ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​កម្ពុជា​បាន​ដក​បទពិសោធន៍​ពី​ការ​សហការ​ជា​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក


ក្រុម​យុវជន​កម្ពុជា​លើក​ទង់ជាតិ​ឡើង​អបអរ​ក្រោយ​​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​ជុំ​ទី​១មួយនៅ​សាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៧។(ណឹម សុភ័ក្រ្តបញ្ញា/ VOA)
ក្រុម​យុវជន​កម្ពុជា​លើក​ទង់ជាតិ​ឡើង​អបអរ​ក្រោយ​​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​ជុំ​ទី​១មួយនៅ​សាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៧។(ណឹម សុភ័ក្រ្តបញ្ញា/ VOA)

«នៅ​១០​ឆ្នាំ​ក្រោយ ខ្ញុំ​ចង់​បង្កើត​នូវ​ក្រុមនារី robot ដែល​អាច​ធ្វើ​ robot ហ្នឹង​បាន ហើយ​នឹង​ចូល​ក្នុង​កម្មវិធី FIRST Global ហើយ​និង​យក​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ យក​ទៅ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ ក្មេង​តូចៗ​ឬ​ក៏​មនុស្ស​ស្រី នារីៗ​ដែល​គាត់​ចង់​រៀន ពួកខ្ញុំ​អាច​បង្រៀន​បាន»។

ក្រោយ​ការ​ប្រកួតប្រជែង​ការ​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ FIRST Global នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៨​កន្លង​ទៅ​នេះ ក្រុម​យុវជន​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២២​ក្នុង​ចំណោម​ក្រុម​ដែល​ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​១៦៣ ដែល​មក​ពី​ប្រទេស​ចំនួន​១៥៧។

ក្រុម​យុវជន​កម្ពុជា​មាន​សមាជិក​៦​នាក់ ដែល​ក្នុង​នោះ​មាន​ស្រី​៤​នាក់​ឈ្មោះ​ថា សុតី ដានីត ណាត និង​ចន្ធី ​និង​មាន​ប្រុស​២​នាក់​គឺ​វល័ក្ខ និង​ចាន្ធូ​។

ចន្ធី​បាន​ថ្លែង​ប្រាប់ VOA ក្រោយ​ការ​ប្រកួត​បាន​បញ្ចប់​នៅ​សាល DAR Constitution Hall ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ថា៖ «ពួកខ្ញុំ​អត់​បាន​គិត​ថា ពួក​ខ្ញុំ​អន់​ចិត្ត​ទេ ព្រោះ​អី​ពួកខ្ញុំ​គិត​ថា ការ​ប្រកួត​ហ្នឹង​វា​គង់​តែ​មាន​ឈ្នះ​មាន​ចាញ់»។

​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​ទាំង​៦​រូប ដែល​មាន​អាយុ​ចន្លោះ​ពី​១៦​ដល់​១៨​ឆ្នាំ គឺ​ជា​សិស្ស​ថ្នាក់​ទី​១១​មក​ពី​វិទ្យាល័យ​ពីរ​ក្នុង​ខេត្ត​សៀមរាប ដែល​សិក្សា​ក្រោម​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍​របស់​អង្គការ Caring for Cambodia ដែល​ហៅ​កាត់​ថា (CFC)។

ក្រុមយុវជន​កម្ពុជាត្រៀម​បង្ហាញ​ខ្លួន​ក្នុ​ង​ពិធី​បើក​កម្មវិធី​ប្រកួត​ការ​បញ្ជា​មនុស្ស​យន្ត​លំដាប់ពិភពលោកនៅសាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​កក្កដា ឆ្នាំ​២០១៧។ (សឹង​ សុផាត/ VOA)
ក្រុមយុវជន​កម្ពុជាត្រៀម​បង្ហាញ​ខ្លួន​ក្នុ​ង​ពិធី​បើក​កម្មវិធី​ប្រកួត​ការ​បញ្ជា​មនុស្ស​យន្ត​លំដាប់ពិភពលោកនៅសាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​កក្កដា ឆ្នាំ​២០១៧។ (សឹង​ សុផាត/ VOA)

ទោះ​បី​ជា​ក្រុម​កម្ពុជា​មិន​ទទួល​បាន​មេដាយ​មាស ប្រាក់ ឬ​សំរឹទ្ធិ នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​បែប​អូឡាំពិក​នេះ​ក៏​ដោយ ក៏​លោក​គ្រូ​ដឹកនាំ​របស់​ពួកគេ​យល់​ថា លទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​គឺ​ហួស​ពី​ការ​ស្មាន។

លោក គឹម វណ្ណថេន ដែល​ជា​ប្រធាន​គ្រប់គ្រង​បញ្ជី​ទិន្នន័យ​នៃ​អង្គការ CFC ហើយ​ក៏​ជា​គ្រូ​ដឹកនាំ​របស់​ក្រុម​យុវជន​នេះ មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា លទ្ធផល ដែល​យើង​ទទួល​បាន​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ដោយសារ​តែ​ក្រុម​របស់​យើង​ចាប់​ផ្តើម​ពី​កូនសិស្ស​ទាំងអស់​ហ្នឹង​គឺ​គាត់​ចាប់​ផ្តើម​ពី​ចំណុច​សេរ៉ូ [សូន្យ] ​តែ​ម្តង»។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​ឈ្មោះ FIRST Global រៀបចំ​ការ​ប្រកួត​បញ្ជា​មនុស្ស​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យ​មក​ពី​ទូទាំង​ពិភពលោក​នេះ។

លោក Dean Kamen ដែល​ជា​ស្ថាបនិក​នៃ​អង្គការ​នេះ​បាន​និយាយ​យក​ចិត្ត​ទុកដាក់​លើ​សមត្ថភាព​ដែល​ក្រុមយុវជន​ទាំងអស់​ទទួល​បាន​ពី​ការ​ប្រកួត​នេះ។​

លោក Dean Kamen ស្ថាបនិក​អង្គការ FIRST Global កំពុង​ឡើង​ថ្លែងសុន្ទរកថា​បើក​កម្មវិធី​ប្រកួត​ការ​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក​នៅ​សាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី Washington កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កក្កដាឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក Dean Kamen ស្ថាបនិក​អង្គការ FIRST Global កំពុង​ឡើង​ថ្លែងសុន្ទរកថា​បើក​កម្មវិធី​ប្រកួត​ការ​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក​នៅ​សាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី Washington កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កក្កដាឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ផ្តោត​សំខាន់​ទៅ​លើ​មនុស្ស​យន្ត​នោះ​ទេ គឺ​ខ្ញុំ​ផ្តោត​សំខាន់​ទៅ​លើ​យុវជន​ទាំង​នេះ។ ដូច្នេះ​មិន​ថា​ក្រុម​ណាមួយ​ឈ្នះ ខ្ញុំ​មិន​ចាប់អារម្មណ៍​នោះ​ទេ។ ក្រុម​ទាំងអស់​ដែល​មក​ចូល​រួម​ប្រកួត​គឺ​ឈ្នះ យុវជន​ទាំងអស់​គឺ​ឈ្នះ។ ពួកគេ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​នឹង​ជំនឿ​ចិត្ត និង​ស្គាល់​មិត្ត​ភក្តិ​ថ្មី»។

លោក អ៊ុង សាវី នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ CFC ដែល​បាន​ដឹក​នាំ​ក្រុមយុវជន​មក​ចូលរួម​ការ​ប្រកួតប្រជែង​នេះ​បាន​មាន​ប្រសាសន៍​ប្រាប់​VOAថា៖ «ខ្ញុំ​អត់​ចាប់​អារម្មណ៍​ពី​រឿង​ឈ្នះ​ឬ​ចាញ់​ទេ សំខាន់​គឺ​យើង​មក​ដល់​ទីនេះ ដែល​យើង​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ»។ ​

កម្មវិធី​ប្រកួតប្រជែង​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​សេតវិមាន​ កណ្តាល​រដ្ឋធានី វ៉ាស៊ីនតោន នេះ ក៏​មាន​ការ​ចូលរួម​គាំទ្រ​ដល់​ក្រុម​កម្ពុជា​ពី​សំណាក់​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​ខ្មែរ​មួយ​ចំនួន​ផង​ដែរ។ ក្នុង​ចំណោម​នោះ ​គឺ​មាន​អ្នកស្រី Narin Jameson។ ​

​អ្នកស្រី Narin Jameson ដែល​រស់នៅ​ក្នុង​ទីក្រុង Bethesda រដ្ឋ Maryland ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​សម្តែង​អារម្មណ៍​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​វត្តមាន​របស់​ក្រុម​យុវជន​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ «មាន​មោទនភាព​អស្ចារ្យ។ តាំង​ពី​អត់​មាន​ស្អី រហូត​ដល់​ឡើង​បាន​ប្រឡង​ជាមួយ​ពិភពលោក ហើយ​បាន​លេខ​ល្អ​ទៀត»។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​នេះ​បាន​ចំណាយ​ពេល​ប្រមាណ​៥​ខែ​ដើម្បី​ផលិត​មនុស្ស​យន្ត​ឲ្យ​លេច​ចេញ​ជា​រូបរាង​ឡើង ដោយ​ទាមទារ​ចំណេះដឹង​ខាង​សរសេរ​កូដ និង​កម្មវិធី​កុំព្យូទ័រ​ជាដើម។

មនុស្ស​យន្ត​របស់​ក្រុម​កម្ពុជា​កំពុង​តែ​ប្រកួតប្រជែង​ជាមួយ​នឹង​ក្រុម​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​ជុំ​ទី​១​នៅ​សាល​សម្តែង​សិល្បៈ​ DAR Constitution Hall​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)
មនុស្ស​យន្ត​របស់​ក្រុម​កម្ពុជា​កំពុង​តែ​ប្រកួតប្រជែង​ជាមួយ​នឹង​ក្រុម​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​ជុំ​ទី​១​នៅ​សាល​សម្តែង​សិល្បៈ​ DAR Constitution Hall​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)

​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​នេះ គឺ​រៀបចំ​ឡើង​ដើម្បី​លើក​ទឹកចិត្ត​ដល់​យុវជន​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ចាប់​អារម្មណ៍​លើ​ជំនាញ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា និង​ចេះ​ប្រើប្រាស់​ចំណេះដឹង​នេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​នានា​នៅ​ក្នុង​ពិភពលោក​នេះ។ ប្រធានបទ​នៃ​ការ​ប្រកួត​ក្នុង​ឆ្នាំ​នេះ​គឺ​ការ​‍«ទទួល​បាន​ទឹក​ស្អាត‍» ហើយ​មនុស្ស​យន្ត​ដែល​ចូលរួម​ប្រកួត​នឹង​ទទួល​បាន​ពិន្ទុ​តាមរយៈ​ការ​ស្រង់​កាកសំណល់​ពុល​ចេញ​ពី​ទឹក​លើ​ទីលាន​តំណាង​។

ដើម្បី​ទទួល​បាន​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​បែប​កីឡា​អូឡាំពិក​នេះ ក្រុម​នីមួយ​ៗត្រូវ​សហការ​ជាមួយ​នឹង​ក្រុម​ពីរ​ទៀត ដើម្បី​ប្រកួត​លក្ខណៈ​បី​ទល់​នឹង​បី ហើយ​ការ​ប្រកួត​នេះ​មាន​ចំនួន​៦​ជុំ។

លោក Kamen អ្នក​ផ្តួចផ្តើម​កម្មវិធី​ប្រកួតប្រជែង​លំដាប់​ពិភពលោក​នេះ​បាន​ថ្លែង​ថា គោលបំណង​សំខាន់​នៃ​ការ​ប្រកួត​គ្នា​នេះ គឺ​ដើម្បី​ឲ្យ​យុវជន​ទាំងអស់​បាន​យល់​ពី​សារៈសំខាន់​នៃ​ការ​សហការ​គ្នា។

លោក​បាន​ថ្លែង​ថា៖ «គោល​បំណង​នៅ​ទីនេះ គឺ​ដើម្បី​បង្ហាញ​ដល់​យុវជន​ទាំង​នេះ​ថា ពួកគេ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា មិនមែន​ដើម្បី​ជា​អាវុធ ឬ​ដើម្បី​យក​ទៅ​ប្រយុទ្ធ​គ្នា​នោះ​ទេ ប៉ុន្តែ​គឺ​ប្រើប្រាស់​ដើម្បី​ជា​ឧបករណ៍​ទំនាក់ទំនង​គ្នា»។

ចន្ធី​និយាយ​ថា ការងារ​ជា​ក្រុម​និង​ការ​សហការ​គ្នា​គឺ​ជា​បទពិសោធន៍​សំខាន់​បំផុត​ដែល​នាង​ទទួល​បាន​ពី​ការ​ប្រកួត​ប្រជែង​នេះ។

នាង​បាន​ពន្យល់​ប្រាប់ VOAថា៖ «ខ្ញុំ​បាន​ទទួល​នូវ​បទពិសោធន៍​ជាច្រើន​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា ការ​សហការ​គ្នា ការ​យោគយល់​មតិ​គ្នា ការ​ផ្តោះផ្តង​នូវ​មតិឲ្យ​គ្នា ហើយ​និង​ជួយ​កែសម្រួល​ទៅវិញ​ទៅ​មក»។

ក្រុម​យុវជន​កម្ពុជា​កំពុង​ពិនិត្យ​មើល​មនុស្ស​យន្ត​របស់​ខ្លួន​មុន​ចូលរួម​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​ជុំ​ទី​ពីរ​នៅ​សាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)
ក្រុម​យុវជន​កម្ពុជា​កំពុង​ពិនិត្យ​មើល​មនុស្ស​យន្ត​របស់​ខ្លួន​មុន​ចូលរួម​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​ជុំ​ទី​ពីរ​នៅ​សាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)

​ចាន្ធូ ដែល​ជា​ប្រធាន​ក្រុម​ក៏​យល់​ថា ការ​សហការ​គ្នាជាមួយ​នឹង​ក្រុម​ផ្សេងៗ​ដែល​មក​ពី​ប្រទេស​ដទៃទៀត​គឺ​ជា​បទពិសោធន៍​ដ៏​ធំ​បំផុត​មួយ​ដែល​ខ្លួន​ទទួល​បាន​ពី​ការ​ប្រកួត​បញ្ជា​មនុស្សយន្ត​នេះ​ផង​ដែរ។

ចាន្ធូ​និយាយ​ថា៖ «យើង​អាច​ស្វែង​យល់​នូវ​ការ​សហការ​គ្នា​បាន​ច្រើន ហើយ​និង​ទទួល​បាន​នូវ​បទពិសោធន៍​ជាច្រើន​ដែល​យើង​ពុំ​ដែល​ធ្លាប់​បាន​ទទួល»។

ក្រោយ​ពី​ដក​ពិសោធន៍​ពី​ការ​ប្រកួតប្រជែង​បញ្ជា​មនុស្ស​យន្ត ឬ​ជា​ភាសាអង់គ្លេស​ហៅ​ថា robot ​លក្ខណៈ​អន្តរជាតិ​លើក​នេះ​ហើយ អង្គការ​ CFC មាន​បំណង​នឹង​ពង្រីក​កម្មវិធី​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​ហៅ​កាត់​ថា STEMទៅ​ក្នុង​សាលា​គោលដៅ​របស់​ខ្លួន​បន្ថែម​ទៀត។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក្រសួង​អប់រំ​កម្ពុជា​បាន​និង​កំពុង​ជំរុញ​ជំនាញ STEM នេះ ដោយ​មាន​ការ​បង្កើត​ជា​សាលារៀន​ជំនាន់​ថ្មី ដែល​ជា​កម្មវិធី​សិក្សា​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​និង​ការ​បណ្តុះបណ្តាល​បែប​ទំនើប​ដោយ​បំពាក់​សម្ភារៈ​និង​កន្លែង​ពិសោធន៍ ដល់​សិស្ស​ដែល​សិក្សា​មុខ​វិជ្ជា STEM។

លោក សាវី បាន​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​យើង​ចេះ STEM ឲ្យ​បាន​ច្រើន យើង​ចេះ​បង្កើត robot ច្រើន ហើយ​យើង​អាច​ច្នៃ​ឲ្យ​ទៅ​ជា​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​បាន​ច្រើន នៅ​ក្នុង​ការ​ជួយ​លើក​កម្ពស់​ជំរុញ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក​យើង​ដែរ»។

ក្រុម​យុវជន​កម្ពុជា​កំពុង​ដើរ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពិធី​បើក​កម្មវិធី​ប្រកួត​ការ​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក​នៅ​សាល​សម្តែង​សិល្បៈ​ DAR Constitution Hall​ ក្នុង​រដ្ឋធានី Washington កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)
ក្រុម​យុវជន​កម្ពុជា​កំពុង​ដើរ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពិធី​បើក​កម្មវិធី​ប្រកួត​ការ​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក​នៅ​សាល​សម្តែង​សិល្បៈ​ DAR Constitution Hall​ ក្នុង​រដ្ឋធានី Washington កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)

នៅ​ថ្ងៃ​អនាគត ចន្ធី​សង្ឃឹម​ថា ខ្លួន​នឹង​អាច​ចែក​រំលែក​នូវ​ចំណេះដឹង​ផ្នែក​ផលិត​មនុស្ស​យន្ត​នេះ​ដល់​យុវជន​ជំនាន់​ក្រោយ​ទៀត​ជាពិសេស​យុវតី ដែល​ចាប់​អារម្មណ៍​នឹង​ជំនាញ​នេះ។

ចន្ធី​បាន​និយាយ​ថា៖ «នៅ​១០​ឆ្នាំ​ក្រោយ ខ្ញុំ​ចង់​បង្កើត​នូវ​ក្រុមនារី robot ដែល​អាច​ធ្វើ​ robot ហ្នឹង​បាន ហើយ​នឹង​ចូល​ក្នុង​កម្មវិធី FIRST Global ហើយ​និង​យក​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ យក​ទៅ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ ក្មេង​តូចៗ​ឬ​ក៏​មនុស្ស​ស្រី នារីៗ​ដែល​គាត់​ចង់​រៀន ពួកខ្ញុំ​អាច​បង្រៀន​បាន»។

នាង​បាន​បន្ថែម​ប្រាប់ VOAទៀត​ថា៖ «ក្រុម​របស់​ខ្ញុំ​គឺ​បាន​រួម​គំនិត​គឺ​ថា​ចង់​បង្កើត​នូវ robot មួយ​ដែល​រាង​ធំ​ជាងrobot ដែល​ពួក​ខ្ញុំ​ធ្វើ​ឥឡូវៗ ចង់​ឲ្យ​វា​ក្លាយ​ទៅ​ជា robot មួយ​ដែល​ធំ ដើម្បី​ចាប់​សំរាម​នៅ​លើ​ដី ឬ​ក៏​ចាប់​សំរាម​នៅ​ក្នុង​ទឹក​ដែល​អាច​ប្រមូល​វា​យក​ទៅ​កែច្នៃ​ជា​វត្ថុ​អី​ផ្សេងៗ ឬ​ក៏យក​វា​ទៅ​ដាក់​កន្លែង​មួយ​ដែល​សមរម្យ»។​

ក្រោយ​ពី​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​នេះ​ហើយ អង្គការ FIRST Global បាន​ប្រកាស​ថា នៅ​ឆ្នាំ​ក្រោយ ការប្រកួត​បញ្ជា​មនុស្សយន្តនេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​រដ្ឋធានី​ម៉ិចស៊ីកូ នៃ​ប្រទេស​ម៉ិចសិក៕

កំណត់​ចំណាំ៖ ព័ត៌មាន​លម្អិត​មួយ​ចំនួន​របស់​សិស្ស​មិន​ត្រូវ​បាន​បញ្ចេញ​ដោយសារ​គោលការណ៍​ការពារ​កុមារ​របស់​អង្គការ CFC។

XS
SM
MD
LG