ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​ព្រះសីហនុ​ប្រែ​មុខមាត់​ថ្មី​ជាមួយ​អគារ​ស្អេកស្កះ​ដែល​សង់​ហើយ និង​មិនទាន់​ហើយ


រូបឯកសារ៖ បុរសម្នាក់បើកម៉ូតូអូសរទេះដឹកអីវ៉ាន់ កាត់ផ្លូវក្រោយសំណង់អគារខ្ពស់ស្កឹមស្កៃ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ បុរសម្នាក់បើកម៉ូតូអូសរទេះដឹកអីវ៉ាន់ កាត់ផ្លូវក្រោយសំណង់អគារខ្ពស់ស្កឹមស្កៃ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)

៣​ឆ្នាំ​ក្រោយ​ប្រទេស​កម្ពុជា​បាន​រំកិល​ចេញពីវិបត្តិជំងឺ​សាកល​កូវី​ដ១៩​នោះ​មក នៅក្នុង​ក្រុង​ព្រះសីហនុ​ ការ​សាងសង់​អគារ​ខ្ពស់ៗ​ជាច្រើន​នៅផ្អាកដំណើរការ​ ហើយ​អគារ​ខ្លះ បានទុក​ចោល​ជាមួយ​គំនរសម្រាម​ កាន់​ស្លែ​ ប្រែជា​អគារចាស់ៗ​។ ក៏ប៉ុន្តែ​ក៏មាន​សំណង់​អគារ​ថ្មីៗមួយចំនួន​កំពុងស្ថិត​ក្នុង​ដំណើរ​ការ​សាងសង់​ ឬសង់​ហើយ​រួចរាល់​ផងដែរ។​

អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​សីហនុ ​អ្នក​ស្រី ជាប ​សុធារី​ ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​កាលពី​ចុងខែ​កក្កដាថា រដ្ឋាភិបាល​គួរមាន​ផែនការ​ទាក់​ទាញ​អ្នកវិនិយោគ​ដែលមាន​សក្តានុពល​មក​បង្ហើយ​សំណង់​អគារ​ដែលនៅ​សេស​សល់ ក្រោយ​ទុកចោល​ជាច្រើន​ឆ្នាំ​ តាំងពី​មានការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

អ្នកស្រី​ថ្លែង​ថា៖ «អ្នក​ដែល​មក​ជួល​ មក​អីគាត់​ហ្នឹង​ រត់​ចោល​សំណង់​អគារ​ទាំង​អស់​ហ្នឹង​ដែរ​។ ហើយ​អភិបាល​ខេត្ត​លោក​ក៏ពិបាក​ចិត្ត​ដែរ​ រាល់​ថ្ងៃ​ឃើញ​សំណង់​អគារ​ដែល​អត់​ទាន់​ហើយ​ស្អេកស្កះ​ដុះស្លែ​អស់​ហើយ។​ ហើយ​លោក​បាន​ប្រកាស​ដែរ​ថា​ សំណង់​អគារ​ទាំង​អស់​ហ្នឹង​មើល​ទៅ​ វាធ្វើ​ឱ្យ​ប៉ះពាល់​សោភ័ណ្ឌភាព​ ខេត្ត​ព្រះសីហនុ​។​ យើង​មើល​ទៅ ឃើញ​សំណង់​អគារ​ទាំង​អស់​ហ្នឹង​នៅ​ទ្រឹង​នៅ​ហ្នឹង ហើយ​ដុះស្លែ​អស់​ ហើយ​មិនមែន​ត្រឹម​តែ​នៅ​ទ្រឹង​ទេ អាឧបករណ៍​សម្រាប់​សាង​សង់​អគារ​វា​នៅ​ចោល​នៅ​ហ្នឹង​ ហើយ​ស្ងាត់​ឈឹង​ អត់​មាន​អ្នកណា​ធ្វើ​ទេ​។ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​ដែល​គាត់​ជា​បុរសហ្នឹង​ គាត់​បាន​ការងារ​ ពី​អាកន្លែង​ហ្នឹង​ដែរ​។ ប៉ុន្តែ​ឥឡូវ​សួរ​គាត់​ថា​ មាន​ការ​ងារ​ធ្វើ​ទេ?​ ឥឡូវ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​កំពុង​ធ្លាក់​ចុះ​ លក់​ដូរ​អី​ក៏​អត់​ដាច់​ដែរ»។ ​

លោក ​ជៀប​ ផល្លា​ មេកា​សំណង់​មួយ​រូប​និយាយ​ថា៖ «អារឿងនេះ វាជារឿង​មួយ​ពិត​ហើយ​ ធម្មតា​យើង​ អគារ​នីមួយៗ នៅ​ខេត្ត​ព្រះសីហនុ​យើង​គឺ​ខ្ញុំ​ជា​មេកាសំណង់​ឃើញថា គាំង​ច្រើន​ ដល់​ពេល​អ៊ីចឹង​ យើង​ចង់​ឱ្យ​គាត់​មក​ធ្វើ​ការ​វិនិយោគ​ដើម្បី​ឱ្យ​កម្មក​រខ្មែរ​យើង​គាត់​មាន​ការ​ងារ​ធ្វើឡើង​វិញ​។ សព្វថ្ងៃ​យើង​មើល​ សូម្បី​តែ​កូន​ចៅ​ខ្ញុំ​រាល់​ថ្ងៃ​ហ្នឹង​ក៏សល់​ច្រើន​នាក់​ ដាច់​គាត់​អត់​មាន​ការ​ងារ​ធ្វើ»។

នៅ​តាម​បណ្តោយ​ឆ្នេរ​អូឈើទាល​ សំណង់​អគារ​មួយ​ចំនួន​ត្រូវគេ​ទុក​ទំនេរចោល​ ប៉ុន្តែ​ក៏គេ​ឃើញ​មាន​អគារ​ថ្មីៗ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​សាងសង់។

អភិបាល​រង​ខេត្ត​ព្រះសីហនុ​លោក​ ឡុង ឌីម៉ង់​ ថា រដ្ឋាភិបាល​មាន​ផែនការ​ជាក់​លាក់​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគឱ្យមក​បញ្ចប់​ការ​សាងសង់​អគារ​ដែល​ទុក​ចោល​នោះ។

លោក​ថ្លែងថា៖ «អគារ​វិនិយោគ​ជាប់​គាំង​ទាំង​អស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ យើង​អាច​និយាយ​បាន​ថា​ កើត​ឡើងដោយ​សារ​ការ​បាត់​បង់​ទីផ្សារ​ ពីព្រោះ​កាល​ពី​ពេល​ដែល​កន្លង​មក​ ទីផ្សារ​សម្រាប់​អ្នកវិនិយោគ​ គឺ​ការ​វិនិយោគ ការ​អភិវឌ្ឍអីផ្សេង​ៗ​ ដែល​ពាក់​ព័ន្ធ​ទៅនឹង​វិស័យ​កាស៊ីណូ និង​អនឡាញ។ ដល់​ពេល​យើង​បិទ​អន​ឡាញ​ វា​ធ្វើ​ឱ្យ​មួយ​ផ្នែក​ធំនោះ​ ធ្វើ​ឱ្យ​វាគាំង​ វាផ្អាក​ដំណើរ​ការ​បាត់​ទៅ​ហើយ»។

លោក​បន្ថែម​ថា៖​ «ប្រភព​មូលនិធិ​ដើម្បី​យក​មក​វិនិយោគ​ហ្នឹង​ ត្រូវបាន​កាត់​បន្ថយ​ដោយ​សារ​យើង​បិទ​អនឡាញ។ យើង​ត្រូវ​ទទួល​ស្គាល់​រឿង​ហ្នឹង​។ ចប់​បិទ​អន​ឡាញ​ភ្លាម​ យើង​មាន​កូវីដ​ អាអស់​ហ្នឹង​ហើយ​ដែលធ្វើ​ឱ្យ​វាបាត់​ទីផ្សារ។​ បាត់​ទីផ្សារ​បាន​វានៅ​សល់​អគារ​ជាប់​គាំ​ទាំង​អស់​ហ្នឹង​។ អ៊ីចឹង​ ធ្វើ​ម៉េច​យើង​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ ទាល់​តែ​យើង​បង្កើត​ផ្សារ​ឡើង​វិញ​ មិន​អ៊ីចឹង។ អ៊ីចឹង​បង្កើត​ទី​ផ្សារ​ឡើង​វិញ​ ខ្ញុំនិយាយ​មិញ​ហើយ។ Master plan [ផែនការ​មេ​] អភិវឌ្ឍ​ខេត្ត​ទៅ​ជាតំបន់​សេដ្ឋ​កិច្ច​ពិសេស​ពហុបំណង​នេះ​។ ការ​ដោះស្រាយ​នោះ​គឺ​រាជរដ្ឋាភិបាល​បានត្រៀម​ជា​ គេហៅ​កញ្ចប់​លើក​ទឹកចិត្តនេះ package incentive នេះ​ គឺ​វា​ជា​កញ្ចប់​មួយ​ដែល​យើង​មាន​ទាំង​កញ្ចប់​ផ្នែក​ពន្ធ​ tax incentive ហើយ​ non-tax incentive កញ្ចប់​ដែល​មិន​ពន្ធ។ ការ​សម្រួល​ក្នុង​ការ​បញ្ចេញ​ច្បាប់​សាងសង់​ ការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ដូច​គ្នា​នឹង​ដែរ​ មាន​ទាំង​ការ​សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ ពីព្រោះ​ភាគ​ច្រើន​វា​មាន វិវាទ​រវាង​ម្ចាស់​ដី​ ហើយ​និង​អ្នកសាងសង់​ អ្នកវិនិយោគ»។

ទេសចរ​ក្នុងស្រុក​មួយ​ចំនួន​ក៏ចង់​ឃើញ​ ការ​បញ្ចប់ការ​សាងសង់​អគារ​ដែលទុក​ចោល​ផងដែរ គឺ​ទី១ដើម្បី​បង្កើត​ការងារ​ និងទី២​ដើម្បី​លើក​សោភ័ណ្ឌភាព​ទីក្រុងរបស់​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រនេះ។​

លោក​ គ្រី អ៊ាន អ្នកមក​លេង​ខេត្ត​ព្រះសីហនុ​ថ្លែងថា៖ «ខ្ញុំ​អត់​សូវ​ដឹង​រឿង​អគារ​ ក្រែង​លោក​ គឺទើប​ធ្វើ​អត់​ទាន់​ហើយ​ដឹង។ គ្រាន់​តែ​ថា​ បើ​បាន​ហើយ​ទាំង​អស់​ក៏​ស្អាត​ទៅ​ណ៎ា!«។ ​

អ្នកស្រី អិន ធានី​ អ្នកមកលេង​ខេត្ត​ព្រះ​សីហនុ​មួយរូបទៀត​ថ្លែង​ថា​៖ «ក្នុង​ករណី​ថា​ ពួក​គាត់​សុំ​ឱ្យ​មក​ហ្នឹងបន្ត​ការ​អភិវឌ្ឍ​អគារ​ណា​ដែល​អត់​ទាន់​ផុត​ខ្ពស់​ចឹង​ ឱ្យ​គេ​ធ្វើ​ឡើង​វិញ​ឱ្យ​ស្អាត ហើយ​ឱ្យ​គាត់​មក​វិនិយោគ​ទៅដើម្បី​គ្រប់​គ្នា​យើង​ហ្នឹង​ក៏មានការ​ងារ​ធ្វើដែរ»។

​ចំណែក​លោក ​ឡុច សឿត​ ថ្លែងថា៖ «​រាជរដ្ឋាភិបាល​ហើយ​អាជ្ញាធរ​ គួរ​ទាក់​ទង​អ្នក​វិនិយោគ​មក​ឡើងវិញ​ ព្រោះ​ឥឡូវចេះបានគាត់​មក​[ទី]នេះហើយ​ជាង​មុន​ហើយ​។កាល​កូវីដហើយ​មិន​ទាន់​មាន​ ឥឡូវ​ចេះ​មកបណ្តើរ​ៗ​ហើយ»។ ​

ពលករ​ចិន​ជាង ២០០.០០០ នាក់​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​បោះបង់​ចោល​អគារ​កាស៊ីណូ​និង​អគារ​ខ្ពស់​ដែល​សាងសង់​មិន​ទាន់​រួចរាល់។

មន្ត្រី​សិទ្ធិ​មនុស្ស​អ្នក​ស្រី ជាប ​សុធារី​ ថា រដ្ឋាភិបាល​ឈាមថ្មីរបស់​គណបក្ស​ប្រជា​ជនកម្ពុជាគួរបើកចិត្ត​ទូលាយ​ទទួល​យក​ការរិះគន់​ផ្សេង​ៗ ហើយ​នឹង​រិះ​រក​មធ្យោ​បាយ​ ឱ្យអ្នក​វិនិយោគ​ចិន​ចូលមក​ក្រុង​ព្រះសីហនុវិញ​ ដោយមាន​របៀប​របប​ ហើយ​មិន​បង្ក​បញ្ហា​ដូច​គ្រាមុន​វិបត្តិកូវីដ១៩។

អ្នកស្រី​ថ្លែង​ថា៖ «​អាហ្នឹង​ក៏ខ្ញុំ​កំពុង​តែ​ព្រួយ​បារម្ភ​ដែរ​ ខ្ញុំ​ចង់​និយាយថា​ ខ្ញុំ​អត់​ចង់​ឱ្យ​មាន​ការ​វិនិយោគ​ទុន​សូម​ឱ្យ​រដ្ឋាភិបាល​លោក​ពិចារណា។​ ខ្ញុំ​អត់​ចង់​ឱ្យ​មាន​ការ​វិនិយោគ​ទុន​ទៅ​លើ​វិស័យ​ អាកាស៊ីណូ​ហ្នឹង​ទេ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ខ្មែរ​យើង​ ទោះ​បី​យើងថា​ កាស៊ីណូ​ហ្នឹង​បើក​ ខ្មែរ​មិន​មែន​លេង​ក៏ដោយ​ ក៏វា​ជារឿង​ដែល​ខ្មែរ​យើង​ ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​យើង​ មិន​បាន​គាំទ្រ​ អារឿង​ល្បែង​ស៊ី​សង​ទេ។ ទោះបី​អ្នកណា​លេង​ក៏ដោយ។ ឥឡូវ​យើង​មើល​ខេត្តព្រះសីហនុ​ នៅពេល​ដែល​ចិន​គាត់​មកកាលមុនម្ហឹក​មុន​ ខ្ញុំចង់​សួរ​ថា​ បទ​ល្មើស​ផ្សេង​ៗ​ដែល​ខេត្ត​ព្រះ​សីហុន​អត់​ធ្លាប់​កើត​មាន​ គឺ​កើត​មាន​គួរ​ឱ្យ​ភ័យ​ខ្លាច និងព្រួយ​បារម្ភ​។ កាំភ្លើង​បាញ់​គ្នា​ កើត​ការ​ផ្ទុះ​អាវុធ​នៅ​កណ្តាល​ទីរួមខេត្ត​»។ ​

អភិបាល​រង​ខេត្ត​ព្រះសីហនុ​ លោក ​ឡុង ឌីម៉ង់​ ជឿលើ​សមត្ថភាព​របស់​រដ្ឋាភិបាល​ជំនាន់ថ្មី​ក្នុងការ​ដោះស្រាយ​បញ្ហាប្រឈម​នានា​។

លោក​ថ្លែងថា៖ «ខ្ញុំ​ជឿជាក់​ទៅ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ថ្មី​ ហើយ​យើង​បាន​ឃើញ​ថា​ អ្វីដែ​ល​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​របស់​រាជរដ្ឋាភិបាល​ជិត​ផុត​អាណត្តិ​នេះ​ គឺ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ ទូទាំង​ប្រទេស​រួម​ទាំង​ខេត្ត​ព្រះសីហនុ​ មាន​សុខ​សន្តិភាព​ មាន​ស្ថិរភាព​នយោបាយ​ មានសិ្ថរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ យើង​បាន​រៀប​ចំ​ខេត្ត​របស់​យើង​បាន​ល្អ​ ក្រោយពីពេល​យើង​ឃើញ​ពី​ភាព​អសកម្ម​មួយចំនួន​កន្លង​មក​។ ឥឡូវ​នេះ​ ខ្ញុំ​គ្រប់​គ្រង​បញ្ហា​សន្តិសុខ​ និងសិ្ថរភាព​បាន​យ៉ាង​ល្អ​ ណែន​ពេញ​ដៃ​ហ្មង»។

គួរ​រំឭក​ថា​ កាលពី ៥ ឆ្នាំ​មុន វិនិយោគិន​ចិន​បាន​ចាប់ផ្តើម​ប្រែផ្លាស់​ក្រុង​ព្រះសីហនុ​ដែល​មាន​ភាព​ស្ងប់ស្ងាត់​ឱ្យ​ទៅ​ជា​តំបន់​កាស៊ីណូ​ដ៏​ទាក់ទាញ​មួយ​ប្រជែង​នឹង​ក្រុង​ម៉ាកាវ​របស់​ចិន​និង​ក្រុង Las Vegas របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ការ​ព្យាយាម​ប្រែផ្លាស់​នេះ​បាន​បញ្ចប់​ដោយសារ​ការ​ដាក់​បម្រាម​លើ​ល្បែង​អនឡាញ​និង​វិបត្តិ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG