ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ដាក់​ចេញ​គោល​នយោបាយ​ថ្មី​ដើម្បី​ដោះស្រាយ​វិបត្តិ​អគារ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ


រូបឯកសារ៖ សំណង់អគារ​ត្រូវបាន​ទុកចោល​នៅ​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ សំណង់អគារ​ត្រូវបាន​ទុកចោល​នៅ​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​សំណង់​អគារ​ធ្វើ​មិន​ទាន់​ហើយ​នៅ​ខេត្ត​ព្រះសីហនុ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រប​សម្រួល ​និង​ផ្តល់​ជា​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដល់​អ្នក​វិនិយោគ​ដែល​ជា​ម្ចាស់​អគារ​ទាំង​នោះ ​ដើម្បី​ជួយ​ពន្លឿន​ការ​សាង​សង់​អគារ ​ដែល​ជាប់​គាំង​ជាង​ ៣៦០។​

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ ​២០២៤» ​កាល​ពី​ថ្ងៃទី​ ៣១​ ខែមករា​ ឆ្នាំ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​បាន​លើក​ឡើង​ថា ​បញ្ហា​អគារ​ជាប់​គាំង​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩។​ លោក​បន្ថែម​ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កំពុង​តែ​ប្រឈម ​និង​ជំរុញ​ការ​អភិវឌ្ឍ​សម្រាប់​រយៈ​ពេល​មធ្យម ​និង​វែង​ ​រដ្ឋាភិបាល​បាន​គិតគូរ​ជា​កញ្ចប់ ​ដើម្បី​លើក​ស្ទួយ​សកម្ម​ភាព​ការ​វិនិយោគ​ ពាណិជ្ជ​កម្ម​ និង​ធុរកិច្ច​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ឱ្យ​កាន់​តែ​ខ្លាំង។​

នាយក​រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា៖​ «រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ឆ្នាំ ​២០២៤​ សំដៅ​កសាង​ខេត្ត​ព្រះ​សីហនុ​ទៅ​ជា​ខេត្ត​ឈាន​មុខ​ និង​ជា​ខេត្ត​គំរូនៅ​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​ ដែល​ជាមូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​ប្រែក្លាយ​ខេត្ត​នេះ​ទៅ​ជា​ខេត្ត​ ទៅ​ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​គំរូ​ពហុបំណង​ ព្រមទាំង​ចូលរួម​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​ស្ទុះ​ឡើង​ក្នុងរ​យៈពេល​ខ្លី»។​

អត្ថប្រយោជន៍​ទាំង​នោះ ​រួម​មាន​ការ​លើក​លែង​ពន្ធ​កាត់​ទុក​លើ​ការ​ជួល​អចលន​ទ្រព្យ ​រយៈ​ពេល​ ៥ ​ឆ្នាំ ​ការ​លើក​លែង​ពន្ធ​អចលន​ទ្រព្យ ​និង​ការ​លើក​លែង​ទណ្ឌ​កម្ម​រដ្ឋបាល ​ការ​លើក​លែង​ការ​បង់​ថ្លៃ​សេវា​សាធារណៈ ​និង​ថ្លៃ​លើសន្ទស្សន៍​ប្រើ​ប្រាស់​ដី​ ចំពោះ​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ពាក់ព័ន្ធ​នឹង​ការ​សាង​សង់​ ការ​សម្រួល​នីតិវិធី ​និង​បែប​បទ​នៃ​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ​ពាក់​ព័ន្ធ​នឹង​ការងារ​សំណង់​ជា​ដើម។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។​

ក្រៅ​ពី​បញ្ហា​សំណង់​អគារ​ជាប់​គាំង ​លោក ​ហ៊ុន ម៉ាណែត ​ក៏​ជំរុញ​ឱ្យ​អភិបាល​ខេត្ត​ព្រះ​សីហនុ​យក​ចិត្ត​ទុក​ដាក់​លើ​សន្តិសុខ ​ជា​ពិសេស​បញ្ហា​គ្រឿង​ញៀន។​

លោក​បញ្ជាក់​ថា៖ ​«សន្តិសុខ​គឺ​ជា​កត្តា​ចម្បង​សម្រាប់​តំបន់​ទេស​ចរណ៍ ​តំបន់​ឧស្សាហ​កម្ម។​ ការងារ​សន្តិសុខ​នេះ​ដាច់​ខាត​ត្រូវ​ធ្វើ​ឱ្យ​បាន​ ធានា​ឱ្យ​បាន​ ខេត្តព្រះ​សីហនុ​ធានា​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម»។​

អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ ​លោក ​ឃាង ភារម្យ ​ប្រាប់​វីអូអេនៅ​ថ្ងៃ​ពុធ​នេះ​ថា​ មក​ទល់​ពេល​នេះ ​អគារ​ជាប់​គាំង​នៅ​ក្នុង​ខេត្ត​មាន​ចំនួន​ ៣៦២ ​អគារ​ ស្មើ​នឹង​ ៣៣៩ ​គម្រោង​ដែល​ភាគ​ច្រើន​ម្ចាស់​សំណង់​ជា​ជន​បរទេស។ ​លោក​បន្ថែម​ថា​ សំណង់​អគារ​ខ្លះ​កំពុង​តែ​សាង​សង់​ឡើង​វិញ​ ហើយ​លោករំពឹង​ថា ការ​សម្រប​សម្រួល​របស់​រដ្ឋាភិបាល​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។​

លោក​ថ្លែង​ថា៖​ «សង្ឃឹម​ថា ​តាម​រយៈ​នៃ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​ពិសេស​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហនុ​របស់​រាជ​រដ្ឋាបាល​កម្ពុជា​នឹង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​អគារ​ជាប់​គាំង​នៅ​ខេត្ត​ព្រះ​សីហនុ ​ដើម្បី​ចូលរួមជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ»។​

នៅ​មុន​វិបត្តិ​រាតត្បាត​ជំងឺ​កូវីដ១៩ ​វិនិយោគិន​ចិន​ជា​ច្រើន​បាន​ចូល​មក​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​ដោយ​បើកកាស៊ីណូ ​និង​សាងសង់​អគារ​ខ្ពស់ៗ​ជា​បន្ត​បន្ទាប់។​

នៅ​ពេល​មាន​វិបត្តិ​ភ្លាមៗ ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា​ សំណង់​អគារ​ជាង ​១​ពាន់​កន្លែង​ក្នុង​ខេត្ត​មួយ​នេះ​បាន​ជាប់​គាំង​ មិន​ទាន់​សាងសង់​ហើយ ​ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​មួយ។​

អ្នកស្រី ​អាន សុធីតា ​អគ្គ​នាយិកា​ក្រុមហ៊ុន​អចលន​ទ្រព្យ​ PropNex Cambodia ​ប្រាប់​វីអូអេ​ថា​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ដាក់​ចេញ​នា​ពេល​នេះ ​ជា​រឿង​ល្អមួយ ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ។ ​ប៉ុន្តែ​អ្នកស្រី​ថា​ រដ្ឋាភិបាល​ក៏​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​តម្លៃ​របស់​អចលន​ទ្រព្យ​ទាំង​នោះ​ ដោយសារ​តែ​តម្លៃ​ខ្ពស់​ខ្លាំង។​

អ្នក​ស្រី​បញ្ជាក់​ថា៖ ​«ទាក់​ទង​នឹង​តម្លៃ​ Properties ​(អចលន​វត្ថុ)​កាល​ពីឆ្នាំ​ ២០១៨​ ឆ្នាំ​ ២០១៩ ​អ៊ីចឹង​ហ្នឹង​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​ថា យើង​ត្រូវ​កំណត់​តម្លៃ​បែប​ណា ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​ផ្សេងៗ​ទៀត​ឱ្យ​ទៅ​វិនិយោគ ​ព្រោះ​យើង​ ក្រៅ​ពី​ដោះ​ស្រាយ​បញ្ហា ​យើង​ក៏ត្រូវ​ការ​អ្នក​វិនិយោគ​ដែរ។​ អ៊ីចឹង​វា​ទាក់​ទង​គ្នា​ជាមួយ​នឹង​តម្លៃ​ដូច​គ្នា»។​

អ្នកស្រី​បន្ថែម​ថា ​រដ្ឋាភិបាល​ក៏​ត្រូវ​ពិនិត្យ​មើល​គុណភាព​របស់​សំណង់​នីមួយៗ​ផង​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG