ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដែល​ត្រូវ​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ​ប្រឈម​បញ្ហា​ច្រើន ប៉ុន្តែ​មិន​ចុះចាញ់


លោក Borby Orn រៀបរាប់​ប្រាប់​អ្នក​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ អំពី​វាលពិឃាត​មួយ​នៅ​ក្នុង​វត្ត​ស្ងួនពេជ្រ នៅ​ក្នុង​ប្រទេស​កម្ពុជា។
លោក Borby Orn រៀបរាប់​ប្រាប់​អ្នក​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ អំពី​វាលពិឃាត​មួយ​នៅ​ក្នុង​វត្ត​ស្ងួនពេជ្រ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ពលរដ្ឋ​កម្ពុជា​-អាមេរិកាំង​ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក​ចាប់​បញ្ជូន​ខ្លួន​មក​ប្រទេស​កម្ពុជា​វិញប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​មិន​ចុះ​ចាញ់​នឹង​បញ្ហា​ទាំង​នោះ​ឡើយ។ តួយ៉ាង​ពួកគេ​បាន​ចងក្រង​ជាក្រុម​ បង្កើត​ក្រុមហ៊ុន​ទេសចរណ៍​ដើម្បី​ជួយ​បង្កើត​ការងារ។

នៅ​តាម​ផ្លូវ​ទៅ​កាន់​ភ្នំ​មួយ​ដែល​មាន​ចម្ងាយប្រមាណ​១០០​គីឡូម៉ែត្រ​ពី​ទិស​និរតី​នៃ​រាជធានី​ភ្នំពេញបុរស​មួយ​ក្រុម​កំពុង​រៀន​សូត្រ​អំពី​ប្រវត្តិសាស្ត្រ​ជូរចត់​របស់​ប្រទេស​ដែល​ពួកគេត្រូវ​បាន​បញ្ជូន​ទៅ​វិញ។

អំពើ​ឃោរឃៅ​របស់​ខ្មែរ​ក្រហម​ដែល​ពួកគេទើប​នឹង​ដឹងបាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កន្លែង​នរក​ដែល​ឪពុកម្តាយ​របស់​ពួកគេ​បាន​នាំ​ពួកគេ​ចេញ​ពី​ទី​នេះ នៅ​ពេល​ដែល​ពួកគេ​ជា​កុមារ​កាលពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក នៅ​ពេល​ឪពុកម្តាយ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ជន​ភៀស​ខ្លួន​នៅ​សហរដ្ឋអាមេរិក។

សិស្សនៅ​ថ្ងៃ​នេះ​គឺ​ជា​ពួក​អ្នក​ដែល​ត្រូវ​បានសហរដ្ឋ​អាមេរិកចាប់​បញ្ជូន​មក​កម្ពុជា​វិញ។ ពួកគេ​គឺ​ជា​កូនៗ​របស់​ក្រុម​ជន​ភៀស​ខ្លួន​ខ្មែរ​ហើយ​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​របស់​អាមេរិក។ ពួកគេ​បាន​ធំ​ដឹង​ក្តី​នៅ​ទី​នោះហើយ​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​មក​ប្រទេស​កម្ពុជា​វិញ ដោយសារ​តែ​ការ​កាត់ទោស​ពី​បទឧក្រិដ្ឋ នៅ​ក្រោម​គោល​នយោបាយ​តាំង​ទីលំនៅ​ឡើង​វិញ​ដ៏​ចម្រូង​ចម្រាស​មួយ។

គ្រូ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​គ៏​ជា​អ្នក​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅប្រទេស​កម្ពុជា​វិញ​ដែរ។ ពួកគេ​ជា​ក្រុម​មនុស្ស​ដែល​ព្យាយាម​កសាង​អនាគត​ថ្មី​មួយ​សម្រាប់​ខ្លួន​ឯង។ ពួកគេ​និយាយ​ថា ការ​រៀន​សូត្រ​របស់​ពួកគេ​ក្នុង​ដំណើរ​កម្សាន្ត​ចុងសប្តាហ៍​គឺ​ប្រឈម​នឹង​បញ្ហា​ជាច្រើនហើយនាំ​ឲ្យ​ពួក​គេ​រៀន​សូត្រ​បាន​ច្រើន​តាម​រយៈ​បទពិសោធន៍​នេះ។

អ្នក​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​វត្ត​អំពែភ្នំ ដែល​ជា​វត្ត​មួយ​ខ្មែរ​ក្រហម​ប្រើប្រាស់​ធ្វើ​ជា​ពន្ធធាគារ។
អ្នក​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​វត្ត​អំពែភ្នំ ដែល​ជា​វត្ត​មួយ​ខ្មែរ​ក្រហម​ប្រើប្រាស់​ធ្វើ​ជា​ពន្ធធាគារ។

​លោក Jimmy Heim ​ជា​សហស្ថាបនិក​នៃ​ក្រុមហ៊ុន Zin ដែល​ជា​ក្រុមហ៊ុន​ទេសចរណ៍​បង្កើត​ឡើង​នៅ​ក្នុង​ខែមេសា ឆ្នាំ​មុន ដោយ​មនុស្ស​៥នាក់​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ។

លោក​និយាយ​ថា៖ «តាម​ពិត​ទៅ នៅ​ពេល​ដែល​ខ្ញុំ​ពន្យល់​ពី​អ្វី​ដែល​បាន​កើត​ឡើង ពួកគេ​បើក​ភ្នែក និង​ហា​មាត់​ធំៗ។ ពួកគេ​ហាក់​ដូច​ជា​ចង់​និយាយ​ថាពួកគេ​មិន​ដែល​ដឹង​រឿង​ហ្នឹង​ទាល់​តែ​សោះ»។ ​

នៅ​តាម​ផ្លូវ​ទៅ​ភ្នំ​មួយ ពួកគេ​បាន​ចូល​លេង​វត្ត​ស្ងួន​ពេជ្រ ដែល​ធ្លាប់​ជា​ពន្ធនាគារ​មួយ​របស់​ខ្មែរ​ក្រហម ក្នុង​ចំណោម​ពន្ធនាគារ​ជាង​២០០ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្លាប់​មនុស្ស​ ដែល​គេ​យល់​ថាជា​សត្រូវ​នៃ​របប​ខ្មែរ​ក្រហម។ មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​គេ​ជឿ​ថាត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់​នៅ​ទី​នោះ។

លោក Heim បាន​រៀបរាប់​រឿងរ៉ាវ​ពី​ការ​លះបង់​ព្រះជន្ម​របស់​ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ព្យាយាម​បង្អាក់​ការ​ប្រយុទ្ធ​គ្នា​ដោយ​គង់​កណ្តាល​សមរភូមិ​ប្រយុទ្ធ​រវាង​កងកម្លាំង​រដ្ឋាភិបាលនិង​ខ្មែរ​ក្រហមនៅ​មុន​ពេល​ខ្មែរ​ក្រហម​កាន់កាប់​ប្រទេស​កម្ពុជា​ទាំង​មូល។​

បន្ទាប់​មក ពួកគេ​ឈប់​ចត​នៅ​វត្ត​អំពែភ្នំដែល​ជា​វត្ត​មួយ​ទៀត​ដែល​ខ្មែរ​ក្រហម​បាន​យក​មក​ធ្វើ​ជា​ពន្ធនាគារ។ ​លោក Heim​ និយាយ​ថា មាន​មនុស្ស​ជាង​៤ពាន់នាក់​ត្រូវ​បាន​សម្លាប់​នៅ​ទី​នោះ។​

កន្លែង​ភាគច្រើនដែល​ពួកគេ​ទៅ​ទស្សនា​ជា​កន្លែង​សាហាវមាន​ដូចជា​ជំរំ​ធ្វើ​ទារុណកម្ម ដែល​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​នៅ​ទី​នោះ បង្អត់​អាហារ និង​ត្រូវ​បាន​សម្លាប់​ដោយសារ​តែ​ការ​សម្លាប់​រង្គាល​ក្រោម​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ទសវត្សរ៍​១៩៧០។​

ប៉ុន្តែ​មគ្គទេសក៍​ទេសចរណ៍របស់​ក្រុមហ៊ុន Zin​ កំពុង​យក​រឿង​ដ៏​សោកសៅ​នេះ និង​ការ​ចាប់​បញ្ចូន​ខ្លួន​ពួក​គេ​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​បង្កើត​ទៅ​ជា​រឿង​វិជ្ជមាន​មួយគឺ​ការ​បង្កើត​ការងារ​សម្រាប់​មនុស្ស​ដែល​កំពុង​តែ​ត្រូវ​ការងារ​ធ្វើ​ជា​បន្ទាន់។

នៅ​ក្នុង​ដំណើរ​កម្សាន្ត​នេះ ពួកគេ​បាន​ទៅ​សួន​ឧទ្យាន​គីរីរម្យ ដែល​ជា​ភ្នំ​ដ៏​ទាក់ទាញ​មួយ​នៅក្នុង​ព្រៃ ដែល​ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ធ្វើ​ជា​ជំរំ​ទាហាន។​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​នេះ​ក៏​ធ្វើ​ដំណើរ​កម្សាន្ត​រយៈពេល​មួយ​ថ្ងៃ​ផង​ដែរ ដោយ​ណែនាំ​អ្នក​ទេសចរណ៍​ឲ្យ​ស្គាល់​ពី​ស្ថាបត្យកម្ម​ដែល​គេ​មិន​សូវ​ស្គាល់ ដូចជា​ព្រះវិហារ​បុរាណ និង​ព្រះវិហារ​ចិន​ជាច្រើន។

អ្នក​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​ម្នាក់​ទៅ​លេង​ភ្នំ​គីរីរម្យ​ជាមួយ​នឹង​ក្រុមហ៊ុន​ទេសចរណ៍ Zin។
អ្នក​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​ម្នាក់​ទៅ​លេង​ភ្នំ​គីរីរម្យ​ជាមួយ​នឹង​ក្រុមហ៊ុន​ទេសចរណ៍ Zin។

លោក Heim ដែល​ជា​សមាជិក​នៃ​ក្រុម​គាំទ្រ​អ្នក​ត្រូវ​បាន​គេ​បញ្ជូន​មក​ប្រទេស​កម្ពុជា​មួយ​ហៅ​ថា ក្តី​ស្រឡាញ់​មួយ​សម្រាប់​កម្ពុជា ឬ 1Love Cambodia និយាយ​ថា គម្រោង​នេះ ទើប​តែ​ចាប់ផ្តើម ហើយ​កំពុង​តែ​ពង្រីក​សកម្មភាព​របស់​ខ្លួន ដើម្បី​បង្កើត​ការងារ​ចំនួន​៤០ដល់​អ្នក​ត្រូវ​បាន​គេ​បញ្ជូន​មក​ប្រទេស​កម្ពុជា។ អ្វី​ដែល​សំខាន់​គឺ​ថា ពួកគេ​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​ទេសចរណ៍​ធំៗ​ដែល​លក់​កញ្ចប់​នៃ​សេវា​ធ្វើ​ដំណើរ​កម្សាន្ត​ដែល​មាន​តម្លៃ​រាប់ពាន់​ដុល្លារ។​

សម្រាប់​អ្នក​ដទៃ​ វា​គ្រាន់​តែ​ជា​ការ​ជួយ​ពួកគេ​ឲ្យ​មាន​ភាព​ស្និទស្នាល​នៅ​ក្នុង​បរិស្ថាន​ថ្មី​ដែល​គួរ​ឲ្យ​ខ្លាច​មួយ​តែ​ប៉ុណ្ណោះ។

លោក Heim បាន​និយាយ​ថា «សម្រាប់​មនុស្ស​ភាគច្រើន​នៅ​ទីនេះ នៅ​ពេល​ពួកគេ​មក​ដល់ ពួកគេ​មាន​ការ​ភ័យ​ខ្លាច។ ពួកគេ​មិន​ចង់​ចេញ​ទៅ​ណា​នោះ​ទេ។ ពួកគេ​ខ្លាច​ និង​មិន​ចង់​ចេញ​ពី​ផ្ទះ​នោះ​ទេ»។

ការងារ​គឺ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហ​ធំៗ​ជាច្រើន​សម្រាប់​អ្នក​ដែល​ព្យាយាម​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់រយនាក់ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញតាំង​ពី​ឆ្នាំ២០០២​មក។

ទោះ​បី​ជាសេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​នេះ​ក៏​ដោយក៏នៅ​មិន​ទាន់​មាន​ការ​បង្កើត​ការងារ​ផ្សេងៗ​ឲ្យ​បាន​ច្រើន​ប្រភេទនិង​ក៏​មាន​ការ​ខ្វះ​ការងារ​ធ្វើ​ផង​ដែរ។ ​

ស្ថានភាព​ការងារ​មាន​ភាព​អាក្រក់​យ៉ាង​ខ្លាំងបណ្តាល​ឲ្យ​មនុស្ស​ជាង​១លាន​នាក់​បាន​ចាកចេញ​ពី​ប្រទេស​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង។ ប្រាក់​ឈ្នួល​សម្រាប់​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​អាច​ចាប់​ផ្តើម​តិច​ជាង​១០០ដុល្លារ​ក្នុង​មួយ​ខែ។

ប្រវត្តិ​នៃ​ការ​មាន​ទោស​បទល្មើស​ព្រហ្មទណ្ឌ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជូន​ទៅ​កម្ពុជា​វិញ​ពិបាក​រក​ការងារ​ធ្វើហើយ​ស្នាម​សាក់​ជាច្រើន​នៅ​លើ​ខ្លួន​ពួកគេ​ក៏​មិន​បាន​ជួយ​ពួកគេ​ទេ។ពួកគេ​រងគ្រោះ​ដោយសារ​បញ្ហា​ចិត្តសាស្ត្រ ដោយសារ​ការ​ជាប់​ពន្ធនាគារ​យូរ ការ​បាក់​ទឹកចិត្ត ការ​ព្រួយ​បារម្ភ ការ​ភ័យខ្លាច​ដោយ​គ្មាន​មូល​ហេតុនិង​ភាពងាយ​ញៀន​នឹង​អ្វី​មួយ។ ពួកគេ​មាន​បញ្ហា​ចិត្ត​សាស្ត្រ​កាន់​តែ​ខ្លាំង​ នៅ​ពេល​ដែល​ពួកគេ​បាន​ដឹង​ថា ពួកគេ​ទំនង​នឹង​មិន​បាន​ជួប​គ្រួសារ​របស់​ពួកគេ​នៅ​លើ​ទឹកដី​អាមេរិក​វិញ​នោះ​ទេ។ ​

អ្នក​ខ្លះ​អាច​និយាយ​ភាសា​ខ្មែរ​បាន​ល្អ​គ្រាន់​បើ ទោះ​ណា​ការ​បញ្ចេញ​សំឡេង​របស់​ពួកគេ​បង្ហាញ​ច្បាស់​ថា ពួកគេ​ជា​ជនបរទេស​ក៏​ដោយ។ នេះ​ជា​លទ្ធផល​នៃ​ទំនោរ​នៃ​ការ​ប្រើប្រាស់​ភាសា​ និង​គម្លាត​ភាសា ដែល​កើត​មាន​ឡើង​នៅ​ពេល​ពួកគេ​បង្ខំ​ចិត្ត​និយាយ​ភាសា​ដែល​គេ​និយាយ​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ភាព​ស្ទាត់ជំនាញ​របស់​ពួកគេ​ក្នុង​ភាសា​អង់គ្លេស​ហើយនឹងភាព​ទុក​ចិត្ត​ខ្លួន​ឯង​នៅ​ពេល​និយាយ​ជា​សាធារណៈគឺ​ជា​ចំណុច​ពិសេសពីរ​របស់​ពួកគេ។

នៅ​ក្នុង​ដំណើរ​កម្សាន្ត​នេះ ក្រុមហ៊ុន Zin បាន​ធ្វើ​ការ​វាយតម្លៃ​លើ​ជំនាញ​របស់​អ្នក​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ខ្លួន​ចំនួន​១៦នាក់។ ម្នាក់​ក្នុង​ចំណោម​ពួកគេ​គឺ​ Sang Nin ដែល​មាន​វ័យ​៤០ឆ្នាំ និង​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ខ្លួន​ ដោយសារ​តែ​មាន​បទល្មើស​មួយ​ចំនួនដែលលោក​និយាយ​ថា លោក​បាន​ប្រព្រឹត្តកាល​ពី​ជាង​២០ឆ្នាំ​មុន។

លោក Sang Nin អាយុ​៤០ឆ្នាំ ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បាន​សួរ​គ្រូ​ទាយ​ម្នាក់​អំពី​អនាគត​របស់​លោក នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​វត្ត​អំពែភ្នំ ក្នុង​ប្រទេស​កម្ពុជា។
លោក Sang Nin អាយុ​៤០ឆ្នាំ ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បាន​សួរ​គ្រូ​ទាយ​ម្នាក់​អំពី​អនាគត​របស់​លោក នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​វត្ត​អំពែភ្នំ ក្នុង​ប្រទេស​កម្ពុជា។

​លោក Nin ដែល​បាន​ចាក​ឆ្ងាយ​ពី​កូន៤នាក់​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា «ខ្ញុំ​មិន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​សាច់ញាតិ​របស់​ឪពុកម្តាយ​ខ្ញុំ​ទេ ហើយ​មិន​ដឹង​ថា ត្រូវ​ស្វែងរក​ពួកគេ​ដោយ​របៀប​ណា​នោះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​អាច​កសាង​ជីវិត​ថ្មី​នៅ​លើ​ទឹក​ដី​កម្ពុជា ដោយ​ព្យាយាម​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​ជីវិត​នៅ​ទី​នេះ»។

នៅ​វត្ត​អំពែភ្នំ គ្រូ​ទាយ​១រូប​បាន​ប្រាប់ Nin លោក​អាច​នឹង​មាន​សំណាង​ល្អ។

គ្រូ​ទាយ​នោះ​និយាយ​ថា «អតីតកាល​របស់​អ្នក​ពិត​ជា​កំសត់​ណាស់ ប៉ុន្តែ​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ​ទៅៗ ចាប់​ពី​នេះ​តទៅ»។

គ្រូ​ទាយ​នោះ​ពិត​ជា​ទាយ​ឆុត​មែន។ ​នៅ​ចុង​សប្តាហ៍​នោះ លោក​ត្រូវ​ក្រុមហ៊ុន Zin ផ្តល់​ការងារ​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​ទេសចរណ៍​ថ្មី​របស់​ក្រុមហ៊ុន៕

XS
SM
MD
LG