មុនចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកដែលនឹងដឹកនាំប្រទេសជំនួសរូបលោក ឱ្យបន្តការពារសន្តិភាពឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។ ការការពារសន្តិភាពនេះ ត្រូវបានលោក ហ៊ុន សែន ប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ដើម្បីវាយកម្ទេចក្រុមប្រឆាំង ដែលលោកថា មានបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហើយនាំកម្ពុជាទៅរកសង្គ្រាម។
លោក ហ៊ុន ម៉ាណែត ក៏បានបង្ហោះសាររបស់ឪពុក ភ្ជាប់ជាមួយសារឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍នៅលើប្រព័ន្ធសង្គមហ្វេសប៊ុកថា៖ «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ»។
លោក ហ៊ុន សែន អាយុ ៧០ ឆ្នាំ ដែលកាន់អំណាច ៣៨ ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៨៥ ត្រូវបានគេមើលឃើញថា មានស្នាដៃបញ្ចប់សង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា និងកសាងប្រទេសមួយនេះក្នុងរយៈពេលជិត ៤០ ឆ្នាំមកនេះ។ ប៉ុន្តែការដឹកនាំរបស់លោករងការរិះគន់ថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានប្តេជ្ញាតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ រំលោភបំពានការគោរពសិទ្ធិមនុស្ស។ ស្របពេលជាមួយគ្នានោះ ក្រោមការដឹកនាំរបស់លោក ប្រទេសកម្ពុជាក៏កាន់តែខិតជិតជាមួយប្រទេសចិន ខណៈទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិចមានភាពរកាំរកូស។
នៅមុនការឡើងកាន់អំណាចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត អ្នកតាមដានមួយចំនួនជំរុញឱ្យអ្នកដឹកនាំថ្មីរូបនេះស្តារលទ្ធិប្រជាធិបតេយ្យ ខណៈពួកគេរង់ចាំមើលថាតើអ្នកនយោបាយជំនាន់ថ្មីនឹងដើរតាមវិថីចាស់របស់អ្នកដឹកនាំជំនាន់ចាស់ ឬយ៉ាងណា។
ពួកគេក៏ជំរុញឱ្យលោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហាប្រឈមនានា និងបញ្ចៀសការធ្វើនយោបាយ ដោយប្រើប្រាស់រូបភាពហិង្សា និងគាបសង្កត់អ្នកដែលហ៊ានរិះគន់ចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លើកឡើងថា អ្នកដឹកនាំថ្មីត្រូវគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងដែលកម្ពុជាបានផ្តល់សច្ចាប័ន និងរដ្ឋធម្មនុញ្ញឱ្យបានពិតប្រាកដ ដោយ «កុំឱ្យមានតែការសន្យា ការប្តេជ្ញាចិត្តលើបបូរមាត់» ដែលវាជាការស្តារទំនាក់ទំនងល្អជាមួយបណ្តាប្រទេសលោកខាងលិច ដែលទើបតែបានរិះគន់និងថ្កោលទោសការបោះឆ្នោតជាតិអាណត្តិទី ៧ នៅកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅ។
លោកប្រាប់វីអូអេថា៖ «បើយើងនៅគិតថា យើងគ្រប់គ្រាន់ យើងមិនពឹងពាក់បរទេសទេ យើងនៅតែប្រើយន្តការតាមស្តង់ដារកម្ពុជា ហើយយកអធិបតេយ្យភាពជាឡប់ឡែ[ឬ]ជារបាំងសម្រាប់ផលប្រយោជន៍អ្នកនយោបាយ [នោះ]ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិទាំងមូល វាអាចរកផលប៉ះពាល់ហើយ»។
ទោះជាយ៉ាងណា លោកកត់សម្គាល់ថា អ្នកនយោបាយជំនាន់ថ្មីនឹងនៅតែដើរតាមវិថីរបស់អ្នកនយោបាយចាស់ដដែល។
លោកថ្លែងថា៖ «យន្តការនៃការផ្ទេរ បើយើងមើលទៅថា រដ្ឋាភិបាលថ្មី សមាសភាពអ្នកនយោបាយជំនាន់ថ្មី គាត់អាចធ្វើបានប្រសើរជាង ឬយ៉ាងម៉េច យើងអត់មានទាន់សង្ឈឹម ឬរំពឹងទុកថានឹងមានចំណុចវិជ្ជមាននៅឡើយទេ ដោយសារតែយន្តការហ្នឹង គឺអ្នកជំនាន់ក្រោយ អ្នកជំនាន់ថ្មី គឺធ្វើតាមលំអានរបស់អ្នកនយោបាយជំនាន់មុន។ អ៊ីចឹងអ្វីដែលធ្វើឱ្យពលរដ្ឋសង្ឃឹមថាមានការប្រែប្រួល រីកចម្រើន ខុសប្លែកពីមុន ហាក់មិនទាន់មានសេចក្តីរំពឹងទេ»។
លោក ហ៊ុន ម៉ាណែត អាយុ ៤៥ ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក ឆ្នាំ ១៩៩៩។ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol នៅចក្រភពអង់គ្លេស កាលពីឆ្នាំ ២០០៨។ លោកមានបទពិសោធន៍នៅក្នុងផ្នែកយោធាជាច្រើនឆ្នាំ បន្ទាប់ពីលោកបានទទួលការដំឡើងឋានៈជាបន្តបន្ទាប់នៅក្នុងផ្នែកយោធានេះ។
លោក ហ៊ុន ម៉ាណែត មិនធ្លាប់បានថ្លែងច្រើនអំពីទស្សនៈវិស័យនៃការដឹកនាំរបស់លោកទៅកាន់សាធារណជននៅឡើយទេ។ នៅមុនការបោះឆ្នោត លោក ហ៊ុន ម៉ាណែត បានថ្លែងអំពីការប្តេជ្ញារបស់លោកក្នុងការពារសន្តិភាព និងទប់ស្កាត់នូវឧបាលកលរបស់អ្នកដែលចង់បំផ្លាញប្រទេសកម្ពុជា។
ការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី ២២ ខែសីហាខាងមុខ ក៏នៅតែជាចំណោទមួយសម្រាប់មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី ដោយសារគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតជាតិអាណត្តិទី ៧ ដោយអវត្តមានគណបក្សជំទាស់ដ៏ចម្បង គឺគណបក្សភ្លើងទៀន។ ការបោះឆ្នោតមួយនេះត្រូវបានប្រទេសលោកខាងលិចមួយចំនួនរិះគន់ថា មិនសេរី និងយុត្តិធម៌ ដែលត្រូវបានធ្វើឡើងក្នុងស្ថានភាពរឹតត្បិតសេរីភាពនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។
លោក ឯម សុវណ្ណារ៉ា លើកឡើងថា កម្ពុជាទទួលរងការរិះគន់ច្រើនពីសហគមន៍អន្តរជាតិលើផ្នែកសិទ្ធិនិងសេរីភាពនយោបាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយនេះជាសម្ពាធមួយសម្រាប់អ្នកដឹកនាំថ្មីដែលត្រូវដោះស្រាយ ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ច ដូចជាប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប ហៅកាត់ថា EBA និងប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក ហៅកាត់ថា GSP។
បន្ថែមពីនេះ លោក ឯម សុវណ្ណារ៉ា បញ្ជាក់ថា អ្នកនយោបាយជំនាន់ថ្មីក៏ត្រូវលាងជម្រះមន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិកលើមូលដ្ឋានទ័ពរាម ដែលត្រូវបានធ្វើទំនើបកម្មដោយកងទ័ពចិន។ សហរដ្ឋអាមេរិកសង្ស័យថា កម្ពុជានឹងអនុញ្ញាតឱ្យប្រទេសចិនប្រើប្រាស់មូលដ្ឋានទ័ពនេះដោយផ្តាច់មុខ ដើម្បីពង្រីកអំណាចរបស់ខ្លួនក្នុងតំបន់ប្រឆាំងនឹងសហរដ្ឋអាមេរិក។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ការដឹកនាំប្រទេសរយៈពេល៣៨ ឆ្នាំរបស់លោក ហ៊ុន សែន អាចជាបទពិសោធន៍សម្រាប់អ្នកនយោបាយថ្មីក្នុងការពិចារណាថាតើគួរដឹកនាំប្រទេសកម្ពុជាបន្តទៀតតាមផ្លូវណា។ លោកបន្ថែមថា លោក ហ៊ុន ម៉ាណែត ប្រាកដជាឃើញច្បាស់អំពីបញ្ហាកន្លងមក ដែលកម្ពុជាប្រឈម និងជួបប្រទះ ជាពិសេសទាក់ទងនឹងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ដូច្នេះលោកថា អ្នកបន្តវេនដឹកនាំប្រទេសកម្ពុជាថ្មីគួរតែពិចារណាក្នុងការរៀបចំកម្ពុជាឱ្យដើរស្របតាមលទ្ធិប្រជាធិបតេយ្យ និងគួរបង្កើតទំនាក់ទំនងល្អជាមួយប្រទេសលោកសេរីឡើងវិញ។
លោកប្រាប់វីអូអេថា៖ «ការទទួលស្គាល់ការពិត ហើយយើងយកការពិតមកធ្វើការដោះស្រាយកែលម្អមិនមែនជារឿងអាម៉ាស់ទេ។ ផ្ទុយទៅវិញ ការដែលយើងមិនទទួលស្គាល់ការពិត ហើយយើងមិនអាចដោះស្រាយបាន យើងមិនព្រមយកការពិតទាំងអស់នោះមកដោះស្រាយ នេះវាជារឿងមួយដែលអាម៉ាស់សម្រាប់ប្រទេសយើងដែរ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ យល់ឃើញថា បើសិនការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនអាចដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបាន នោះកម្ពុជានៅតែទទួលនូវការរិះគន់ និងប្រឈមនូវបញ្ហាផ្សេងៗដូចពេលកន្លងទៅ។
លោកប្រាប់វីអូអេថា៖ «កម្ពុជាយើងបើទៅអនាគត បើយើងមានការកែលំហទាក់ទងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនេះ ឱ្យវាបានល្អប្រសើរ អាហ្នឹងកម្ពុជាយើងនឹងអាចទទួលបានផលចំណេញច្រើន។ ក៏ប៉ុន្តែបើសិនជាបញ្ហាលទ្ធិប្រជាធិបតេយ្យនិងបញ្ហាសិទ្ធិមនុស្សនៅតែទទួលនូវការរិះគន់ អាហ្នឹងវាអាចជួបនូវបញ្ហាផ្សេងៗដូចពេលកន្លងមក»។
លោក ស៊ឹង សែនករុណា អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សជាច្រើនឆ្នាំមកហើយ ចង់ឃើញរដ្ឋាភិបាលអាណត្តិថ្មីពិនិត្យមើលឡើងវិញនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងរដ្ឋធម្មនុញ្ញ ដោយផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋពេញលេញក្នុងការចូលរួមក្នុងការងារសេដ្ឋកិច្ចសង្គម និងនយោបាយ ដោយពុំមានការរឹតត្បិត ឬគំរាមកំហែង។
លោកថ្លែងថា៖ «ខ្ញុំថា បើសិនជា លោក ហ៊ុន ម៉ាណែត ដែលជាឈាមថ្មី ដែលដឹកនាំប្រទេសនាពេលខាងមុខនេះ ខ្ញុំយល់ថា អ្វីដែលសំខាន់គួរតែពិនិត្យមើលឡើងវិញអំពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងស្មារតីនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់យើង។ ហើយទាំងពីរនេះ បើយើងពិនិត្យមើលផ្តោតសំខាន់ទៅលើការគោរពសិទ្ធិមនុស្ស ទៅលើប្រព័ន្ធដឹកនាំប្រទេសតាមបែបប្រធិបតេយ្យសេរីពហុបក្ស»។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនចាំបាច់ស្តារឡើយ ព្រោះវាបានដំណើរការល្អរួចទៅហើយ។ លោកអះអាងបន្តថា កម្ពុជាមិនមានអ្នកទោសនយោបាយឡើយ គឺមានតែអ្នកនយោបាយដែលជាប់ទោសតែប៉ុណ្ណោះ។
នៅពេលប្រកាសជាផ្លូវការថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីជំនួសរូបលោក លោក ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងមិនជ្រៀតជ្រែកកិច្ចការរបស់នាយករដ្ឋមន្ត្រីឡើយ បើទោះលោកជាឪពុកនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចក៏ដោយ។
ប៉ុន្តែលោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី ប្រាប់វីអូអេតាមសារអ៊ីម៉ែលថា លោក ហ៊ុន សែន នឹងមិនទៅណាឆ្ងាយទេ បើទោះលោកឈប់ធ្វើជានាយករដ្ឋមន្ត្រី ហើយលោកនឹងបន្តមើលពីលើស្មារបស់លោក ហ៊ុន ម៉ាណែត។
លោកបន្ថែមថា៖ «វានឹងមិនមានអ្វីខុសប្លែកគ្នានោះទេ រវាងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅលើបញ្ហាស្នូលនៃអភិបាលកិច្ចល្អ»។
ដោយឡែកយុវជន និងពលរដ្ឋមួយចំនួនយល់ថា ការផ្លាស់ប្តូរអ្នកដឹកនាំប្រទេស ដោយឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្ត គឺជារឿងល្អមួយ ខណៈពួកគេរំពឹងថា រដ្ឋាភិបាលថ្មីនឹងដោះស្រាយបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋប្រឈម។
យុវតី កែវ ស្រីផៃ អាយុ ១៩ ឆ្នាំ និស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុន ម៉ាណែត គឺជាការបន្តអំណាចពីឪពុកដែលកញ្ញាថា ហត់នឿយនឹងការដឹកនាំរយៈពេល ៣៨ ឆ្នាំមកហើយ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំគិតថា ការឡើងកាន់តំណែងគាត់ [ហ៊ុន ម៉ាណែត] គឺជាការស្នងវង្សត្រកូលពីសម្តេចតា ហ៊ុន សែន។ ពេលខ្លះគាត់[ហ៊ុន សែន]ដឹកនាំអស់ ៣៨ ឆ្នាំ គាត់ហត់គាត់ហើយ។ គាត់ចង់ឱ្យបន្តទៅដល់កូនចៅគាត់អ៊ីចឹង ជារឿងធម្មតា។ ហើយទាក់ទងនឹងចំណេះដឹងគាត់ [ហ៊ុន ម៉ាណែត] ក៏ខ្លាំងដែរ»។
ចំណែកកញ្ញា ខុន ស្រីនីត អាយុ ១៩ ឆ្នាំ ជានិស្សិតម្នាក់នៅរាជធានីភ្នំពេញ ប្រាប់វីអូអេថា កញ្ញាគាំទ្រចំពោះការឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កញ្ញានិយាយថា៖ «ខ្ញុំគិតថា ល្អបង ព្រោះឯកឧត្តម ហ៊ុន ម៉ាណែត គាត់មានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសបន្ទាប់ពីសម្តេច ដោយសារគាត់ប្រជាប្រិយ។ ទី ២ គាត់អាចដើរតាមគន្លងរបស់សម្តេចបាន»៕