នៅវេទិកាយុវជនថ្នាក់ជាតិឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយអង្គការមិនមែនរដ្ឋាភិបាល យុវជនកម្ពុជាមួយចំនួនបានបង្ហាញការប្តេជ្ញាក្នុងការចូលរួមលើកកម្ពស់ការសម្តែងមតិ និងចូលរួមក្នុងសកម្មភាពនយោបាយ។
ពួកគេក៏បានលើកទឹកចិត្តដល់រដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបើកទូលាយនូវលំហសេរីភាពដល់ពលរដ្ឋក្នុងការចូលរួម និងតាមដានកិច្ចការនយោបាយផងដែរ។
និស្សិតឆ្នាំទី ៣ ផ្នែកច្បាប់ កញ្ញា យ៉ូវយ៉ូវ ភីង ថ្លែងថា ការចូលរួមរបស់យុវជនក្នុងការតាមដានគោលនយោបាយរបស់រដ្ឋាភិបាលនៅមានកម្រិតនៅឡើយ។
កញ្ញាប្រាប់វីអូអេថា៖ «ច៎ា! ចំពោះមតិខ្ញុំផ្ទាល់ដែរ ការចូលរួមនៅក្នុងការបញ្ចេញមតិ នៅក្នុងគោលនយោបាយដែរ គឺសម្រាប់យុវជន គឺអាចថាមានភាពតូចចង្អៀត អាចថាយុវជនខ្វះនូវចំណេះដឹង ក៏ដូចជាការចូលរួម ក៏ដូចជាឱកាសនៅក្នុងការគាត់បញ្ចេញមតិ»។
លោក ហឿម ប៊ុនហេង វ័យ ២៧ ឆ្នាំ មើលឃើញស្ថានភាពខុសគ្នានៃការប្រើប្រាស់សិទ្ធិរបស់យុវជនឯករាជ្យ និងយុវជនដែលមានខ្នងបង្អែកជាកូនអ្នកមានអំណាច។
លោកថ្លែងថា៖ «បើសិនជាយើងត្រឡប់ទៅមើលសកម្មភាពមួយចំនួនដែលបង្កើតឡើងដោយក្រសួង ឬមួយស្ថាប័នរដ្ឋាភិបាល គឺខ្ញុំគិតថា វាមានភាពងាយស្រួល ដោយសារតែពួកគាត់មានបណ្តាញយុវជនទូលាយ ហើយជាអ្នកធ្វើការផ្ទាល់ជាមួយយុវជន ជាពិសេសយើងអាចមើលឃើញអំពី ឧទាហរណ៍គឺគាត់មានក្រុមយុវជន ស.ស.យ.ក ដែលគាត់មានជាយុវជននៅក្នុងដៃស្រាប់។ អ៊ីចឹងការធ្វើសកម្មភាព ក៏វាមានភាពងាយស្រួល ដោយសារតែពួកគាត់ទាំងអស់នោះ គឺមានភាពជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាល។ អ៊ីចឹង សម្រាប់យុវជនដែលពួកគាត់ ជាអ្នកឯករាជ្យ ជាអ្នកដែលគាត់មិនចូលប្រឡូកជាមួយនឹងនិន្នាការនយោបាយ គឺវាមានការប្រឈមច្រើនជាង»។
យុវជនរូបនេះចង់ឃើញរដ្ឋាភិបាលដែលដឹកនាំដោយអ្នកនយោបាយវ័យក្មេងផ្តល់ឱកាសឱ្យបានច្រើនដល់យុវជនក្នុងការចូលរួមផ្តល់មតិយោបល់ ទាក់ទងកិច្ចការនយោបាយ ដោយគ្មានការលាបពណ៌គ្នា ខណៈកម្ពុជាមានយុវជនប្រមាណ ៦០ ភាគរយដែលមានអាយុក្រោម ៣០ ឆ្នាំ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា គាត់នឹងយកឱកាសដែលគាត់ដឹកនាំនេះផ្តល់ឱកាសឱ្យយុវជនដទៃទៀត ក្នុងការចូលរួមផ្តល់មតិយោបល់ ហើយគោរពនូវស្មារតី ក៏ដូចជាយោបល់របស់គាត់ ធ្វើយ៉ាងណាឱ្យក្តីកង្វល់របស់គាត់ត្រូវបានឮ ហើយយកទៅដោះស្រាយ មិនមែនដៅមុខសញ្ញាថា ពួកគាត់ជាក្រុមប្រឆាំង ហើយលាបពណ៌ថា គាត់ជាក្រុមប្រឆាំងមកពីគណបក្សនេះ មកពីក្រុមនេះក្រុមនោះទេ ប៉ុន្តែយើងសូមស្តាប់ពីក្តីកង្វល់របស់យុវជនក្នុងន័យយុវជនទូទៅ»។
ការស្ទង់មតិមួយរបស់អង្គការតម្លាភាពកម្ពុជា ចេញកាលពីចុងឆ្នាំ ២០២២ បានបង្ហាញថា យុវជនប្រមាណជា ៨០ ភាគរយដែលបានស្ទង់មតិនិយាយថា ពួកគេចាប់អារម្មណ៍តិច និងមិនចាប់អារម្មណ៍សោះលើរឿងនយោបាយ ដោយពួកគេថា នយោបាយជារឿងគ្រោះថ្នាក់ មិនមែនជាកិច្ចការងារដែលពួកគេត្រូវខ្វល់ ពួកគេនៅក្មេងពេក ហើយខ្លះថាពួកគេមានចំណេះដឹងទាបអំពីនយោបាយ។
ក្នុងវេទិកាដែលមានការចូលរួមពីនាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងមន្ត្រីទូតប្រទេសស៊ុយអែត សហភាពអឺរ៉ុបផងនោះ មន្ត្រីរដ្ឋាភិបាលក៏បានលើកឡើងអំពីជំហររបស់រដ្ឋាភិបាលក្នុងការសម្រួលឱ្យមានការចូលរួមរបស់យុវជនលើការអភិវឌ្ឍគោលនយោបាយរបស់រដ្ឋាភិបាល ឬលើកសំណើថវិកាដើម្បីការអភិវឌ្ឍនៅសហគមន៍របស់ពួកគេ។
អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន លោក ជីវ រដ្ឋា លើកឡើងក្នុងវេទិកានោះថា៖ «ក្មេងៗនៅតាមសាលា high school [វិទ្យាល័យ] បានចូលរួមធ្វើមាន ៨០ project ក្នុងមួយឆ្នាំៗ ៨២ គម្រោង ដែលគម្រោងហ្នឹងបានគ្របដណ្តប់លើវិស័យដូចជាទេសចរណ៍ អប់រំ សហគ្រិនភាព បរិស្ថានទាំងអស់ ដែលគាត់សម្លឹងនៅភូមិគាត់នៅឃុំគាត់ឃើញបញ្ហា ហើយយើងបានចងក្រងជាmanual [ក្បួន] បានសេចក្តីថាសៀវភៅនេះ ក្មេងៗចេះតាំងពីរបៀបសរសេររបាយការណ៍ សរសេរលិខិតស្នើសុំ សរសេរលិខិតពាក្យប្តឹង ឬក៏គម្រោង អភិវឌ្ឍ គ្រប់គ្រងថវិកាគឺមានទាំងអស់ជា manual [ក្បួន] មួយដែលចែកទៅដល់តាមយុវជន តាមមន្ទីរខេត្ត ២៥ ខេត្តក្រុង»។
ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញពីសារសំខាន់នៃវេទិកាយុវជន ដែលលោកយល់ថា ជាការដាស់តឿនពលរដ្ឋជាយុវជនឱ្យមានការចូលរួមក្នុងសកម្មភាពសង្គម និងនយោបាយ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ការចូលរួមរបស់យុវជនហាក់ដូចជាអសកម្ម វាចូលរួមតែនៅក្នុងរបថនយោបាយដែលគេហៅថា flow [រំហូរ] ឬក៏តាមលំអាន របស់គណបក្សកាន់អំណាច ប៉ុន្តែអ្នកដែលនៅក្រៅសង្គមស៊ីវិលទូទៅ ចូលរួមកិច្ចការផ្សេងៗ ជាផ្នែកបរិស្ថានហ្នឹងក៏ដោយ ក៏មិនសូវមានលទ្ធភាព ឬក៏ចង់ធ្វើអ្វីដែលខ្លួនអាចធ្វើបាន រើសសំរាមក៏ដោយចុះ ខ្ញុំឧទាហរណ៍អ៊ីចឹង កុំបាច់និយាយរឿងបញ្ហានយោបាយដែលពលរដ្ឋកម្ពុជាត្រូវបានគេបំភ័យទៅជាបញ្ហារសើប។ កិច្ចការនេះ វាជាកិច្ចការសំខាន់សម្រាប់កម្ពុជាយើងទូទៅ សម្រាប់អភិវឌ្ឍជាតិ។ យុវជនត្រូវស្វែងយល់ ត្រូវស៊ីជម្រៅឱ្យកាន់តែច្បាស់ពីបញ្ហានយោបាយ ពីព្រោះមិនអាចកាត់ផ្តាច់បញ្ហានយោបាយបានទេ»។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់វីអូអេថា ការរៀបចំវេទិកាយុវជននេះ គឹមានបំណងបង្កើតឱ្យមានការសន្ទនាអំពីសក្តានុពលរបស់យុវជនក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយភាគីរដ្ឋាភិបាល និងសង្គមស៊ីវិល។
លោកថ្លែងថា៖ «អ៊ីចឹងហើយ បានជាយើងធ្វើវេទិកាហ្នឹងក្នុងន័យថា ចង់បង្កើតនូវការសន្ទនាមួយ ហើយបង្ហាញពីភាពចាំបាច់ ដែលអ្នកបង្កើតគោលនយោបាយ រដ្ឋាភិបាលហ្នឹងគួរចាប់ផ្តើមពិនិត្យឡើងវិញថាតើ ការរឹតត្បិតការចូលរួមហ្នឹង នឹងបង្កបញ្ហាកាន់តែច្រើន ឬក៏យើងបើកចំហរការចូលរួមទៅនឹងជួយឱ្យ កម្លាំងស្នូលរបស់ជាតិហ្នឹងអាចមានការចូលរួមបរិច្ចាគ ហើយការប្រើប្រាស់សក្តានុពលរបស់គាត់ក្នុងការជួយរដ្ឋាភិបាល ជួយអង្គការសង្គមស៊ីវិល ជួយដៃគូក្នុងការអភិវឌ្ឍជាតិទៅវិញ។
ចំណែក នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី ថ្លែងថា ការចូលរួមរបស់យុវជនក្នុងវិស័យសារព័ត៌មាន មានសារសំខាន់ក្នុងការតាមដានសកម្មភាពរបស់រដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលដែលមានសមាសភាពជាយុវជន។
លោករៀបរាប់ថា៖ «អ៊ីចឹងកាលណាមានយុវជនច្រើននៅក្នុងរដ្ឋាភិបាល ការចូលរួមរបស់យុវជននៅក្នុងវិស័យ media [ប្រព័ន្ធផ្សព្វផ្សាយ] នេះ វាកាន់តែមានភាពចាំបាច់ទៅទៀត ដើម្បីឱ្យគាត់មានឱកាសកាន់តែច្រើននៅក្នុងការចូលរួមតាមដានក៏ដូចជាធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាពផ្សេងៗរបស់រដ្ឋាភិបាល»។
អ្នកចូលរួមជិត ២០០ នាក់ដែលភាគច្រើនជាយុវជន បានចូលរួមក្នុងវេទិកាដែលធ្វើឡើងពេញមួយថ្ងៃនៅថ្ងៃសុក្រនេះ។ វេទិកានោះ មានបំណងលើកកម្ពស់ការចូលរួមសង្គម និងនយោបាយរបស់យុវជន និងផ្តល់ឱកាសឱ្យមានការជជែកពិភាក្សាអំពីបញ្ហាគោលនយោបាយ និងលើកពីដំណោះស្រាយតាមរយៈការប្រើប្រាស់ការស្រាវជ្រាវដោយផ្អែកលើភស្តុតាង ដើម្បីប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ ២០២៣ ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕