កាលពី ៥ ឆ្នាំមុន វិនិយោគិនចិនបានចាប់ផ្តើមប្រែផ្លាស់ក្រុងព្រះសីហនុដែលមានភាពស្ងប់ស្ងាត់ឱ្យទៅជាតំបន់កាស៊ីណូដ៏ទាក់ទាញមួយប្រជែងនឹងក្រុងម៉ាកាវរបស់ចិននិងក្រុង Las Vegas របស់សហរដ្ឋអាមេរិក ប៉ុន្តែការព្យាយាមប្រែផ្លាស់នេះបានបញ្ចប់ដោយសារការដាក់បម្រាមលើល្បែងអនឡាញនិងវិបត្តិជំងឺកូវីដ១៩។
ពលករចិនជាង ២០០.០០០ នាក់បានវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយបោះបង់ចោលអគារកាស៊ីណូនិងអគារខ្ពស់ដែលសាងសង់មិនទាន់រួចរាល់។ បណ្តាញផ្សព្វផ្សាយព័ត៌មានមួយដែលមានទំនោរទៅរករដ្ឋាភិបាលបានពណ៌នាស្ថានភាពនេះថាជាការក្រើនរំឭកមួយអំពីការវិនិយោគខ្ជីខ្ជា ដែលភាគច្រើនធ្វើឡើងដោយជនជាតិចិន។
ជាការឆ្លើយតប អាជ្ញាធរកំពុងរៀបចំផែនការមួយដើម្បីដោះស្រាយបញ្ហានេះ។
ផែនការនេះរួមមានការបង្កើនចំនួនមនុស្សរស់នៅក្នុងក្រុងព្រះសីហនុឱ្យបាន ៣ ដងរហូតដល់មួយលាននាក់តាមរយៈការសម្រួលទិដ្ឋាការសម្រាប់ជនបរទេស និងការសម្រួលពន្ធសម្រាប់ពលរដ្ឋថ្នាក់កណ្តាលដែលកំពុងមានចំនួនកើនឡើងនៅកម្ពុជា។ កាលបរិចេ្ឆទត្រឹមឆ្នាំ ២០២៦ ឱ្យមានការកម្ទេចចោលឬសាងសង់បញ្ចប់អគារដែលបានសាងសង់ហើយពាក់កណ្ដាលទីក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
លោក David Totten នាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ Emerging Markets Consulting បាននិយាយថា អគារមិនទាន់សាងសង់រួចរាល់បានបង្កើតឱ្យមានបញ្ហាផ្លូវច្បាប់នានាទាក់ទិននឹងកម្មសិទ្ធិ និងការទទួលខុសត្រូវ។
លោកថ្លែងដូច្នេះថា៖ «សម្រាប់មួយភាគធំនៃអគារទាំងនោះ កម្មសិទ្ធិអាចជាមន្ទិល ហើយម្ចាស់កម្មសិទ្ធិរបស់គម្រោងសាងសង់ទាំងនោះប្រហែលជាលែងមានតទៅទៀតឬអសកម្ម។ ដូច្នេះនឹងមានបញ្ហាប្រឈមជាច្រើននៅក្នុងការយកអចលនទ្រព្យទាំងនោះពីម្ចាស់កម្មសិទ្ធិមុន»។
ប៉ុន្តែវិនិយោគិនកំពុងវិលត្រឡប់មកវិញជាបណ្ដើរៗ។
ការកែលម្អក្រោមការឧបត្ថម្ភពីចិនលើមូលដ្ឋានទ័ពជើងទឹករាមដ៏ចម្រូងចម្រាស ដែលស្ថិតនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រភាគខាងកើតក្រុងព្រះសីហនុ ក៏កំពុងត្រូវបានធ្វើឡើងផងដែរ ដែលករណីនេះបានធ្វើឱ្យសហរដ្ឋអាមេរិកមិនសប្បាយចិត្ត។ រដ្ឋាភិបាលអាមេរិកបានទទូចថា មូលដ្ឋានទ័ពជើងទឹករាមនេះនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹកក្រៅប្រទេសទីពីររបស់ចិន បន្ទាប់ពីប្រទេសជីប៊ូទី។
ប៉ុន្តែ រដ្ឋាភិបាលចិននិងរដ្ឋាភិបាលកម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ដោយបានបញ្ជាក់ថា នេះគឺជារឿងអធិបតេយ្យភាពរបស់កម្ពុជាសុទ្ធសាធ ហើយមូលដ្ឋាននេះនឹងត្រូវបើកចំហសម្រាប់ប្រទេសជាច្រើន។
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីមូលដ្ឋានទ័ពជើងទឹករាមនេះ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីមួយដែលគេស្គាល់ថា Bay of Lights កំពុងត្រូវបានសាងសង់លើដីចាក់បំពេញសមុទ្រចំនួន ៩៣៤ ហិចតា ដោយអ្នកជំនួញជនជាតិចិនឈ្មោះ Chen Zhi ហើយត្រូវបានរំពឹងថានឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ ២០២៨ ខាងមុខដោយនឹងចំណាយអស់ថវិកា ១៦ ពាន់លានដុល្លារ។
លោក Harrison White និពន្ធនាយកសារព័ត៌មាន Cambodia Investment Review បាននិយាយថា អ្វីជាច្រើនទៀតត្រូវបានគ្រោងឡើងសម្រាប់តំបន់នេះ ហើយការសាងសង់បន្ថែមអាចមានរហូតដល់ឆ្នាំ ២០៤០។
លោកថ្លែងដូច្នេះថា៖ «ស្របពេលដែលគម្រោងកំពុងដំណើរការទៅមុខ យើងរំពឹងថា ចំនួនប្រជាជននឹងកើនឡើង ១៦០.០០០ នាក់ ក៏ដូចជាការងារចំនួន ៣៣០.០០០ ផងដែរ ហើយអ្នកទេសចររហូតដល់ ៣ លាននាក់អាចនឹងមកទស្សនាតំបន់នេះ»។
ផ្លូវល្បឿនលឿនតម្លៃ ២,៥ ពាន់លានដុល្លារក្រោមហិរញ្ញប្បទានរបស់ចិន ដែលភ្ជាប់ទីក្រុងភ្នំពេញជាមួយក្រុងព្រះសីហនុ ត្រូវបានបើកឱ្យដំណើរការ ហើយផ្លូវល្បឿនលឿនមួយខ្សែទៀតក៏ត្រូវបានគ្រោងឡើងផងដែរដែលនឹងភ្ជាប់ទីក្រុងភ្នំពេញទៅកាន់ព្រំដែនវៀតណាម ស្របជាមួយនឹងបណ្តាញផ្លូវដែកល្បឿនលឿនដែលនឹងត្រូវសាងសង់ឡើងនៅក្នុងផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិន។
កាលពីថ្ងៃទី ២៨ ខែមេសា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បាននិយាយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៥០ ដែលមានតម្លៃប្រហែល ៣០ ពាន់លានដុល្លារត្រូវបានចាត់ជាអាទិភាព។ ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលមួយ ដោយសារផលទុនក្នុងស្រុកសរុប (GDP) របស់កម្ពុជាគឺមានត្រឹមតែ ២៧ ពាន់លានដុល្លារប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
ក្រុងព្រះសីហនុ —