ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​នៅរដ្ឋ ​North Carolina ​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​ពេល​ការិយាល័យ​បើកទ្វារ


លោក សែម ឌួង​ (Sam Duong)​ ពលរដ្ឋខ្មែរអាមេរិកាំង ដែល​ជាគ្រូ​គង្វាល​ព្រះវិហារ​សាសនា​គ្រិស្ត​ មកបោះឆ្នោតនៅការិយាល័យក្នុង​ទីក្រុង​ Charlotte ​រដ្ឋ North Carolina។ (សុខ ខេមរា/VOA)
លោក សែម ឌួង​ (Sam Duong)​ ពលរដ្ឋខ្មែរអាមេរិកាំង ដែល​ជាគ្រូ​គង្វាល​ព្រះវិហារ​សាសនា​គ្រិស្ត​ មកបោះឆ្នោតនៅការិយាល័យក្នុង​ទីក្រុង​ Charlotte ​រដ្ឋ North Carolina។ (សុខ ខេមរា/VOA)

នៅ​ពេលការិយាល័យ​បោះឆ្នោត​នៅ​តាម​សង្កាត់​នានា​ក្នុង​រដ្ឋ North Carolina​ ចាប់ផ្តើម​បើក​ទ្វារ​នៅព្រឹក​ម៉ោង​៦និង​៣០នាទី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋ​នេះ​ក៏​មក​ចូលរូម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​ផង​ដែរ។

មក​ដល់​ថ្ងៃ​បោះឆ្នោត ​ទី៣ ខែវិច្ឆិកា នេះ អ្នកបោះឆ្នោត​មុន​ថ្ងៃ​កំណត់​តាម​ប្រៃសណីយ៍និង​ដោយ​ផ្ទាល់​នៅទូទាំង​ប្រទេស​មាន​ចំនួន​ជិត១០០ លាននាក់​ ប្រមាណ ៦៥ ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​សរុប ១៥០លាននាក់។ ខណៈ​ដែល​តួលេខ​អ្នក​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​ដ៏​ខ្ពស់​នេះ បង្ហាញ​ថា​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ ២០២០ អាច​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​មួយ​សតវត្សរ៍​ចុង​ក្រោយ​នេះ ក្រុម​អ្នក​បោះឆ្នោត​ខ្មែរអាមេរិកាំង​នៅ​ក្នុង​រដ្ឋ North Carolina​ ទាំង​នេះ​តាំងចិត្ត​ប្រើ​សិទ្ធិ​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​របស់​ខ្លួន ដោយ​បោះឆ្នោត​ឲ្យបេក្ខជនគណបក្ស​សាធារណរដ្ឋ​គឺ​លោក​ប្រធានាធិបតី Donald Trump ឬ​បេក្ខជនគណបក្ស​ប្រជាធិតេយ្យ​គឺលោក​អតីត:​អនុប្រធានាធិបតី Joe Biden។

ឈរ​តម្រង់​ជួរ​រង់​ចាំ​ការ​បោះឆ្នោត​តាម​គម្លាត​សង្គម​ដើម្បី​ការពារ​មិនឲ្យ​ឆ្លងជំងឺ​កូវីដ១៩​លោក សែម ឌួង​ (Sam Duong)​ ពលរដ្ឋ​ខ្មែរអាមេរិកាំង​មកពី​ទីក្រុង​ Charlotte ​ជាគ្រូ​គង្វាល​ព្រះវិហារ​សាសនា​គ្រិស្តម្នាក់​បាន​ថ្លែងថា​ ការ​ដែល​លោក​មក​បោះឆ្នោត​នៅថ្ងៃនេះ​គឺជារឿង​សំខាន់​ណាស់ ដោយ​សារ​លោក​មិនមែន​ត្រឹមតែ​ប្រើ​សេរីភាព​របស់​លោក​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នោះ​ទេ តែ​ក៏​ដើម្បី​ជ្រើសរើស​អ្នក​តំណាង​ផ្សេងទៀត​រួមទាំង​មន្ត្រី​តុលាការ​ផងដែរ។

លោក សែម ឌួង​ (Sam Duong)​ ពលរដ្ឋខ្មែរអាមេរិកាំង ដែល​ជាគ្រូ​គង្វាល​ព្រះវិហារ​សាសនា​គ្រិស្ត​ មកបោះឆ្នោតនៅការិយាល័យក្នុង​ទីក្រុង​ Charlotte ​រដ្ឋ North Carolina។ (សុខ ខេមរា/VOA)
លោក សែម ឌួង​ (Sam Duong)​ ពលរដ្ឋខ្មែរអាមេរិកាំង ដែល​ជាគ្រូ​គង្វាល​ព្រះវិហារ​សាសនា​គ្រិស្ត​ មកបោះឆ្នោតនៅការិយាល័យក្នុង​ទីក្រុង​ Charlotte ​រដ្ឋ North Carolina។ (សុខ ខេមរា/VOA)

លោក សែម ឌួង ថ្លែង​ប្រាប់ VOA ថា៖ «បោះឆ្នោត​នេះ​គឺថាជា​សេរីភាព​របស់ខ្ញុំ​ដែល​ខ្ញុំចង់​បាន​សំឡេង​ខ្លួនខ្ញុំ​ហើយខ្ញុំ​ចង់​រើស​ប្រធានាធិបតី​ដែល​ខ្ញុំស្រឡាញ់​ហើយ​ដែល​ខ្ញុំដឹង​ថា​គាត់នឹង​មាន​សមត្ថភាព​ដើម្បី​ដឹកនាំ​ប្រទេសនេះ​ឲ្យបាន​ជោគជ័យ​នូវអ្វី​ដែលខ្ញុំ​ប្រាថ្នា​ចង់បាន​ដូច្នេះសំខាន់។ ​ដូច្នេះ​អត់មាន​នរណា​បង្ខំខ្ញុំ ឃ្លាំមើល​ខ្ញុំ​ឬក៏​គម្រាមខ្ញុំ​ដើម្បី​ឲ្យខ្ញុំ​ទៅ​បោះឆ្នោត​ទេ»។

លោក​សែម ឌួង ​ដែលជា​អ្នកមក​ពីខេត្ត​ស្វាយរៀង​និង​ជា​អតីត​ជនភៀស​ខ្លួន​មកដល់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ១៩៨០ បន្ថែម​ថាលោក​ចង់ឃើញ​ប្រធានាធិបតី​ថ្មី និង​អ្នក​តំណាង​នានា​គិតគូរ​ពី​តម្លៃ​ព្យាបាល​ពេទ្យ​ដែល​ថ្លៃ​ហួស​កម្រិត​ជួយកែ​ទម្រង់​ផ្នែក​អប់រំ​រាប់​ទាំង​ការ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​និងលទ្ធភាព​រៀន​ថ្នាក់ខ្ពស់​របស់​សិស្សានុសិស្ស ជួយដល់​សហគមន៍​នានា​រាប់ទាំងសហគមន៍​ខ្មែរដែលត្រូវ​ការប្រត្តិបត្តិ​សេរីភាព​សាសនា​ដូចជា​វត្ត​អារាម​ពុទ្ធសាសនា​និង​ព្រះវិហារសាសនា​គ្រិស្ត និង​ជួយដល់​ការ​បង្កើត​សមាគម​ផ្សេងៗ​ផងដែរ។

ការិយាល័យបោះឆ្នោតមួយក្នុង​ទីក្រុង​ Charlotte ​រដ្ឋ North Carolina នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ (សុខ ខេមរា/VOA)
ការិយាល័យបោះឆ្នោតមួយក្នុង​ទីក្រុង​ Charlotte ​រដ្ឋ North Carolina នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ (សុខ ខេមរា/VOA)

លោក​ សែម ឌួង និយាយ​ថា៖ «ខ្ញុំ​បោះឆ្នោត​ក្នុងការ​ផ្លាស់ប្តូរ​នេះ​គឺថា​ចង់ឲ្យ​ប្រធានាធិបតី​ហ្នឹង ដើម្បី​ជួយ​គាំទ្រ​នៅ​ក្នុង​តំបន់​របស់យើង​និង​តំបន់​ណា​ដែល​បងប្អូន​ខ្មែរ​យើង​រស់នៅ ដែល​អាច​ជួយ​ដល់យើង​បាន»។

រដ្ឋ​ North Carolina ​ជារដ្ឋ​ដែល​រងការ​វាយប្រហារ​ដោយ​ជំងឺ​កូវីដ​១៩​ខ្លាំង​ដែរ ​តែសម្រាប់​ លោក សែម​ ឌួង ​លោក​ថាលោក​មិនខ្លាច​ដល់​លែង​ហ៊ាន​ធ្វើកិច្ចការ​សំខាន់ៗ​ដូចជា​ការ​មក​បោះឆ្នោត​នោះទេ។​ រដ្ឋនេះ​ដែលមាន​សំឡេង​ប្រតិភូ​ចំនួន​១៥​ក៏ជា​រដ្ឋដែល​មាន​ការ​ប្រទាញ​ប្រទង់​សំឡេង​ឆ្នោត​ខ្លាំង​ដែរ​រវាងបេក្ខជន​ប្រធានាធិបតី​ទាំងពីរ។

លោក​ស្រី ទិត​ ​គឹមហ៊ុន ​អ្នក​បោះឆ្នោត​នៅក្នុង​ទីក្រុង Lexington រដ្ឋ​ North Carolina​ ដែលបាន​បោះឆ្នោត​រួច​ហើយ​នោះ​បាន​ថ្លែង​ប្រាប់ ​VOA​ ថា​លោកស្រី​ជាពលរដ្ឋ​ខ្មែរអាមេរិកាំង​ត្រូវប្រើ​សិទ្ធិ​របស់ខ្លួន​ដើម្បី​ឲ្យមាន​សំឡេង​នៅក្នុង​សង្គម​នយោបាយ​អាមេរិកាំង​និងមាន​ទំនាក់ទំនង​ជាមួយ​អ្នក​តំណាង​ដែល​ពលរដ្ឋ​និង​លោកស្រី​ជ្រើសរើស។

លោក​ស្រី ទិត​ ​គឹមហ៊ុន និយាយ​ថា៖ «ជាខ្មែរ​អាមេរិកាំង​យើង​ត្រូវតែ​ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នាបើ​សិនជា​យើងមាន​ឳកាស​ជាសំឡេង​យើង​ ជាការ​ជ្រើសរើស​របស់​យើង»។

លោកស្រី​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​ផ្សេងៗ​ទៀត​ចេញ​ទៅ​បោះឆ្នោតឲ្យបាន​ច្រើន។

លោកស្រី​បន្ថែមថា​ ក្នុងការ​បោះឆ្នោត​នៅ​អាណត្តិនេះ​ លោកស្រី​ចង់ឃើញ​ប្រធានាធិបតី​មួយ​ដែល​អាច​កាត់បន្ថយ​ឥទ្ធិពល​ចិន​នៅ​តំបន់​អាស៊ី​និងគិត​ពី​សហរដ្ឋ​អាមេរិក។

លោក​ស្រី ទិត​ ​គឹមហ៊ុន លើក​ឡើង​ថា៖ «អីចឹង​ទៅ​បើ​សិនជា​អ្នក​ដែល​កាន់​កាប់​ថ្មីហ្នឹង​អាច​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​អាមេរិក​ផង​និង បញ្ហា​ជាពិសេស​នៅក្នុង​តំបន់​អាស៊ីផង​ដែល​មាន​ចិន​បាន​ចូលលូក​ដៃ​វាជាការ​ប្រសើរ​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ហ្នឹង​មាន​ភាព​ស្ងប់ស្ងាត់​ហើយកុំ​មាន​ការ​បង្ក​ជម្លោះ»។

លោកស្រី​បង្ហាញ​ពីក្តី​បារម្ភ​ខ្លាច​មាន​ឥទ្ធិពល​កុម្មុយនិស្ត​ផ្តាច់ការ​និង​ធ្វើ​ឲ្យ​មាន​ការ​រងគ្រោះ​និង​មហន្តរាយ​ខ្លាំង​សម្រាប់​ប្រទេស​ក្នុង​តំបន់។

លោក ​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង បោះឆ្នោត​នៅ​ទីក្រុង High Point​ រដ្ឋ North Carolina។ លោក​បាន​ថ្លែង​ថា​លោក​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​នេះ​ គឺ​មិន​គ្រាន់​តែជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ដែលលោក​ពេញ​ចិត្ត​ទេ​តែក៏​បោះឆ្នោត​ជូន​តំណាង​និង​បេក្ខជនចម្រុះ​គណបក្ស​ជា​ច្រើន​សម្រាប់ស្ថាប័ន​ផ្សេងៗ។

លោក ​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង បោះឆ្នោត​នៅ​ទីក្រុង High Point​ រដ្ឋ North Carolina នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ (រូបផ្តល់ឲ្យ)
លោក ​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង បោះឆ្នោត​នៅ​ទីក្រុង High Point​ រដ្ឋ North Carolina នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ (រូបផ្តល់ឲ្យ)

លោក ទូច វិបុល ថ្លែង​ថា៖ «ខ្ញុំ​បោះឆ្នោត​ឲ្យ​គណបក្ស​មាន​ទាំង​គណបក្ស​សាធារណរដ្ឋ​ផង​ហើយ​ក៏​បោះឆ្នោត​ជូន​តំណាង​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ​ជាពិសេស​អ្នកដែល​បម្រើ​ការងារ​ក្នុង​សង្កាត់​របស់​ខ្ញុំ​នេះ»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​សំដៅទៅ​លើ​តំណាង​និង​បេក្ខជន​នៅ​ស្ថាប័ន​ព្រឹទ្ធសភា​សហព័ន្ធ សភាសហព័ន្ធ​ ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​សភា​ប្រចាំ​រដ្ឋ មេធាវី​តុលាការ ​អភិបាលរដ្ឋ​អភិបាលរដ្ឋ​រង​ជាដើម។ លោក​ទូច វិបុល​បានលើក​ទឹកចិត្ត​ឲ្យ​មាន​ការចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ព្រមគ្នា​ពីពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​ឲ្យមាន​ទំនាក់​ទំនង​ជាមួយ​កិច្ចការ​នយោបាយ​សហរដ្ឋអាមេរិក​និង​មាន​មាន​សំឡេង ដែល​គេ​អាច​ជួយ​ដល់​សហគមន៍​ខ្មែរ​និង​ប្រទេស​កំណើត​កម្ពុជា​ផង​ដែរ។

លោក ទូច វិបុល ពន្យល់​ថា៖ «ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​របស់យើង យើង​ចង់​ឃើញ​មាន​ការ​គោរព​សិទ្ធិមនុស្ស​យើង​ចង់​ឃើញ​មាន​ការ​អនុវត្តន៍​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​អញ្ចឹង​រឿង​ទាំងអស់​ហ្នឹងហើយ​ដែល​ការ​ចូលរួម​ក្នុងការ​បោះឆ្នោត​របស់​យើង​ហ្នឹង​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​ដែល​យើង​ចង់ផ្តាំ​ផ្ញើ​ទៅ​កាន់​តំណាង​រាស្ត្រ​របស់​យើង​ព្រឹទ្ធសភា​របស់​យើង​តំណាង​រដ្ឋាភិបាល​ក៏ដូចជា​ប្រធានាធិបតី​ថ្មី​ឲ្យ​បាន​ដឹង​ឲ្យ​បាន​ឮ​ពី​ក្តី​កង្វល់​របស់​យើង​ផងដែរ»។

ការ​បោះឆ្នោត​នៅ​ទី​នេះ​គ្មាន​ការ​បំភិត​បំភ័យ​ទេ ​ពលរដ្ឋ​អាច​បោះឆ្នោត​តាម​ចិត្ត​ដោយ​សេរី​ហើយ​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពីបណ្តាញ​សារព័ត៌មាន​ធំៗ ពី​កម្មវិធី​គោលនយោបាយ​របស់​គណបក្សដែល​អាច​ជួយ​អ្នកបោះឆ្នោតសម្រេច​ចិត្ត​បាន​ក្នុងការ​ជ្រើសរើស​តំណាង​របស់គេ។

លោក ​ឡាង ឡេង​ ពលរដ្ឋខ្មែរ​នៅក្នុង​ទីក្រុង​ Winston Salem នៃរដ្ឋ​ North Carolina បាន​ថ្លែង​ថា លោក​បាន​បោះឆ្នោត​រួចហើយ​តាម​រយ:​ការ​បោះឆ្នោត​មុន​កាល​កំណត់​នៅ​ប៉ុន្មាន​សប្តាហ៍​មុន។​លោកថា​លោក​បាន​ប្រើសិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជូន​ឪពុកម្តាយ​ដែល​មានអាយុ​៩០ឆ្នាំ​របស់​លោក​ទៅ​បោះឆ្នោត​ផងដែរ​ដោយ​លោក​ថាឆ្នាំ​នេះ​ជាការ​បោះឆ្នោត​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា។

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​បោះឆ្នោត​មុន​កាល​កំណត់​រួចហើយ​ដោយសារ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺកូវីដ១៩​និង​ប្រព័ន្ធ​បោះឆ្នោត​ផ្តល់​ឱកាស​តាមច្បាប់​ឲ្យបោះ​ឆ្នោត​បាន​ច្រើន​របៀប​នៅ​ក្នុង​ប្រទេស​ដែល​ពលរដ្ឋមមារ​ញឹក​នឹង​កិច្ចការ​យ៉ាង​ខ្លាំង​នេះ។

មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកនៅ​ថ្ងៃ​អង្គារ​នេះ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden នៅ​បន្ត​នាំ​មុខ​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ការ​ស្ទង់​មតិ​នៅ​ទូទាំង​ប្រទេស​ស្រប​ពេល​ដែល​អ្នក​បោះឆ្នោត​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​ការ​ស្ទង់​មតិ​នៅ​តាម​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​បាន​បង្ហាញ​ថា លោក Trump និង​លោក Biden ស្ថិត​នៅ​ប្រកៀកប្រកិត​គ្នា។ រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ទាំង​នោះ​គឺ​ជា​រដ្ឋ​ដែល​ទំនង​ជា​អាច​កំណត់​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​។

ការ​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters/Ipsos បង្ហាញ​ថា ការ​ប្រកួត​ប្រជែង​នៃ​ការ​បោះឆ្នោត​លើក​នេះ​មាន​ការ​ប្រកៀកប្រកិត​ខ្លាំង​នៅ​ក្នុង​រដ្ឋ Florida រដ្ឋ North Carolina និង​រដ្ឋ Arizona។

សម្រាប់​លោក Trump បើ​ទោះបីជា​លោក​មិន​អាច​ឈ្នះ​ក្នុង​រដ្ឋ Michigan និង​រដ្ឋ Wisconsin ដែល​ជា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ក៏​ដោយ ក៏​លោក​នៅតែ​អាច​ក្លាយជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​ពីរ​បាន​ដែរ ប្រសិនបើ​លោក​នៅតែ​រក្សា​បាន​ការ​ឈ្នះ​របស់​លោក​នៅ​ក្នុង​រដ្ឋ​ផ្សេងៗ​ទៀត​ទាំង​អស់ ដែល​លោក​ធ្លាប់​បាន​ឈ្នះ​នៅ​ក្នុង​ឆ្នាំ ២០១៦៕

XS
SM
MD
LG