ការថ្លែងសុន្ទរកថារបស់លោក Joe Biden និងអ្នកស្រី Kamala Harris ដែលត្រូវព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក
លោក Joe Biden បេក្ខជនប្រធានាធិបតីនិងអ្នកស្រី Kamala Harris បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលត្រូវបានព្យាករណ៍ថាបានឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ថ្លែងសុន្ទរកថានៅទីក្រុង Wilmington រដ្ឋ Delaware ដែលជាទីកន្លែងកំណើតរបស់លោក បន្ទាប់ពីត្រូវបានព្យាករណ៍ថាឈ្នះនៅរដ្ឋ Pennsylvania និងរដ្ឋ Nevada ដោយទទួលបានសំឡេងប្រតិភូអង្គបោះឆ្នោតសរុប ២៧៩ លើសចំនួនអង្គបោះឆ្នោតយ៉ាងតិច ២៧០ ដើម្បីឈ្នះការបោះឆ្នោត។
អ្នកស្រី Kamala Harris ត្រូវព្យាករណ៍ថានឹងឈ្នះឆ្នោតក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូងបង្អស់របស់អាមេរិក
អ្នកស្រី Kamala Harris បានបង្កើតប្រវត្តិសាស្ត្រកាលពីថ្ងៃសៅរ៍ ដោយត្រូវបានព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោតក្លាយជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលឈរឈ្មោះជាមួយនឹងលោកអតីតអនុប្រធានាធិបតី Joe Biden ដែលត្រូវបានព្យាករណ៍ថា ឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតី។
អ្នកស្រី Kamala Harris នឹងក្លាយជាអនុប្រធានាធិបតីជាប់ឆ្នោតជាស្ត្រីដំបូងបង្អស់ ជាជនជាតិអាមេរិកាំងស្បែកខ្មៅដំបូងបង្អស់ និងក៏ជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ីដំបូងបង្អស់ ដែលបានឈ្នះចូលកាន់តំណែងខ្ពស់បំផុតទី ២ នៅសហរដ្ឋអាមេរិកនេះផងដែរ។
អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា នឹងក្លាយជាបេក្ខជនឈរឈ្មោះប្រធានាធិបតីយ៉ាងប្រាកដ សម្រាប់គណបក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២៤ ខាងមុខ ប្រសិនបើលោក Joe Biden ដែលនឹងមានអាយុ ៧៨ ឆ្នាំ នៅពេលស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ សម្រេចចិត្តថា លោកមិនចង់ចូលរួមបោះឆ្នោតសម្រាប់អាណត្តិទី ២ របស់លោកនោះ។ ប៉ុន្តែ អ្នកស្រី Kamala Harris មិនបានបញ្ចេញយោបល់ជាសាធារណៈលើការយល់ឃើញនេះទេ។
វិទ្យាស្ថានស្រាវជ្រាវ Edison Research និងបណ្តាញទូរទស្សន៍ធំៗរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បានព្យាករណ៍ពីជ័យជម្នះរបស់អ្នកស្រី Kamala Harris និងលោក Joe Biden ដោយផ្អែកលើលទ្ធផលចុងក្រោយក្រៅផ្លូវការ បើទោះបីជាប្រធានាធិបតីដែលកំពុងកាន់អំណាចគឺលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បានប្តេជ្ញាបន្តការប្រជែងដោយដាក់ពាក្យបណ្តឹងផ្សេងៗនៅតុលាការក៏ដោយ។
ក្នុងនាមជាសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់មកពីរដ្ឋ California អ្នកស្រី Harris មានប្រវត្តិការងារដែលបំបែកកំណត់ត្រានានា។ អ្នកស្រីបានបម្រើការងារជាមេធាវីស្ត្រីដំបូងបង្អស់នៅទីក្រុង San Francisco និងជាស្ត្រីស្បែកខ្មៅដំបូងបង្អស់ក្នុងរដ្ឋ California ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គរដ្ឋអាជ្ញានៅក្នុងរដ្ឋនោះ។
បទពិសោធន៍របស់អ្នកស្រី Harris នៅក្នុងប្រព័ន្ធយុត្តិធម៌ឧក្រិដ្ឋកម្ម អាចជួយរដ្ឋបាល របស់លោក Biden ដោះស្រាយបញ្ហាសមភាពជាតិសាសន៍និងបញ្ហាភាពឃោរឃៅរបស់ប៉ូលិស បន្ទាប់ពីប្រទេសនេះត្រូវបានជួបការតវ៉ាជាច្រើននៅឆ្នាំនេះ។ អ្នកស្រី Harris ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកប្រឹក្សាជាន់ខ្ពស់បំផុតម្នាក់ ក្នុងការតែងតាំងចៅក្រមនានា។
លោក Joe Biden ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០
អតីតប្រធានាធិបតីលោក Joe R. Biden Jr. ដែលជាអ្នកនយោបាយជើងចាស់អាមេរិកមួយរូប ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ហើយត្រូវព្យាករណ៍ថា នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ខាងមុខ ដោយនឹងក្លាយជាប្រធានាធិបតីទី៤៦ ហើយមានវ័យចាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
នៅរសៀលថ្ងៃសៅរ៍ លោក Biden ត្រូវបានព្យាករណ៍ថាឈ្នះនៅរដ្ឋ Pennsylvania ដោយទទួលបានសំឡេងប្រតិភូអង្គបោះឆ្នោត ២០ បន្ថែមទៀត ដែលបានធ្វើឲ្យលោកទទួលបានអង្គបោះឆ្នោតសរុប ២៧៣ មកទល់ពេលនេះ លើសសំឡេងអង្គបោះឆ្នោតចាំបាច់តិចបំផុត ២៧០ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតី។
ដោយឡែក ការរាប់សន្លឹកឆ្នោតកំពុងតែធ្វើបន្តទៀត នៅក្នុងរដ្ឋសេសសល់មួយចំនួនផ្សេងទៀតដូចជា រដ្ឋ Georgia រដ្ឋ Alaska រដ្ឋ Arizona រដ្ឋ Nevada និងរដ្ឋ North Carolina។
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Trump បានធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាងលើក្រុមគណបក្សប្រជាធិបតេយ្យ ពីការរៀបចំឲ្យមានការលួចបន្លំ និងមានភាពមិនប្រក្រតីយ៉ាងខ្លាំង ដើម្បីរារាំងលោកមិនឲ្យជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាណត្តិទី ២។
លោកប្រធានាធិបតី Trump បានប្រាប់សន្និសីទកាសែតនៅពេលនោះថា៖ «នេះជាករណីដែលពួកគេកំពុងព្យាយាមលួចបន្លំក្នុងការបោះឆ្នោត ហើយយើងមិនអាចអនុញ្ញាតឲ្យបញ្ហានេះកើតឡើងបានទេ»។
កាលពីថ្ងៃព្រហស្បតិ៍ យុទ្ធនាការឃោសនាបោះឆ្នោតដែលកំពុងតស៊ូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្តប្តឹងតវ៉ាដល់ការរាប់សន្លឹកឆ្នោត ទោះបីជាមិនបានជោគជ័យចំនួនពីរដង នៅក្នុងរដ្ឋដែលមានជម្លោះសំខាន់ៗពីរ ដើម្បីឈ្នះការបោះឆ្នោតក៏ដោយ។
នៅក្នុងរដ្ឋ Nevada ដែលជារដ្ឋលម្អៀងទៅរកគណបក្សប្រជាធិបតេយ្យ ដែលបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានរក្សាការនាំមុខលោក Trump បន្តិច នៅក្នុងការរាប់សន្លឹកឆ្នោតនោះ យុទ្ធនាការឃោសនាការបោះឆ្នោតរបស់លោក Trump និងគណបក្សសាធារណរដ្ឋរបស់រដ្ឋនោះ បានប្រកាសការប្តឹងផ្តល់ ដោយអះអាងថា មានអ្នកចំនួនយ៉ាងតិច ១ ម៉ឺននាក់ ដែលមិនមែនជាអ្នករស់នៅក្នុងរដ្ឋនោះ បានបោះឆ្នោតដោយខុសច្បាប់ នៅក្នុងរដ្ឋ Nevada ហើយថា សន្លឹកឆ្នោតរបស់អ្នកទាំងនោះបានត្រូវគេរាប់៕
លោក ចូ បៃឌិន (Joe Biden) បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថា បានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ដោយទទួលបានអង្គបោះឆ្នោតសរុប ២៧៣ បន្ទាប់ពីត្រូវបានព្យាករណ៍ថា ឈ្នះនៅរដ្ឋ Pennsylvania។
*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ។