តំណាងសហគមន៍ខ្មែរសំខាន់ៗមកពីជុំវិញពិភពលោក នឹងជួបប្រជុំគ្នានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីនៅឯសន្និសីទរយៈពេលបីថ្ងៃនាចុងខែមីនា ដើម្បីពិភាក្សាពីបញ្ហាប្រឈមដែលប្រទេសកម្ពុជាកំពុងជួបប្រទះ។
«សន្និសីទពិភពលោកសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា»មានគោលបំណងវិភាគគោលនយោបាយដែលមានស្រាប់របស់គណបក្សធំៗនៅក្នុងប្រទេសកម្ពុជានិងស្វែងរកគន្លឹះដោះស្រាយបញ្ហាហើយរៀបចំជាអនុសាសន៍ដើម្បីឱ្យគណបក្សនយោបាយទទួលយកទៅបញ្ចូលក្នុងគោលនយោបាយរបស់ពួកគេសម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសកម្ពុជានៅក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធខ្មែរអូស្រ្តាលីសាជីវកម្មដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទ។
លោកហុង លីម អ្នកតំណាងរាស្ត្រអូស្រ្តាលីដើមកំណើតខ្មែរ ដែលជាអ្នកផ្តួចផ្តើមគំនិតរៀបចំសន្និសីទនេះបានបញ្ជាក់បន្ថែមថា៖
«ខ្ញុំយល់ថាវានឹងជាការប្រមូលផ្តុំជាលើកទីមួយនូវគំនិតប្រាជ្ញាខ្មែររួមគ្នាមកគិតគូពីបញ្ហាមាតុភូមិយើងដោយសុទ្ធចិត្ត ដោយស្មោះត្រង់មិនមានការបំភ្លៃបន្លំដើម្បីធ្វើឱ្យមានការប្រទុស្តរ៉ាយខាងផ្លូវចិត្តឬខាងអីទេ។ យើងនិយាយដោយសុទ្ធចិត្ត។ ខ្ញុំយល់ថាវានឹងទៅជាឯកសារមួយដ៏សំខាន់សម្រាប់ប្រើប្រាស់រហូតទៅទោះជាគណបក្សណាមិនយកក៏ដោយអ្នកដទៃទៀតអាចយកមកស្រាវជ្រាវបន្តយកទៅមើលយកចិត្តទុកដាក់ដើម្បីជួយរួមគ្នាគិតគូដំណោះស្រាយបញ្ហារបស់ខ្មែរយើង»។
សន្និសីទនេះនឹងរៀបចំឡើងពីថ្ងៃទី៣១ខែមីនាដល់ថ្ងៃទី២ខែមេសាហើយត្រូវថ្លែងសុន្ទរកថាបើកដោយលោកហ្ការ៉េដ អេវ៉ាន (Gareth Evans) អតីតរដ្ឋមន្ត្រីការបរទេសអូស្រ្តាលីនិងជាអ្នកផ្តួចផ្តើមគំនិតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១។ ក្នុងចំណោមវាគ្មិនសំខាន់ៗដែលនឹងត្រូវមកធ្វើបទបង្ហាញមានដូចជាលោកបណ្ឌិតអ៊ា សុផល សាស្រ្តាចារ្យនៃមហាវិទ្យាល័យOccidental College លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោកមាស ហៃសាន អតីតប្រធានបណ្តាញពលរដ្ឋខ្មែរដើម្បីកម្ពុជា (Khmer People Network for Cambodia) និងលោក វ៉ាន់ ស ប្រធានមូលនិធិមិត្តភាពខ្មែរ-អាមេរិកាំង។
បញ្ហាប្រឈមដែលនឹងត្រូវយកមកពិភាក្សាមានការសិក្សាធិការ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធជនបទ រហូតដល់ការពារបរិស្ថាន ពលករចំណាកស្រុកនិងជនអន្តោប្រវេសន៍។
លោកហុង លីម មើលឃើញថាសិស្សានុសិស្សកម្ពុជាសិក្សាតែកន្លះថ្ងៃដែលពិបាកនឹងមានចំណេះដឹងគ្រប់គ្រាន់អាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។ រីឯពលរដ្ឋក្រីក្រមួយចំនួនបានសម្រេចចាកចេញពីប្រទេសទៅធ្វើការជាពលករគ្មានជំនាញនៅប្រទេសជិតខាង។
លោកបន្ថែមថា៖
«ជារឿងគួរឱ្យអាណោចអធ័មណាស់ដែលថាកូនចៅយើងធ្វើចំណាកស្រុកអត់ធ្វើស្រែធ្វើចំការនឹងទឹកដីមាតុភូមិខ្លួនឯងដែលមានចំការហើយទៅចោលចំការប៉ុន្តែទៅស្រុកថៃទៅធ្វើការចំការឱ្យគេដដែលដោយសារជីវភាពគេខាងពួកម្ចាស់ស្រុកថៃគេហ៊ឺហាជាងយើងទៅកិច្ចការធ្វើស្រែធ្វើចំការគេយល់ថាជាកិច្ចការដែលគេមានកម្រិតជីវភាពខ្ពស់មិនត្រូវមកធ្វើមុខរបរហ្នឹង។ ដូច្នេះគេមកឱ្យតែ ពួកយើងធ្វើអីចឹងទៅ»។
ក្រុមសកម្មជនសិទ្ធិពលករចំណាកស្រុកបានវាយតម្លៃថាមានពលរដ្ឋខ្មែរជាង១លាននាក់បានធ្វើការនៅក្រៅប្រទេសក្នុងនោះភាគច្រើននៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េ។ ពួកគេរងការរំលោភបំពានសិទ្ធិនិងធ្វើការលំបាកជាច្រើន។
ក្នុងពេលជាមួយគ្នានេះដែរជនជាតិវៀតណាមបែរជាចូលមកក្នុងប្រទេសកម្ពុជាដើម្បីធ្វើការនិងស្នាក់នៅដោយមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ។ នេះជាក្តីបារម្ភរបស់លោកហុង លីម។
«ការហូរចូលនិគមយួនជាអំពើអាណាចាខាងផ្នែកអន្តោប្រវេសន៍គឺស្រេចតែអំពើចិត្តហ្មងហើយ។ យួនចូលមកនៅខុសច្បាប់ហើយដល់គេមកនៅច្រើនគេថាធ្វើម៉េចឱ្យគេបានរស់នៅស្រួលបួលផង។ វាទៅជារឿងជ័យជេដ្ឋាទីពីរកើតឡើងវិញគឺជាការអាណោចអធ័មហើយជាគ្រោះថ្នាក់ខ្លាំងបំផុតនូវកិត្យានុភាពស្រុកយើង នូវបូរណភាពទឹកដីប្រទេសយើងដែលជាប្រទេសឯករាជ្យ»។
ជនជាតិចិនក៏ចាប់ផ្តើមហូរចូលយ៉ាងគំហុកចូលក្នុងប្រទេសកម្ពុជាដោយធ្វើការមិនមានច្បាប់ទម្លាប់អ្វីទេ។ រដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថាជនជាតិចិនដែលធ្វើការដោយគ្មានច្បាប់និងមិនបានបង់ពន្ធមានជាង១០ម៉ឺននាក់។
លោកវ៉ាន ស ប្រធានមូលនិធិមិត្តភាពខ្មែរ-អាមេរិកាំង(Cambodian American Friendship Foundation) ដែលមានមូលដ្ឋាននៅរដ្ឋវ៉ាស៊ីនតោនគ្រោងនឹងលើកឡើងពីតម្រូវការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដល់ពលរដ្ឋដែលនៅតំបន់ជនបទដែលមានដូចជាសាលារៀន មន្ទីរសុខភាព និងអណ្តូងទឹក។
លោកបន្ថែមថា៖
«ទីមួយ ធ្វើម៉េចឱ្យភូមិកររបស់ខ្លួនដែលពលរដ្ឋរស់នៅមានរចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីគ្នារស់នៅបានស្រួលហើយទីពីរឱ្យគ្នាមានលទ្ធភាពចូលរួមក្នុងការបង្កើតផលព្រោះវាមានប្រយោជន៍ពីរគឺទីមួយដល់ជាតិនិងទីពីរឱ្យគ្នាអ្នករស់នៅក្នុងតំបន់រស់នៅបានស្រួលផង»។
លោកវ៉ាន់ ស យល់ថាបើធ្វើដូចនេះបានគឺអាចទប់ពលរដ្ឋមិនឱ្យធ្វើចំណាកស្រុកក្នុងចំនួនច្រើនដូចពេលបច្ចុប្បន្ននេះ។
«ខ្ញុំបារម្ភឃើញប្រជាពលរដ្ឋយើងចេញពីភូមិកំណើតច្រើនពេក។ ឥឡូវនេះកាន់តែច្បាស់ឡើងទៀតគឺទីមួយមករកការងារធ្វើក្នុងក្រុង ហើយទីពីរបើរកក្នុងក្រុងមិនបានទេគឺចេញទៅស្រុកក្រៅ។ បើយើងធ្វើដូចនេះបានគឺជួយទប់ឱ្យពលរដ្ឋដែលនៅក្នុងភូមិករមានលទ្ធភាពរស់នៅបានស្រួលហើយស្រឡាញ់ភូមិករខ្លួនផងដែរ»។
លោកមាស ហៃសាន នៃបណ្តាញពលរដ្ឋខ្មែរដើម្បីកម្ពុជាចង់ឃើញគម្រោងច្បាស់លាស់ដែលអាចយកទៅជួយប្រទេសកម្ពុជាបានដែលមានដូចជាលើវិស័យអប់រំនិងសុខាភិបាលនៅតំបន់ជនបទ។
«ការអប់រំជាធម្មតានៅជនបទជាមូលដ្ឋានហ្នឹងក៏ដោយឬក៏ការអប់រំផ្នែកសុខភាពនៅមូលដ្ឋានក៏ដោយ ឬក៏ការបង្កើតមន្ទីរសម្រាលកូននៅតាមទីជនបទក៏ដោយមានសារៈសំខាន់ណាស់ពីព្រោះពលរដ្ឋខ្មែរយើងភាគច្រើនមានការលំបាកក្នុងការចូលមកទទួលសេវាព្យាបាលដោយសារតែខ្វះធនធានដោយសារតែខ្វះផ្លូវថ្នល់ឬខ្វះយានជំនិះដូច្នេះស្លាប់ហ្នឹងច្រើនណាស់»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដា។ គណបក្សប្រជាជនកម្ពុជាដែលបានកាន់អំណាចជាង៣០ឆ្នាំត្រូវបានគេមើលឃើញថាជាគណបក្សដ៏ធំគ្មានគូប្រៀបបន្ទាប់ពីបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ។ មានគណបក្សនយោបាយជាច្រើនទៀតដែលមិនធ្លាប់ឈ្នះបានអាសនៈសភាជាតិក្នុងការបោះឆ្នោតឆ្នាំ២០១៣ក៏គ្រោងនឹងចូលរួមប្រកួតដែរ។
លោកហុង លីម ជឿជាក់ថាអនុសាសន៍ដែលទទួលបានពីសន្និសីទនេះគឺគណបក្សនានាអាចនឹងយកទៅប្រើប្រាស់បានច្រើន។
«ទោះជាគ្មានរដ្ឋាភិបាលណានឹងយកចិត្តទុកដាក់នូវសំណើស្នើសុំអនុសាសន៍របស់យើងឱ្យមានការកែប្រែលម្អបញ្ហាប្រឈមមុខសំខាន់ៗទាំងអស់ហ្នឹងយ៉ាងណាក៏ដោយក៏យើងចង់បង្ហាញ ចង់ស្រែកជំទាលឱ្យពេញមួយពិភពលោកហ្នឹងក្នុងចំណោមមជ្ឈដ្ឋានខ្មែរយើងក្នុងស្រុកនិងក្រៅស្រុកថាជារឿងជាបញ្ហាដ៏តក់ក្រហល់ជាបញ្ហាប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងជាតិយើង។ ដូច្នេះយើងជាម្ចាស់ស្រុកយើងជាខ្មែរត្រូវតែហ៊ានចាត់ប្រឈមមុខយកបញ្ហានេះយកមកគិតហើយគិតហ្នឹងគិតដោះស្រាយទោះអ្នកណាមិនដោះស្រាយក៏ដោយក៏បញ្ហាហ្នឹងវានៅ តែជាបញ្ហាដែលយើងនៅតែដោះស្រាយ»។
ប្រទេសកម្ពុជាមានការរីកចម្រើនសេដ្ឋកិច្ចថេរក្នុងកម្រិត៦ទៅ៧ភាគរយចាប់តាំងពីឆ្នាំ១៩៩៤មកដែលធ្វើឱ្យអត្រានៃភាពក្រីក្រធ្លាក់ចុះពី៤៧,៨ភាគរយមកនៅត្រឹម១៣,៥ភាគរយនៅថ្នាក់ជាតិ។ ប៉ុន្តែការរីកចម្រើននោះមិនបានចែករំលែកដោយសមភាពដល់តំបន់ជនបទដែលធ្វើឱ្យមានគម្លាតគ្នារវាងទីក្រុងនិងជនបទ។
ធនាគារពិភពលោកបានរកឃើញថាបញ្ហាប្រឈមក្នុងការអភិវឌ្ឍដែលកម្ពុជាជួបប្រទះរួមមានតម្រូវការក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អ ការអភិវឌ្ឍដែលរួមបញ្ជូលជនក្រីក្រ រដ្ឋបាលដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ ការថែរក្សាបរិស្ថាននិងអភិបាលកិច្ចល្អ៕