ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឆ្លើយតប​នឹង​ទណ្ឌកម្ម​ហាម​ការលក់ដូរ​អាវុធ លោក ហ៊ុន សែន ឲ្យ​យក​អាវុធ​របស់​អាមេរិក​«ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង ឬ​យក​ទៅ​កម្ទេច​ចោល»


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។

ប្រតិកម្ម​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​លើ​ការ​ហាមឃាត់​លក់​ដូរ​អាវុធ​មក​ឲ្យ​កម្ពុជា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​បញ្ជា​ឲ្យ​យក​អាវុធ​ និង​សម្ភារៈ​យោធា​របស់​អាមេរិក​ ដែល​កម្ពុជា​មាន ​មក​រក្សា​ទុក​ក្នុង​ឃ្លាំង​ ឬ​បំផ្លាញ​ចោល​តែ​ម្តង។ នេះ​ បើ​យោងតាម​សារ​របស់​នាយក​រដ្ឋមន្រ្តី​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ​ខែ​ធ្នូ ​ឆ្នាំ​២០២១។​

លោក​ ហ៊ុន សែន ​ឲ្យ​ដឹង​ថា​ ​លោក​អរគុណ​សហ​រដ្ឋ​អាមេរិក​ចំពោះ​បម្រាម​ការ​លក់​ដូរ​អាវុធ​ និង​សម្ភារៈ​យោធា​មក​កម្ពុជា​នាពេល​នេះ។​ លោក​បញ្ជាក់​ថា​ ការ​សម្រេច​របស់​អាមេរិក ​«គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ កាលពី​ឆ្នាំ១៩៩៤​ ដែល​នៅ​ពេល​នោះ ​ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្ត​ ដោយ​មិន​ធ្វើ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​អាវុធ​កម្ពុជា​ដែល​មាន​ពេល​នោះ ទៅ​ទិញ​ប្រព័ន្ធ​អាវុធ​អាមេរិក»។​

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា៖ ​«ទន្ទឹម​នឹង​នេះ ​ខ្ញុំ​សូម​ដាក់​ចេញ​បទ​បញ្ជា​ដល់​អង្គភាព​ប្រដាប់​អាវុធ​ទាំង​អស់ ​ឲ្យ​ធ្វើការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​អំពី​អាវុធ​ និង​សម្ភារៈ​យោធា ​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន​ ហើយ​ត្រូវ​ប្រមូល​អាវុធ​ និង​សម្ភារៈ​យោធា​អាមេរិក​ទាំង​អស់​ ប្រសិន​បើ​មាន​ យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​ ឬ​យក​ទៅ​កម្ទេច​ចោល​តាម​ការ​ជាក់​ស្តែង»។​

លោក​បន្ថែម​ថា៖ ​«សម្រាប់​នយោបាយ​ការពារជាតិ​របស់​កម្ពុជា​ ហើយ​វា​ក៏​ជា​សារ​ព្រមាន​មួយ​ប្រាប់​ទៅ​ខ្មែរ​ដែល​គ្រប់គ្រង​រាជ​រដ្ឋាភិបាល​ជំនា​ន់ក្រោយ​ឲ្យ​បាន​ជ្រាប​ថា​ បើចង់​មាន​ឯក​រាជ្យភាព​លើ​វិស័យ​ការពារជាតិ ​សូម​កុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក»។​

លោក ​ហ៊ុន សែន ​បន្ថែម​ថា​ តាម​ការ​ចំណាំ​របស់​លោក​ អ្នក​ដែល​ធ្លាប់​ប្រើប្រព័ន្ធ​អាវុធ​អាមេរិក​ជាច្រើន​ «បាន​ចាញ់​សង្រ្គាម»​ ដូចជា​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លន់ នល់ ​និង​ សង្រ្គាម​នៅ​អាហ្គានីស្ថាន។​

វីអូអេ​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​តាម​សារអ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។​

ដោយ​បារម្ភ​អំពី​កំណើន​ឥទ្ធិពល​ចិន​ក្នុង​ប្រទេស​កម្ពុជា​ សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ ដោយ​ហាម​មិន​ឲ្យ​នាំ​ចេញ​អាវុធ ​និង​សម្ភារៈ​យោធា​ចូល​ប្រទេស​កម្ពុជា។ ​

ទណ្ឌកម្ម​នេះ​ ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ដោយ​លើក​ហេតុផល​ថា​ មាន​អំពើ​ពុក​រលួយ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​កំណើន​ឥទ្ធិពល​យោធា​ចិន​ក្នុង​ប្រទេស​កម្ពុជា។​

វា​មិន​ច្បាស់​នៅ​ឡើយ​ទេ​ចំពោះ​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​នេះ ​ដោយ​សារ​អាមេរិក​ មិន​មែន​ជា​ប្រទេស​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ​និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​ឡើយ។​ នេះ ​បើ​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ ​(International Peace Research Institute) ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស្តុកខុល ​(Stockholm)​ ប្រទេស​ស៊ុយអែត។​

ទណ្ឌកម្ម​រឹតត្បិត​ការ​នាំ​ចេញ​សព្វាវុធ​មក​កម្ពុជា​នេះ​ ធ្វើ​ឡើង​ក្រោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ដើម​ខែ​ធ្នូ ​ឆ្នាំ​២០២១​ បាន​ប្រកាស​ថា ​រដ្ឋាភិបាល​កម្ពុជា​លែង​ឲ្យ​មាន​ការ​ចូល​ទៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​កន្លង​ទៅ ​អាមេរិក​បារម្ភ​ថា ​អាច​ជា​ទីតាំង​ឈរ​ជើង​របស់​ទាហាន​ចិន។ ​សហ​រដ្ឋ​អាមេរិក​ លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​«មាន​តម្លាភាព​ពេញ​លេញ»​អំពី​គម្រោង​នៃ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ និង​តួនាទី​របស់​យោធា​ចិន​ក្នុង​ការ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដើម្បី​សារៈ​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ ប្រទេស​ជិត​ខាង​ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG