ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអាមេរិក និងកម្ពុជា វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក ដែលបានគ្រប់គ្រងវត្ថុបុរាណនេះរាប់ឆ្នាំមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌កម្ពុជា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល វត្ថុបុរាណទាំងនោះ រួមមានបដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ ដែលត្រូវបានលួចចេញពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានីកោះកេរ តាំងពីទស្សវត្សរ៍១៩៩០។
បើតាមក្រសួងវប្បធម៌ រូបចម្លាក់ទាំងនេះត្រូវបានលួចចេញពីប្រាសាទតែមួយដែលតម្កល់ព្រះបដិមាព្រះឥសូរ និងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។
ក្នុងចំណោមវត្ថុដែលប្រគល់មកវិញនេះ ក៏មានចម្លាក់មួយអង្គ ដែលគេជឿជាក់ថាជាបដិមាព្រះធ្ឬស្ថឡុមន៍ ដែលមានប្រភពមកពីប្រាសាទចិន ក្នុងរមណីដ្ឋានប្រាសាទកោះកេរផងដែរ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋាភិបាលកម្ពុជាកោតសរសើរចំពោះគ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់កម្ពុជាដែលខ្លួនកំពុងកាន់កាប់ គឺបានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងមកឱ្យកម្ពុជាវិញ។
រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា៖ «យើងមានសេចក្តីរំភើបក្រៃលែង ដែលស្នាដៃដ៏ល្អឯកទាំងនេះត្រូវបានប្រគល់មកវិញ បន្ទាប់ពីកិច្ចសហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងអស់រយៈពេលបីឆ្នាំមក»។
អ្នកស្រីបន្ថែមថា៖«ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម»។
ទោះជាយ៉ាងណាក្តី នៅពេលវីអូអេទាក់ទងទៅដោយសួរពីពេលវេលាជាក់លាក់នៃការបញ្ជូនវត្ថុបុរាណទាំងនោះត្រឡប់មកកម្ពុជាវិញ អ្នកស្រី ភឿង សកុណា បញ្ជាក់ថា៖ «ឥឡូវនៅក្នុងកន្លែងឃ្លាំងនៅសហរដ្ឋអាមេរិក។ អ៊ីចឹងទាល់តែយើងប្រមូលបានច្រើន យើងដាក់មកម្តងតែម្តង។ ពួកខ្ញុំអត់បានកំណត់ថ្ងៃមកទេ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបាននៅឡើយទេ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ រូបចម្លាក់ ព្រះស្កន្ទគង់លើក្ងោកដែលជាវត្ថុបុរាណដែលមានសារៈសំខាន់ខាងវប្បធម៌ និងសាសនាយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជា ត្រូវបានបញ្ជូនមកកម្ពុជា។ រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក»ឆ្លាក់ឡើងពីថ្មភក់ក្នុងរចនាបថកោះកេរនៃសម័យអង្គរពាក់កណ្តាលទី១ នៃសតវត្សរ៍ទី១០ ត្រូវបានចាត់ទុកថាជា«គំរូនៃភាពច្នៃប្រឌិតដ៏គួរឲ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរ»៕