នៅដើមខែកញ្ញានេះ កីឡាករកីឡាការិនីតំណាងឱ្យប្រទេសកម្ពុជាពីររូបបានត្រឡប់មកមាតុភូមិវិញ ដោយនាំយកមេដាយមាសពីរ និងមេដាយសំរឹទ្ធមួយ មកជូនមាតុភូមិក្រោយការប្រកួតកីឡាអាស៊ីលើកទី១៨ ក្នុងប្រទេសឥណ្ឌូនេស៊ី។
កីឡាការិនីដែលទទួលបានមេដាយមាស គឺជាកូនខ្មែរអាមេរិកឈ្មោះ ខាត់ ចេសា អាយុ១៦ឆ្នាំ ដែលឈ្នះក្នុងការប្រកួតកីឡាបោកចំបាប់និងក្លេ ជឺជីតស៊ូ (Ju Jitsu) គឺចំបាប់ជប៉ុន ចំណែកសាលី អូមើត វ័យ២៦ឆ្នាំ បានឈ្នះមេដាយមាស និងមេដាយសំរិទ្ធក្នុងវិញ្ញាសាម៉ូតូបើកលើទឹក (Jet Ski)។
កាលពីថ្ងៃច័ន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨ អ្នកទាំងពីរបានទទួលស្វាគមន៍ដោយក្បួនដង្ហែចូលក្នុងវិមានសន្តិភាពដើម្បីទទួលការស្វាគមន៍ដោយនាយករដ្ឋមន្ត្រីហ៊ុន សែន រួមជាមួយមន្ត្រីជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រី និងកីឡាករកីឡាការិនីដទៃទៀត។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះកម្ពុជាធ្វើបានដ៏ល្អខ្លាំង ពីព្រោះវាល្អជាងការប្រកួតពីពេលកន្លងមក។
«ឆ្នាំនេះយើងធ្វើល្អ ព្រោះយើងបានបំបែកឯតទគ្គកម្មពីឆ្នាំមុន។ បំបែកឯតទគ្គកម្មពីលើកមុន ព្រោះលើកមុនយើងបានមេដាយមាសតែមួយ ឥឡូវយើងបានមេដាយមាសពីរ មេដាយសំរិទ្ធមួយ»។
ការប្រកួតកីឡាអាស៊ីលើកទី១៨ ឆ្នាំ២០១៨ ត្រូវបានប្រារព្ធធ្វើនៅក្នុងទីក្រុង ហ្សាកាតានិងប៉ាឡាមបាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហាដល់ថ្ងៃទី២ ខែកញ្ញា។ ក្នុងចំណោមប្រទេសដែលប្រកួតប្រជែងចំនួន៣៧ ប្រទេសកម្ពុជានៅស្ថិតនៅលេខរៀងទី២៤ ដោយមានមេដាយមាសពីរនិងមេដាយសំរឹទ្ធមួយ។ លើសពីនេះ មានកីឡាករកម្ពុជា៤៦នាក់ដែលចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាចំនួន១៣នៃវិញ្ញាសាកីឡា៥៨ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនេះ។
លោកវ៉ាត់ ចំរើន ក៏បានប្រាប់ VOA ផងដែរថា កត្តាដែលបណ្តាលឲ្យកម្ពុជាធ្វើបានល្អនៅក្នុងការប្រកួត គឺមកពីការរកឃើញកីឡាករដែលមានសមត្ថភាពខ្ពស់ និងការរៀបចំនិងហ្វឹកហាត់បានល្អរបស់ក្រុមអ្នករៀបចំ។
«សំខាន់ជាងគេគឺយើងរកឃើញកីឡាករ កីឡាការិនីយើងដែលមានសមត្ថភាពខ្ពស់ ឬគុណផលកីឡាខ្ពស់។ កីឡាករ កីឡាការិនីមានគ្រប់ទិសទីមានក្នុងនិង ក្រៅប្រទេស ឲ្យតែឈាមជ័រខ្មែរ»។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះក៏បានបន្ថែមទៀតថា កម្ពុជានឹងធ្វើបានល្អជាងនេះនៅឆ្នាំក្រោយៗទៀត។
«យើងត្រូវតែការពារតំណែងយើងនិងបង្កើនមេដាយបន្ថែមទៀត។ ត្រូវតែធ្វើអ៊ីចឹង ព្រោះកីឡាវា Challenge វាប្រកួតប្រជែង។ អ៊ីចឹងមានលទ្ធផលកើតឡើង វាអាចមានការគាំទ្រកាន់តែខ្លាំង»។
នេះគឺជាលើកទីពីរដែលកម្ពុជាទទួលបានមេដាយមាសក្នុងការប្រកួត ASIAN Games។ កាលពីឆ្នាំ២០១៤ កីឡាការិនីខ្មែរមួយរូបគឺកញ្ញាស៊ន សៀវម៉ី បានឈ្នះវិញ្ញាសាកីឡាតៃក្វាន់ដូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៧ នៅប្រទេសកូរ៉េក្នុងឆ្នាំ២០១៤ ។ ក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានមេដាយមាសពីរបន្ថែមទៀតពីការប្រកួតកីឡាថ្មី ដែលទើបតែនឹងដាក់បញ្ចូលក្នុងការប្រកួតកីឡា ASIAN Games ឆ្នាំ២០១៨ ដែលមានប្រទេសជិត៤០ ក្នុងទ្វីបអាស៊ីចូលរួម។
គួរបញ្ជក់ផងដែរថា ជឺជីតស៊ូ (Ju Jitsu) គឺចំបាប់ជប៉ុនជាកីឡាដែលមិនប្រើដៃឬជើងដើម្បីទាត់ឬវ៉ៃទេ។ ការប្រកួតកីឡានេះប្រព្រឹត្តនៅលើដី ហើយកីឡាករអាចប្រើក្បាច់គុនផ្សេងៗទៀតដូចជាចំបាប់និងក្លេ។ កីឡាការិនី ចេសា ឲ្យដឹងថា វាជាវិធីជួយថែរក្សារាងកាយ និងបង្កើនទំនុកចិត្តរបស់កីឡាករ។ ចំណែកកីឡាម៉ូតូបើកលើទឹកហៅថា Jet Ski គឺជាការប្រណាំងម៉ូតូបើកលើទឹកជាមួយដៃគូប្រកួត ដើម្បីទៅដល់គោលដៅមុន ដោយមានការកំណត់នាទីច្បាស់លាស់ពីគណ:កម្មការផងដែរ។ កីឡាម៉ូតូបើកលើទឹកនេះក៏មានការជិះប្រណាំងឈរផងដែរ។
លោកខូវ វិវត្តិថានា ប្រធានសហព័ន្ធកីឡាចំបាប់ចប៉ុនគឺជឺជីតស៊ូ (Ju Jitsu)កម្ពុជាបានលើកឡើងថា ក្រុមជម្រើសជាតិបានហ្វឹកហាត់កាយសម្បទានិងបញ្ញាស្មារតីរយៈពេល៧ខែកន្លងមក។ លោកក៏បានមានប្រសាសន៍ផងដែរថា ប្រទេសកម្ពុជាអាចធ្វើបានល្អដូចប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី ឬអឺរ៉ុប។ សហព័ន្ធកីឡាចំបាប់ចប៉ុនគឺជឺជីតស៊ូ (Ju Jitsu)កម្ពុជានេះទើបតែបង្កើតឡើងកាលពីឆ្នាំមុន ហើយសព្វថ្ងៃនេះក៏មានគម្រោងជួយក្មេងៗរៀនកីឡាជឺជីតស៊ូផងដែរ។
«ដោយសារលទ្ធផលវិជ្ជមានរបស់កម្ពុជាក្នុងកីឡាជឺជីតស៊ូក្នុងកម្មវិធីប្រកួតកីឡាអាស៊ី យើងមានសង្ឃឹមចំពោះសក្តានុពលសម្រាប់កីឡាអូឡាំពិក»។
កីឡាការិនី ចេសា (Jessa) ដែលជាអ្នកឈ្នះមេដាយមាស បានផ្តួលកីឡាការិនីមកពីប្រទេសអារ៉ាប់រួមនៅជុំនៅចុងក្រោយនៃការប្រកួត។ នាងក៏បាននិយាយផងដែរថា កីឡាការិនីក៏អាចធ្វើបានល្អដូចកីឡាករដែរ។
កីឡាការិនី ដែលមានសញ្ជាតិខ្មែរអាមេរិកាំងរូបនេះ បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិកយ៉ាងដូច្នេះ៖
«ក្នុងរយៈពេល៥ឆ្នាំ ខ្ញុំជំរុញនិងលើកទឹកចិត្តយុវជនខ្មែរយើងឲ្យចូលរួមជាមួយកីឡាជឺជីតស៊ូឲ្យបានច្រើន។ ខ្ញុំផ្តល់ឲ្យកម្ពុជាវិញនៅអ្វីដែលខ្ញុំពូកែ»។
ក្នុងនាមជាម្ចាស់មេដាយមាសតំណាងប្រទេសកម្ពុជា លោកសាលី អូមើត បានបង្ហាញសេចក្តីសប្បាយរីករាយចំពោះលទ្ធផលនៃការប្រកួតផងដែរ។ កីឡាករ វ័យ២៦ឆ្នាំរូបនេះបន្តថា វាគឺជាមោទនភាពធំធែងសម្រាប់ខ្លួនគាត់ផ្ទាល់ ក្នុងការដណ្តើមមេដាយមាសនិងសំរឹទ្ធជូនប្រទេសរបស់លោក។
«នេះជាលើកទីមួយដែលមានកីឡាម៉ូតូបើកលើទឹកក្នុងការប្រកួត ហើយក៏ជាលើកទីមួយ ដែលខ្ញុំបានឈ្នះមេដាយមាសជូនប្រទេសរបស់យើង។ ទៅមុនទៀត ខ្ញុំយកជ័យជម្នះមេដាយមាសជូនប្រទេសកម្ពុជាតទៅមុខទៀត»។
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីជាព្រឹត្តិការណ៍កីឡា ដែលកើតឡើងរៀងរាល់បួនឆ្នាំម្តង។ ហើយកម្ពុជាបានចូលរួមប្រកួតលើកដំបូងនៅឆ្នាំ១៩៥៤។ មកដល់ពេលនេះ កម្ពុជាបានទទួលមេដាយមាសបី និងសំរឹទ្ធមួយពីការប្រកួតកីឡាក្នុងទ្វីបអាស៊ីនេះ។
មេដាយមាសដំបូងរបស់ប្រទេសកម្ពុជាត្រូវបានប្រកួតឈ្នះដោយកីឡាការិនី ស៊ន សៀវម៉ី សម្រាប់វិញ្ញាសាកីឡាតៃក្វាន់ដូ ក្នុងការប្រកួតកីឡាឆ្នាំ២០១៤ នៅប្រទេសកូរ៉េខាងត្បួង ដែលពេលនោះនាងទើបមានវ័យ១៩ឆ្នាំប៉ុណ្ណោះ។
មេដាយមាសពីរផ្សេងទៀតនិងសំរឹទ្ធមួយត្រូវបានទទួលក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៨នេះ ដោយកីឡាការិនីខ្មែរអាមេរិកាំងឈ្មោះខាត់ ចេសា វ័យ១៦ឆ្នាំ និងកីឡាករ សាលី អូមើត វ័យ២៦ឆ្នាំ៕