ក្នុងរយៈពេល១ឆ្នាំដំបូងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលស្ថិតក្រោមគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្ម(Belt and Road Initiative ឬBRI)របស់ចិន ក្រុមហ៊ុនចិនដែលវិនិយោគលើផ្លូវនេះរកចំណូលបានប្រមាណ៣៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថាតើចំណូលនេះស្របតាមក្តីរំពឹងរបស់ក្រុមហ៊ុន ដែលចំណាយប្រាក់ជាង២ពាន់លានដុល្លារក្នុងការវិនិយោគកសាងផ្លូវល្បឿនលឿនមួយនេះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថាគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ៣៥លានដុល្លារអាមេរិក ដោយមានយានយន្តជាង៤លានគ្រឿងបានចរាចរណ៍លើផ្លូវនេះ ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៣នេះ។ ប៉ុន្តែមន្រ្តីរូបនោះមិនអាចបញ្ជាក់ថាតើក្រុមហ៊ុនបានទទួលផលចំណេញសមប្រកបសម្រាប់ឆ្នាំដំបូងនៃការនិយោគនេះឬយ៉ាងណា ដោយបង្វែរសំណួរទៅឱ្យក្រុមហ៊ុនវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីសាជីវកម្មស្ពានថ្នល់ចិនCRBC(China Road and Bridge Corporation) ដែលវិនិយោគលើផ្លូវល្បឿនលឿននេះបាននៅឡើយទេ។
ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនCRBC ជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមរូបភាពវិនិយោគ«សាងសង់-ប្រតិបត្តិការ-ផ្ទេរ» (BOT: Build-Operate-Transfer) ជាមួយរយៈពេលវិនិយោគចំនួន៥០ឆ្នាំ។ នេះមានន័យថាក្រុមហ៊ុននឹងប្រគល់មកឱ្យកម្ពុជាគ្រប់គ្រងវិញក្នុងរយៈពេល៥០ឆ្នាំទៀត។
ក្នុងពិធីអបអរសាទរខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃអង្គារ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក ជញ្ជូន និងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថាផ្លូវល្បឿនលឿនដែលជាសមិទ្ធផលប្រវត្តិនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ការធ្វើដំណើរដោយងាយស្រួល និងសុវត្ថិភាព និងចាត់ទុកថាជា«សរសៃឈាមសេដ្ឋកិច្ចថ្មីមួយ»។
លោកថ្លែងថា៖«លើសពីនេះ ផ្លូវល្បឿនលឿននេះមិនត្រឹមតែផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើនក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ។ ជាពិសេសនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតប ជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។
ឧបនាយករដ្ឋមន្ត្រីរូបនេះបានសរសើរការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនCRBC នៅក្នុងការកសាងផ្លូវល្បឿនលឿននេះ«ប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ និងការគ្រប់គ្រងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពជោគជ័យ»។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖«ខ្ញុំមានទំនុកចិត្តថា ក្រុមហ៊ុននឹងបន្តឆន្ទៈយ៉ាងមុតមាំ និងបន្តខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន ដោយចាប់យកនូវកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗដែលស្របនឹងបរិបទសកល មកប្រើប្រាស់ឱ្យបានទូលំទូលាយ សំដៅបង្កើនស័ក្តិសិទ្ធភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ និងសូមសំណូមពរពរដល់ក្រុមហ៊ុនបន្តធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យស្របតាមស្តងដារបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់»។
រដ្ឋាភិបាលកម្ពុជាកាន់តែមានភាពស្និទ្ធស្នាលនឹងប្រទេសចិន ដោយបានសរសើរគម្រោងBRIនេះ បើទោះមានភាពចម្រូងចម្រាសដែលលើកឡើងថា គម្រោងមួយនេះអាចត្រូវបានប្រើប្រាស់ជាអន្ទាក់បំណុល ហើយចិនអាចមានឥទ្ធិពលលើប្រទេសដែលខ្ចីបំណុលពីចិនច្រើនសន្ធឹកសន្ធាប់ ហើយមានការលំបាកក្នុងការសងត្រឡប់វិញ។
លោក ស៊ុន ចាន់ថុល បានថ្លែងកាលពីថ្ងៃអង្គារថាកម្ពុជាបានទទួលនូវសមទ្ធិផលជាច្រើនលើហេដ្ឋារចនាសម្ពន្ធ ផ្សេងៗក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្មBRIរបស់ចិន ហើយលោកថាគម្រោងBRIនេះមិនមែនជាអន្ទាក់បំណុលដល់កម្ពុជានោះទេ តែជាការដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។
លោកថ្លែងថា៖«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ឯកឧត្តមប្រធានាធិបតីស៊ី ជីងពីង (Xi Jingping) ដែរ ខ្ញុំសូមជម្រាបថាBRI នេះបានជួយកម្ពុជាច្រើន និងជួយដល់ប្រទេសដែលបានយកជាសមាជិក BRI នេះក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់ប្រទេសនីមួយៗ។ BRI មិនបានធ្វើបាបកម្ពុជាទេ សូមជម្រាបថាBRIបានជួយ ហើយBRIនេះមិនបានដាក់បន្ទុក ឬជាអន្ទាក់ឱ្យខ្មែរជាប់បំណុលវ័ណ្ឌកនោះទេ»។
ថ្លែងនៅក្នុងពិធីអបអរសាទរខួប១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននោះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វ៉ិនធាន(Wang Wentian) លើកឡើងថានៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជានិងចិនបានធ្វើកិច្ចសហប្រតិបត្តិការគ្នាជាច្រើនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងថាចិនគឺជាដៃគូរវិនិយោគនិងជាប្រភពវិនិយោគដ៏ធំរបស់កម្ពុជា។ ឯកអគ្គរដ្ឋទូតរូបនេះបន្តថាភាគីទាំងពីរបានរួមគ្នាអនុវត្តគម្រោងBRI ដែលបើកផ្លូវឱ្យមានការកសាងហេដ្ឋារចនាសម្ពន្ធនានា ដែលអាចជួយឱ្យបណ្តាញដឹកជញ្ជូនរបស់កម្ពុជាកាន់តែងាយស្រួល។
លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «គម្រោងទាំងនេះនឹងជំរុញឱ្យប្រទេសកម្ពុជា មានការបង្កើតនូវបណ្តាញផ្លូវល្បឿនលឿន និងបណ្តាញដឹកជញ្ជូនផ្លូវអាកាសដ៏សមរម្យ និងងាយស្រួលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់ និងជួយកម្ពុជាឱ្យសម្រេចបាននូវការរីកចម្រើនយ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ»។
លោក ចិន ហ៊ាង អ្នកស្រាវជ្រាវម្នាក់នៅវេទិកាអនាគត(Future Forum)បានចោទសួរអំពីតម្លាភាពនៃគម្រោងBRI របស់ចិនទៅលើផ្លូវល្បឿនលឿនមួយនេះ ដោយសារតែមិនមានឯកសារ ឬកិច្ចព្រមព្រៀងណាមួយដែលផ្សព្វផ្សាយជាសាធារណៈឡើយ។ លោកក៏ជំរុញឱ្យមានការសិក្សាឱ្យបានច្បាស់លាស់លើសំណង់ថាតើនៅ៥០ឆ្នាំក្រោយ អាចនៅប្រើប្រាស់បានឬយ៉ាងណា។
លោកថ្លែងថា៖ «អ៊ីចឹងសំណួរសួរថាតើបន្ទាប់ពី៥០ឆ្នាំហ្នឹង តើសំណង់អាគារផ្លូវហ្នឹងអាចប្រើប្រាស់បានទៀតអត់ ឬត្រូវមានការជួសជុលអីទៀតអត់ អ៊ីចឹងតើវាម៉េច? បើនិយាយឱ្យខ្លីទៅថាតើរយៈពេល៥០ឆ្នាំហ្នឹងតើផ្លូវហ្នឹងនៅមានប្រយោជន៍ទៀតអត់ វាសំខាន់ទៅលើConstruction Quality [គុណភាពការសាងសង់] អ៊ីចឹងហើយបានគេចង់ឱ្យមានការសិក្សាមួយច្បាស់លាស់ ហើយជួយInform [ជូនដំណឹង] ទៅខាង Stakeholder [ភាគីពាក់ព័ន្ធ] ផ្សេងៗដូចជាសាធារណជនអីផ្សេងៗ ប៉ុន្តែជាក់ស្តែងទៅវាអត់មាន»។
បើតាមលោក ចិន ហ៊ាង ប្រជាពលរដ្ឋគ្មានជម្រើសនោះឡើយ ពីព្រោះផ្លូវជាតិលេខ៤មានការលំបាកក្នុងការធ្វើដំណើរ ។ ម្យ៉ាងទៀតលោកថាបើប្រៀបធៀបតម្លៃផ្លូវល្បឿនលឿននៅបណ្តាប្រទេសផ្សេងទៀតដែលសាងសង់ដោយក្រុមហ៊ុនចិនក្រោមគម្រោងBRIដូចគ្នា គឺមានតម្លៃទាបជាងនៅកម្ពុជា។
លោក Carl Thayer សាស្ត្រាចារ្យផ្នែកនយោបាយនៅសាកលវិទ្យាល័យ New South Wales Canberra ធ្លាប់ប្រាប់វីអូអេតាមសារអ៊ីម៉េលកាលពីពាក់កណ្តាលខែតុលាថាក្រោយគម្រោងហេដ្ឋារចនាសម័្ពន្ធរបស់ចិនបញ្ចប់ វានឹងផ្តល់ផលចំណែកជាវិជ្ជមានមកលើសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែសម្រាប់ហានិភ័យវិញនោះគឺរដ្ឋាភិបាលត្រូវរ៉ាប់រងលើការសងប្រាក់កម្ចី ការថែទាំ និងការជួសជុលឡើងវិញទៅលើហេដ្ឋារចនាសម្ពន្ធទាំងអស់នោះ។ លោកបន្តថាវានឹងបង្កភាពអវិជ្ជមានខ្លាំងប្រសិនបើសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅប្រទេសចិនតែមួយ។
លោកប្រាប់វីអូអេតាមសារអេឡិចត្រូនិកអ៊ីម៉េលជាភាសាអង់គ្លេស និងបានប្រែសម្រួលជាភាសាខ្មែរថា៖ «មានហានិភ័យនៃការពឹងផ្អែកខ្លាំងលើប្រទេសចិន ប្រសិនបើចិនកាត់បន្ថយការផ្តល់មូលនិធិសម្រាប់គម្រោងខ្នាតធំ ដោយសារបញ្ហាហិរញ្ញវត្ថុដែលកើតឡើងពីគម្រោងដែលមិនបង្កើតហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការចំណាយ។ ប្រទេសចិននឹងទទួលបានអានុភាពផ្នែកសេដ្ឋកិច្ច ហើយនេះអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជាលើបញ្ហាជាក់លាក់ដែលចិនអះអាងពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួន»។
ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ត្រូវចំណាយប្រាក់សម្រាប់ការធ្វើដំណើរ។ បើគិតពីភ្នំពេញដល់ខេត្តព្រះសីហនុ អ្នកធ្វើដំណើរត្រូវចំណាយប្រាក់២៥ដុល្លារ។
លោក ស៊ែ ហ៊សេង អាយុ២៧ឆ្នាំ ជានិស្សិតដែលកំពុងបន្តការសិក្សាក្នុងប្រទេសកូរ៉េត្បូង ប្រាប់វីអូអេថាលោកធ្លាប់បានប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពេលដែលលោកបានមកប្រទេសកម្ពុជាក្នុងអំឡុងវិសមកាល។ លោកថាផ្លូវនេះបានកាត់បន្ថយពេលវេលាសម្រាប់ការធ្វើដំណើរទៅខេត្តព្រះសីហនុ ហើយវាផ្តល់ភាពងាយស្រួលជាច្រើនដល់ការធ្វើដំណើររបស់លោក។
សម្រាប់លោក ស៊ែ ហ៊សេង លោកយល់ថាតម្លៃធ្វើដំណើរលើផ្លូវល្បឿនលឿននាពេលបច្ចុប្បន្នគឺអាចទទួលយកបាន ដោយលោកលើកឡើងថាតម្លៃនេះគឺសមស្របសម្រាប់ភ្ញៀវទេសចរណ៍ដែលចេញចូលម្តងម្កាលតែប៉ុណ្ណោះ។
លោកបន្តទៀតថា៖ «ប៉ុន្តែប្រសិនបើយើងអាចពិចារណាទៅលើអ្នកដទៃទៀតដែលគាត់អាចថាធ្វើដំណើរលើផ្លូវហ្នឹងជាញឹកញាប់ ឬក៏ក្រុមហ៊ុនដឹកជញ្ជូនអីជាដើមហ្នឹង ខ្ញុំគិតថាតម្លៃហ្នឹងខ្ញុំអត់ដឹងវាអាចទទួលយកបានសម្រាប់ពួកគាត់អត់ទេ។ អ៊ីចឹងជាប្រជាពលរដ្ឋ ខ្ញុំឃើញនូវការស្នើសុំពីរដ្ឋាភិបាលពាក់ព័ន្ធនឹងការបញ្ចុះតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿនហ្នឹង អ៊ីចឹងប្រសិនបើមានការបញ្ចុះតម្លៃកាន់តែច្រើន ខ្ញុំគិតថាវាកាន់តែល្អហើយនិងទាក់ទាញអ្នកធ្វើដំណើរហ្នឹងបានកាន់តែច្រើន»។
លោក ហ៊សេង បន្ថែមថាប្រជាពលរដ្ឋដែលសម្រេចចិត្តប្រើប្រាស់ ឬធ្វើដំណើរលើផ្លូវល្បឿនលឿនគួរសិក្សាស្វែងយល់បន្ថែមពីរបៀបនៃការបើកបរ ជៀសវាងបង្កផលលំបាក ឬហានិភ័យលើដងផ្លូវធ្វើដំណើរ។
បើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអំឡុងនៃដំណើរផ្លូវល្បឿនលឿននេះ គ្រោះថ្នាក់ចរាចរណ៍មានប្រមាណ២៥០ករណី ដែលភាគច្រើនជាករណីស្រាល ដោយក្នុងនោះមានរងរបួសចំនួន៣៣នាក់ និងស្លាប់ចំនួន៤នាក់។
កញ្ញា ឆាយ ប៉ូលីន អាយុ២៤ឆ្នាំ ដែលធ្លាប់ធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ប្រាប់វីអូអេថាផ្លូវល្បឿនលឿនផ្តល់ភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ ជាពិសេសវាស្អាត និងមានលក្ខណៈស្តង់ដារ តាមរយៈការមានផ្លាកសញ្ញា។ កញ្ញាបន្តថាមានបញ្ហាមួយចំនួនដែលជាក្តីបារម្ភ គឺការបើកបរលឿនហួសល្បឿនកំណត់ ការកកស្ទះនៅពេលដល់កន្លែងគិតលុយ។
បើនិយាយពីតម្លៃវិញ កញ្ញាបញ្ជាក់ថាតម្លៃរបស់ផ្លូវមួយនេះហាក់ថ្លៃ ខណៈកញ្ញាស្នើឱ្យរដ្ឋាភិបាលចរចាជាមួយក្រុមហ៊ុន ដើម្បីឱ្យមានការបញ្ចុះតម្លៃជាងនេះ។
កញ្ញាថ្លែងថា៖«វាថ្លៃ ដោយសារវាគិតគីឡូ។ អ៊ីចឹង១គីឡូ គេគិតប៉ុន្មានសេនទេ ខ្ញុំអត់ចាំទេ។ បើសួរខ្ញុំថាតម្លៃម៉េចដែរ សម្រាប់ខ្ញុំគឺថ្លៃ។ សម្រាប់ខ្ញុំបើGovernment(រដ្ឋាភិបាល) គាត់អាចNegotiate(ចរចា)ជាមួយខាងcompany(ក្រុមហ៊ុន)ឱ្យវាបញ្ចុះតម្លៃរាងទាបអ៊ីចឹងទៅ ខ្ញុំគិតថាល្អ»។
នៅក្នុងរយៈពេល១០ឆ្នាំ ចាប់តាំងពីការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្មBRIរបស់ចិនមក កម្ពុជាបានទទួលកម្ចីដ៏សម្បើមដើម្បីស្ថាបនាហេដ្ឋារចនាសម្ពន្ធក្នុងប្រទេស រួមមានស្ពាន ថ្នល់ និងព្រលានយន្តហោះជាដើម។
លោក ស៊ុន ចាន់ថុល ថ្លែងកាលពីថ្ងៃអង្គារថារដ្ឋាភិបាលកម្ពុជាបានសម្របសម្រួល និងបានស្នើសុំក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយបានសម្រេចបន្តរក្សាតម្លៃដដែល គឺបញ្ចុះតម្លៃ២០%៕