ខណៈដែលការឃោសនាបោះឆ្នោតកាន់តែខិតជិតមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះគណបក្សនយោបាយណាដែលដើរឃោសនា ប្រាប់ប្រជាពលរដ្ឋថា នឹងលុបចោលបំណុលរបស់ពួកគេ ប្រសិនបើបក្សខ្លួនឈ្នះ។ អ្នកឃ្លាំមើលស្ថានការណ៍សង្គមយល់ថា ការព្រមាននេះធ្វើឡើងផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានព្រមានជាថ្មី ដោយបញ្ជាឲ្យអាជ្ញាធរចាប់វាយខ្នោះអ្នកនយោបាយណាដែលឃោសនា ថានឹងលុបបំណុលឲ្យប្រជាពលរដ្ឋដែលខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគេឈ្នះឆ្នោត។
នេះមិនមែនជាលើកទីមួយទេ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសបញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយដែលសន្យាថា នឹងលុបបំណុលឲ្យប្រជាពលរដ្ឋ។ ចាប់តាំងពីការប្រកាសកាលពីដើមឆ្នាំ២០១៦មក គេមិនទាន់ឃើញមានអ្នកនយោបាយណាម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសន្យានេះនៅឡើយ។
ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធិផលក្នុងវត្តព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានចំអកឲ្យគណបក្សមួយចំនួនដែលបានឃោសនានយោបាយតាមរយៈការសន្យាថា នឹងលុបបំណុលដែលប្រជាពលរដ្ឋតាមមូលដ្ឋានជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនថា ជាការបោកប្រាស់។
លោក ហ៊ុន សែន លើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ ដូច្នេះអ្នកនយោបាយដែលសន្យាថា លុបចោលបំណុលទាំងនោះបាន លុះត្រាតែពួកគេធ្វើបដិវត្ត បង្កើតរបបថ្មី ដែលលោកបានប្រៀបរបបថ្មីនោះ ដូចទៅនឹងរបប ប៉ុល ពត។ លោកបានបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនបុគ្គលណាដែលហ៊ានឃោសនាដោយសន្យាលុបចោលបំណុលទាំងនោះ។
លោកបញ្ជាក់ថា៖«បើថាមានបទល្មើសជាក់ស្តែង គឺចាប់នៅហ្នឹងកន្លែងហ្មង ព្រោះវាដើរបោកប្រាស់រាល់ថ្ងៃនេះ ថាបើបោះឲ្យខ្ញុំទៅខ្ញុំឈ្នះ ខ្ញុំលុបចោលបំណុលហ្នឹង។ អញ្ចឹងយើងលេងអាហ្នឹងឲ្យធ្ងន់ តាមមូលដ្ឋានចាប់ចងស្លាបសេកនៅហ្នឹង បញ្ជូនទៅឲ្យតុលាការកាត់ទោស ព្រោះអាហ្នឹងដើរបោក។ នេះជាវិធីដើរបោក សិក្សាតាមផ្លូវច្បាប់មើល តើអាចដោះស្រាយបានទេ? ព្រោះអាហ្នឹងជាការជំរុញមួយឲ្យប្រជាជនទៅខ្ចីថែមទៀត ហើយដូចជាសម្លាប់ប្រជាជនអញ្ចឹង ដើម្បីតែសន្លឹកឆ្នោត»។
បើទោះបីជាលោក ហ៊ុន សែន ថ្លែងដោយមិនបញ្ចេញឈ្មោះរបស់គណបក្ស ឬអ្នកនយោបាយណាមួយក៏ដោយ ប៉ុន្តែកន្លងមកលោកធ្លាប់បានប្រដូចគណបក្សសង្គ្រោះជាតិទៅនឹងរបបខ្មែរក្រហម ដោយថា គណបក្សនេះធ្លាប់បានឃោសនា ថានឹងលុបចោលបំណុលរបស់ប្រជាពលរដ្ឋ ប្រសិនបើពួកគេឈ្នះការបោះឆ្នោត។
កាលពីពាក់កណ្តាលឆ្នាំ២០១៦ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចធ្លាប់មានព្រះបន្ទូលថា ទ្រង់នឹងសងបំណុលជំនួសប្រជាពលរដ្ឋដែលជំពាក់ធនាគារទាំងអស់ បើគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ទ្រង់ឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងលោក សាយ ហាក់ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានទេ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា ការបញ្ជារបស់លោក ហ៊ុន សែន ផ្ទុយពីលទ្ធិប្រជាធិបតេយ្យ បើទោះបីជាការសន្យារបស់អ្នកនយោបាយមួយចំនួនជាការសន្យាដែលមិនអាចក្លាយជាការពិតក៏ដោយ។ លោកបន្ថែមថា លោក ហ៊ុន សែន គួរពន្យល់ប្រជាពលរដ្ឋឲ្យបានដឹងពីបញ្ហា ជាជាងបញ្ជាដោយប្រើច្បាប់ ដែលលោកថា ការណ៍នេះអាចធ្វើឲ្យអ្នកនយោបាយមានការភ័យខ្លាច។
លោកមានប្រសាសន៍ថា៖«បើសិនជាលោកនាយករដ្ឋមន្រ្តីគំរាមដាក់ខ្នោះបែបនេះ វាធ្វើឲ្យអ្នកនយោបាយផ្សេងទៀតគាត់មានការភ័យខ្លាច បើគាត់ដើរនិយាយរឿងអីផ្សេង សន្យារឿងអីផ្សេង ជួនកាលសមហេតុផលក៏គាត់មានការភ័យខ្លាចដែរ។ អញ្ចឹងហើយបានខ្ញុំថា ខ្ញុំមិនគាំទ្ររឿងប្រើច្បាប់ព្រហ្មទណ្ឌទេ ប៉ុន្តែខ្ញុំគាំទ្រឲ្យមានការបកស្រាយច្រើន ដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋចេះតែជឿដោយមិនសមហេតុផល»។
ថ្លែងនៅព្រឹកនេះ លោក ហ៊ុន សែន ក៏បានព្រមានថា នឹងបិទគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលមិនប្រាប់ថា លុយដែលឲ្យប្រជាពលរដ្ឋខ្ចីនោះជាលុយឯកជន ហើយធ្វើឲ្យប្រជាពលរដ្ឋភ័ន្តច្រឡំថា ពួកគេជំពាក់បំណុលរបស់រដ្ឋ។ លោកក៏បានព្រមានបិទគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលឲ្យប្រជាពលរដ្ឋខ្ចីបំណុល ហើយចង់រឹបអូសយកទ្រព្យសម្បត្តិមុនកាលកំណត់ផងដែរ។
លោក ហ៊ុន សែន ក៏បានស្នើជាថ្មីទៅអាមេរិក ឲ្យលុបបំណុលពីកម្ពុជាដែលបានជំពាក់ក្នុងសម័យ លន់ នល់ កាលពីទស្សវត្សរ៍ទី៧០៕