ក្នុងជំនួបរវាងលោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលធ្វើឡើងក្នុងទីក្រុងភ្នំពេញកាលពីសប្តាហ៍មុន ភាគីទាំងពីរ បានពិភាក្សាកិច្ចការជាច្រើនពាក់ព័ន្ធនឹងកិច្ចការការទូតក្នុងតំបន់ និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលវីអូអេទទួលបានកាលពីថ្ងៃអាទិត្យ។
លោក Derek Chollet បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ បន្ទាប់ពីមានវោហារសព្ទនយោបាយមួយចំនួនពីមេដឹកនាំកម្ពុជា តបទៅនឹងទណ្ឌកម្មនានាដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់មកលើរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពមិនប្រសើរឡើងនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា និងនៅចំពេលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខ។
ក្នុងកិច្ចពិភាក្សាទ្វេភាគីធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុនលោក ប្រាក់ សុខុន បានប្រាប់លោក Derek Chollet ថា កម្ពុជាបានត្រៀមលក្ខណៈជាស្រេចរបស់ខ្លួន ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងបានគូសបញ្ជាក់អំពីអាទិភាពនានារបស់កម្ពុជានៅក្នុងសរសរស្តម្ភទាំងបីរបស់អាស៊ាន ហើយប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់ថា មូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ស្មារតីរបស់អាស៊ាន ជាគ្រួសាររួបរួមគ្នាជាមួយឆន្ទៈខ្ពស់នៃភាព«ទាំងអស់គ្នា»ក្នុងការថែរក្សា សន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន និងពិភពលោក។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រីមួយរូបផងនោះ បានទទួលស្វាគមន៍ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងឯកសារសមិទ្ធផលនានាដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន។
សេចក្តីប្រកាសក្រសួងការបរទេសកម្ពុជាបានលើកឡើងក្នុងន័យដើមថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្ រីក៏បានទទួលស្វាគមន៍ផងដែរចំពោះការបន្តការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការថែរក្សាឲ្យបានមជ្ឈភាពអាស៊ាន ក៏ដូចជាសន្តិភាពនិងវិបុលភាពក្នុងតំបន់»។
ក្នុងការឆ្លើយតបទៅសមភាគីកម្ពុជា លោក Derek Chollet បានអះអាងជាថ្មីថាអាស៊ាន គឺជាចំណុចស្នូលសម្រាប់នយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើតអាមេរិករំពឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងនាំជាប្រធានអាស៊ានឆ្នាំ២០២២។
វីអូអេព្យាយាមសុំការអធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង តែលោកមិនបានឆ្លើយតបសំណួរដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនង WhatsApp ទេ។
នៅក្រោយជំនួបរបស់លោកជាមួយលោក ប្រាក់ សុខុន លោក Derek Chollet បានប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងភ្នំពេញនាថ្ងៃសុក្រកាលពីសប្តាហ៍មុនថា កម្ពុជា មានការគិតគូរជាន់គ្នាចំពោះអ្វីដែលខ្លួនត្រូវសម្រេចបាន ដូចជាថាតើនឹងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីបានធូរស្បើយពីជំងឺកូវីដ១៩ ហើយនឹងត្រូវឆ្លើយតបយ៉ាងណាក្នុងបញ្ហាប្រែប្រួលអាកាសធាតុ ឬក៏ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
យ៉ាងណាក៏ដោយ លោកថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីជួយឲ្យកម្ពុជាជោគជ័យអំឡុងពេលកម្ពុជាដឹកនាំអាស៊ាន។
លោកថ្លែងជាភាសាអង់គ្លេសនិងត្រូវប្រែសម្រួលជាខេមរភាសាថា៖ «វាជារបៀបវារៈដ៏មានមហិច្ឆតា ដែលពួកគេបានគូសវាសសម្រាប់ពួកគេក្នុងនាមជាប្រធានអាស៊ាន»។
លោកបន្ថែមថា៖ «ក្តីសង្ឃឹមរបស់យើង ហើយអ្វីដែលយើងត្រូវធ្វើ គឺធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីធានាថា កម្ពុជាជោគជ័យក្នុងនាមជាប្រធានអាស៊ាន ហើយការធ្វើការងារនោះ មិនមែនតែជាមួយសមាជិកអាស៊ានទេ តែក៏ធ្វើជាមួយដៃគូអាស៊ានដទៃទៀត...ប៉ុន្តែត្រូវដឹងឲ្យច្បាស់ថា ធ្វើជាប្រធានអាស៊ានមានន័យថា អ្នកកំពុងតែមានតួនាទីតំបន់ខ្ពស់មួយ ហើយដែលការណ៍នេះ គឺនឹងត្រូវមានការទទួលខុសត្រូវច្រើនអនេក»។
អ្នកវិភាគមួយចំនួនធ្លាប់លើកឡើងថា កម្ពុជានឹងត្រូវប្រឈមបញ្ហាស្មុគស្មាញមួយចំនួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស នៅពេលដឹកនាំអាស៊ាន។ បញ្ហាទាំងនោះ រួមមានកំណត់ត្រាអាក្រក់នៃបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ជម្លោះដណ្តើមកាន់កាប់ដែនកោះនៅសមុទ្រចិនខាងត្បូង ហើយនឹងការចងសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកចក្រភពអង់គ្លេស និងអូស្រា្តលី ហៅកាត់ថា Aukus ដើម្បីត្រៀមឆ្លើយតបទៅនឹងភាពតានតឹងនានានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក៏ប៉ុន្តែ កម្ពុជាបានប្រកាសកន្លងមកថា ខ្លួននឹងផ្តោតលើកិច្ចការអាទិភាពសំខាន់ចំនួនបី ដែលត្រូវបានកំណត់ជាបីសសរស្តម្ភ គឺនយោបាយនិងសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ នៅត្រង់សសរស្តម្ភនយោបាយនិងសនិ្តសុខ កម្ពុជានឹងផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ានទាំងនៅក្នុងយន្តការតំបន់និងកិច្ចសហប្រតិបតិ្តការជាមួយដៃគូខាងក្រៅ ហើយកម្ពុជាក៏ត្រូវឲ្យអាស៊ានមានភាពធន់និងរឹងមាំ ប្រឆាំងនឹងសម្ពាធនិងឥទ្ធិពលដែលបណ្តាលមកពីការកើនឡើងនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ៕