ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​គំរាម​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​តាម​ការ​ស្នើ​សុំ


កម្មករ​រោង​ចក្រ​ Sabrina នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប៉ះទង្គិច​ជាមួយ​ក្រុម​សន្តិសុខ​ក្នុង​​អំឡុង​ពេល​តវ៉ា​តំឡើង​ប្រាក់ខែ​​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៣។
កម្មករ​រោង​ចក្រ​ Sabrina នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប៉ះទង្គិច​ជាមួយ​ក្រុម​សន្តិសុខ​ក្នុង​​អំឡុង​ពេល​តវ៉ា​តំឡើង​ប្រាក់ខែ​​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៣។
ការ​ជួប​ប្រជុំ​របស់​ក្រុមប្រឹក្សា​ការងារ​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់​កម្មករ​រោងចក្រ​កាត់​ដេរ​បាន​មួយ​ចំនួន​ទៀត​ប៉ុន្តែ​មិន​ដល់​កម្រិត​មួយ​ដែល​ក្រុម​សហជីព​ចង់​បាន​នោះ​ទេ។ ពួក​គេ​បាន​គំរាម​ថា​នឹង​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំមួយ​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​កម្មករ​ចង់​បាន​ប្រាក់​ខែ​ចំនួន១៥៤​ដុល្លារ​ប៉ុន្តែ​និយោជក​យល់​ព្រម​ដំឡើង​ថែម​តែ​១៥​ដុល្លារ​ទេ​សម្រាប់​ឆ្នាំ​២០១៤​ខាងមុខ​នេះ។

លោក​បន្ថែម​ថា៖​ «ការដំឡើង​១៥​ដុល្លារ​មិន​ធ្វើ​ឱ្យ​កម្មករ​និយោជិត​ពេញ​ចិត្ត​ទេ»។

លទ្ធផល​ដែល​សម្រេច​បាន​នៅ​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០១៣​របស់​គណៈ​កម្មការ​ប្រឹក្សា​ការងារបាន​ឱ្យដឹង​ថា​ចាប់​ឆ្នាំ​២០១៤​តទៅ​នឹង​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជាបន្ត​បន្ទាប់​រហូត​ដល់​១៦០​ដុល្លារ​ក្នុងឆ្នាំ​២០១៨។ ក្នុង​ឆ្នាំ​២០១៤​ និង​២០១៥ ​ដំឡើង​បាន​១៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ឆ្នាំ​២០១៦​ដំឡើង​បាន​១៦​ដុល្លារ​និង​២០១៧និង​២០១៨​បាន​១៧​ដុល្លារ​ក្នុង​មួយឆ្នាំៗ។

ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​នេះ​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃទី​១​ខែ​មេសា​តទៅ។

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ចេញ​សេចក្តី​អំពាវ​ដោយ​បញ្ជាក់ថា៖ «លទ្ធផល​នេះ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​និង​ភាគី ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​បងប្អូន​កម្មករ​និយោជិត ​និង​រក្សា​ដំណើរការ​រោងចក្រ​ផង​ព្រម​ទាំង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ជាតិ»។​

សេចក្តី ​ថ្លែងការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ដែរថា៖ «ក្នុង​ស្មារតី​នេះ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សូម​អំពាវនាវ​ដល់​បងប្អូន​កម្មករ​និយោជិត​និយោជក​ អង្គការ​វិជ្ជា​ជីវៈ​ អង្គការ​ជាតិ​និង​អន្តរជាតិ​សូម​មេត្តា​រក្សា​ភាព​ស្ងប់​ស្ងាត់​និង​បន្ត​ប្រកប​កិច្ច​ការងារ​និង​មុខ​របរ​រៀងៗ​ខ្លួន​ជៀសវាង​ការធ្វើ​សកម្មភាព​ណាមួយ​ដែល​អាច​ធ្លាក់​ក្នុង​អន្ទាក់​នយោបាយ​របស់​ជន​ឱកាស​និយម​មួយ​ចំនួន​និង​ធ្វើ​ឱ្យ​ខាត​បង់​ផល​ប្រយោជន៍​របស់​បងប្អូន​ក៏ ដូច​ជា​ប្រទេស​ជាតិ​ទាំង​មូល»។

ប៉ុន្តែ​ការដំឡើង​នេះ​មិន​សម​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​ក្នុង​ការ​ធានា​ការរស់​នៅ​សមរម្យ​តម្រូវ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នោះ​ទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​អាត់​ធន់។ ​

លោក​អាត់ ធន់​បាន​បន្ថែម​ថា៖ «ការ​ឡើង​ប្រាក់​ខែ​តិច​ពេក​បាន​ន័យ​ថា​មិន​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​របស់​ពួកគាត់​ទេ។ បញ្ហា​នៅ​តែ​មាន​អញ្ចឹង​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហាបាន។ អញ្ចឹង​ហើយ​បាន​ជា​ការ​ដំឡើង​នេះ​វា​ពិត​ជា​គ្មាន​លក្ខណៈ​មួយ​ដែល​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ពិត​ប្រាកដ​របស់​កម្មករ​ទេ»។​

ក្រុម​សហជីព​បាន​ជួប​ប្រជុំ​គ្នា​ភ្លាមៗ​ក្រោយ​ពី​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បញ្ចប់​ហើយ​សម្រេច​ទាមទារ​ឱ្យ​មាន​ការ​ជួប​ប្រជុំ​បន្តទៀត។​

លោក​អាត់ ធន់​បន្ថែម​ថា៖​ «បើមាន​ការ​ពិភាក្សា​គ្នា​បន្ត​ទៀត​ដើម្បី​ជជែក​ឱ្យ​មានការ​ឡើង​ប្រាក់​ឈ្នួល​ទៀត​ប្រហែល​ជា​មិន​ជា​បញ្ហា​អ្វី​ទេ​ហើ​យ​បើ​សិន​ជា​ការឡើង​ប្រាក់​ឈ្នួល​នេះ​ដល់​កម្រិត​គាត់​ទទួល​យក​បាន​គឺ​បាន​ន័យ​ថា​បញ្ចប់​រឿង​ប៉ុន្តែ​បើសិន​ជាគ្មាន​ការ​ជជែក​ពិភាក្សា​គ្នា​ទេ​បាតុកម្ម​នឹង​កើត​មាន​ហើយ​ការ​កើត​មាន​នេះ​គឺ​គាត់​បាន​លើក​ឡើង​ហើយ​គឺ​ភាគច្រើន​គាត់​ចង់​ឱ្យ​មាន​ការ​ហែរក្បួន​ជា​ទ្រង់​ទ្រាយ​ធំ​ហើយ​នាំ​គ្នា​សម្រុក​ចូល​រាជធានី​តែម្តង»។​

មាន​កម្មករ​ប្រហែល​ជា​៤០០.០០០​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​ហើយប្រាក់​ឈ្នួល​អប្បបរមា​ដែល​កម្មករ​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន​៨០​ដុល្លារ​សហរដ្ឋ​អាមេរិក៕
XS
SM
MD
LG