ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្សកម្ពុជាបានទទួលជោគជ័យខ្លាំងក្នុងការប្រកួតកម្មវិធីអន្តរជាតិនៅសហរដ្ឋអាមេរិក


(រូបពីឆ្វេងទៅស្តាំ) យុវសិស្ស ខាត់ វរ៉ាវុធ យុវតី អ៊ុង ស្រីពេជ្រ យុវតី ទិត សារៈនីតា ជាក្រុមសិស្សកម្ពុជាតែមួយគត់ដែលទទួលបានពានរង្វាន់ផ្នែកសរសេរក្នុងកម្មវិធី The World Scholar's Cup នៅសហរដ្ឋអាមេរិក។ (ធីតា វីន/វីអូអេ)
(រូបពីឆ្វេងទៅស្តាំ) យុវសិស្ស ខាត់ វរ៉ាវុធ យុវតី អ៊ុង ស្រីពេជ្រ យុវតី ទិត សារៈនីតា ជាក្រុមសិស្សកម្ពុជាតែមួយគត់ដែលទទួលបានពានរង្វាន់ផ្នែកសរសេរក្នុងកម្មវិធី The World Scholar's Cup នៅសហរដ្ឋអាមេរិក។ (ធីតា វីន/វីអូអេ)

ជា​លើក​ដំបូង​ដែល​សិស្សា​នុ​សិស្សនៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ចូល​រួម​ប្រលង​កម្មវីធី​ The​ World​ Scholar's Cup ​ក្នុង​វគ្គ​ផ្តាច់​ព័្រត្រ​ឆ្នាំ ២០២២ នៅសហរដ្ឋ​អាមេរិក​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​កន្លង​មក​នេះ​។

នៅ​ក្នុង​កម្មវិធី​ប្រលង​វគ្គ​ផ្តាច់​ព័្រត្រ​នៅសហរដ្ឋ​អាមេរិក ​ដែល​ជា​កម្ម​វិធី​ប្រលង​លំដាប់​ពិភព​ ​មាន​សិស្ស​ប្រមាណ​ជាង​ ២.០០០​ នាក់​ បាន​ចូល​រួម​ មក​ពី​ប្រមាណ​ជាង​ ៦០​ ប្រទេស។​ សិស្ស​ទាំង​អស់​ដែល​អាច​ចូល​រួម​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​បាន​ លុះត្រា​តែ​ពួកគេ​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ​ ២​ លើក។ ​នៅ​ឆ្នាំ ​២០២២​ នេះ​ សម្រាប់​សិស្សកម្ពុជា​ ការ​ប្រកួត​ជម្រុះ​លើក​ទី​ ១ ត្រូវបានធ្វើ​ឡើង​នៅរាជ​ធានី​ភ្នំពេញ ​ហើយ​លើក​ទី ​២ ​នៅ​ប្រទេស​ថៃ​ ឬ​វៀត​ណាម។

លោក​ ឯល ​ណូរី​ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុម​ហ៊ុន​ប្រាយ​ ដែល​ជា​ក្រុម​ហ៊ុន​បញ្ជូន​សិស្ស​កម្ពុជា​ចូល​រួម​ប្រលង​ក្នុង​កម្ម​វិធី​ The ​World Scholar's Cup​ បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​ សិស្សានុសិស្ស​កម្ពុជា​ប្រមាណ​ជា​ ៦០​ នាក់​ បាន​ចូល​រួម​ប្រលង​ក្នុង​កម្ម​វិធីលំដាប់​ពិភពលោក​នៅសហរដ្ឋ​អាមេរិក​ ដោយ​ទទួល​បាន​មេ​ដាយ​មាស​យ៉ាង​ហោច​ណាស់​ចំនួន​ ៦២​ មេ​ដាយប្រាក់​ ៨០ ​និង​ពាន​ ១។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ​លទ្ធផល​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ជា​ជោគ​ជ័យ​ដ៏​ខ្លាំង​បំផុត​ សម្រាប់​សិស្សានុសិស្ស​របស់​កម្ពុជា​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

លោក ឯល ណូរី ថ្លែង៖ «កាល​មុន​ ការ​ទទួល​មេ​ដាយគឺ​មាន​ចំនួន​តិច​មែន​ទែន ​តាម​រយៈលទ្ធផល​ចុង​ក្រោយ​នេះ​បាន​ទាំង​មេ​ដាយ ​ហើយ​បាន​ទាំង ​trophies [ពាន] ទៀត​ ជា​ចំណុច​ដែល​អាច​ស​បញ្ជាក់​បាន​ថា​ ពួក​គាត់​ហ្នឹង​សមត្ថភាព​អាច​ស្មើ ​និង​លើស​កូន​សិស្ស​បរទេស​ទៀត​បាន ​ដោយ​សារ​ចំណេះ​ដឹង​របស់​ពួក​គាត់​ធំ​ទូ​លាយ​មែន​ទែន ​ហើយ​ភាព​ក្លាហាន​ពួក​គាត់​គឺ​ខ្លាំង​ក្លា​ដែរ ​ដោយ​សារ​ការ​ប្រលង​នេះ​ជា​ខ្នាត​អន្តរ​ជាតិ ​ហើយ​លទ្ធផល​គឺ​គាត់​ទទួល​បាន ​សឹង​តែ​ស្មី ឬ​ក៏​លើស​គេ​ដែរ ​គឺ​មាន​ន័យ​ថា​សមត្ថភាព​របស់​ពួក​គាត់​គឺ​ស្នើ​ទៅ​នឹង​ខ្នាត​អន្តរ​ជាតិ​ហើយ»។

ការ​ប្រលង​នៅ​ក្នុង​កម្ម​វិធី​ The World Scholar's Cup​ មាន​ការ​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​មួយ​ចំនួន ​ដូច​ជា​ការ​ដេញដាល​តស៊ូ​មតិ​ ការ​សរសេរ​និង​ការ​ឆ្លើយ​សំណួរ​មួយ​ចំនួន​ ទាក់​ទង​នឹង​ចំណេះ​ដឹង​ទូ​ទៅ។

យុវតី អ៊ុង ស្រីពេជ្រ អាយុ ១៧ ឆ្នាំរៀន​នៅថ្នាក់ទី ១២ នៃសាលាអន្តរជាតិ អាយស៊ីអេស (ICS) បាន​ទទួល​មេដាមាស ៦ ប្រាក់ ២ និងពាន ១ ពី​ការ​ប្រលង​ក្នុងកម្មវិធី The World Scholar's Cup នៅ​សហរដ្ឋអាមេរិក។ (រូបថត​ផ្តល់​ឱ្យ​ដោយ​យុវតី អ៊ុង ស្រីពេជ្រ)
យុវតី អ៊ុង ស្រីពេជ្រ អាយុ ១៧ ឆ្នាំរៀន​នៅថ្នាក់ទី ១២ នៃសាលាអន្តរជាតិ អាយស៊ីអេស (ICS) បាន​ទទួល​មេដាមាស ៦ ប្រាក់ ២ និងពាន ១ ពី​ការ​ប្រលង​ក្នុងកម្មវិធី The World Scholar's Cup នៅ​សហរដ្ឋអាមេរិក។ (រូបថត​ផ្តល់​ឱ្យ​ដោយ​យុវតី អ៊ុង ស្រីពេជ្រ)

យុវតី​ អ៊ុង ​ស្រីពេជ្រ ​អាយុ​ ១៧​ ឆ្នាំ​ រៀន​នៅ​ថ្នាក់​ទី​ ១២​ នៃ​សាលា​អន្តរ​ជាតិ ​អាយ ​ស៊ី​ អេស​ ICS​ បាន​ទទួល​មេ​ដាយ​មាស​ ៦ ​ប្រាក់​ ២​ និង​ពាន​ ១​ ពី​ការ​ចូល​រួម​ប្រលង​ក្នុង​កម្ម​វិធី​ The World Scholar's Cup នៅ​សហរដ្ឋ​អាមេរិក។ នាង​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ មាន​ការ​ចូលរួម​ពី​សិស្ស​ដែល​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​មក​ពី​ប្រទេស​ជាច្រើន​ ។ទោះ​យ៉ាងណា​ក៏ដោយ សិស្ស​កម្ពុជា​នៅ​តែ​ដណ្តើម​បាន​លទ្ធផល​ល្អ​ផង​ដែរ។

នាង​បានថ្លែងថា៖ «ពួក​គាត់​សុទ្ធ​តែ​អ្នក​ពូកែ ​អ្នក​ឆ្នើម​នៅ​ក្នុង​ប្រទេស​គាត់​ដែរ។ ហើយ​ពួក​គាត់​សុទ្ធ​តែ​បាន​ចូល​ក្នុង​វគ្គ​ទី​ ១​ វគ្គ​ទី​ ២​ ដូច​យើង​ដែរ ​អ៊ីចឹង​គឺ​ពួក​គាត់​ក៏​មាន​បទ​ពិសោធន៍​ច្រើន​ដូច​គ្នា។ អ៊ីចឹង​ខ្ញុំ​គិត​ថា​ ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហ្នឹង​ គឺ​អ្នក​ខ្លាំង​ទល់​នឹង​អ្នក​ខ្លាំង​ដូច​គ្នា​ហើយ។ នៅ​ពេល​ដែល​ការ​ជាប់​បាន​ពាន ​និង​មេ​ដាយ​ផ្សេងៗ​ បើ​ទោះ​បី​ភាសា​អង់គ្លេស​ជា​ភាសា​ទី​ ២ ​របស់​យើង​ វា​គឺ​ជា​មោទនភាព​មួយ​ដែរ ​ហើយ​ក៏​ជា​សារ​ទៅ​កាន់​ពួក​គាត់​ផង​ដែរ ​ថា​ពួក​យើង​គឺ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ ដើម្បី​ឱ្យ​បាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហ្នឹង​ មិន​មែន​ពួក​យើង​ចេះ​តែ​ធ្វើ​បាន​ទេ»។

យុវតី ​អ៊ុង ​ស្រីពេជ្រ​ បាន​បន្ថែម​ឱ្យ​ដឹង​ដែរ​ថា​ ការ​ទទួល​បាន​មេ​ដាយ​ និង​ពាន​នេះ ​គឺ​មិន​មែន​សម្រាប់តែ​ខ្លួន​ឯង​ ឬ​ក្រុម​គ្រួសារ​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​ការ​បង្ហាញ​ឱ្យ​ពិភព​លោក​បាន​ដឹង​និង​បាន​ស្គាល់​កាន់​តែ​ច្បាស់​ពី​សមត្ថភាព​របស់​សិស្សានុសិស្ស​ខ្មែរ​លើ​ឆាក​អន្តរ​ជាតិ។

យុវតីរូបនេះថ្លែងថា៖ «ប្រទេស​កម្ពុជា​យើង​គឺ​មាន​សិស្ស​ដែល​មាន​សមត្ថភាព ​ហើយ​មាន​ធនធាន​ដែល​មាន​សមត្ថភាព​ ដែល​ចូល​រួម​ក្នុង​កម្មវិធី​អន្តរ​ជាតិ​បាន ​ហើយ​នៅ​ពេល​ដែល​ទទួល​បាន​មេ​ដាយ ឬ​ក៏​ទទួល​បាន​ពាន​ក្នុង​ថ្នាក់​អន្តរជាតិ​ហ្នឹង​ ខ្ញុំ​គិត​ថា​ គឺ​កិត្តិយស ​សម្រាប់​មិន​មែន​ត្រឹម​តែ​គ្រួសារ​ទេ​ គឺ​កិតិ្តយស​ទៅ​ដល់​ប្រទេស​យើង​ផង​ដែរ ​ហើយ​គឺ​ជា​សារ​មួយ​ដែរ​ដល់​ថ្នាក់​អន្តរជាតិ​ដែល​អាច​ឱ្យ​ពួក​គាត់​ដឹង​ថា​ ប្រទេស​យើង​ក៏​មាន​សិស្ស​ដែល​មាន​សមត្ថភាព​ដូច​គ្នា ​មិន​មែន​តែ​ពួក​គាត់​ទេ​ ក៏​ប៉ុន្តែ​ប្រទេស​កម្ពុជា​ក៏​ខ្លាំង​ដូច​គ្នា​ដែរ»។

ជា​មួយ​គ្នា​នេះ​ដែរ​ យុវសិស្ស ​សេង ​អេរិច ​អាយុ​ ១៦ ​ឆ្នាំ​ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​ ១០​ នៃ​សាលាអន្តរជាតិ​វើលដ៍​កម្ពុជា​ បាន​ទទួល​មេ​ដៃ​មាស​ ៤ ​ប្រាក់​ ២​ ពី​ការ​ចូល​រួម​ប្រលង​ក្នុង​កម្ម​វិធី​ The​ World Scholar's Cup ​នៅ​សហរដ្ឋ​អាមេរិក។ យុវសិស្ស​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ ការ​ចូល​រួម​ប្រលង​នេះ​បាន​ផ្តល់​បទ​ពិសោធន៍​យ៉ាង​ច្រើន ដែល​ជំរុញ​ឱ្យ​មាន​ការ​ខិត​ខំ​ពង្រឹង​សមត្ថភាព​ និង​អភិវឌ្ឍន៍​ចំណេះ​ដឹង​របស់​ខ្លួន​បន្ថែម​ទៀត។

យុវសិស្សរូបនេះបានថ្លែងថា៖ «ពេល​យើង​ចូ​ល​រួម​ប្រលង ​យើង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​ ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ ​បាន​ជួប​មិត្ត​ភ័ក្តិ​ថ្មីៗ​ជា​ច្រើន​ទាំង​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស។ ហើយ​យើង​ខិត​ខំ​រៀន​សូត្រ​រាល់​ថ្ងៃ ​ទាល់​តែ​យើង​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​គេ ​ទើប​យើង​ដឹង​ថា​អាច​ស្ទាប​ស្ទង់​សមត្ថភាព​របស់​យើង​ថា​ យើង​មាន​ចំណេះ​ដឹង​កម្រិត​ណា ​យើង​ត្រូវ​គួរ​កែ​តម្រូវ​កន្លែង​ណា ​ខិត​ខំ​កន្លែង​ណា ​ហើយ​ពេល​ដែល​យើង​ចូល​ទៅ​ បាន​ យើង​ដឹង​ថា​ យើង​មាន​សមត្ថភាព​ប៉ុណ្ណា។ អ៊ីចឹង​យើង​ខិត​ខំ​កាន់​តែ​ខ្លាំង​ជាង​ហ្នឹង​ទៅ​ទៀត ​ហើយ​នឹង​អភិវឌ្ឍន៍​ខ្លួន​ទៅ​ថ្ងៃ​អនាគត»។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ សិស្សានុសិស្ស​ដែល​អាច​ចូល​រួម​ប្រលង​នៅ​ក្នុង​កម្ម​វិធី​ The World Scholar's Cup ​បាន​ត្រូវមាន​អាយុ​ចាប់​ពី​ ១០​ ឆ្នាំ ​ដល់​ ១៨​ ឆ្នាំ។ ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុងភាសាអង់គ្លេស​។

លោក​ កើត ​សេកាណូ​ ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ដែល​បាន​ជូន​កូន​ ២ ​នាក់​ ទៅ​ប្រលង​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​កម្ម​វីធី​នេះ។ លោក​បាន​ឱ្យ​ដឹង​ថា​ ការ​បញ្ជូន​កូន​របស់​លោក​ទៅ​សហរដ្ឋ​អាមេរិក​នេះ​ គឺ​ដើម្បី​ពង្រីក​ចំណេះ​ដឹង​កូន​របស់​លោក​ឱ្យ​កាន់​តែ​ប្រសើរ​ក្នុង​ឆាក​អន្តរជាតិ។

លោកបានថ្លែងថា៖ «ទី ១​ គឺ​ចង់​ឱ្យ​កូនៗ​ហ្នឹង​ទទួល​បាន​ចំណេះ​ដឹង​កម្រិត​អន្តរ​ជាតិ​ គាត់​បាន​ស្គាល់​ពិភពលោក​ថា​តើ​ពិភព​លោក​នេះ​ធំ​ប៉ុណ្ណា ​ហើយ​គាត់​ប្រកួត​ប្រជែង​ជាមួយ​ពិភព​លោក​នេះ​បាន​ប៉ុណ្ណា។ ហើយ​ទី​ ២ ​ក៏​យើង​ចង់​បង្ហាញ​ទៅ​អន្តរជាតិ​ផង​ដែរ​ថា​ ការ​អប់រំ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​ ហើយ​យើង​ក៏​ផលិត​បានកូន​សិស្ស​មាន​សមត្ថភាព​អាច​ទៅ​ប្រកួត​ប្រជែង​កម្រិត​ពិភព​លោក​បាន»។

លោក កើត សេកាណូ ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ជូន​កូន​២​នាក់​ទៅ​ប្រលង​នៅ​សហរដ្ឋ​អាមេរិក ក្នុងកម្មវីធី The World Scholar's Cup។ (រូបថត​ផ្តល់ឱ្យ​ដោយ​លោក កើត សេកាណូ)
លោក កើត សេកាណូ ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ជូន​កូន​២​នាក់​ទៅ​ប្រលង​នៅ​សហរដ្ឋ​អាមេរិក ក្នុងកម្មវីធី The World Scholar's Cup។ (រូបថត​ផ្តល់ឱ្យ​ដោយ​លោក កើត សេកាណូ)

លោក​ កើត​ សេកាណូ​ បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ មេ​ដាយ​ដែល​សិស្សានុសិស្ស​កម្ពុជា​ទទួល​បាន​នោះ​ ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់ ​ដោយ​សារ​សមត្ថភាព​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​បាន​បង្កប់​នៅ​ក្នុង​មេ​ដាយ ឬ​ពាន​ដែល​ពួក​គេ​ទទួល​បាន​នោះ។

លោកថ្លែងថា៖ «ការ​ប្រកួត​ប្រជែង​នេះ​ គឺ​យើង​មិន​មែន​ប្រកួត​ប្រជែង​ដើម្បី​យក​លុយ​ យក​កាក់​ទេ​អី​ទេ​ គឺ​ការ​ប្រកួត​ប្រជែង​ចំណេះ​ដឹង​ ហើយ​យក​ចង់​វាស់​ស្ទង់​ចំណេះ​ដឹង​ថា​ យើង​ហ្នឹង​អាច​ទៅ​រួច​ប៉ុណ្ណា។ ហើយ​ជា​លទ្ធ​ផល​ យើង​ឃើញ​ថា​ កូន​ខ្មែរ​យើង​គឺ​អាច​ទៅ​រួច​ ប្រកួត​ប្រជែង​កម្រិត​ពិភព​លោក​បាន​ពាន​រង្វាន់ ​បាន​មេ​ដាយមាស ​បាន​មេដាយ​ប្រាក់ ​យក​មក​ស្រុក​ខ្មែរ។ នេះ​ជា​មោទន​ភាព​របស់​កូន​ខ្មែរ​យើង​ ដែល​គាត់​មាន​ចំណេះ​ដឹង​ មាន​ទេព​កោសល្យ​ខ្លាំង​ពូកែ»។

កម្ម​វិធី​ប្រលង​ The World Scholar's Cup​ ត្រូវបាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០០៦ ​ហើយ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ២០០៧ ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​ផ្តើម​ពី​ចំណុច​ថ្នាក់​តំបន់​តូច​មួយ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​កម្ម​វិធី​ប្រលង​នេះ​បាន​ទទួល​ការ​គាំ​ទ្រខ្លាំងជាបន្តបន្ទាប់។ រហូត​មក​ដល់​ពេល​នេះ​ ជា​រៀង​រាល់​ឆ្នាំ​ អ្នក​ចូល​រួម​ប្រលង​ជាង​ ១៥.០០០​ នាក់​ មក​ពី​ជាង​ ៦០ ​ប្រទេស ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​នេះ៕

XS
SM
MD
LG