នៅថ្ងៃចន្ទនេះ មន្ត្រីនិងអ្នកតំណាងស្ថាប័នរដ្ឋអាមេរិកមួយចំនួន នឹងចូលរួមជាមួយ លោក កែវ ឈា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅទីក្រុង New York ក្នុងពិធីមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌របស់កម្ពុជាចំនូន ៣០ ដែលក្នុងនេះមាន រូបចម្លាក់សតវត្សទី ១០ «ព្រះស្កន្ទគង់លើក្ងោក» ដ៏សំខាន់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអប់រំនិងវប្បធម៌ អ្នកស្រី Lee Satterfield រួមដំណើរដោយអ្នកតំណាងអាមេរិកមកពីការិយាល័យមេធាវីសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក (USASD) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) នឹងគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំក្នុងតំបន់របស់កម្ពុជា ក្នុងនាមជាដៃគូការពារបេតិកភណ្ឌវប្បធម៌ តាមរយៈកិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌សហរដ្ឋអាមេរិក-កម្ពុជា ដែលជាកិច្ចព្រមព្រៀងតែមួយគត់រវាងសហរដ្ឋអាមេរិក និងសមាជិកអាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ទី៦សីហា។
ទស្សនកិច្ចរបស់អ្នកស្រី Lee Satterfield ទៅកាន់បូរីញូយ៉កធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken ទៅកាន់ប្រទេសកម្ពុជា កាលពីដើមខែសីហានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ជាមួយ VOA ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក៏បានលើកឡើងអំពីកិច្ចប្រឹងប្រែងយ៉ាងមុះមុតរបស់រដ្ឋាភិបាលអាមេរិកក្នុងការប្រគល់បេតិកភណ្ឌវប្បធម៌នានាមកកម្ពុជាវិញផងដែរ។
លោក Blinken ថ្លែងប្រាប់ VOA ថា៖ «ខ្ញុំក៏មានមោទនភាពផងដែរដែលយើងបានប្រគល់ជូនកម្ពុជាវិញនូវវត្ថុបុរាណដែលជាកេរដំណែលវប្បធម៌ ដែលត្រូវបានគេលួចពីប្រទេសកម្ពុជា ហើយសហរដ្ឋអាមេរិកធ្វើយ៉ាងណាឱ្យប្រាកដថាវត្ថុបុរាណទាំងនោះបានត្រឡប់ទៅដល់កម្ពុជាវិញ។ អ្វីដែលខ្ញុំគាំទ្រយ៉ាងខ្លាំងគឺការការពារវប្បធម៌។ ដូច្នេះ យើងកំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងទាំងនោះឱ្យកាន់តែស៊ីជម្រៅជាងមុនថែមទៀត។»
ក្នុងចំណោមសម្បត្តិវប្បធម៌របស់កម្ពុជាទាំង ៣០ ដែលដាក់ក្នុងពីធីមាតុភូមិនិវត្តន៍នៅថ្ងៃចន្ទនេះ រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» គឺជាវត្ថុបុរាណដែលមានសារៈសំខាន់ខាងវប្បធម៌ និងសាសនាយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១១ កក្កដា ២០២១ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានលើកឡើងថារូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែលឆ្លាក់ឡើងពីថ្មភក់ក្នុងរចនាបថកោះកេរនៃសម័យអង្គរពាក់កណ្តាលទី១នៃសតវត្សទី ១០ នេះ «គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឲ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរ»។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចត្រសិល្បៈថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖
«ព្រះស្កន្ទទេពនៃសង្គ្រាមរបស់សាសនាហិណ្ឌូ គឺកម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាងលេចធ្លោនៅប្រាសាទក្រចាប់។ ការវិលត្រឡប់មកវិញនៃរូបចម្លាក់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសយើងដែលបានចាកចេញពីមាតុភូមិកំណើតអស់រយៈពេលច្រើនឆ្នាំកន្លងមកក្នុងអំឡុងសម័យសង្គ្រាម»។
រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ត្រូវបានសម្រេចឲ្យប្រគល់ជូនប្រទេសកម្ពុជាដោយក្រុមរដ្ឋអាជ្ញាអាមេរិកនៅសង្កាត់ Manhattan ទីក្រុង New York កាលពីខែកក្កដា ឆ្នាំ ២០២១ ក្រោយការស៊ើបអង្កេតប្រវត្តិរូបចម្លាក់នេះយ៉ាងល្អិតល្អន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត The New York Times។
សេចក្តីរាយការណ៍នេះបានឲ្យដឹងថា ក្រុមរដ្ឋអាជ្ញាអាមេរិកកំណត់ថា រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ត្រូវបានលួចកាលពីជាង ២០ ឆ្នាំមុនពីប្រាសាទក្រចាប់ ដោយអតីតសមាជិកខ្មែរក្រហមម្នាក់ ហើយក្រោយមកបានធ្លាក់ក្នុងដៃអ្នកប្រមូលទិញសិល្បៈជនជាតិអង់គ្លេស លោក Douglas A.J. Latchford ដែលរស់នៅក្នុងទីក្រុងបាងកក ប្រទេសថៃនៅពេលនោះ។
កាសែត The New York Times រាយការណ៍ថា លោក Douglas A.J. Latchford តែងតែប្រកាន់ជំហរថា «ប្រជាជនលោកខាងលិចដែលបានទិញវត្ថុវប្បធម៌អាស៊ីអាគ្នេយ៍ក្នុងអំឡុងសង្គ្រាមរាប់ទសវត្សរ៍នៅក្នុងប្រទេសកម្ពុជានិងប្រទេសវៀតណាម គួរតែត្រូវបានគេមើលឃើញថា ជាអ្នកជួយសង្គ្រោះវប្បធម៌ដែលអាចបាត់បង់នៅក្នុងព្រៃ ឬត្រូវបានបំផ្លាញ»។ លោក Douglas A.J. Latchford ក៏បានបរិច្ចាគវត្ថុបុរាណ និងថវិកាដល់សារមន្ទីជាតិកម្ពុជាផងដែរ។ ប៉ុន្តែនៅឆ្នំា ២០១៩ មួយឆ្នំាមុនលោកស្លាប់ លោក Douglas A.J. Latchford ត្រូវបានក្រុមរដ្ឋអាជ្ញានៅទីក្រុងញូវយ៉កចោទប្រកាន់ពីបទ«រត់ពន្ធវត្ថុបុរាណ»។
រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែលត្រូវបានលក់ចុងក្រោយក្នុងតម្លៃ 1,៥ លានដុល្លាអាមេរិក កាលពីខែមេសា ឆ្នំា២០០០ នឹងធ្វើដំណើរជាមួយសម្បត្តិវប្បធម៌ ២៩ ទៀត ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនាពេលឆាប់ៗនេះ៕