ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ខ្មែរ​អាមេរិកាំង​នាំ​សិល្បករ​មក​បង្ហាញ​«ស្នាដៃ​ខ្មែរ‍​ដ៏អស្ចារ្យ»​នៅ​អាមេរិក


អង្គការ​ខ្មែរ​អាមេរិកាំង​មួយ​ក្នុង​រដ្ឋ​មីនីសូតា កំពុង​ខិតខំ​អភិរក្ស​និង​លើក​តម្កើង​វប្បធម៌​និង​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​តាំងពី​បុរាណ​កាល​មក តាមរយៈ​ការ​នាំ​សិល្បករ​ សិល្បការិនី​ខ្មែរ​លេចធ្លោ ឱ្យ​មក​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ពួកគេ​ក្នុង សហរដ្ឋអាមេរិក។

ស្ថិតនៅ​ចំ​កណ្ដាល​នៃ​ទី​ក្រុង​ភ្លោះ​ Minneapolis និង Saint Paul នៃ​រដ្ឋ​មីនីសូតា​នេះគឺជា​អគារ​រាង​ទ្រវែង​បួនជ្រុង​ដែល​មាន​ទង់​ជាតិ​អាមេរិកាំង​ដោត​ពី​លើ​ដំបូលនិង​មាន​ផ្លាក​សរសេរ​ជា​អក្សរ​អង់គ្លេស​ថា «Khmer Legacy Museum» និង​អក្សរខ្មែរ​ពី​ក្រោម​ថា «សារមន្ទីរ​មរតក​ខ្មែរ»។

ទី​នេះ​គឺជា​ទីស្នាក់ការ​របស់​អង្គការ​ខ្មែរ​អាមេរិកាំង​មួយ​ឈ្មោះ ​IKARE។ លោក សេក កុសលគឺជា​នាយក​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​មិន​រក​ប្រាក់​ចំណេញ​មួយ​នេះ។

«ឈ្មោះ​យើងគឺជា​ឈ្មោះ​ខ្មែរ​ឈ្មោះ​កម្ពុជាឈ្មោះ​ Cambodia។ ពេលណា​គេ​ស្គាល់​យើង​ហើយគេ​ឱ្យ​តម្លៃ​យើង​ហើយបាន​យើង​អាច​ណែនាំ​អំពី​អ្វី​ធ្វើ​ឱ្យ​ខ្មែរ​យើង​មាន​លក្ខណៈ​ពិសេស​ដូចជា​សិល្បករ​ខ្មែរ​យើងដូចជា​ក្បាច់គុន​ខ្មែរ​យើងដូច​ថា​ប្អូនៗ​មាន​សមត្ថភាព​ទៅមុខ​ទៀត។បើ​សិន​គេ​មិន​ដឹង​ប្រទេស​យើង​នៅ​កន្លែង​ណា​ផង​ហ្នឹងសញ្ជាតិ​យើង​ចេញ​ពី​ណា​ប្រភព​ណា​ផង​ហ្នឹងអញ្ចឹង​អ្វីៗដែល​យើង​និយាយ​ក្រោយ​ទៀត​ហ្នឹងអត់​មាន​ន័យ​សម្រាប់​គេ​ទេ។អញ្ចឹង​សំខាន់​ជាង​គេ​ហ្នឹងឱ្យ​គេ​ស្គាល់ឱ្យ​គេ​ដឹង​ថា​ខ្មែរ​យើង​មក​ពី​ណា»។

លោក សេក កុសល នាយក​អង្គការ​ IKARE នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ក្នុង​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង​ Saint Paul រដ្ឋ​មីនីសូតា​ កាលពី​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ​ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
លោក សេក កុសល នាយក​អង្គការ​ IKARE នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ក្នុង​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង​ Saint Paul រដ្ឋ​មីនីសូតា​ កាលពី​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ​ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

អង្គការ​នេះត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៤ដើម្បី​រក្សាការពារនិង​លើក​តម្កើង​ស្នាដៃ​សិល្បៈ​និង​កេរដំណែល​វប្បធម៌​ខ្មែរ​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន។

កញ្ញា សំ ថារ័ត្នគឺជា​កីឡា​ការិនី​ល្បុក្កតោ​ម្នាក់​មក​ពី​ប្រទេស​កម្ពុជាដែល​ត្រូវ​បាន​អង្គការ​ IKARE​ អញ្ជើញ​មក​សម្ដែង​ក្បាច់​គុន​របស់​ខ្មែរ​មួយ​នេះដល់​សាធារណជន​ក្នុង​សហរដ្ឋ​អាមេរិក​នេះ។

«ខ្ញុំ​មាន​មោទនភាព​មែនទែន​ដែល​បាន​មក​ស្គាល់​និង​ជួប​ពូៗ​ទាំងអស់​ដែល​សុទ្ធតែ​ស្រលាញ់​និង​ទ្រទ្រង់​វប្បធម៌​ជាតិ​ខ្មែរ​ ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​ទឹកចិត្ត​ចង់​ដើរ​បន្ត​ទៅ​មុខ​ទៀត​ព្រោះ​ពេល​ខ្លះមាន​អារម្មណ៍​ថា​ទន់ខ្សោយ​ដែរចង់​ឈប់​ម្តងៗ​ដែរ​ប៉ុន្តែ​ពេល​បាន​មក​ជួប​បងៗ​ពូៗដែល​គាត់​ខំ​តាំងពី​អើយ​មក​អញ្ចឹងជំរុញ​ចិត្ត​ខ្ញុំ​ដើរ​ទៅ​មុខ​ទៀត។ក្នុង​នាម​ខ្ញុំ​ជា​ស្ត្រីក៏​ចង់​ធ្វើ​អញ្ចឹងដើម្បី​តំណាង​ឱ្យ​ស្ត្រី​ផ្សេងៗ​ទៀតយក​គំរូ​តាម​ដើម្បី​ជួយ​ការងារ​ប្រទេស​ជាតិ​យើងដើរ​ទៅ​មុខ​ទៀត​ដែរ»។

លោក សេក កុសល ថ្លែង​ថា៖

«យើង​យក​ល្បុក្កតោ​មក​ដើម្បី​ឱ្យ​បងប្អូន​ខ្មែរ​យើង​បាន​មើល​ឃើញ​ថាខ្មែរ​យើងមិនមែន​គ្រាន់តែ​ជា​ជនរងគ្រោះ​ពី​របប​ប្រល័យ​ពូជសាសន៍​ពី​ឆ្នាំ​១៩៧០​ទេ។ យើង​ជា​ប្រជាជន​ដែល​មាន​គុណសម្បត្តិដូចជា​ល្បុក្កតោ ដូចជា​យើង​បាន​កសាង​អង្គរវត្ត​បាន​កសាង​ទីក្រុង​ធំ​ជាងគេ​នៅ​សកលមុន​ពេល​សហរដ្ឋ​អាមេរិកបាន​កើត​ទៀត។អញ្ចឹង ល្បុក្កតោ ជា​សញ្ញា​មួយជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ​យើង។ពេល​យើង​ធានា​គាត់​មកគឺ​យើង​ចង់​ឱ្យ​គេ​ស្គាល់​ថាខ្មែរ​យើង​មិនមែន​ខ្សោយ​ទេយើង​ខ្លាំង​ដូច​ជា​ល្បុក្កតោ​អញ្ចឹង»។

រូប​គំនូរ​និង​ទ្រខ្មែរ​ក្នុង​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង ​Saint Paul រដ្ឋ​មីនីសូតា​កាលពី​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
រូប​គំនូរ​និង​ទ្រខ្មែរ​ក្នុង​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង ​Saint Paul រដ្ឋ​មីនីសូតា​កាលពី​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

រូប​គំនូរ​នៅ​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង​ Saint Paul រដ្ឋ​មីនីសូតា ​កាលពី​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា​ ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
រូប​គំនូរ​នៅ​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង​ Saint Paul រដ្ឋ​មីនីសូតា ​កាលពី​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា​ ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

កម្ពុជាធ្លាប់​ជា​អាណាចក្រ​ដ៏​ធំ​ល្វឹងល្វើយក្រោម​ការគ្រប់គ្រង​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ពូកែ​និង​អង់​អាច​ក្លាហាន​មួយ​ចំនួនមុន​ពេល​ប្រទេស​នេះបាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​ស្ទើរ​តែ​បាត់បង់​ពី​ផែនទី​ពិភពលោកដោយសារ​សង្គ្រាមឈ្លានពាន​ផង និង​ជម្លោះ​ផ្ទៃ​ក្នុង​ផង។

លោក សេក កុសល ថ្លែង​បន្ថែម​ថាបេសកកម្ម​ដ៏​ចម្បង​មួយ​របស់​អង្គការ​របស់​លោកគឺ​ដើម្បី​រំលេច​ភាព​អស្ចារ្យនិង​ការចូលរួម​ចំណែក​នៃ​ភាព​អស្ចារ្យ​របស់​ខ្មែរ​នេះ​ក្នុង​ឆាក​អន្តរជាតិ​ឡើង​វិញ។

«ចង់​ឱ្យ​គាត់​យល់​ថា​ទុក​តែ​ខ្មែរ​យើង​ធ្លាក់​ចុះ​ដល់​ប៉ុណ្ណា​ក៏​ដោយ យើងមាន​ភាព​ស៊ូ​មែន​ទែន។ ​អញ្ចឹងកូនចៅ​ខ្មែរ​យើង​ទាំង​អស់​គ្នា​ទាំង​ចាស់​ទាំង​ក្មេង​ហ្នឹងយើង​ធ្លាក់​ប៉ុណ្ណា​ក៏​ដោយក៏​យើង​មាន​កម្លាំង​ចិត្ត​ស៊ូ​វ៉ៃ​ឡើង​ឱ្យ​ខ្មែរ​យើង​ជា​ពូជសាសន៍​កំពូល​សារ​ថ្មី»។

រហូត​មក​ដល់​ពេល​នេះអង្គការ​របស់​លោក​បាន​អញ្ជើញ​សិល្បករវិចិត្រករ តារា​ចម្រៀងនិង​តារា​សម្ដែង​ពី​ប្រទេស​កម្ពុជា​ជាង​២០​នាក់​ហើយដើម្បី​ឱ្យ​ពួក​គេ​មាន​ឱកាស​បញ្ចេញ​ស្នាដៃ​និង​ទេពកោសល្យ​របស់​ពួកគេឱ្យ​សហគមន៍​អន្តរជាតិ​បាន​ឃើញ​និង​បាន​ស្គាល់​ស្នាដៃ​ខ្មែរ។​

អ្នក​នាង​ Aisha ស្ថាបនិក​ក្រុមហ៊ុន​គំនូរ​គ្រាប់​អង្ករ នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ក្នុង​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង​ Saint Paul រដ្ឋ​មីនីសូតា​កាលពី​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
អ្នក​នាង​ Aisha ស្ថាបនិក​ក្រុមហ៊ុន​គំនូរ​គ្រាប់​អង្ករ នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ក្នុង​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង​ Saint Paul រដ្ឋ​មីនីសូតា​កាលពី​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

អ្នកនាង ទុំ គីមអេង ឬ​ហៅ​ អាអ៊ីសារគឺ​ជា​វិចិត្រករ​គំនូរ​គ្រាប់​អង្ករ​ម្នាក់ដែល​បាន​មក​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​អ្នកនាងនៅ​រដ្ឋ​មីនីសូតាសហរដ្ឋអាមេរិក​នេះតាម​ការ​អញ្ជើញ​របស់​អង្គការ IKARE នេះ​ដែរ។

«បើ​យើង​មើល​ពី​ចម្ងាយ​មកសូម្បី​តែ​បង​អ្នក​សម្ភាសន៍​ហ្នឹង​ក៏​ដោយក៏​យើង​អត់​ដឹង​ថា​វា​ជា​គ្រាប់​អង្ករ​ទេតែ​បើ​យើង​មក​មើល​ជិតទើប​យើង​ដឹង​ថាវា​ជា​គ្រាប់​អង្ករ។អត្ថន័យ​របស់​វាគឺ​បញ្ជាក់​ពី​ភាព​សាមគ្គី​នៃ​ខ្មែរ​យើង។បើសិនជា​ម្នាក់ៗ​មាន​ភាព​សាមគ្គី​ដូចជា​គ្រាប់​អង្ករ​ហ្នឹងយើង​មក​ផ្គុំគ្នាវា​បាន​ជាប់​ចូល​ជាមួយ​គ្នា វា​បាន​ទៅ​ជា​ធំ»។

លោក សេក កុសល ថ្លែង​ថា៖

«‍ពេល​យើង​អញ្ជើញ​សិល្បករ តារា​ឬ​ក៏​អ្នក​ជំនាញ​នីមួយៗ​មក​សហរដ្ឋ​អាមេរិក​នេះ គឺ​គាត់​ជួយ​អង្គការ​យើង ដើម្បី​រៃ​ថវិកា។​ យើង​រៃ​ថវិកា​តាម​ការ​ធ្វើ​Concertការ​ប្រគំតន្ត្រី។ ហើយ​យើង​មាន​កម្មវិធី​ដូច​អ្នក​យក​គ្រាប់​អង្ករ​ធ្វើ​ជា​គំនូរ​ជាដើម ពេល​ណា​គាត់​លក់​របស់​បាន​ខ្លះ​ គាត់​នឹង​ជួយ​អង្គការ​យើង​ហ្នឹង។ ដូច​តារា​ផ្សេង​ទៀត យើង​អញ្ជើញ​គាត់​មក គាត់​ធ្វើ​Tour​ជុំវិញ​សហរដ្ឋ​អាមេរិក ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ។ ពេល​គាត់​ធ្វើ​កម្មវិធី​អញ្ចឹង ក្រៅ​ពី​គាត់​ណែនាំ​អំពី ​IKARE​ ឬ​សារមន្ទីរ​យើង គាត់​រៃ​ថវិកា​បាន ហើយ​មក​ជួយ​យើង»។

យ៉ាង​ណា​ក៏ដោយលោក សេក កុសល មាន​ប្រសាសន៍​ថា៖

«‍ប៉ុន្តែ បងប្អូន​ខ្មែរ​យើង បើ​យើង​និយាយ​ពី​មហា​ជន​វិញ​ យើង​ប្រៀបធៀប​ជាមួយ​បរទេស​ដូច​ជា​អាមេរិក​និង​បងប្អូន​ជនជាតិ​ឬ​ពូជសាសន៍​ផ្សេងៗ​ទៀត យើង​សឹង​តែ​តិច​ជាង​គេ។​ ដូច្នេះ បើ​យើង​ចង់​លើក​ស្ទួយ​ខ្មែរ​ទៅ​មុខ​ទៀត យើង​ត្រូវ​តែ​យក​គុណសម្បត្តិ​របស់​យើង​ហ្នឹង ចែក​រំលែក​ឱ្យ​ខាង​ក្រៅ​ស្គាល់​ផង ព្រោះ​ខ្មែរ​យើង​វា​តិច។ ទោះ​ណា​បាន​១០០​ភាគរយបាន​ចូល​ជួយ​យើង ក៏​យើង​មិន​អាច​បាន​ទៅ​វែងឆ្ងាយ​ដែរ​ ព្រោះ​កម្លាំង​និង​ថាមពល​របស់​យើង​នៅ​មិន​ទាន់​ពេញ​លេញ។ ដូច្នេះ យើង​កំពុង​តែ​សង់​ស្ពាន​ទៅ​ខាង​ក្រៅ​ដើម្បី​ឱ្យ​ជន​បរទេស​ហ្នឹង គាត់​មក​ចូល​រួម»។​

សម្រាប់​ពេល​នេះអង្គការIKAREនេះនៅតែ​ប្ដេជ្ញា​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ថែរក្សានិង​លើកស្ទួយ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិបាន​ស្គាល់​និង​ដឹង​បន្ថែម​ទៀត​អំពី​ភាព​អស្ចារ្យ​និង​ការ​រួមចំណែក​របស់​ពូជសាសន៍​ខ្មែរ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក៕

XS
SM
MD
LG