ដោយបារម្ភអំពីកំណើនឥទ្ធិពលចិនក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែធ្នូ បានសម្រេចដាក់ទណ្ឌកម្ម ដោយហាមមិនឲ្យនាំចេញអាវុធ និងសម្ភារៈយោធាចូលប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកចេញផ្សាយកាលពីថ្ងៃពុធ។
ទណ្ឌកម្មនេះ ត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មអាមេរិក ដោយលើកហេតុផលថា មានអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងកំណើនឥទ្ធិពលយោធាចិនក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo ថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «យើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យមានវឌ្ឍនភាពប្រកបដោយអត្ថន័យក្នុងការដោះស្រាយអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សនិងកាត់បន្ថយឥទ្ធិពលរបស់យោធាចិននៅកម្ពុជា ដែលវាគំរាមកំហែងដល់សន្តិសុខតំបន់ និងពិភពលោក»។
វាមិនច្បាស់នៅឡើយទេចំពោះឥទ្ធិពលនៃទណ្ឌកម្មនេះ ដោយសារអាមេរិកមិនមែនជាប្រទេសផ្គត់ផ្គង់គ្រឿងសព្វាវុធ និងសម្ភារៈយោធាដល់កម្ពុជាឡើយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ (International Peace Research Institute) មានមូលដ្ឋាននៅទីក្រុងស្តុកខុល (Stockholm) ប្រទេសស៊ុយអែត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សុំមិនធ្វើអត្ថាធិប្បាយអំពីការដាក់ទណ្ឌកម្មនេះ ដោយបង្វែរសំណួរទៅក្រសួងការបរទេស និងក្រសួងការពារជាតិកម្ពុជាវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងលោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបាននៅឡើយទេ។
ទណ្ឌកម្មរឹតត្បិតការនាំចេញសព្វាវុធនេះមកកម្ពុជានេះ ធ្វើឡើងក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីដើមខែធ្នូ ឆ្នាំ២០២១ បានប្រកាសថា រដ្ឋាភិបាលកម្ពុជាលែងឲ្យមានការចូលទៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ដែលកន្លងទៅអាមេរិកបារម្ភថា អាចជាទីតាំងឈរជើងរបស់ទាហានចិន។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ អាមេរិក បានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍កំពូលពីររូប គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹងអំពើពុករលួយ។ ចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ គឺយោងទៅលើការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាកម្ពុជា។
សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា«មានតម្លាភាពពេញលេញ»អំពីគម្រោងនៃការអភិវឌ្ឍនៅមូលដ្ឋានកងទ័ពជើងទឹករាម និងតួនាទីរបស់យោធាចិនក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលលោកថា វាមានសារៈប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ប្រទេសជិតខាង និងប្រទេសជាសមាជិកអាស៊ានផងដែរ៕