ក្រុមសហជីពនៅថ្ងៃពុធនេះបានបង្ហាញការព្រួយបារម្ភចំពោះហានិភ័យខ្ពស់នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅតាមរោងចក្រកាត់ដេរ ក្រោយមានសេចក្តីរាយការណ៍ថា កម្មការិនីម្នាក់បានឆ្លងជំងឺកូវីដ១៩នេះ។
ស្ត្រីដែលគេរាយការណ៍ថាឆ្លងជំងឺកូវីដ១៩ នោះគឺ ជាកម្មករនៅរោងចក្រឈ្មោះ Y & W Garment ស្ថិតក្នុងភូមិព្រែកជ្រៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ុន្តែរហូតមកដល់ថ្ងៃពុធនេះ ក្រសួងសុខាភិបាលមិនទាន់បញ្ជាក់ថា តើមានកម្មកររោងចក្រឆ្លងជំងឺកូវីដ១៩ នេះនៅឡើយទេ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាប្រាប់វីអូអេ នៅថ្ងៃពុធនេះថា ករណីឆ្លងរបស់ស្ត្រីខាងលើ ដែលលោកបានដឹងតាមប្រព័ន្ធផ្សព្វផ្សាយ កំពុងបង្កការបារម្ភកាន់តែខ្លាំងឡើង ចំពោះលទ្ធភាពនៃការឆ្លងថ្មីបន្ថែមទៀត ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេល ស្របពេលកម្មករនៅបន្តទម្លាប់ធ្វើដំណើររួមគ្នា ឬក៏ស្នាក់នៅក្នុងបន្ទប់ជួលរួមគ្នា។
លោកមានប្រសាសន៍ថា៖ «នៅក្នុងពេលហ្នឹងគឺយើងពិតជាមានការបារម្ភខ្លាំង ដោយសារតែយើងមើលឃើញស្ថានភាពហ្នឹង វាដូចជាមិនល្អសោះ។ កន្លែងដែលកម្មកររស់នៅ គឺវានៅជុំគ្នាហើយ គាត់ធ្វើដំណើរជាមួយគ្នា គាត់ធ្វើការជាមួយគ្នា គាត់ប្រើបន្ទប់ទឹកជាមួយគ្នា គាត់ចេញចូលមុខរោងចក្រជាមួយគ្នា អ៊ីចឹងបើសិនជាមានការឆ្លងមួយហ្នឹង គឺយើងបារម្ភមែនទែន ការឆ្លងផ្សេងៗទៀត»។
មេដឹកនាំសហជីពរូបនេះបន្ថែមថា កម្មករគ្រប់រោងចក្រនៅពេលនេះគួរកែប្រែទម្លាប់ចាស់ៗរបស់ខ្លួន ទាំងការរស់នៅ ធ្វើដំណើរ និងហូបចុកចំណីអាហារ ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ហើយភាគីរោងចក្រ ក៏គួរតែផ្អាកប្រតិបត្តិការរបស់ខ្លួនសិន។
បើតាមបញ្ជីសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) រោងចក្រ Y & W Garment ដែលផលិតសម្លៀកបំពាក់ក្មេងៗ មានកម្មករជាង ៥៧០០ នាក់។
បណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍អំពីករណីឆ្លងលើកម្មការិនីម្នាក់ ដោយយោងតាមការបញ្ជាក់របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ សារព័ត៌មានបានរាយការណ៍ថា ស្រ្តីនោះមានអាយុ ៤៨ ឆ្នាំ បានឆ្លងពីកូនរបស់គាត់ ដែលជាអ្នកបើករថយន្តឲ្យជនជាតិចិន។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានទេ នៅថ្ងៃពុធនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្រ្តីខ្មែរម្នាក់អាយុ ៤៨ ឆ្នាំ មានអាសយដ្ឋានក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ វិជ្ជមានជំងឺកូវីដ១៩។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ស្រ្តីនោះជាកម្មការិនីរោងចក្រកាត់ដេរខាងលើ ឬយ៉ាងណា។
មេប៉ុស្តិ៍នគរបាលសង្កាត់ស្ពានថ្ម លោក ឈឹម រ៉ា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ស្ត្រីដែលជាកម្មករនៅរោងចក្រខាងលើ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ហើយត្រូវបានយកទៅព្យាបាលតាំងពីយប់ថ្ងៃអង្គារ។
លោកថ្លែងយ៉ាងដូច្នេះ៖ «បាទវិជ្ជមានហើយវិជ្ជមាន ហើយបានគេមកយក»។
លោកមិនអាចបញ្ជាក់បន្ថែមថា មានមនុស្សពាក់ព័ន្ធប៉ុន្មាននាក់ ដែលបុគ្គលិកសុខាភិបាលយកសំណាកទៅពិនិត្យ ប៉ុន្តែលោកថា ស្វាមីរបស់កម្មការិនីនោះត្រូវបានយកទៅធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែក។
លោកបន្ថែមថា៖ «យើងអត់ទាន់ដឹងទេបង។ គេយកគាត់ទៅសិន ហើយគេបានគេស្រាវជ្រាវទៀត តើពីណាដើរជាមួយគាត់នរណានៅជាមួយគាត់? ប៉ុន្តែថ្ងៃមុនប្តីគាត់ក៏គេយកទៅដែរ យកទៅធ្វើចត្តាឡីស័ក»។
VOA មិនទាន់អាចសុំការឆ្លើយតបពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ។
វីអូអេព្យាយាមសុំការអធិប្បាយពីភាគីរោងចក្រតាមរយៈលេខទូរស័ព្ទ និងសារអ៊ីម៉េល ដែលមានលើគេហទំព័ររបស់សមាគម GMAC ប៉ុន្តែមិនទាន់មានការឆ្លើយតប។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬ GMAC មានប្រសាសន៍ថា លោកមិនមានព័ត៌មានជាផ្លូវការនៃការឆ្លងជំងឺកូវីដ១៩ ទៅលើស្រ្តីជាកម្មករ នៅរោងចក្រខាងលើទេ។ លោកបញ្ជាក់ថា រោងចក្រនៅបន្តដំណើរការជាធម្មតា។
លោកមានប្រសាសន៍ថា៖ «រោងចក្រដូចដំណើរការធម្មតា តាមខ្ញុំដឹង»។
ប៉ុន្តែលោ កប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ប្រាប់វីអូអេនៅរសៀលថ្ងៃពុធថា រោងចក្របានសម្រេចផ្អាកដំណើរការ ហើយអគារមួយដែលស្ត្រីនោះ បម្រើការត្រូវបានបិទ ចំណែកកម្មករជាច្រើនរយនាក់ ត្រូវនាំទៅពិនិត្យសុខភាព។
លោកមានប្រសាសន៍ថា៖ «តាមខ្ញុំដឹងមកដល់ម៉ោងនេះ រោងចក្របានផ្អាក ហើយផ្អាកសកម្មភាពការងាររបស់ខ្លួនហើយ ដោយឲ្យកម្មករឈប់សម្រាក ដោយទុកលទ្ធភាពឲ្យមន្ត្រីជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងអគាររោងចក្រទាំងអស់នោះ»។
មេដឹកនាំសហជីពរូបនេះ ឲ្យដឹងថា វាករណីឆ្លងដំបូងនៅក្នុងចំណោមកម្មកររោងចក្រ ដែលតម្រូវឲ្យមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសការឆ្លងរហ័ស។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃអង្គារ ដែលធ្វើឡើងក្រោយការបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បង្ហាញក្តីបារម្ភអំពីការឆ្លងរាលដាលកាន់តែច្រើន នៅក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលនៅថ្ងៃទី៣ ខែមីនានេះ មានមនុស្ស ៣៤ នាក់ទៀតវិជ្ជមានជំងឺកូវីដ១៩។
ករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ មានចំនួន ៣៧៤ នាក់ ដែលភាគច្រើនជាជនជាតិចិន ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕