មុនចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយកូនប្រុសរបស់លោក នឹងបន្តរក្សាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីប្រមូលធាតុចូលពីគណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត តែមិនមានលទ្ធភាពឈ្នះអាសនៈរដ្ឋសភា។ នេះបើយោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសារជាសំឡេងមួយ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដែលពេលនោះ ការបោះឆ្នោតអវត្តមានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោលកាលពីចុងឆ្នាំ២០១៧។
លោក ហ៊ុន សែន បានបញ្ជាក់ក្នុងសារជាសំឡេងមួយកាលពីថ្ងៃអាទិត្យថា៖ «យើងពិតជាមានតម្រូវការ ដើម្បីប្រមូលនូវធាតុចូលទាំងអស់នៃបណ្តាបក្សនយោបាយ បើទោះបីជាបក្សនយោបាយ មានសន្លឹកឆ្នោត មានអាសនៈក្នុងសភា ឬគណបក្សនយោបាយដែលគ្មានអាសនៈនៅក្នុងសភា ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ។ ក្នុងន័យនេះ ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងត្រូវរៀបចំឱ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត»។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា ការរៀបចំឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់នីតិកាលទី៧ គឺធ្វើឡើងដូចទៅនឹងរដ្ឋាភិបាលនីតិកាលទី៦ដែរ ដោយដាក់ឱ្យមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងមានលេខាធិការ ដែលគណបក្សនយោបាយមួយត្រូវមានឥស្សរជនចំនួន៣រូបចូលរួម។
ការបង្កើតឧត្តមក្រុមប្រឹក្សានេះត្រូវបានអ្នកតាមដានមើលឃើញថាជាជម្រើសមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្កើនភាពស្របច្បាប់សម្រាប់រដ្ឋសភាឯកបក្ស ក្រោយបោះឆ្នោតឆ្នាំ២០១៨។ គណបក្សនយោបាយប្រមាណ១៥បានចូលរួម កាលពីឆ្នាំ២០១៨។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែលបានចូលរួមជាសមាជិករបស់ឧត្តមក្រុមប្រឹក្សានេះ ប្រាប់វីអូអេថាគណបក្សរបស់លោកនឹងបន្តចូលរួម។ លោកបន្ថែមថាការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះថា គឺជាការផ្តល់ឱកាសដល់គណបក្សផ្សេងៗទៀតដែលមិនបានជាប់ឆ្នោត អាចចូលរួមក្នុងការរួមចំណែកកែលម្អប្រទេសជាតិឱ្យមានការអភិវឌ្ឍ និងរីកចម្រើន។
លោកថ្លែងថា៖ «ចំណែកយើងជាគណបក្សដែលមិនបានទទួលសន្លឹកឆ្នោត ប្រសិនជាយើងអត់ធ្វើអ្វីទាំងអស់ ខួរក្បាលយើងឈប់ដើរហើយ។ ហើយគំនិតដែលយើងចង់ចូលរួមការអភិវឌ្ឍហ្នឹងក៏អត់អាចធ្វើបានដែរ។ សម្តេចបានអញ្ជើញគណបក្សក្នុងករណីដែលគណបក្សចង់ចូលរួមដែរ សម្រាប់គណបក្សដែលអត់បានទទួលសន្លឹកឆ្នោត។ កិច្ចការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មិនមែនសម្តេចហ៊ុន សែន គាត់ចង្អុលទេ គឺធ្វើទៅតាមព្រះរាជក្រឹត្យ»។
លោកបន្ថែមទៀតថាការបង្កើតឧត្តមក្រុមប្រឹក្សានេះមិនមានអ្វីដែលត្រូវខាតបង់ឡើយ។
លោកបញ្ជាក់ថា៖ «ដូច្នេះវាអត់មានអីខាតទេ មានតែចំណេញ ចំណេញត្រង់អីគឺយើងដឹងពីរបៀបរដ្ឋាភិបាលគេធ្វើយ៉ាងម៉េច ហើយខាងថ្នាក់ជាតិហ្នឹងគេធ្វើការយ៉ាងម៉េច។ កាលពីមុនយើងអត់ដឹងអីទាំងអស់ យើងស្មាន យើងត្រូវជេរៗ យើងត្រូវថាៗ យើងត្រូវទិតៀនៗ។ វាខុសទាំងអស់ ហ្នឹងហើយដែលជាប្រយោជន៍ដ៏សំខាន់ដែលសម្រាប់យើងអ្នកនយោបាយ ហើយអ្នកដែលស្រឡាញ់ជាតិ»។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ប្រាប់វីអូអេថាកាលពីនីតិកាលទី៦ គណបក្សយុវជនកម្ពុជាក៏ធ្លាប់បានចូលរួមក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះដែរ។ ប៉ុន្តែលោកថាគណបក្សរបស់លោកមិនទាន់សម្រេចយ៉ាងណានោះទេក្នុងការចូលរួមជាសមាជិកនៃឧត្តមក្រុមប្រឹក្សានេះ។
លោកថ្លែងថា៖ «ខ្ញុំមិនទាន់ច្បាស់លាស់យ៉ាងណានោះទេ សំខាន់យើងមើលភាពច្បាស់លាស់ខាងរដ្ឋាភិបាលសិន ហើយយើងនឹងប្រជុំផ្ទៃក្នុងរបស់គណបក្ស ព្រោះឥឡូវនេះ រដ្ឋាភិបាលក៏មិនទាន់មានក្បាលម៉ាស៊ីនរដ្ឋាភិបាលច្បាស់លាស់ដែរ»។
លោកបន្តថាការបង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសារៈសំខាន់ណាស់ ព្រោះយន្តការនេះមានការចូលរួមគ្រប់ភាគីចម្រុះនៃគណបក្សចូលរួមដោយធ្វើការដោយឯករាជ្យ ក្នុងគោលបំណងទប់ស្កាត់អំពើអវិជ្ជមានទាំងឡាយក្នុងសង្គម។ ជាក់ស្តែងលោកថាកាលពីពេលកន្លងទៅ គណបក្សរបស់លោកក៏បានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហារឿងដីធ្លីមួយចំនួនសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះផងដែរ។
ប្រធានគណបក្សធម្មាធិបតេយ្យ អ្នកស្រី ពោធិតី សាវត្ថី ប្រាប់វីអូអេថាគណបក្សរបស់អ្នកស្រីនឹងបន្តចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សានេះសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត។
អ្នកស្រីថ្លែងថា៖ «នាងខ្ញុំនឹងចូលរួមបន្តនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពីព្រោះយើងយល់ថាមានសារៈសំខាន់ណាស់សម្រាប់ជួយជនរងគ្រោះ ប្រជារាស្រ្តរងគ្រោះនៅតាមទូទាំងប្រទេសដែលត្រូវអ្នកមានអំណាចមួយចំនួន អ្នកមានលុយមួយចំនួនរំលោភលើគាត់ច្រើនករណី។ ហើយជាពិសេសគឺយើងកែទម្រង់រឿងអសកម្មថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ»។
កាលពីកន្លងទៅ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្រ្តី រៀងរាល់៦ខែម្តង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថារដ្ឋាភិបាលមិនគួរបង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះបន្តទៀតទេ ព្រោះរដ្ឋាភិបាលបានតែងតាំងទីប្រឹក្សា និងជំនួយការរបស់រដ្ឋាភិបាលច្រើនរួចមកហើយ។
លោកថ្លែងថា៖ «សម្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ខ្ញុំថាមិនគួរមានភាពចាំបាច់ណាមួយដែលត្រូវបន្តទេបាទ ព្រោះក្នុងរយៈពេលកន្លងមក យើងឃើញថាក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ ក៏បានប្រជុំដែរ។ ប៉ុន្តែថាតើស្អីបានចេញជាផ្លែផ្កែ ជាដុំកំភួន អត់ឃើញមានបាទ...អ៊ីចឹងខ្ញុំថាមិនគួរមានស្ថាប័ននេះទេ។ ម៉្យាងវិញទៀត រដ្ឋាភិបាលបានតែងតាំងទីប្រឹក្សា បានតែងតាំងជំនួយការហ្នឹងច្រើនមកហើយបាទ»។
គួរបញ្ជាក់ថា គណបក្សនយោបាយចំនួន១៨បានចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើតាមលទ្ធផលបឋមក្រៅផ្លូវការ មានតែគណបក្សចំនួន២ប៉ុណ្ណោះដែលឈ្នះអាសនៈរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា ឈ្នះ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចឈ្នះ៥អាសនៈ៕