អ្នកធ្វើការផ្នែកសិទ្ធិមនុស្សថ្លែងនៅថ្ងៃសុក្រនេះថា ការផ្ដន្ទាទោសអតីតសកម្មជន និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាង ៣០ នាក់ ឲ្យជាប់ពន្ធនាគារ «យ៉ាងតិច ៥ ឆ្នាំ» គឺជាទម្រង់នៃការបំបិទមាត់ និងជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមជំទាស់ក្នុងឆាកនយោបាយកម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៣៦ នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី ៥ ឆ្នាំ ទៅ ៧ ឆ្នាំ ពីបទ«រួមគំនិតក្បត់» ដែលជាប់ទាក់ទិននឹងគម្រោងមាតុភូមិនិវត្តន៍របស់អ្នកស្រី មូរ សុខហួរ។ នេះបើតាមអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សហៅកាត់ថា លីកាដូ (Licadho)។
ក្នុងពេលប្រកាសសាលក្រមផ្តន្ទាទោសអតីតសកម្មជន និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិនោះ តុលាការក៏បានហាមអ្នកដែលត្រូវបានផ្តន្ទាទោសមួយចំនួន មិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំផងដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា នេះជាលើកទី ២ ដែលតុលាការបានចោទប្រកាន់អតីតសកម្មជនគណបក្សសង្គ្រោះជាតិដ៏ច្រើនបែបនេះ ដែលមានចំនួនដល់ទៅ ៣៦ នាក់ ពាក់ព័ន្ធនឹងមាតុភូមិនិវត្តន៍មិនជោគជ័យរបស់អ្នកស្រី មូរ សុខហួរ។ ក្នុងសេចក្តីសម្រេចលើកទី១ របស់ខ្លួន តុលាការបានចោទប្រកាន់សកម្មជនគណបក្សប្រឆាំងនេះជាច្រើនរូបផងដែរ ពាក់ព័ន្ធនឹងមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់លោក សម រង្ស៊ី។
បើតាមលោក អំ សំអាត មិនមែនតែអង្គការសិទ្ធិមនុស្សទេដែលបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិកជាដើម ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះលម្ហសេរីភាពនយោបាយនៅកម្ពុជាដែរ ដោយសារតែការចោទប្រកាន់ ការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំង។
លោកថ្លែងថា៖ «សកម្មជនអតីតគណបក្សប្រឆាំងជាច្រើន ត្រូវបានធ្វើការកាត់ទោសម្សិលមិញដែរ [ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ចំនួន] ៣៦ នាក់ហ្នឹង បាទ។ បើយើងមើលទិដ្ឋភាពទូទៅ ដែលមិនមែនតែអង្គការសិទ្ធិមនុស្សក្នុងស្រុកទេ [គឺ] អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិ គេមើលឃើញថា ករណីទាំងអស់នេះ វាជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។ ហើយការចោទប្រកាន់ ការផ្តន្ទាទោសជាបន្តបន្ទាប់នេះ វាប៉ះពាល់ទៅដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសគឺលម្ហសេរីភាពនយោបាយ»។
លោកបន្ថែមថា រដ្ឋអំណាចកម្ពុជាគួរបើកលម្ហនយោបាយនេះឡើងវិញដើម្បីបើកផ្លូវឲ្យក្រុមអ្នកនយោបាយជំទាស់មានលទ្ធភាពប្រលូកក្នុងសកម្មភាពនយោបាយ ដោយឥតមានការគំរាមកំហែងឆ្ពោះទៅរកការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងដើម្បីកុំឱ្យកម្ពុជារងនូវផលប៉ះពាល់ ទាក់ទងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីសហភាពអឺរ៉ុប និង GSP ដែលជាប្រព័ន្ធអនុគ្រោះពន្ធផ្នែកវាយនភណ្ឌកាត់ដេររបស់សហរដ្ឋអាមេរិក និងដែលមិនទាន់ផ្តល់មកកម្ពុជាវិញនៅឡើយនោះ។
អង្គការលីកាដូថ្លែងក្នុងសេចក្តីប្រកាសមួយថា អតីតសកម្មជននយោបាយខាងលើត្រូវបានផ្ដន្ទាទោសដោយផ្អែកលើការបង្ហោះសារនៅលើហ្វេសប៊ុក និងការថតសំឡេងសន្ទនាតាមទូរសព្ទជាលក្ខណៈឯកជនពាក់ព័ន្ធនឹងការព្យាយាមធ្វើមាតុភូមិនិវត្តន៍របស់អ្នកស្រី មូរ សុខហួរ និងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀត កាលពីខែមករា ឆ្នាំ ២០២១ ដើម្បីចូលរួមតតាំងក្នុងសវនាការដ៏ធំមួយទៀត។ អ្នកស្រីមូរ សុខហួរ ត្រូវបានបដិសេធមិនឲ្យឡើងយន្តហោះ ដោយសារអាជ្ញាធរកម្ពុជាបានលុបចោលលិខិតឆ្លងដែនរបស់អ្នកស្រី ព្រមទាំងបានបដិសេធមិនផ្តល់ទិដ្ឋាការឲ្យអ្នកស្រីបានវិលត្រឡប់ចូលមកប្រទេសកំណើតរបស់អ្នកស្រីផងដែរ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ប្រាប់វីអូអេថា ការផ្តន្ទាទោសសកម្មជនអតីតគណបក្សសង្គ្រោះជាតិបានបង្ហាញឲ្យឃើញថា សេរីភាពចូលរួមធ្វើនយោបាយនៅកម្ពុជាកាន់តែរួញតូចទៅ និងបានដើរប្រាសចាកពីគន្លងប្រជាធិបតេយ្យ ព្រោះរដ្ឋាភិបាលមិនគួរកាត់ទោសអ្នកដែលមាននិន្នាការមិនស្របរដ្ឋាភិបាលនោះទេ ព្រោះវាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យដែលប្រទេសកម្ពុជាប្រកាន់យក និងប៉ះពាល់ដំណើរការបោះឆ្នោតថា្នក់ជាតិឆ្នាំ ២០២៣ ផងដែរ។
លោកកត់សម្គាល់ថា អង្គហេតុដែលចោទប្រកាន់សកម្មជនគណបក្សប្រឆាំងទាក់ទង អំពើក្បត់ជាតិនេះ គឺមិនឃើញមានរូបភាព ឬសកម្មភាពណាមួយដែលគួររងការចោទប្រកាន់នោះទេ ព្រោះលោកថា លុះត្រាតែមានការកៀរគរបង្កើតជាកម្លាំងផ្តួលរំលំរដ្ឋាភិបាល ឬលក់ជាតិ ទើបត្រូវចោទពីបទក្បត់ជាតិ។
លោកថ្លែងថា៖ «ហើយបើខ្ញុំមើលនៅក្នុងរឿង ដែលសកម្មភាពទាំងអស់ហ្នឹង គឺថា វាអត់មានឃើញសកម្មភាពណា រូបភាពណាបង្ហាញអំពី អំពើក្បត់ជាតិទេ ព្រោះថា អំពើក្បត់ជាតិ លុះត្រាតែអ្នកហ្នឹងលក់ជាតិ ឬអ្នកហ្នឹងកៀរគរបង្កើតជាកម្លាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាល តាមរយៈការប្រើប្រាស់អំពើហិង្សា ប៉ុន្តែបើសិនជាគ្រាន់តែមានទស្សនៈមិនស្របនឹងរដ្ឋាភិបាល មានទស្សនៈមួយចង់ប្រកួតប្រជែងក្នុងការបោះឆ្នោត ផ្លាស់ប្តូររដ្ឋាភិបាលតាមរយៈការបោះឆ្នោត អាហ្នឹងមិនមែនជាអំពើក្បត់ជាតិ អីទេ។ វាគឺជាសេរីភាពនៅក្នុងការធ្វើនយោបាយ ព្រោះយើងនិយាយពីសេរីភាពនយោបាយ ប្រជាធិបតេយ្យពហុបក្ស»។
លោកបន្ថែមថា មិនមែនមានន័យថា ទាល់តែគណបក្សបង្កើតឡើងរណបរដ្ឋាភិបាល ឬរណបជាមួយគណបក្សកាន់អំណាច ទើបហៅថា ពហុបក្សនោះទេ គឺគណបក្សប្រឆាំង ដែលជាគូប្រកួតប្រជែងការបោះឆ្នោត ទើបសំខាន់ និងអាចបញ្ជាក់បានភាពចម្រុះនៃគណបក្សនយោបាយ។
ក្រៅពីនេះ លោកថា រដ្ឋាភិបាល គួរកុំយកលេស ប្រើប្រាស់នីតិរដ្ឋ ដែលមិនសមហេតុផល ដើម្បីបំបិទសំឡេងឬសេរីភាពនយោបាយរបស់គណបក្សប្រឆាំង។
លោកថ្លែងថា៖ «មិនមែនគេមិនដឹងថា នីតិរដ្ឋមានន័យយ៉ាងម៉េច ការអនុវត្តច្បាប់មានន័យយ៉ាងម៉េចទេ។ ខ្ញុំគិតថា ម្នាក់ៗ អ្នកជំនាញឯកទេស ទាំងបរទេស ទាំងជាតិ ទាំងអន្តរជាតិ អ្នកច្បាប់មួយចំនួនមិនមែនគេមិនដឹង នីតិរដ្ឋមានន័យយ៉ាងម៉េចទេ។ ដូច្នេះ រដ្ឋាភិបាល គួរកុំប្រើប្រាស់នូវបញ្ហានីតិរដ្ឋដែលមិនមានភាពត្រឹមត្រូវ ដើម្បីយកមកធ្វើជាលេសក្នុងការបំបិទមាត់ ឬបំបិទសេរីភាពក្នុងការធ្វើនយោបាយ ឬសេរីភាពក្នុងការបញ្ចេញមតិរិះគន់ ក៏ដូចជានយោបាយប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចហ្នឹងដែរ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃសុក្រនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ថា ការលើកឡើងរបស់ក្រុមអ្នកការពារសិទ្ធិមនុស្សមានភាពលម្អៀងខាងនយោបាយ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «តាំងពីដើមមក រាជរដ្ឋាភិបាល ដែលធ្វើអីត្រូវចិត្តគាត់? តាំងពីដើមមកមិនដែលត្រូវចិត្តគាត់ទេ ធ្វើឆ្វេងគាត់ថាស្តាំ ធ្វើស្តាំគាត់ថាឆ្វេង។ អ៊ីចឹងទេ វាជាចេតនាមួយ ជានិន្នាការនយោបាយមួយ ដែលកាន់ជើងអ្នកប្រឆាំង ឲ្យតែប្រឆាំងធ្វើ សុទ្ធតែប្រជាធិបតេយ្យ សុទ្ធតែត្រូវ [ហើយ] រាជរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ អាហ្នឹងមិនដែលត្រូវទេ ដល់ពេលធ្វើ [អ្វីមួយ] មិនយកច្បាប់ មកអនុវត្តថា ហ្អេ! ប្រទេសអត់មានច្បាប់។ ដល់ធ្វើច្បាប់ ហើយអនុវត្តច្បាប់ ថាប្រទេសហ្នឹងមិនគួរយកនីតិរដ្ឋមកពង្រឹងទេ។ តើឲ្យធ្វើម៉េចឲ្យត្រូវចិត្តគាត់?»
លោក សុខ ឥសាន បន្ថែមថា អ្នកដែលចូលដៃចូលជើង ឬកាន់ជើង ឬធ្វើសកម្មភាពបម្រើឲ្យឧបាយកល ឬនយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលលោកសំដៅលើអតីតគណបក្សសង្គ្រោះជាតិនោះ គឺសុទ្ធតែខុសច្បាប់ទាំងអស់ ព្រោះលោកថា គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយ និងបានបិទផ្លូវតវ៉ា។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ ក្នុងចំណោមមនុស្ស ៣៦ នាក់ដែលត្រូវបានផ្តន្ទាទោសកាលពីថ្ងៃព្រហស្បតិ៍ គឺមានចំនួន ១១ នាក់ ជាមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលរួមមានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ហេង ដាណារ៉ូ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក អ៊ូ ចាន់ឫទ្ធិ អ្នកស្រី ជូឡុង សូមូរ៉ា និងលោក វ៉ាន ណារិទ្ធ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ហើយតុលាការក៏បានដាក់ទោសបន្ថែមតាមការស្នើសុំរបស់តំណាងអយ្យការដោយបង្គាប់ថា ពួកគេមិនអាចចូលរួមបោះឆ្នោតឬឈរឈ្មោះបោះឆ្នោតរយៈពេល ៥ ឆ្នាំ។
ចំណែកអតីតសកម្មជនគណបក្សប្រឆាំងនេះ ចំនួន ២២ នាក់ទៀត ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ហើយចំនួន ៣ នាក់ផ្សេងទៀត ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ ឆ្នាំ ប៉ុន្តែទោសត្រូវបានព្យូរ។ ជនជាប់ចោទខ្លះត្រូវបានផ្តន្ទាទោសដោយកំបាំងមុខ ដោយសារមិនស្ថិតនៅក្នុងប្រទេស។ នេះបើតាមអង្គការសិទ្ធិមនុស្សលីកាដូ។
អង្គការលីកាដូ លើកឡើងទៀតថា សាលក្រមប្រកាសដោយតុលាការរាជធានីភ្នំពេញកាលពីម្សិលមិញនោះគឺជាសាលក្រមទី ៤ នៃសវនាការដ៏ធំទាំង ៥ ដែលត្រូវបានធ្វើឡើងប្រឆាំងអ្នកគាំទ្រនិងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិសរុបចំនួន ១៥៨ នាក់ ចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ ២០២០ មក។ អតីតសកម្មជនជាច្រើននាក់ បានក្លាយជាជនជាប់ចោទក្នុងសវនាការផ្សេងៗគ្នា។
អង្គការសិទ្ធិមនុស្សដដែលឲ្យដឹងទៀតថា មុនពេលចេញសាលក្រមកាលពីថ្ងៃព្រហស្បតិ៍នោះ អតីតសកម្មជនចំនួន ៦៦ នាក់ ត្រូវបានផ្ដន្ទាទោសក្នុងការជំនុំជម្រះមុនៗចំនួនបីលើកលើបទឧក្រិដ្ឋ និងបទមជ្ឈិមផ្សេងៗគ្នា រួមមានបទញុះញង់ បទរួមគំនិតក្បត់ និងបទប៉ុនប៉ងធ្វើឧបឃាតដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា៕