បទ«ចម្ប៉ាបាត់ដំបង» ដែលមានភាពល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ១៩៦០នេះ បានអន្ទងចិត្តទស្សនិកជនខ្មែរអាមេរិកាំងរាប់រយនាក់ ដែលបានមកទស្សនាខ្សែភាពយន្តរឿង In the Life of Music ឬ«តន្ត្រីជីវិត» កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ នៅឯរោងភាពយន្ត Bow Tie Cinemas ក្នុងទីក្រុង Reston នៃរដ្ឋVirginia នេះ។
អ្នកស្រី វណ្ណឌី ណែន អាយុ៧៥ឆ្នាំ ដែលមានស្រុកកំណើតក្នុងខេត្តបាត់ដំបងនិងដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកនេះរយៈពេល៤០ឆ្នាំមកហើយនោះ បានមកទស្សនាខ្សែភាពយន្តនេះជាមួយក្រុមគ្រួសាររបស់អ្នកស្រី។
«ពេលដែលគេច្រៀងអាបទចម្ប៉ាបាត់ដំបងហ្នឹង ខ្ញុំយំពីរបីដងឯណោះ។ ខ្ញុំស្រណោះណាស់ នឹកស្រុក ស្ដាយស្រុកដែលមកឆ្ងាយអញ្ចេះ។ ហើយកុនហ្នឹងល្អមើលណាស់ ត្រូវចិត្តខ្ញុំ ពេញចិត្ត»។
លោក ណែន សូរ ស្វាមីរបស់អ្នកស្រី វណ្ណឌី បន្ថែមថា៖
«ខ្ញុំបានចេញពីស្រុកដែលពួកយួនចូលមកហ្នឹង ខ្ញុំក៏បានរត់មកភ្លាម មិនបានដឹងអំពីការរស់នៅរបស់ខ្មែរយើងពីឆ្នាំ២០០៧មកហ្នឹង។ ទើបនឹងឃើញពេលនេះ ឃើញថាប្លែកម្យ៉ាងដែរ។ ខុសគ្នា»។
ដូចក្រុមគ្រួសាររបស់អ្នកស្រី វណ្ណឌី ណែនដែរ អ្នកស្រី មុំ ជួន អាយុ ៦០ឆ្នាំ ក៏មកមើលខ្សែភាពយន្តនេះ ជាមួយស្វាមីនិងកូនប្រុសម្នាក់របស់អ្នកស្រីដែរ។
«ខ្ញុំស្លាប់ម៉ាក់ប៉ាអស់ និយាយទៅ … និយាយទៅ និយាយអត់ចេញទេ។ ធ្វើឱ្យខ្ញុំនឹកឃើញម៉ាក់ប៉ាខ្ញុំ...»
ខ្សែភាពយន្ត ដែលថតក្នុងប្រទេសកម្ពុជានេះ ប្រើប្រាស់បទចម្រៀង«ចម្ប៉ាបាត់ដំបង»នេះ ដើម្បីតភ្ជាប់បទពិសោធន៍ឆ្លងជំនាន់របស់គូស្នេហ៍មួយគូដែលបានរស់នៅឆ្លងកាត់៣សម័យកាល ដោយចាប់ផ្ដើមពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់សម័យខ្មែរក្រហមនិងបញ្ចប់ដោយសម័យបច្ចុប្បន្ននេះ។
អ្នកនាង Caylee So អ្នកដឹកនាំរឿងនិងជាផលិតករម្នាក់នៃខ្សែភាពយន្តនេះ បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយ VOA មុនការចាក់បញ្ចាំងខ្សែភាពយន្តរបស់អ្នកនាងយ៉ាងដូច្នេះថា៖
«ខ្ញុំគិតថា នេះគឺជាចម្រៀងជាកេរដំណែលដ៏អស្ចារ្យមួយ។ ដូចបទចម្រៀងស្ទើរតែទាំងអស់ទៀតដែររបស់លោក ស៊ីន ស៊ីសាមុត បទចម្រៀងនេះ តែងតែស្ថិតនៅក្នុងចិត្តរបស់អ្នកដែលបានធំដឹងក្តីហើយស្ដាប់វា និងអ្នកដែលស្រលាញ់បទចម្រៀងរបស់គាត់ហើយបន្តទៅឱ្យកូនរបស់ពួកគេថែមទៀត។ ខ្ញុំដឹងតាំងពីដំបូងមកថានេះគឺបទចម្រៀងដែលត្រូវនឹងរឿងរបស់យើង ដោយសារបទនេះ ស្ថិតក្នុងចិត្តរបស់ខ្ញុំយូរលង់ណាស់មកហើយ ហើយខ្ញុំដឹងថាឱពុកម្តាយរបស់ខ្ញុំក៏ចេះនិងស្រលាញ់បទនេះខ្លាំងណាស់ដែរ»។
លោក ប្រាជ្ញ លី គឺជាផលិតករម្នាក់ដែរនៃខ្សែភាពយន្តនេះ។
«ខាងសិល្បៈខាងអ្នករាំអប្សរាអីហ្នឹង ក៏គេសម្លាប់ដែរ។ អញ្ចឹង បានខ្ញុំចង់និយាយថារឿងហ្នឹង វាទាក់ទងនឹង«ចម្ប៉ាបាត់ដំបង» លោក ស៊ីន ស៊ីសាមុតម្នាក់ដែរ។ គាត់ក៏ខាងសិល្បៈ។ ឧបមាថា បើមើលរឿងហ្នឹងទៅ មិនមែនតែពីខ្មែរក្រហម ពួកខ្ញុំពន្យល់មុនចូលខ្មែរក្រហមហ្នឹងទៀត។ ប៉ុន្តែ មុននឹងខ្មែរក្រហមចូលទៅ វាយកបទចម្រៀងហ្នឹង ធ្វើឱ្យខ្មែរយើងពេញចិត្ត ចូលជួយខ្មែរក្រហមហ្នឹងទៀត។ វាមានទាក់ទងច្រើន ប៉ុន្តែពួកខ្ញុំអត់មានន័យថារឿងនេះវាអញ្ចេះ វាអញ្ចុះទេ ឱ្យយើងទៅមើលខ្លួនឯងទៅ យើងយល់ខ្លួនឯងហ្មង»។
មានរយៈពេលជាង១ម៉ោងកន្លះ ខ្សែភាពយន្តបែបមនោសញ្ចេតនា លាយឡំដោយប្រវត្តិសាស្ត្រខ្មែរក្រហមនិងឈុតឆាកកំប្លុកកំប្លែងខ្លះដែលធ្វើឱ្យទស្សនិកជនផ្ទុះសំណើចម្ដងម្កាលផងនេះ បានឆ្លុះបញ្ចាំងបទពិសោធន៍ដែលពលរដ្ឋខ្មែរភាគច្រើន បានឆ្លងកាត់តាមរយៈការចងចាំរបស់តួឯកជាស្ត្រីអាមេរិកាំងម្នាក់ដែលមានដើមកំណើតខ្មែរតែមិនចេះនិយាយខ្មែរ ហើយបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដែលជាស្រុកកំណើតរបស់ម្ដាយនាង។
លោក William Heidt អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ដែលទើបបញ្ចប់អាណត្តិរបស់លោក កាលពីប៉ុន្មានខែថ្មីៗនេះ ក៏បានមកទស្សនាខ្សែភាពយន្តរឿង«តន្ត្រីជីវិត»នេះ ជាមួយភរិយារបស់លោកដែរ។
«កុនហ្នឹង ខ្ញុំចាប់អារម្មណ៍ច្រើនណាស់ ពីព្រោះមានចំណុចពីរបីសំខាន់។ ទី១ ការផលិត film [កុន] ជាឯករាជ្យនៅស្រុកខ្មែរ មានគេធ្វើច្រើនជាងមុននិងល្អ reputation [កេរ្តិ៍ឈ្មោះ]ឱ្យស្រុកខ្មែរ។ ទី២ បទហ្នឹង ក្នុង film គឺចម្ប៉ាបាត់ដំបង។ បទហ្នឹង my favourite ខ្ញុំចូលចិត្តជាងគេបង្អស់»។
អ្នកស្រី សុធី ហៃ គឺជាភរិយារបស់លោក William Heidt៖
«ខ្ញុំធ្លាប់ឮពីកុននេះ តាំងពីខ្ញុំនៅស្រុកខ្មែរម្ល៉េះ ហើយឮសូរថាខ្មែរអាមេរិកាំង គាត់ចាប់អារម្មណ៍រឿងប្រវត្តិសាស្ត្រខ្មែរ គាត់ចង់ធ្វើកុនមួយជូនសាធារណជនមើល ដើម្បីឱ្យដឹងពីស្រុកខ្មែរ ហើយហ្នឹង ពិសេសគាត់មិនមែននិយាយពីរឿងដូចថាពិបាកស្រុកខ្មែរទេ។ គាត់និយាយពីរឿងក្តីសង្ឃឹម។ ដូចថា ក្រុមភ្លេងជាតិខ្មែរយើង ធ្លាប់ល្បីឈ្មោះអីអញ្ចឹង។ ដូចថាគាត់ចង់ស្តាឡើងវិញ ចាស៎»។
ខ្សែភាពយន្តខ្មែរអាមេរិកាំងនេះ ត្រូវបានចាក់បញ្ចាំងនៅទីក្រុងញូវយ៉ក មុននឹងត្រូវបានចាក់បញ្ចាំងក្នុងរដ្ឋ Virginia ហើយភាពយន្តដែលទទួលបានពានរង្វាន់ជាច្រើននេះ ក៏នឹងត្រូវយកទៅចូលរួមនៅក្នុងមហោស្រពភាពយន្តអន្តរជាតិនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៩នេះផងដែរ។
លោក ចាន់ប៊ុនម៉ុល ស៊ូ អាយុ ៣៣ឆ្នាំ ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរម្នាក់ទៀតដែលបានទស្សនាខ្សែភាពយន្តនេះដែរ៖
«មើលកុនហ្នឹង ធ្វើឱ្យខ្ញុំរំភើបចិត្តថា ថ្ងៃមួយ ខ្ញុំចង់ទៅរស់នៅស្រុកខ្មែរ ដើម្បីស្គាល់កន្លែង[កំណើត]ម៉ែឳខ្ញុំនៅតាកែវ [ស្រុក]គីរីវង់ ពីព្រោះខ្ញុំអត់ដែលទៅស្រុកខ្មែរទេ។ ខ្ញុំកើតនៅស្រុកអាមេរិក ហើយវាធ្វើឱ្យខ្ញុំមានអារម្មណ៍មោទនភាពចំពោះខ្មែរយើង»។
ក្រុមផលិតករភាពយន្ត និយាយថារឿង«តន្ត្រីជីវិត» នេះ នឹងត្រូវយកទៅចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាក្នុងទីក្រុងភ្នំពេញនិងខេត្តសៀមរាបផងដែរនៅថ្ងៃទី២១ខែមីនា ឆ្នាំ២០១៩នេះ៕