អគ្គនាយដ្ឋានអន្តោប្រវេសន៍នៃប្រទេសកម្ពុជាបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាប្រមាណ ៧០នាក់ ដែលកំពុងរស់នៅក្នុងស.រ.អា នឹងត្រូវស.រ.អាបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញក្នុងខែធ្នូនេះ នេះបើតាមការឲ្យដឹងរបស់អង្គការគាំទ្រជនអន្តោប្រវេសន៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ មជ្ឈមណ្ឌលសកម្មភាពនិងធនធានសម្រាប់អាស៊ីអគ្នេយ៍ ហៅកាត់ថា SEARAC បានឲ្យដឹងថាការធ្វើមាតុភូមិនិវត្តិន៍នេះប្រហែលជានឹងបែងចែកជា២ក្រុម ហើយថាក្រុមទីមួយនឹងត្រូវបញ្ជូនទៅកម្ពុជាវិញ នៅមុនថ្ងៃបុណ្យណូអែល។
នាយកប្រតិបត្តិនៃអង្គការ SEARAC លោកស្រី Quyen Dinh បានប្រតិកម្មដោយថ្លែងថា៖ «យើងថ្កោលទោសចំពោះការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន និង ការបំបែកគ្រួសារ។ វិធានការណ៍ដែលគ្មានការអាណិតអាសូរបែបនេះ របស់រដ្ឋាភិបាលស.រ.អា និង រដ្ឋាភិបាលកម្ពុជាដើម្បីបំភិតបំភ័យមនុស្សមុនថ្ងៃបុណ្យទាន ជារឿងដែលគួរឲ្យស្អប់ខ្ពើម»។
ដូចដែល VOA បានរាយការណ៍ពីពេលមុន គឺថាពលរដ្ឋកម្ពុជាជាច្រើននាក់ដែលបានរួចរានមានជីវិតពីរបបខ្មែរក្រហម មានជម្ងឺបាក់ស្បាត។ រឿងនេះបាននាំឲ្យមានបញ្ហាស្មុគស្មាញក្នុងការរួមរស់ក្នុងសង្គមអាមេរិក។ លោក ជុំ ប៊ុន រ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំស.រ.អា បានថ្លែងប្រាប់ VOA ថា «សង្គ្រាមនិងការប្រល័យពូជសាសន៍ បាននាំឲ្យមានបញ្ហាជាច្រើនក្នុងក្រុមគ្រួសារ។ ពួកគេនៅតែជួបប្រទះនឹងការលំបាកនៅលើទឹកដីស.រ.អា និងកំពុងតែមានវិបត្តិក្នុងចិត្តដែលប្រហែលជាអាចនាំឲ្យអ្នកខ្លះប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម»។
មន្ត្រីអន្តោប្រវេសន៍ គយ និង ការពង្រឹងច្បាប់ ហៅកាត់ថា ICE បានថ្លែងប្រាប់ VOA ថាទីភ្នាក់ងារនេះមិនធ្វើអាត្ថាធិប្បាយលើគម្រោងធ្វើប្រតិបត្តិការទេ រហូតដល់ពេលចប់សព្វគ្រប់សិន ដោយសារនេះជាគោលនយោបាយ និងពាក់ព័ន្ធជាមួយរឿងសន្តិសុខ។
សេចក្តីរាយការណ៍របស់អង្គការ SEARAC និយាយថា មនុស្សយ៉ាងហោច ២រយនាក់ត្រូវគេរំពឹងថានិងបញ្ជូនទៅកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៨ខាងមុខ ដែលនឹងជាចំនួនច្រើនជាងគេបង្អស់ក្នុងរយៈពេលមួយឆ្នាំក្នុងប្រវត្តិសាស្ត្រអាមេរិក និង កម្ពុជា៕