ស្របពេលដែលសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងស្ថិតក្នុងដៃព្រឹទ្ធសភាអាមេរិក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានមិនឲ្យមន្រ្តីអាមេរិកចូលមកកម្ពុជាដូចគ្នា ជាប្រតិកម្មនឹងការដាក់ទណ្ឌកម្មដែលមានចែងក្នុងច្បាប់នេះ ដែលហាមឃាត់មន្រ្តីកម្ពុជាចូលទឹកដីអាមេរិក។
ក្នុងពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក្នុងខេត្តកណ្តាលលោក ហ៊ុន សែន បញ្ជាក់ថា លោកមិនខ្វល់ពីសេចក្តីព្រាងច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលរដ្ឋសភាអាមេរិកបានអនុម័តកាលពីខែកញ្ញា ឆ្នាំ២០២១នោះទេ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំផ្តាំផ្ញើទៅ! បើច្បាប់អនុម័តឲ្យអនុម័តទៅ! ហើយរឿងតែមួយទេ ។ វាគ្មានអីក្រៅពីហ្នឹងទេ។ អ្នកឯងបិទទ្វារ។ ខ្ញុំ បិទទ្វារមានន័យថា អ្នកឯងក៏ចូលមិនបាន។ ខ្ញុំក៏ចេញមិនរួចតែប៉ុណ្ណឹង! វាមានស្អី! វាមិនមែនមានតែម្ខាងឯណាៗ! កុំឲ្យវាពិបាកពេកៗ»។
ក្រោយពីអនុម័តដោយរដ្ឋសភាអាមេរិក សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាកំពុងស្ថិតក្នុងចំណាត់ការបន្ទាប់របស់ព្រឹទ្ធសភា មុននឹងដាក់ឲ្យប្រធានាធិបតីអាមេរិកប្រកាសឲ្យប្រើប្រាស់។
ប្រសិនបើក្លាយជាច្បាប់ វានឹងបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិក អាចបង្កករាល់ទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះនៅសហរដ្ឋអាមេរិក រឹតត្បិតប្រតិបត្តិការហិរញ្ញវត្ថុជាមួយសហរដ្ឋអាមេរិក និងហាមឃាត់មិនឲ្យជាន់លើទឹកដីសហរដ្ឋអាមេរិកចំពោះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល យោធា និងកងកម្លាំងសន្តិសុខនៅកម្ពុជាដែលរដ្ឋាភិបាលអាមេរិកចាត់ទុកថា បានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។
លោក ហ៊ុន សែន ថែមទាំងបានជំរុញឲ្យមានការរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជាណា ដែលទុកប្រាក់នៅបរទេស។ លោកបញ្ជាក់ថា រូបលោកផ្ទាល់ក៏មិនមានប្រាក់ ឬទ្រព្យសម្បត្តិនៅអាមេរិកដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អ៊ីចឹងដកផេះអី! ខ្ញុំសួរ ដកផេះអី? បើពួកអស់ទាំងហ្នឹងអត់ដែលមានទ្រព្យសម្បត្តិក្នុងប្រទេសទាំងនោះផងហ្នឹង! ទោះបីប្រកាស៥០០ដងទៀត ហើយចាំ៥០០ជាតិ ក៏ពួកហ្នឹងក៏អត់មានលុយផងដែរៗ។ ដាក់ហ្នឹងវាគ្រាន់តែជាសញ្ញានយោបាយតែប៉ុណ្ណឹងទេ»។
បើតាមលោក ហ៊ុន សែន លោកនឹងទៅសហរដ្ឋអាមេរិក ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីប្រជុំអាស៊ានជាមួយអាមេរិកក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងជាសហប្រធានជាមួយប្រធានាធិបតីអាមេរិក។
អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញ លោក Chad Roedemeier ប្រាប់វីអូអេតាមសារអ៊ីម៉ែលថា សហរដ្ឋអាមេរិក នៅតែបន្តបារម្ភអំពីការធ្លាក់ចុះបញ្ហាសិទ្ធិមនុស្ស និងកម្សោយនៃស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា។ ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា លោកស្នើឲ្យសួរទៅខាងរដ្ឋសភាអាមេរិកវិញ។
សេចក្តីព្រាងច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ត្រូវបានរៀបចំឡើងដោយលោក Steve Chabot សមាជិករដ្ឋសភាមួយរូបនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Ohio និងលោក Alan Lowenthal សមាជិកគណបក្សប្រជាធិបតេយ្យមកពីរដ្ឋCalifornia និងជាសហប្រធានក្រុមសមាជិកសភាចម្រុះគណបក្សដែលគិតគូរពីបញ្ហាកម្ពុជា (The Congressional Caucus of Cambodia)។
លោក Steve Chabot ធ្លាប់បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានលើគេហទំព័រផ្លូវការរបស់លោកកាលពីកន្លងទៅថា៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបក្ខពួក ត្រូវតែប្រឈមនឹងចំណាត់ការធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៧ ដែលជាការបង្រ្កាបមួយ ហើយដែលបានបន្តមកដល់ពេលបច្ចុប្បន្ននេះ»។
លោក Steve Chabot បន្តថា៖ «យើងត្រូវឈរជាមួយនឹងពលរដ្ឋកម្ពុជា ស្របពេលលោក ហ៊ុន សែនបន្តរឹតត្បិតសិទ្ធិរបស់ពួកគេ និងមិនឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ សំណើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនេះ នឹងធ្វើឲ្យលោក [ហ៊ុន សែន] ទទួលខុសត្រូវ និងគាំទ្របំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជាសម្រាប់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា សង្គមស៊ីវិលមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្ស ដែលនឹងអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ និងមុខមាត់របស់ប្រទេសលើឆាកអន្តរជាតិ។
លោកបន្តថា៖ «បើសិនវាមិនមានការគោរពសិទ្ធិមនុស្ស វាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្លួនឯងផង ហើយប៉ះពាល់មកដល់មុខមាត់របស់ប្រទេសយើងផងក្នុងឆាកអន្តរជាតិ ហើយធ្វើឲ្យលោកសេរីទាំងអស់ហ្នឹងគេបន្តរិះគន់ បន្តដាក់សម្ពាធទៅតាមមធ្យោបាយរៀងៗខ្លួន»។
លោកបន្តថា សង្គមស៊ីវិលមិនចង់ឃើញថ្នាក់ដឹកនាំប្រទេសរងការរឹតត្បិត ឬការដាក់សម្ពាធ ឬការដាក់ទណ្ឌកម្មពីបណ្តាប្រទេសណាមួយនោះទេ។ លោកទទូចទៅថ្នាក់ដឹកនាំឲ្យពិចារណាបើកលម្ហសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យបានពេញលេញ។
លោកបញ្ជាក់ថា៖ «ពីព្រោះកាលណាយើងមានការគោរពសិទ្ធិមនុស្ស អនុវត្តប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវពេញលេញ គឺផលប្រយោជន៍បានមកយើងហ្នឹងឯងហើយភាពរីកចម្រើនទាំងអស់ក៏បានមកយើងដែរ។ ហើយប្រទេសយើងក៏មិនរងការរិះគន់ផ្សេងៗពីសហគមន៍អន្តរជាតិ ឬក៏មិនមានការដាក់សម្ពាធអ្វីមកលើយើងវិញដែរ។ អ៊ីចឹងវាជារឿងមួយដែរល្អ ប្រសើរសម្រាប់ប្រទេសយើងទាំងអស់គ្នា»។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ អាមេរិកបានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍កំពូលពីររូប គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹងអំពើពុករលួយ។
ចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ គឺយោងទៅលើការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាកម្ពុជា៕