ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ឈាន​ទៅ​រក​សមាហរណកម្ម​នយោបាយ​ដោយ​សន្សឹមៗ


មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ទី​២២ នៅ​ក្នុង​ប្រទេស​ព្រុយណេ កាល​ពី​​ថ្ងៃ​ទី ២៥​ខែ​មេសា​ឆ្នាំ ២០១៣។
មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ទី​២២ នៅ​ក្នុង​ប្រទេស​ព្រុយណេ កាល​ពី​​ថ្ងៃ​ទី ២៥​ខែ​មេសា​ឆ្នាំ ២០១៣។
រដ្ឋមន្ត្រីការបរទេស​ពី​បណ្តា​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុងប្រទេស​ព្រុយណេ​នៅ​ក្នុងចុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​សំខាន់ៗ​របស់​តំបន់។ អ្នក​វិភាគ​នៅ​ក្នុង​សន្និសីទ​កិច្ចការ​សន្តិសុខ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ដើម​ខែ​នេះនិយាយ​ថា​ បញ្ហា​តំបន់​ទាំង​នេះ​ជា​តេស្ត​មួយ​ចំពោះ​លទ្ធភាព​ដែល​សមាគម​អាស៊ាន​អាច​ឈាន​ដល់សមាហរណកម្មខាង​ផ្នែក​នយោបាយ​ខ្លាំង​ជាង​មុន។

នៅ​ក្រោយ​ការ​បែកបាក់​គ្នា​របស់សមាគម​អាស៊ាន​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ អ្នក​វិភាគ​មួយ​ចំនួន​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្នថា សមាគមនេះកំពុង​ស្ថិត​ក្នុង​ដំណើរការ​ឈាន​ទៅ​រក​សមាហរណកម្ម​មួយ​កម្រិត​ទៀត​នៅ​ក្នុង​អំឡុង​ពីរ​ឆ្នាំ​ខាង​មុខ។

សំណួរ​ទាក់ទង​នឹង​សមត្ថភាព​អាស៊ាន​ក្នុង​ការ​ឯកភាព​គ្នា​ចំពោះបញ្ហា​សន្តិសុខ​និងនយោបាយ​មួយ​ចំនួន ​ត្រូវ​បាន​អ្នកជំនាញ​និង​អ្នកសង្កេត​ការណ៍​លើកឡើង​ក្នុង​អំឡុង​សន្និសីទ​មួយស្តី​អំពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវយុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ (Center for Strategic and International Studies) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ដើម​ខែ​មិថុនា​នេះ។

សមុទ្រ​ចិន​ខាង​ត្បូង​ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ​ដ៏​សំខាន់​មួយ ដែល​នៅ​ទី​នោះ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ជម្លោះ​ទាមទារ​ដែន​ទឹកនិង​កោះ​ជាមួយ​ប្រទេស​ចិន។ ជម្លោះ​នេះ​ជា​ការ​បារម្ភ​ធំ​មួយ​របស់​អាស៊ាន ប៉ុន្តែអ្នក​វិភាគ​និយាយ​ថា ​សមាគម​នេះ​ក៏​ប្រឈម​នឹង​បញ្ហា​ផ្សេង​ទៀត​ដែរ​ខណៈ​ដែល​ខ្លួន​ព្យាយាម​បញ្ចូល​គ្នា​ជា​តំបន់​តែ​មួយ។

លោក Carl Thayer អតីត​សាស្ត្រាចារ្យនៅ​ឯ​បណ្ឌិតសភាយោធា​អូស្ត្រាលីក្នុង​រដ្ឋធានី​កង់បេរ៉ា (Canberra) ថ្លែង​ប្រាប់​វីអូអេ​ថា ​កិច្ច​សហប្រតិបត្តិការ​នយោបាយ​និង​សន្តិសុខ​អាស៊ាន​ជា​«កិច្ចការ​កំពុង​បន្ត»៖

«ខណៈ​ដែល​ឆ្នាំ​២០១៥​កាន់​តែ​ខិត​ជិត​មក​ដល់ ខ្ញុំ​គិត​ថា​យើង​នឹង​ឃើញការ​សម្រេច​បាន​ជា​ជំហ៊ានៗ​ដោយផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ឯកភាព​គ្នា ឬ​ដែល​អាស៊ាន​ហៅ​ថា​«ល្បឿន​មួយ​ដែល​សមស្រប​សម្រាប់សមាជិក​ទាំង​អស់»។ បើ​មាន​ប្រទេស​សមាជិកណា​មួយតាម​មិន​ទាន់​គេ​ សមាគម​អាស៊ាន​ទាំង​មូល​នឹង​មិន​បន្ត​ទៅ​មុខ​ទេ»។​

នៅ​ដំណាច់​ឆ្នាំ​២០១៥ សមាគម​អាស៊ាន​មាន​គម្រោង​នឹង​សម្រេច​ឲ្យ​បាន​នូវ​សមាហរណកម្មតំបន់​កម្រិត​ខ្លាំង​ជាង​មុន​មួយ​ ខាង​ផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​វប្បធម៌ រវាង​បណ្តា​សមាជិក​ទាំង​ដប់​ប្រទេស​។ ខណៈ​ដែល​សមាហរណកម្ម​ផ្នែក​សេដកិច្ច​ដែល​ជា​រឿង​មិន​សូវ​រសើប​ហាក់​ដូច​មាន​ដំណើរការ​តាមក​គម្រោង អ្នក​វិភាគ​ជា​ច្រើន​មាន​មន្ទិល​ចំពោះ​ការណ៍​ដែល​សមាគម​អាស៊ាន​អាច​សម្រេច​បាន​សមាហរណកម្មជា​សហគមន៍​តែ​មួយដូច​គ្នា​នេះ​ក្នុង​ផ្នែក​នយោបាយ​នោះ។

ការ​ខ្វែង​គំនិត​គ្នារវាង​សមាជិក​អាស៊ាន​លើ​បញ្ហា​រសើប​មួយ​ចំនួន​ដូច​ជាជម្លោះ​ដែនដី​និង​បញ្ហា​ដំណើរការ​ខាង​ប្រជាធិបតេយ្យ​ជា​ដើម​ជា​ឧបសគ្គ​សំខាន់ៗ។

ជាក់​ស្តែង​កាល​ពី​ខែក​ក្កដា​ឆ្នាំ​មុន​ក្នុងអំឡុង​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ានក្នុង​រាជធានី​ភ្នំពេញ រដ្ឋមន្ត្រី​អាស៊ានមិន​អាច​ចេញ​សេចក្តី​ប្រកាសរួម​បាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ដោយ​សារ​មាន​ការមិន​ទុក​ចិត្ត​គ្នា​និង​ការ​ខ្វែង​គំនិត​គ្នា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Greg Poling អ្នក​ស្រាវជ្រាវ​ក្នុង​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ CSIS ក្នុង​រដ្ឋធាន​វ៉ាស៊ីនតោន​និយាយ​ថា បញ្ហា​សំខាន់​គឺ សមាគម​អាស៊ាន​ជា​អង្គការ​ដែល​ត្រូវ​បង្កើត​ឡើង​ផ្អែក​លើគោលការណ៍​នៃ​ការ​មិន​ជ្រៀតជ្រែក​គ្នានិង​ការ​ការពារ​អធិបតេយ្យភាព។ គោលការណ៍​ទាំង​នេះ​ធ្វើ​ឲ្យសហគមន៍​នយោបាយ​អាស៊ាន​មិន​ត្រូវ​បាន​គេ​កំណត់​ច្បាស់​លាស់ទេ។

«វា​ប្រាកដ​ណាស់​ថា ប្រសិន​បើ​យើង​មិន​អាច​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​ខ្លួន​ឯងឈាន​ដល់​ការ​ឯកភាព​ណា​មួយ​នោះ ហើយ​ខ្ញុំ​មិន​ទាន់ទាំង​និយាយ​ដល់​រឿង​ថា​អាច​បញ្ចប់​ជម្លោះផង​ទេ គឺ​គ្រាន់​តែ​គ្រប់​គ្រង​ជម្លោះ នោះ​យើង​នឹង​មាន​ការមិន​ទុក្ខ​ចិត្ត​គ្នា​ជា​យុទ្ធសាស្ត្រជា​មិន​ខាន»។

ការ​ទុក​ចិត្ត​គ្នា​រវាង​បណ្តាប្រទេស​សមាជិក​អាស៊ាន​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន​នៅ​ពេលប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​កាន់​ជើង​ប្រទេស​ចិន​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​ហ្វីលីពីន​ជា​ពិសេស​ មាន​ការ​មិន​សប្បាយ​ចិត្ត​នឹង​របៀប​ដែល​ប្រទេស​កម្ពុជា​ចាត់ចែងរឿង​ជម្លោះ​នេះ។ ការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​ភាព​រកាំរកូស​ខាង​ផ្នែក​ការទូតរជា​បន្តបន្ទាប់​រហូត​ដល់​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​របស់​អាស៊ាន​នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ទៀត។

លោក Henry Bensurto Jr. អតីត​អគ្គលេខាធិការ​នៃ​កម្មការ​កិច្ចការ​សមុទ្រ​របស់​ក្រសួង​ការ​បរទេស​ហ្វីលីពីន​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ក្រោយ​សន្និសីទ​នោះ​ថា ប្រទេស​ហ្វីលីពីន​និង​ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​ជា​ធម្មតា​វិញ​ហើយ ហើយ​ការ​ខ្វែង​គំនិត​គ្នា​កន្លង​មក​គ្រាន់​តែ​ផ្នែក​មួយ​នៃ​ដំណើរការ​សមាហរណកម្ម​ប៉ុណ្ណោះ។

«ខ្ញុំ​គិត​ថា​អ្វី​ដែល​បាន​កើត​ឡើងគឺ​ជា​មេរៀន​សម្រាប់​យើង​ទាំង​អស់​គ្នា​ ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ អាស៊ាន​បានងាក​ទៅ​រក​ផ្លូវ​ផ្សេង​មួយ​ទាក់​ទង​នឹង​ការ​ពិភាក្សា​អំពី​ជម្លោះ​នេះ។ ហើយ​ខ្ញុំ​គិត​ថានៅ​ទី​បំផុត​ នេះ​ជា​រឿង​ល្អ​សម្រាប់យើង សម្រាប់​សាមគ្គីភាព​និងឯកភាព​អាស៊ាន»។

លោក​និយាយ​ថា​ នេះ​មាន​ន័យ​ថា​នឹង​ត្រូវ​មាន​ការ​ពិភាក្សា​គ្នា​ដោយមិន​លាក់លៀមកាន់​តែ​ច្រើន​ទៀតអំពី​រឿង​រសើប​ទាំង​នេះ នៅ​ក្នុង​ពេល​រដ្ឋមន្ត្រី​អាស៊ាន​ធ្វើ​ការ​ប្រជុំ​រឿង​សន្តិសុខនៅ​ក្នុង​ប្រទេស​ព្រុយណេ​នៅ​ក្នុង​សប្តាហ៍​នេះ។

អ្នក​វិភាគជា​ទូទៅ​យល់​ថា​នា​ពេល​បច្ចុប្បន្ន​នេះ អាស៊ាន​បាន​ស្តារ​ទំនុក​ចិត្ត​រវាង​សមាជិក​ខ្លួន​ឡើង​វិញ​ហើយ​ក្រោយ​ពី​មាន​ការ​បែកបាក់​គ្នា​នៅ​ឆ្នាំ​មុន ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​អាស៊ានអាច​ឈាន​ទៅ​ដល់​សហគមន៍​នយោបាយ​រួម​មួយ​បាន​ គេ​ត្រូវ​អ្វី​លើស​ពី​ទំនុក​ចិត្ត​នេះ​ទៅ​ទៀត។

លោក Christian Le Miere អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​ផ្នែក​កិច្ចការ​កង​នាវី​និង​សន្តិសុខ​សមុទ្រនៃ​វិទ្យាស្ថាន​ស្រាវជ្រាវអន្តរជាតិ​សម្រាប់ការ​សិក្សា​យុទ្ធសាស្ត្រ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍ចក្រភព​អង់គ្លេស​ មិន​សូវ​មាន​សុទិដ្ឋិនិយម​ចំពោះ​សហគមន៍​នយោបាយ​អាស៊ាន​មួយ​ដែល​រឹង​មាំ ដោយ​ហេតុ​ថា​អាស៊ាន​មិន​មាន​ស្ថាប័ន​រឹងមាំ​ឬ​តម្លៃ​រួម​។

«ខ្ញុំ​គិត​ថា​អាស៊ាន​អាចប្រសើរ​ជាង​នេះ ប្រសិន​បើ​គេពិភាក្សា​គ្នា​អំពី​រឿង​សមាហរណកម្ម​នេះ​ដោយ​បើក​ចំហរ​និង​ស្មោះត្រង់​នឹង​គ្នា​ជាង​ពេល​ឥឡូវ​នេះ»។

លោកពន្យល់​ប្រាប់​វីអូអេ​ថា ថ្វី​បើ​សមាគម​អាស៊ានមិន​ដូច​សហគមន៍​អឺរ៉ុប​ក្តី ក៏អាស៊ាន​អាច​ដក​មេរៀន​មួយ​ចំនួន​ពី​សមាហរណកម្មសហគមន៍​អឺរ៉ុប។

«អឺរ៉ុបបាន​ទទួល​ប្រយោជន៍​ពីជម្លោះ​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់​រវាង​ប្រទេស​សមាជិក​របស់​ខ្លួន ដែល​នេះ​ធ្វើ​ឲ្យប្រទេស​អឺរ៉ុប​ទាំង​នេះ​មិន​ខ្លាច​នឹង​និយាយ​អំពី​រឿងជម្លោះទំាង​នេះ​ដោយ​ត្រង់ៗ​តែ​ម្តង»។

លោក​ថា ប្រសិន​បើ​ប្រទេស​សមាជិក​អាស៊ាន​ហ៊ាន​ទទួល​ស្គាល់​ថាពិត​ជា​មាន​ទំនាស់​រវាង​ប្រទេស​សមាជិក ហើយ​ទាំង​អស់​គ្នា​ពិភាក្សា​គ្នា​ដោយមិន​លាក់​លៀម នោះ​វា​អាច​ជួយ​ដោះ​ស្រាយ​បាន​ច្រើន។

អ្នក​វិភាគ​ជា​ច្រើន​យល់​ថា​អាស៊ាន​បាន​ដើរ​ផ្លូវ​ត្រូវ​ទៅ​កាន់​ការ​រួម​គ្នា​ខាង​នយោបាយ ថ្វី​បើ​ដំណើរការ​នេះ​សន្សឹមៗ​ក៏​ដោយ។ ប៉ុន្តែ​ក្រៅ​ពី​នេះ បញ្ហាដំណើរការ​ប្រជាធិបតេយ្យ​ក៏​នៅ​តែ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ទៀត។

អ្នក​សង្កេតការណ៍​ជា​ច្រើន​បាន​សម្លឹង​មើល​ទៅ​កំណែ​ទម្រង់​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ភូមា​ថា​ជា​ភស្តុតាង​បង្ហាញ​ថា​ភូមា​កំពុង​អាស៊ាន​កំពុង​ដើរ​ផ្លូវ​ត្រូវ។

លោក Greg Poling នៃ​វិទ្យាស្ថាន​ CSIS និយាយ​ថា​កំណែ​ទម្រង់​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា​នេះ​នឹង​មានឥទ្ធិពល​ទៅ​លើ​ប្រទេស​មិន​សូវ​មាន​ប្រជាធិបតេយ្យ​ដូច​ជា​កម្ពុជា ឡាវ និង​វៀតណាម។

«បើ​យើង​ពិនិត្យ​ប្រទេស​វៀតណាម ប្រទេស​នេះ​មាន​ការ​បារម្ភ ពីព្រោះ​អស់​រយៈ​ពេលយ៉ាង​តិច​២០​ឆ្នាំ​មក​នេះ ប្រទេស​ភូមា​ឬ​មីយ៉ាន់មារ បាន​ជួយ​ឲ្យ​ប្រទេស​វៀតណាម​មាន​មុខមាត់​ល្អ​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​ឥឡូវ​នៅ​ក្នុង​ឆ្នាំនេះ​ប្រទេស​វៀតណាម​បាន​ធ្លាក់​ទៅ​នៅ​ចុង​គេ​ខាង​ផ្នែក​សេរីភាព​សារព័ត៌មាន​នៅ​អាស៊ី​អាគ្នេយ៍ គឺ​លែង​ជា​ប្រទេស​មីយ៉ាន់មារ​ទៀត​ហើយ។ នេះ​ជា​ស្ថានភាព​ថ្មី​មួយ​សម្រាប់​វៀតណាម​ដែល​បាន​ធ្លាក់​ខ្លួន​ទៅ​ជាប្រទេស​សំអប់​នៅ​ក្នុង​តំបន់​វិញ​ហើយ​ ក្នុង​រឿង​នេះ។»

ប៉ុន្តែ​លោក​ថា​ គេនឹង​ត្រូវ​រង់​ចាំ​មើលសិន​ថាតើ​ប្រទេស​ភូមា​នឹង​អាច​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំង​ដូច​អ្វី​ដែល​គេ​សង្ឈឹម​នោះដែរ​ឬ​ទេ?

ចំពោះ​លោក​សាស្ត្រាចារ្យ Carl Thayer នៃបណ្ឌិតសភាយោធា​អូស្ត្រាលី​វិញ ជោគជ័យ​នៃ​សមាហរណកម្ម​អាស៊ាន​ នៅ​ទី​បំផុត​អាស្រ័យ​ការ​កំណត់​របស់​សមាជិកប្រទេស​រៀងៗ​ខ្លួន។

«មិន​ទាន់​មាន​អ្នក​ណា​បាន​កំណត់​សហគមន៍​នោះ​ទេ។ នៅ​ថ្ងៃ​ចូល​ជា​សហគមន៍​អាស៊ាន​នោះ យើង​មិនមែន​ចុច​ប៊ូតុងសម្ពោធ​ ​ហើយ​ភ្លាមៗ​នោះភ្លើង​ក៏​ភ្លឺ​ឡើង ហើយ​ស្រាប់​តែ​ចេញ​ជា​សហគមន៍​នោះ​ទេ។ វា​ជា​ដំណើរការ​ដ៏​យូរ​មួយ។ ប៉ុន្តែ​នៅ​ពេល​ឆ្នាំ​២០១៥​មក​ដល់ យើង​អាច​ធ្វើ​ការ​វាយ​តម្លៃជា​ពិន្ទុ​ចំពោះ​ផល​វិជ្ជមាន​និង​អវិជ្ជមាន​នៃ​សហគមន៍​នេះ។ តាម​ការ​ទស្សន៍ទាយ​របស់​ខ្ញុំអ្វី​ដែល​អាស៊ាន​នឹង​សម្រេច​បាន​នៅ​ត្រឹម​ពេល​នោះ​នឹង​មាន​ច្រើន​ជាង​អ្វី​ដែល​គេ​មិន​សម្រេច​បាន ព្រោះ​ថា​អាស៊ាន​កំពុង​តែ​ដើរ​តាមផ្លូវ​ត្រូវ​ហើយ»។

ដំណើរការ​របស់​អាស៊ាន​នេះ​កំពុង​បន្ត​នៅ​ក្នុង​កិច្ច​ប្រជុំ​តំបន់​នៅ​ក្នុង​ប្រទេស​ព្រុយណេ​នៅ​ក្នុង​សប្តាហ៍​នេះ ក៏​ដូច​ជា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​តុលា​ខាង​មុខ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG