ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ពលកម្ម​អន្តរជាតិ​នឹង​ចុះ​ផ្សាយ​ការ​រកឃើញ​នៅ​ក្នុង​រោងចក្រ​សម្លៀក​បំពាក់​របស់​កម្ពុជា​


កម្មករ​រោងចក្រ​កាត់ដេរ​ ដេរ​សម្លៀក​បំពាក់​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៧។
កម្មករ​រោងចក្រ​កាត់ដេរ​ ដេរ​សម្លៀក​បំពាក់​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៧។
ភ្នំពេញ៖ អង្គការ​ពលកម្ម​អន្តរជាតិ​ International​ Labor​ Organization ​របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ ILO​ បាន​និយាយ​នៅ​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​នឹង​ផ្លាស់​ប្តូរ​កម្មវិធី​ត្រួតពិនិត្យរបស់​ខ្លួន​នៅ​ក្នុង​រោងចក្រ​សម្លៀក​បំពាក់​នៃ​ប្រទេស​កម្ពុជា។​ ចាប់​ពី​ខែ​មករា​ខាង​មុខ​ អង្គការ​ ILO​ នឹង​ចេញ​ផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ អំពី​រោងចក្រ​ណា​ដែល​មិន​គោរព​តាម​មាត្រា​ដ៏​សំខាន់​បំផុត​នៃ​ច្បាប់​ពលកម្ម​នៅ​ក្នុង​ប្រទេស។​ ILO​ មាន​ផែនការ​ចង់​ចាប់ផ្តើម​ធ្វើ​អធិការកិច្ច​នៅ​ពេល​ឆាប់ៗ​នេះ​ តែ​ក្រុម​អធិការ​ប្រហែល​មាន​ការ​លំបាក​ក្នុង​ការ​បំពេញ​មុខនាទី​របស់​ខ្លួន។​

ឧស្សាហកម្ម​សម្លៀក​បំពាក់​របស់​ប្រទេស​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ។​ សព្វ​ថ្ងៃ​នេះ​ឧស្សាហកម្ម​សម្លៀក​បំពាក់​ជា​អ្នក​នាំ​ចូល​រូបីយប័ណ្ណ​បរទេស​ដ៏​ច្រើន​បំផុត​ និង​ជា​និយោជក​តាម​ផ្លូវការ​ដ៏​ធំបំផុត​របស់​ប្រទេសកម្ពុជា​ ដែល​មាន​អ្នក​ធ្វើ​ការ​ចំនួន​ ៤០​ ម៉ឺន​នាក់។​ ការ​លូតលាស់​បាន​ឆាប់​រហ័ស​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​គឺ​បណ្តាល​មក​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​អនុគ្រោះ​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ទំនិញ​ទាំង​នោះ​ហូរ​ចូល​មក​ក្នុងទី​ផ្សារ​របស់​សរអា​ដោយ​ឥត​បង់​ពន្ធ។​ ជា​ថ្នូរ​ រោងចក្រ​នាំ​ចេញ​របស់​កម្ពុជា​ត្រូវ​ស្ថិត​នៅ​ក្រោម​កម្មវិធី​អធិការកិច្ច​របស់​អង្គការ​ ILO​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Better​ Factories​ Cambodia​ ហៅ​កាត់​ BFC ដែល​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ការ​គោរព​របស់​រោចក្រ​ទាំង​នេះ​ តាម​ច្បាប់​ពលកម្ម​របស់​ប្រទេស​កម្ពុជា​ហើយ​ផ្តល់​អនុសាសន៍​របស់​ខ្លួន​ជា​សាធារណៈ។​

នេះ​ជា​មធ្យោបាយ​លួងលោម​ផង​និង​ដាក់​ទណ្ឌកម្ម​ផង​ -​ ដែល​បើក​ឲ្យ​ប្រទេស​កម្ពុជា​នាំ​ទំនិញ​ចូល​មក​ឲ្យ​ក្រុមហ៊ុន​លក់រាយ​របស់​ប្រទេស​អាមេរិក​ ដរាប​ណា​រោងចក្រ​របស់​ខ្លួន​គោរព​តាម​លក្ខ​ខណ្ឌ​ខ្លះ​នៃ​ស្ថានភាព​ពលកម្ម។​ រោងចក្រ​បរទេស​ជា​ច្រើន​រយ​បាន​ឆ្លៀត​ឱកាស​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​នេះ។​

បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​បាន​អស់​អណត្តិ​ក្នុង​ឆ្នាំ​ ២០០៥​ អង្គការ​ ILO​ បាន​យល់​ព្រម​ថា​ ខ្លួន​ឈប់​ផ្សាយ​ការ​រក​ឃើញ​របស់​កម្មវិធី​អធិការកិច្ច​ BFC​ ត​ទៅ​ទៀត​ តែ​នៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​រោងចក្រ​ជា​បន្ត។​

ក៏​ប៉ុន្តែ​ការ​សិក្សា​មួយ​របស់​សកលវិទ្យាល័យ​ច្បាប់​ Stanford​ Law​ School​ បាន​បង្ហាញ​ថា​ ដោយ​គ្មាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ឲ្យ​ធ្វើ​តាម​ រោងចក្រ​ទាំង​នោះ​លែង​ធ្វើ​តាម​អនុសាសន៍​របស់​ BFC ​ទាំង​ស្រុង។​ ស្ថានភាព​របស់​កម្មករ​សម្លៀក​បំពាក់​បាន​ធ្លាក់​ចុះ​ ហើយ​សព្វ​ថ្ងៃ​កម្មករ​បាន​ប្រាក់​ចំណូល​ពិត​ប្រាកដ​ តិច​ជាង​កាល​ពី​មួយ​ទសវត្សរ៍​មុន។​
Jason​ Judd​ អ្នក​ជំនាញ​បច្ចេកទេស​របស់​ ILO​ សម្រាប់​ BFC​ និយាយ​ថា​ ក្រុម​អធិការ​នៅ​ក្នុង​កម្មវិធី​សម្រាប់​ប្រទេស​កម្ពុជា​ បាន​សង្កេត​ឃើញ​និន្នាការ​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។

«ក្នុង​ពេល​ ៣​ ឆ្នាំ​កន្លង​ទៅ​នេះ​ យើង​សង្កេត​ឃើញ​ការ​គោរព​ច្បាប់​ពលកម្ម​របស់​រោងចក្រ​បាន​ធ្លាក់​ចុះ​ រិត​តែ​អាក្រក់​ឡើង។​ ស្ថានភាព​ធ្វើ​ការ​កាន់​តែ​យ៉ាប់​យ៉ឺន​ជាង​មុន។​ មិន​គ្រប់​រោង​ចក្រ​ទាំង​អស់​ទេ​ តែ​នេះ​ជា​ការ​សង្កេត​ឃើញ​របស់​យើង​ជា​ទូទៅ​ ហើយ​យើង​កំពុង​តែ​ត្រឡប់​ទៅ​រក​ទម្លាប់​ចាស់​នៅ​ដើម​កម្មវិធី​នេះ​វិញ​ -​ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​គាប​សង្កត់​ស្រាលៗ​ពី​សាធារណជន​ទៅ​លើ​រោងចក្រ​ដើម្បី​ឲ្យ​ដំឡើង​ស្ថានភាព​ការងារ​ឲ្យ​បាន​ប្រសើរ​ជាង​មុន»។​

លោក​ថ្លែង​ថា​ ក្រុម​អធិការ​នឹង​ផ្តោត​ទៅ​លើ​បញ្ហា​ជា​ចាំបាច់​ដូច​ជា​ ធានា​ថា​ច្រក​ចេញ​គ្រា​មាន​អាសន្ន​មិន​ចាក់​សោ​នៅ​ពេល​ធ្វើការ​ ហើយ​ឲ្យ​ពលករ​ទទួល​បាន​យ៉ាង​ហោច​ណាស់​ ប្រាក់​ឈ្លួល​ជា​អប្បបរិមា។​

កម្មវិធី​ BFC​ ដែល​មាន​មុខ​នាទី​គ្រាន់​តែ​ត្រួត​ពិនិត្យ​សុទ្ធសាធ​ ហើយ​មិន​អាច​បង្ខំ​ឲ្យ​ធ្វើ​តាម​បាន​នោះ​ បាន​ពិនិត្យ​មើល​រោងចក្រ​ចំនួន​ ៤៥០។​ BFC​ និយាយ​ថា​ ចាប់​ផ្តើម​ពី​ខែ​តុលា​ ក្រុម​អធិការ​របស់​ខ្លួន​នឹង​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ការ​គោរព​របស់​រោងចក្រ​ នៅ​លើ​បញ្ហា​សំខាន់ៗ​ ២១។​ ម្ចាស់​រោងចក្រ​នឹង​បាន​ទទួល​ពេល​វេលា​ ៣​ ខែ​ ដើម្បី​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជា​ចាំបាច់​ -​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ។​

ព័ត៌មាន​នេះ​បាន​ទទួល​ស្វាគមន៍​ពី​សហជីព​កម្មករ​ ក្រុមហ៊ុន​ម៉ាកល្បីៗ​ខ្លះ​ រួម​ទាំង​ H&M​ នៃ​ប្រទេស​ Suede​ ហើយ​និង​ក្រុម​សិទ្ធិ​ពលករ​ដូច​ជា​ មជ្ឈមណ្ឌល​ Solidarity​ Center​ ដែល​ជា​អង្គការ​មិន​យក​កម្រៃ​មួយ​ និង​ជា​សាខា​របស់​ចលនា​ពលកម្ម​ដែល​មាន​មូលដ្ឋាន​នៅ​សរអា។​ លោក​ Dave​ Welsh​ ជា​នាយក​មជ្ឈមណ្ឌល​ Solidarity​ Center​ ប្រចាំ​ប្រទេស។​

«នេះ​ជា​ជំហាន​មួយ​ទៅ​រក​ផ្លូវ​ត្រូវ។​ ហើយ​ឱកាស​ដែល​កម្មវិធី​នេះ​ផ្តល់​ទៅ​ឲ្យ​សហជីព​និង​ពលករ​និង​សកម្មជន​ពលកម្ម​ គឺ​ពិត​ជា​ប្រៀប​បាន​ទៅ​នឹង​ការ​ប្រកាស​ឈ្មោះ​រោងចក្រ​ជា​សាធារណៈ​ និង​ធ្វើ​ឲ្យ​អាមាស​មុខ​ ក៏​ប៉ុន្តែ​វា​ពិត​ជា​បញ្ជាក់​ឲ្យ​ឃើញ​ភាព​បន្ទាន់​មួយ​ ហើយ​អំពាវនាវ​ជា​សាធារណៈ​ដល់​អ្នក​កាន់​ហ៊ុន​ទាំង​អស់​ដែល​មាន​សមត្ថភាព​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​បាន​ គឺ​ការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ -​ ជា​ពិសេស​រដ្ឋាភិបាល​ ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ និង​រោងចក្រ​ -​ ឲ្យ​ចូល​រួម​ក្នុង​មុខនាទី​ជា​សាធារណៈ​និង​ជា​សកម្ម​មួយ។​ មធ្យោបាយ​បែប​នេះ​នឹង​ជួយ​ច្រើន​ណាស់»។​

សេចក្តី​ប្រកាស​ថ្មីៗ​នេះ​របស់​អង្គការ​ ILO​ បាន​ទទួល​ការ​ឆ្លើយ​តប​មិន​សូវ​កក់​ក្តៅ​ប៉ុន្មាន​ទេ​ ពី​សំណាក់​រដ្ឋាភិបាល។​ លោក​ សាត​ សាមុធ​ មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ក្រសួង​ការងារ​កម្ពុជា​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ លោក​បារម្ភ​ថា​ ការ​ប្រកាស​ឈ្មោះ​រាងចក្រ​ជា​សាធារណៈ​អាច​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ដក​ខ្លួន​ចេញ​ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ការងារ។​
តែ​គឺ​អង្គភាព​ឧស្សាហកម្ម​ផ្ទាល់​ដែល​តំណាង​ឲ្យ​រោងចក្រ​សម្លៀក​បំពាក់​ជាង​ ៤០០​ ឯ​ណោះ​វិញ​ទេ​ ដែល​បង្ហាញ​ការ​រំខានខ្លាំង​ជាង​គេ។​ លោក​ Ken​ Loo​ អគ្គ លេខាធិការ​នៃ​សមាគម​ក្រុម​កម្មន្តសាល​សម្លៀក​បំពាក់​ក្នុង​ប្រទេស​កម្ពុជា​ ហៅ​កាត់ថា​ GMAC​ បាន​ថ្លែង​ថា​ សមាជិក​របស់​សមាគម​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ពី​អ្វី​ដែល​លោក​ហៅ​ថា​មធ្យោបាយ​ប្រើ​អំណាច​ដោយ​បង្ខំ​របស់​អង្គការ​ ILO។​ លោក​ Ken​ Loo​ ថ្លែង​ថា​ សមាគម​ GMAC​ មិន​ជំទាស់​នឹង​ការ​ប្រកាស​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សាធារណៈ​ទេ​ តែ​មិន​សប្បាយ​ចិត្ត​នឹង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​ ILO​ ទៅ​លើ​អង្គភាព​ឧស្សាហកម្ម​ ហើយ​មិន​ទុក​ពេល​វេលា​គ្រប់​គ្រាន់​ឲ្យ​អង្គភាព​នេះ​ធ្វើ​ការ​ពិគ្រោះ​ជា​មួយ​សមាជិក​របស់​ខ្លួន។​

ជា​លទ្ធផល​ GMAC​ នឹង​ផ្ញើ​លិខិត​ទៅ​សមាជិក​របស់​ខ្លួន​ដើម្បី​ទូន្មាន​ថា​ ពួក​គេ​មិន​មាន​កាតព្វកិច្ច​ដើម្បី​បើក​ឲ្យ​ក្រុម​អធិការ​របស់​ BFC​ ចូល​ទៅ​ក្នុង​រោងចក្រ​របស់​គេ​ទៀត​ទេ។​
លោក​ Ken Loo​ ថ្លែង​ថា​ «រោងចក្រ​មាន​កាតព្វកិច្ច​បើក​ឲ្យ​ក្រុម​ត្រួត​ពិនិត្យ​របស់​BFC​ ចូល​មើល​ពេល​ណា​ពួក​គេ​មក​ធ្វើ​សវនកម្ម​ដោយ​ឥត​ប្រកាស​ជា​មុន។​ អ្វី​ដែល​យើង​ធ្វើ​ឥឡូវ​នេះ​គឺ​ប្រាប់​រោងចក្រ​ថា​ សមាគម​បាន​ធ្វើ​សេចក្តី​សម្រេច​ដើម្បី​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា​ ពួក​គេ​លែង​មាន​កាតព្វកិច្ច​នេះ​ទៀត​ហើយ។​ ក្រសួង​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ជា​អ្នក​ផ្តល់​ការ​អនុញ្ញាត​ -​ ដូច្នេះ​យើង​មិន​ជា​អ្នក​ប្រកែក​មិន​ឲ្យ​ចូល​ទេ​ តែ​យើង​និយាយ​ថា​ បើ​ពួក​គេ​មក​ជា​មួយ​មន្រ្តី​ពាក់​ព័ន្ធ​ ឬ​មាន​លិខិត​តាម​ផ្លូវការ​បញ្ជាក់​ការ​អនុញ្ញាត​ឲ្យ​ចូល​ យើង​ពិត​ជា​គោរព​តាម។​ បើ​គ្មាន​ទេ​ យើង​ចង់​ប្រាប់​រោងចក្រ​ឲ្យ​ដឹង​ថា​ ពួក​គេ​លែង​មាន​កាតព្វកិច្ច​ទៀត​ហើយ។​ ពួក​គេ​នឹង​ធ្វើ​សេចក្តី​សម្រេច​ដោយ​ផ្ទាល់​ខ្លួន»។​

លោក​ Ken​ Loo​ និយាយ​ថា​ GMAC​ នឹង​ប្រកាន់​ជំហរ​នេះ​ រហូត​ទាល់​តែ​គេ​យក​សេចក្តី​ព្រួយបារម្ភ​របស់​ខ្លួន​ទៅ​ពិចារណា។​ នេះ​ជា​ជំហរ​ដែល​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​យក​ផែនការ​របស់​អង្គការ​ ILO​ ទៅ​អនុវត្ត​នៅ​ក្នុង​ខែ​នេះ៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន
XS
SM
MD
LG