ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា មនុស្ស ៣៤ នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែម ដោយសារមានករណីឆ្លងជារៀងរាល់ថ្ងៃ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថា មនុស្ស ៣៤ នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» កើនទៅដល់ ៣៧៤ នាក់ ដែលភាគច្រើនជាជនជាតិចិន។
ក្នុងចំណោមមនុស្ស ៣៤ នាក់ ដែលឆ្លងនៅថ្ងៃនេះ ភាគច្រើនជាជនជាតិចិន ហើយរួមមានជនជាតិខ្មែរ ១៥ នាក់ ដោយក្នុងចំណោមនោះខ្មែរ ៩ នាក់ រស់នៅក្នុងខេត្តព្រះសីហនុ។ ការឆ្លងក្នុងខេត្តនេះកើនឡើងជាបន្តបន្ទាប់ ក្រោយមានការផ្ទុះឆ្លងទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែមីនានេះ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ មានចំនួន ៦២ នាក់។
គួរបញ្ជាក់ថា ខណៈប្រឈមនឹងការឆ្លងសហគមន៍នេះ កម្ពុជាក៏កំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ក្រុមជួរមុខ។ កម្ពុជាមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាង ៩២ ម៉ឺនដូស គិតត្រឹមថ្ងៃពុធនេះ ដែលអាចចាក់មនុស្សបានជាង ៤៦ ម៉ឺននាក់៕