វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុង Davos មិនគួរអនុញ្ញាតឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើជាម្ចាស់នៃកម្មវិធីមួយដែលមានគោលបំណងទាក់ទាញការវិនិយោគថ្មីពីបរទេសនោះទេ។ នេះបើយោងតាមអង្គការ Global Witness។ ក្នុងលក្ខណៈទូលំទូលាយជាងនេះ កិច្ចប្រជុំនៃបណ្តាវរជននៅក្នុងពិភពលោកមួយនេះ មិនគួរផ្តល់ជាវេទិកាមួយដល់ជនផ្តាច់ការសាហាវឃោរឃៅដើម្បីស្វែងរកដៃគូជំនួញអន្តរជាតិថ្មីៗនោះទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលVOA ទទួលបាននៅថ្ងៃពុធបានបញ្ជាក់ថាការដែលលោកហ៊ុន សែនខិតខំរកដៃគូអន្តរជាតិថ្មីទៀតគឺដើម្បីយកមកបំពេញពាណិជ្ជកម្មដ៏កខ្វក់របស់ខ្លួនប៉ុណ្ណោះ។
អ្នកស្រី Alice Harrison ទីប្រឹក្សាផ្នែកសារគមនាគមន៍របស់អង្គការ Global Witness បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖
«វាមិនមែនជាការភ្ញាក់ផ្អើលទេដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទាក់ទាញក្រុមអ្នកមានទ្រព្យធននៅទីក្រុងដាវ៉ូស។ លោក ហ៊ុន សែននិងក្រុមគ្រួសារបានក្តោបក្តាប់សេដ្ឋកិច្ចជាប់ដែលការវិនិយោគថ្មីណាក៏អាចនឹងធ្លាក់ចូលក្នុងហៅប៉ៅរបស់ពួកគេដែរ»។
អ្នកស្រីAlice Harrison បានបន្តថា៖
«កិច្ចប្រជុំកំពូលអះអាងថាប្តេជ្ញាធ្វើឱ្យប្រសើរឡើងស្ថានភាពពិភពលោក។ ប្រសិនបើពិតប្រាកដមែនកិច្ចប្រជុំនេះគួរតែបិទទ្វារមិនឱ្យចូលនូវក្រុមចោរលួចជាតិដែលបានលួចទ្រព្យធនប្រទេសជាតិដោយហិង្សានិងជាប្រព័ន្ធដោយធ្វើឱ្យវេទនាដល់ពលរដ្ឋខ្លួនឯង»។
កិច្ចប្រជុំនៃវេទិការសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧បានដំណើរការពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២០ ខែមករា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកំពុងតែចូលរួមកិច្ចប្រជុំនេះដែលមានអ្នកចូលរួមជាអ្នកសេដ្ឋកិច្ចលំដាប់ពិភពលោកនិងមេដឹកនាំប្រទេសជាច្រើន។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានហៅ អ្នកស្រីAlice Harrison ថា ជាជនពាលអន្តរជាតិដែលញុះញង់និងប្រឌិតព័ត៌មានខុសពីការពិត។
នៅក្នុងសារបង្ហោះតាមហ្វេសប៊ុកផ្ទាល់ខ្លួនជាការឆ្លើយតប លោក ផៃ ស៊ីផានអះអាងថា៖
«កម្ពុជាទទួលបានការគោរព និងឃើញថាជាខ្លាសេដ្ឋកិច្ចមួយប្រចាំអាស៊ាន ASEAN ដែលមានផលិតផលសរុបក្នុងស្រុកក្នុងរង្វង់ជាង ៧ ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ កម្ពុជា ក៏ជាទិសដៅ ដល់អ្នកបណ្តាក់ទុនអន្តរជាតិ ដែលមានភាពកក់ក្តៅ និងបរិមាណខ្ពស់ប្រចាំតំបន់។ ស្រទាប់កណ្តាល របស់សង្គមកម្ពុជា បានរីកធំធាត់ប្រកបដោយផាសុខភាព ដែលជាមូលដ្ឋានគ្រឹះ នៃថាមពលសេដ្ឋកិច្ច»។
អង្គការGlobal Witness អះអាងថាក្នុងការកាន់អំណាចរយៈពេលជាង៣០ឆ្នាំនេះលោកហ៊ុន សែនបានពង្រីកទ្រព្យធនរបស់ខ្លួនដោយមានក្រុមហ៊ុនជាច្រើនដែលក្រុមគ្រួសារត្រកូលហ៊ុនជាម្ចាស់និងមានភាគហ៊ុនហើយក្រុមហ៊ុនទាំងនោះមានទំនាក់ទំនងនឹងក្រុមហ៊ុនលក់ផលិតផលម៉ាកល្បីៗដូចជា Apple, Nokia, Visa, Procter & Gamble, Nestle និង Honda ជាដើម។ ក្នុងខណៈពេលដែលពលរដ្ឋរស់នៅក្នុងស្ថានភាពក្រីក្រជាខ្លាំង។
អ្នកស្រីAlice Harrison បន្ថែមថា៖
«អ្នកវិនិយោគទុនឬក្រុមហ៊ុនណាដែលចង់ទៅធ្វើវិនិយោគនៅកម្ពុជាគួរតែគិតឱ្យបានច្បាស់លាស់អំពីការប្រថុយប្រថានយ៉ាងខ្លាំងខាងផ្នែកផ្លូវច្បាប់ ហិរញ្ញវត្ថុនិងការខូចឈ្មោះក្នុងការរកទទួលទានក្នុងបរិយាកាសជំនួញដែលពុលកខ្វក់នេះ»៕