គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងពង្រីកការគាំទ្រនៅសហរដ្ឋអាមេរិកក្រោយពីបានបង្ក្រាបគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាឱ្យចុះខ្សោយហើយបានគ្រប់គ្រងអំណាចទាំងស្រុងដោយគ្មានអ្នកជំទាស់ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ។
ការពង្រីកកម្លាំងនេះធ្វើឡើងតាមរយៈសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រៅប្រទេសដែលមានសាខានៅសហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី នូវែលសេឡង់ អឺរ៉ុប កូរ៉េខាងត្បូងនិងប្រទេសថៃ។ ក្រុមការងារទាំងនេះស្ថិតនៅក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមឯកសារស្រាវជ្រាវមួយដែលមានចំណងជើងថា«ការគ្រប់គ្រងក្រុមប្រឆាំងនៅក្រៅប្រទេស៖ សកម្មភាពក្រៅប្រទេសរបស់កម្ពុជានៅទីក្រុងLong Beach រដ្ឋCalifornia» (Controlling Opposition Abroad: Cambodia's Extraterritorial Activities in Long Beach, California)។
អ្នកជំនាញខាងផ្នែកនរវិទ្យានិងសេដ្ឋកិច្ចនយោបាយចំនួន២រូបដោយក្នុងនោះម្នាក់ជាសាស្ត្រាចារ្យអាមេរិកាំងនៃសាកលវិទ្យាល័យ California State Universityគឺអ្នកស្រី Susan Needham បានចំណាយពេលជាច្រើនឆ្នាំដើម្បីចងក្រងការស្រាវជ្រាវនេះ ហើយបានយកទីក្រុង Long Beach ជាករណីសិក្សាដោយសារទីនេះមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិកហើយគណបក្សប្រជាជនកម្ពុជាមានសកម្មភាពខ្លាំងក្លា។ តាមរយៈឯកសារស្រាវជ្រាវដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកជំនាញទាំងពីរបានវាយតម្លៃថា គោលដៅនៃការពង្រីកឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជាគឺដើម្បីជ្រើសរើសសមាជិកថ្មី និងផ្តល់ព័ត៌មានថ្មីដល់សហគមន៍ខ្មែរក្រៅប្រទេសតាមរយៈការផ្តល់ជម្រើសគោលនយោបាយនិងការអនុវត្តនានា។ ក្នុងការអនុវត្តនេះគណបក្សប្រជាជនកម្ពុជាប្រើប្រាស់វិធានការផ្សព្វផ្សាយរូបភាពល្អពីគណបក្សប្រជាជនកម្ពុជាដល់ពលរដ្ឋកម្ពុជានៅក្រៅប្រទេសនិងផ្តល់ជម្រើសដែលមានក្នុងនោះមានការទាក់ទាញឱ្យទៅទស្សនាប្រទេសកម្ពុជាឬប្រកបអាជីវកម្មជាដើម។
ឯកសារស្រាវជ្រាវបានវាយតម្លៃថា៖ «ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសគឺជាកម្មវិធីកម្រិតកំពូលរបស់គណបក្សប្រជាជនកម្ពុជាដែលផ្តល់សិទ្ធិទទួលបានផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់តែមនុស្សមួយក្រុមតូចដល់ពលរដ្ឋកម្ពុជានៅក្រៅប្រទេសដើម្បីជាការដោះដូរនឹងការគាំទ្ររបស់ពួកគេ»។
ឱកាសសម្រាប់ការវិនិយោគទុននិងសកម្មភាពសហគ្រិនភាពនៅកម្ពុជា និងការព្រួយបារម្ភដល់សុវត្ថិភាពសមាជិកក្រុមគ្រួសារដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានក្លាយជាកត្តារួមផ្សំជំរុញឱ្យមានការផ្លាស់ប្តូរមកគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។ នេះបើតាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ។
ក្រៅពីនោះ កត្តាប្រជាសាស្ត្រក៏ចូលរួមចំណែកដល់ការផ្លាស់ប្តូរការគាំទ្រដល់គណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកផងដែរ។ កម្មវិធីធានាមករស់នៅជួបជុំជាមួយនឹងបងប្អូននិងការធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាមេរិក បាននាំមកនូវពលរដ្ឋកម្ពុជាថ្មីដែលមានទស្សនៈមិនសូវអវិជ្ជមានចំពោះរដ្ឋាភិបាលកម្ពុជាកាន់តែច្រើនឡើង។ ការណ៍នេះខុសពីអ្នកដែលមកនៅក្នុងទសវត្សរ៍១៩៨០ដែលបានឆ្លងកាត់របបខ្មែរក្រហមនិងមិនចូលចិត្តថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាដែលមានជាប់ប្រវត្តិនឹងក្រុមខ្មែរក្រហមដែរ។
អ្នកស្រី Susan Needham បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍កាលពីខែវិច្ឆិកាថា៖ «ខ្ញុំគិតថាគណបក្សប្រជាជនកម្ពុជាពង្រីកនៅក្នុងសហគមន៍គឺជាកត្តាពេលវេលាសមស្រប។ ពួកគេឆ្លៀតឱកាសដែលសកម្មជនដែលយកចិត្តទុកដាក់នឹងមាតុភូមិកាន់តែថយតិចទៅៗ។ ខ្ញុំមិនគិតថា គេធ្វើនេះដោយមានចេតនាជាមុនទេ ប៉ុន្តែវាគឺជាពេលវេលាសមស្របប៉ុណ្ណោះដែលអាចឱ្យពួកគេពង្រីកខ្លួនបាននិងទទួលការគាំទ្រពីពលរដ្ឋចំណូលស្រុកជាជាងពលរដ្ឋជាជនភៀសខ្លួនដែលកាន់តែមានវ័យចំណាស់»។
អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា កន្លងមកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកមិនសូវហ៊ានចេញមុខខ្លាំងទេ ដោយសារតែខ្លាចការសើចចំអកនិងប៉ះពាល់ដល់អាជីវកម្ម។
អ្នកស្រី Needham បានបន្ថែមថា៖ «នៅពេលដំបូងៗពលរដ្ឋមានការប្រុងប្រយ័ត្នមិនហ៊ានបង្ហាញការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាទេដោយសារមិនមានអ្នកគាំទ្រអាជីវកម្មរបស់ពួកគេ។ ខ្ញុំបានស្គាល់មនុស្សមួយចំនួនដែលបានជួបករណីនេះ។ រីឯអង្គការក៏បានប៉ះពាល់ដោយសារបញ្ហានេះផងដែរ»។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំនិន្នាការនេះបានផ្លាស់ប្តូរ។ ការគាំទ្ររដ្ឋាភិបាលកម្ពុជា បានចេញកាន់តែចំហបន្តិចម្តងៗតាមរយៈការមកជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងធ្វើបាតុកម្មគាំទ្ររដ្ឋាភិបាលជាដើម។
នៅពេលដែលលោក ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរវាងមេដឹកនាំសហរដ្ឋអាមេរិកជាមួយនឹងមេដឹកនាំអាស៊ានកាលពីពាក់កណ្តាលខែឧសភាឆ្នាំនេះ មានអ្នកគាំទ្រនិងអ្នកមានសមានចិត្តជាង២.០០០នាក់បានចូលរួមពិធីជួបជុំនៅរដ្ឋធានីវ៉ាស៊ីនតោន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានយកឱកាសនោះលើកទឹកចិត្តក្រុមអ្នកគាំទ្រលែងឱ្យលាក់មុខទៀត៖ «ឥឡូវបងប្អូនងើបឡើងការពារខ្លួនហើយបង្ហាញអត្តសញ្ញាណថាខ្ញុំគាំទ្រគណបក្សប្រជាជន។ ខ្ញុំគាំទ្ររដ្ឋាភិបាល។ ខ្ញុំគាំទ្រប្រទេសរបស់ខ្ញុំ។ កុំខ្លាច។ កុំសំងំតទៅទៀត»
លោក ហ៊ុន សែន បានប្រកាសថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកមានច្រើនហើយពួកគេត្រូវចេះប្រើសិទ្ធិក្នុងការតវ៉ាជាមួយនឹងសមាជិករដ្ឋសភាក្នុងមណ្ឌលរបស់ពួកគេឱ្យការពារផលប្រយោជន៍រដ្ឋាភិបាលកម្ពុជា។
លោក ហ៊ុន សែន បានបន្ថែមថា៖ «ហើយប្រាប់ទៅតំណាងរាស្ត្រថាប្រសិនបើអស់លោកមិនឆ្លើយប្រាប់ខ្ញុំ មិនជួយការពារខ្ញុំ ខ្ញុំឈប់បោះឆ្នោតឱ្យអស់លោក។ ខ្ញុំបោះឆ្នោតឱ្យអ្នកនោះវិញ គឺយើងធ្វើអ៊ីចឹង។ ច្បាប់ណាមួយដែលគេដាក់មកដែលផ្ទុយនឹងផលប្រយោជន៍ជាតិរបស់យើង គឺបងប្អូនប្រាប់ត្រឡប់ទៅវិញថាថ្ងៃក្រោយខ្ញុំឈប់បោះឆ្នោតឱ្យលោកឯងហើយ»។
វត្តមានកាន់តែធំឡើងរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដើម្បីបំបិទសំឡេងប្រឆាំងនឹងការដឹកនាំរបស់លោក ហ៊ុន សែន ក៏ដូចជាកាត់ផ្តាច់ប្រភពធនធានគាំទ្រដល់គណបក្សប្រឆាំង ផងដែរ តាមរយៈការតាមឃ្លាំមើលសហគមន៍ខ្មែរក្រៅប្រទេសនិងតាមដាននិងគំរាមកំហែងគ្រប់សកម្មភាពអ្នកដែលប្រឆាំងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នេះបើតាមការស្រាវជ្រាវ។
អ្នកស្រាវជ្រាវបានប្រៀបធៀបវិធីដែលរដ្ឋាភិបាលកម្ពុជាប្រើនេះទៅនឹងវិធីសាស្ត្រដែលជនផ្តាច់ការនានាធ្លាប់ប្រើកន្លងមកដែលប្រើប្រាស់វិធីបីដ៏ពេញនិយមរបស់ពួកគេគឺទី១«ការបង្កើតភាពស្របច្បាប់»ចំពោះទង្វើរបស់ក្រុមជនផ្តាច់ការ ទី២ «ការគាបសង្កត់»សំឡេងប្រឆាំងនិងទី៣ «ការអូសទាញដោយផ្តល់លាភសក្ការៈ»។
អ្នកស្រី Susan Needham បានបន្ថែមថា៖ «ពលរដ្ឋខ្លាចមិនហ៊ានសម្តែងការគាំទ្របក្សប្រឆាំងនៅអាមេរិកទេដោយសារមានអ្នកតាមឃ្លាំមើល ជាពិសេសពួកគេមានក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា ឬរបរអាជីវកម្មនៅកម្ពុជា ឬពួកគេចង់ធ្វើដំណើរទៅមក។ ពួកគេមិនអាចធ្វើជាអ្នកប្រឆាំងដោយចំហទេ ព្រោះអាជីវកម្មរបស់ពួកគេនឹងមិនជោគជ័យហើយអាចមានគ្រោះថ្នាក់ដល់គ្រួសាររបស់ពួកគេ»។
ការគាំទ្ររបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសមានសារៈសំខាន់ខាងផ្នែកនយោបាយនិងហិរញ្ញវត្ថុសម្រាប់គណបក្សប្រឆាំង។ ជារឿយៗពួកគេបានធ្វើសកម្មភាពតវ៉ានិងជួបសមាជិករដ្ឋសភាក្នុងមណ្ឌលរបស់ពួកគេឱ្យតាក់តែងច្បាប់ដែលជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនិងលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
យ៉ាងណាក៏ដោយ សកម្មភាពចុងក្រោយនេះរបស់គណបក្សកាន់អំណាចហាក់មិនបានធ្វើឱ្យមេដឹកនាំគណបក្សប្រឆាំងព្រួយបារម្ភទេ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំងបានប្រាប់វីអូអេថា ផលប្រយោជន៍ដែលអ្នកទាំងនោះទទួលបានគឺកម្រិតបុគ្គលប៉ុណ្ណោះដែលខុសពីអ្នកគាំទ្ររបស់លោកមួយចំនួនដែលគិតផលប្រយោជន៍ជាតិធំជាង។
លោក សម រង្ស៊ី បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍កាលពីខែកញ្ញាថា៖ «ចំពោះជនជាតិខ្មែរភាគច្រើនលើសលប់ ទោះជារស់នៅប្រទេសកម្ពុជាឬរស់នៅឯនាយសមុទ្រគឺដូចគ្នាទេគឺនៅតែស្រឡាញ់ជាតិ មិនយកលុយធ្វើធំទេ យកប្រទេសជាតិ យកបញ្ហាសង្គមធ្វើធំ»។
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែលរស់នៅទីក្រុង Long Beach គឺលោក អ៊ុក ទូច បានកត់សម្គាល់ការកើនឡើងនៃការគាំទ្ររដ្ឋាភិបាលកម្ពុជា។ លោកថ្លែងថា លោកមិនគាំទ្រគណបក្សណាមួយទេ ប៉ុន្តែក៏លោកមិនចូលចិត្តការដឹកនាំរបស់លោក ហ៊ុន សែន ទេ។
លោក អ៊ុក ទូច បានប្រាប់វីអូអេកាលពីខែវិច្ឆិកាថា៖ «បើនិយាយទៅ ឥទ្ធិពលរបស់ ហ៊ុន សែន នៅឡុងប៊ិច (Long Beach) នៅសហរដ្ឋអាមេរិកនេះ គេមានបណ្តាញគេច្រើន គេមានអ្នកគាំទ្រគេគ្រប់រដ្ឋ គ្រប់កន្លែងទាំងអស់។ ឥទ្ធិពលរបស់ជនផ្តាច់ការខ្លាំងតើស៍។ ខ្ញុំដឹង»។
លោក អ៊ុក ទូច ស្នើដល់អ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យត្រូវខិតខំធ្វើសកម្មភាពឱ្យកាន់តែខ្លាំងឡើង។
របាយការណ៍ស្រាវជ្រាវក៏បានរកឃើញថា ស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានដើរតួនាទីជាតំណាងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការធ្វើសកម្មភាពជួបប្រជាពលរដ្ឋតាមសហគមន៍ដើម្បីពង្រឹងការគាំទ្រនេះផងដែរ។
ប៉ុន្តែស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោនបានអះអាងពីជំហរអព្យាក្រឹតដោយជៀសវាងការលម្អៀងទៅរកក្រុមគណបក្សណា ហើយជៀសវាងមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាទេ។
នៅក្នុងសេចក្តីអត្ថាធិប្បាយតាមការសាកសួររបស់វីអូអេសំឡេងសហរដ្ឋអាមេរិក ស្ថានទូតបានបញ្ជាក់បន្ថែមនៅថ្ងៃចន្ទនេះថា៖ «ស្ថានទូតគឺតំណាងរដ្ឋាភិបាលដើម្បីការពារផលប្រយោជន៍ជាតិ ការពារផលប្រយោជន៍និងសុខទុក្ខប្រជាពលរដ្ឋយើងគឺយើងអត់ធ្វើការតំណាងឱ្យបក្សទេ»។
លោក ហ៊ុន ម៉ាណែត និងការផ្លាស់ប្តូរផ្នត់គំនិត
អ្នកស្រីសាស្ត្រាចារ្យ Susan Needham ថ្លែងថា ការងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមមានសំទុះនៅក្រោយពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅទីក្រុង Long Beach ក្នុងឆ្នាំ២០១៦ ដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនិងសំណេះសំណាលជាមួយនឹងពលរដ្ឋខ្មែរនៅទីនោះ។
លោក ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងត្រូវបានគណបក្សកាន់អំណាចគាំទ្រឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី។
ពលរដ្ឋមួយចំនួនដែលបានប្រាស្រ័យទាក់ទងនឹងលោក ហ៊ុន ម៉ាណែត យល់ថា លោកអាចនឹងផ្លាស់ប្តូររបៀបដឹកនាំដោយសារតែលោកបានសិក្សានៅសហរដ្ឋអាមេរិកនិងមានសម្តីទន់ភ្លន់។ នេះបើតាមការសង្កេតរបស់អ្នកស្រី Susan Needham។
ប៉ុន្តែអ្នកស្រីសាស្ត្រាចារ្យក៏បានបង្ហាញការប្រុងប្រយ័ត្នផងដែរចំពោះការវាយតម្លៃនេះ៖ «ខ្ញុំសូមនិយាយថា វាជារឿងប្រថុយប្រថានហើយទំនងជាមិនអាចទេបើពិចារណាលើអំណាចដែលមាននៅផ្នែកផ្សេងៗនៅក្នុងប្រទេសកម្ពុជា ហើយត្រូវតែគ្រប់គ្រងដោយការប្រុងប្រយ័ត្ន។ ក្នុងពេលជាមួយគ្នានេះដែរ ក៏មានការពិភាក្សាគ្នាថាលោក ហ៊ុន ម៉ាណែត មិនមានសមត្ថភាពគ្រប់គ្រាន់ទេនិងខ្លាំងដូចលោកឪពុករបស់លោកក្នុងការរក្សាតុល្យភាពក្នុងជួរយោធា អ្នកជំនួញនិងរដ្ឋាភិបាល ហើយឱ្យនៅក្រោមដៃរបស់គាត់»។
ចុចទស្សនាបទសម្ភាសន៍វីអូអេជាមួយលោក ហ៊ុន ម៉ាណែតនៅឆ្នាំ២០១៦៖
ផលប៉ះពាល់ផ្ទាល់លើទីក្រុងឡុងប៊ិចនិងក្រុមប្រឆាំង
ក្នុងខណៈពេលដែលក្រុមនយោបាយនៃគណបក្សទាំងពីរខិតខំប្រជែងគ្នាពង្រីកឥទ្ធិពល អាជីវកម្មរបស់ពលរដ្ឋទីក្រុង Long Beachបានរងផលប៉ះពាល់ដោយសារតែការបែងចែកនិន្នាការនយោបាយនេះបើទោះបីជាវាមិនមែនជាកត្តាតែមួយមុខក៏ដោយ។ នេះបើតាមការកត់សម្គាល់របស់សកម្មជននិងអ្នកដឹកនាំសហគមន៍នៅក្នុងទីក្រុង Long Beach។
អ្នកស្រី ស៊ូលី សារ៉ូ (Saro) សមាជិកក្រុមប្រឹក្សាក្រុង Long Beach និងជាចៅសង្កាត់លេខ៦ដែលមានជនជាតិខ្មែររស់នៅច្រើនបានកត់សម្គាល់ពីការប្រែប្រួលនេះក្នុងសហគមន៍នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីខែកញ្ញា។ អ្នកស្រីបានទទូចពលរដ្ឋឱ្យគាំទ្រអាជីវកម្មខ្មែរដោយមើលឱ្យវែងឆ្ងាយជាងនិន្នាការនយោបាយនៅកម្ពុជា។
ទន្ទឹមនឹងនេះ ការធ្វើទុក្ខបុកម្នេញអ្នកប្រឆាំងរដ្ឋាភិបាលកម្ពុជានៅតែកើតមានជាបន្តបន្ទាប់។ ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧ មានសកម្មជននិងមន្ត្រីជាន់ខ្ពស់គណបក្សជាច្រើននាក់ហើយបានរត់ភៀសខ្លួនមកនៅក្រៅប្រទេសដែលមានដូចជាសហរដ្ឋអាមេរិកមានចំនួន១០នាក់ និងកាណាដាចំនួន១៧នាក់។ រីឯអ្នកខ្លះទៀតនៅជាប់ត្រឹមប្រទេសថៃ។ នេះតាមតួលេខរបស់គណបក្សសង្គ្រោះជាតិត្រឹមដើមខែធ្នូនេះ៕