផ្តើមពាក់ម៉ាស់ជាប់នឹងមុខអស់រយៈពេលជាច្រើនថ្ងៃមកហើយ គឺចាប់តាំងពីអ្នកស្រីបានទទួលដំណឹងនៃការផ្ទុះការឆ្លងរាលដាលនៃមេរោគនេះ។
«និយាយតាំងពីឃើញគេផ្អើលពាក់មក ពាក់រហូតដែរហ្នឹង»។
ប្រជាជនច្រើនជាង៥៦លាននាក់ នៅក្នុងក្រុងជិត២០នៅប្រទេសចិនដែលរួមទាំងទីក្រុងវូហាន របស់ខេត្តហ៊ូបេ ក៏ត្រូវបានគេរាយការណ៍ថា ត្រូវបានគេរារាំងមិនឲ្យធ្វើដំណើរ ដើម្បីទប់ស្កាត់មិនឲ្យមានការរីករាលដាលវីរុសកូរ៉ូណានេះបន្ថែមទៀត។
ប្រទេសកម្ពុជាបានបង្កើនភាពជិតស្និទ្ធជាមួយចិនកាន់តែខ្លាំងឡើងនៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ នេះ ជាពិសេសគឺមានការកើនឡើងនៃវិនិយោគទុន និងការគាំទ្រដោយគ្មានការពិចារណារបស់ទីក្រុងប៉េកាំងចំពោះការបង្ក្រាបនាពេលថ្មីៗលើសេរីភាពរដ្ឋធម្មនុញ្ញនានារបស់ពលរដ្ឋកម្ពុជា៕