យុទ្ធនាការរកសំឡេងឆ្នោតដែលមានរយៈពេលជាច្រើនខែមកហើយ បានរំកិលមកដល់ថ្ងៃចុងក្រោយហើយកាលពីថ្ងៃចន្ទ ដោយបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូប កំពុងបញ្ចុះបញ្ចូលក្រុមអ្នកបោះឆ្នោតដែលនៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ និងក្រុមអ្នកគាំទ្រផ្សេងៗទៀតឲ្យបោះឆ្នោតឲ្យខ្លួន។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងអតីតអនុប្រធានាធិបតីលោក Joe Biden បានរៀបចំកម្មវិធីក្នុងរដ្ឋជាច្រើន ដែលជារដ្ឋដែលមានសារៈសំខាន់បំផុតក្នុងការសម្រេចលើជោគវាសនានៃលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងត្រូវធ្វើជាផ្លូវការ នៅថ្ងៃអង្គារនេះ។
បេក្ខជនទាំងពីរមានគម្រោងដូចគ្នាទៅឃោសនា នៅក្នុងរដ្ឋ Pennsylvania ជារដ្ឋមួយដែលលោក Biden មានប្រជាប្រិយភាពនាំមុខលោក Trump ក្នុងការស្ទង់មតិនាពេលថ្មីៗនេះ ប៉ុន្តែជារដ្ឋដែលលោកTrump បានឈ្នះកាលពីឆ្នាំ ២០១៦ នោះ។
បេក្ខជនដែលឈ្នះការបោះឆ្នោតក្នុងរដ្ឋ Pennsylvania នឹងទទួលបានសំឡេងអង្គបោះឆ្នោត ២០ ក្នុងចំណោមអង្គបោះឆ្នោតសរុប ២៧០ សំឡេងបេក្ខជននីមួយៗត្រូវតែទទួលឲ្យបាន ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក ក្នុងរយៈពេល ៤ ឆ្នាំខាងមុខនេះ។
លោក Trump នឹងធ្វើពិធីជួបជុំជាមួយក្រុមអ្នកគាំទ្ររបស់លោកក្នុងអាកាសយានដ្ឋានអន្តរជាតិ Wilkes-Barre Scranton រីឯលោក Biden វិញនឹងជួបក្រុមអ្នកគាំទ្ររបស់លោក ក្នុងពិធីមួយក្នុងទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania។
លោក Biden ក៏នឹងទៅជួបជាមួយក្រុមអ្នកគាំទ្ររបស់លោកនៅថ្ងៃចន្ទក្នុងរដ្ឋ Ohio ដែលមានអង្គបោះឆ្នោត ១៨ ហើយជារដ្ឋដែលបេក្ខជនទាំងពីរពេលនេះ មានការគាំទ្រប្រហាក់ប្រហែលគ្នា។
លោក Trump ក៏នឹងទៅរដ្ឋ North Carolina ដែលជារដ្ឋដែលមានការគាំទ្រប្រកៀកប្រកិតគ្នាផងដែរ ហើយរដ្ឋពីរផ្សេងទៀតគឺរដ្ឋ Michigan និងរដ្ឋ Wisconsin ដែលនៅទីនោះលោក Biden មានសំឡេងនាំមុខលោក Trump ក្នុងការស្ទង់មតិនាពេលថ្មីៗនេះ តែជារដ្ឋដែលលោក Trumpបា នឈ្នះឆ្នោតក្នុងឆ្នាំ ២០១៦ នោះ។
ការស្ទង់មតិថ្នាក់ជាតិ បន្តបង្ហាញថា លោក Biden បន្តមានសំឡេងគាំទ្រនាំមុខលោក Trump ប្រមាណ ៨% នៅមុនជិតថ្ងៃបោះឆ្នោត នៅថ្ងៃអង្គារ៕