សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបង្គាប់ឲ្យលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងបង់សំណងចំនួន១៥លានរៀលឲ្យទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែនតាមការសម្រេចរបស់សាលាដំបូង ពីបទបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការទិញចំនួន Like លើ Facebook។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចឲ្យលោកសម រង្ស៊ី ចាញ់ក្តីក្នុងសំណុំរឿងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាសាធារណៈលើទំព័រ Facebook។ សាលាដំបូងក៏បានបង្គាប់ឲ្យប្រធានគណបក្សប្រឆាំងរូបនេះបង់ពិន័យចូលរដ្ឋចំនួន១០លានរៀល និងបង់សំណងជំងឺចិត្តទៅឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនចំនួន១៥លានរៀល។
លោក សោម សឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាដើមបណ្តឹងតំណាងឲ្យលោកហ៊ុន សែន បានដាក់ពាក្យបណ្តឹងនេះ បន្ទាប់ពីលោកសម រង្ស៊ី បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា មន្ត្រីគណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយការជំរុញឲ្យមនុស្សចូលរួមចុច Like លើទំព័រ Facebook របស់លោកហ៊ុន សែន។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍គឺលោក សំរិទ្ធ សុផល ប្រកាសថា ការសម្រេចរបស់សាលាដំបូងរាជធានីមានភាពត្រឹមត្រូវតាមច្បាប់។ លោកបញ្ជាក់ថា ប្រសិនបើលោកសម រង្ស៊ី ឬមេធាវីរបស់លោកមិនសុខចិត្ត ពួកគេអាចប្តឹងសារទុក្ខទៅតុលាការកំពូល។
ក្នុងសាលសវនាការសាលាឧទ្ធរណ៍កាលពីខែមករានេះ លោកសោម សឿន ដើមបណ្តឹងដែលតំណាងឲ្យលោកហ៊ុន សែន បានថ្លែងចំពោះមុខសវនាការថា លោកសម រង្ស៊ីបានបង្ហោះអត្ថបទដែលមានខ្លឹមសារមួលបង្កាច់ខុសពីការណ៍ពិត។ លោកថ្លែងថា ការបង្ហោះអត្ថបទដែលមានខ្លឹមសារមួលបង្កាច់នោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និងប៉ះពាល់ដល់រូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរ។
ចំណែកលោកសំ សុគង់ មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី បានលើកឡើងក្នុងសាលសវនាការកាលពីខែមករានោះថា បណ្តឹងរបស់លោកសោម សឿន ដែលប្តឹងលោកសម រង្ស៊ី អាចកើតឡើងដោយសារការភាន់ច្រឡំខ្លឹមសារនៃការបកប្រែពីភាសាអង់គ្លេស។ លោកបន្ថែមថា ការបង្ហោះសារលើទំព័រ Facebook របស់លោកសម រង្ស៊ីពាក់ព័ន្ធនឹងចំនួនចុចចូលចិត្ត ឬហៅថា Like លើទំព័រ Facebook របស់លោកហ៊ុន សែនកន្លងមកនោះ មិនមែនជាការចោទប្រកាន់នោះទេ។
ក្រោយពីស្តាប់ការប្រកាសសាលដីកា លោកសោម សឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា លោកពេញចិត្តនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដោយលោកថា ការសម្រេចនេះបានផ្តល់យុត្តិធម៌ជូនលោក និងលោកហ៊ុន សែន។
លោកមានប្រសាសន៍ថា៖
«ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដែលសាលាឧទ្ធរណ៍បានប្រកាសសាលក្រម ដែលផ្តល់ភាពយុត្តិធម៌ដល់ខ្ញុំដែលជាដើមបណ្តឹង ប្តឹងលោកសម រង្ស៊ី ដែលបានប្រើប្រាស់ឈ្មោះរបស់ខ្ញុំដើម្បីវាយប្រហារ Page Facebook របស់សម្តេចតេជោនាយករដ្ឋមន្រ្តី»។
លោកសំ សុគង់ មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី លើកឡើងថា ការសម្រេចរបស់សាលាឧទ្ធរណ៍ ធ្វើឡើងដោយមិនត្រឹមត្រូវ និងមិនឈរលើឯករាជ្យភាព។
លោកបញ្ជាក់ថា៖
«ខ្ញុំជាមេធាវីមិនអាចទទួលយកបានទេ ចំពោះសាលដីកាសម្រេចតម្កល់នេះ។ មេធាវីការពារនឹងពិភាក្សាជាមួយឯកឧត្ដម(សម រង្ស៊ី) ហើយនិងរៀបចំបណ្ដឹងសារទុក្ខមួយ ដើម្បីប្ដឹងទៅតុលាការកំពូល ដើម្បីឲ្យតុលាការកំពូលពិនិត្យអំពីសេចក្ដីសម្រេចនេះឡើងវិញ»។
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ លោកសម រង្ស៊ីបានសរសេរនៅលើទំព័រ Facebook របស់លោកថា ថ្ងៃនេះមានធ្លាយព័ត៌មានមួយតាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ ពីមតិចូលចិត្ត ឬ Like ក្លែងក្លាយលើទំព័រ Facebook របស់លោកហ៊ុន សែន។ លោកថា ចំនួន Like មួយចំនួនធំលើទំព័រ Facebook លោកហ៊ុន សែនគឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើ ឲ្យបង្កើតគណនេយ្យក្លែងក្លាយ ដើម្បីចុច Like ឲ្យលោកហ៊ុន សែន។
រហូតមកដល់ពេលនេះ ទំព័រ Facebook របស់លោកសម រង្ស៊ី ដែលធ្លាប់តែនាំមុខនោះ មានចំនួនអ្នកចុច Like តែជិត៤លានប៉ុណ្ណោះ ស្របពេលដែលទំព័រ Facebook របស់លោកហ៊ុន សែនមានអ្នកចុច Like រហូតដល់ទៅជិត៧លាន។
ក្រៅពីបទបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងការទិញចំនួន Like លើ Facebook នេះ លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅប្រទេសបារាំងក៏កំពុងរងនូវបទចោទប្រកាន់ និងកាត់ទោសចំនួន៦ករណីផ្សេងទៀតពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លោកហ៊ុន សែន ក្នុងករណីឲ្យលុយទៅកញ្ញាធី សុវណ្ណថា១លានដុល្លារ និងករណីឃាតកម្មលោកកែម ឡី។ ក្នុងនោះមានទាំងបទចោទពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លោកហេង សំរិន និងលោកហោ ណាំហុង និងបទសមគំនិតពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈ៕