សេចក្តីព្រាងច្បាប់ថ្មីប្រឆាំងនឹងជំងឺកូវីដ១៩ នឹងអនុញ្ញាតឲ្យដាក់ទោសទណ្ឌជាប់ពន្ធនាគារលើអ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នកដែលគេចពីការព្យាបាលជំងឺកូវីដ១៩។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
សេចក្តីព្រាងច្បាប់ ដែលមាន ១៨ មាត្រានេះ កំពុងត្រួតពិនិត្យដោយរដ្ឋសភានិងគ្រោងអនុម័តនៅពេលឆាប់ៗខាងមុខ។
មាត្រា ៧ នៃសេចក្តីព្រាងច្បាប់ ដែល VOA ទទួលបាន ចែងថា ការគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវជាប់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ពី ២ លានរៀលទៅ ១០ លានរៀល កាលបើអំពើខាងលើបណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ ទៅអ្នកដទៃ។
ចំណែកមាត្រា ៨ ចែងថា ការគេចវេះពីការព្យាបាល ឬគេចពីកន្លែងព្យាបាល នឹងត្រូវផ្តន្ទាទោសពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៨លានរៀលទៅ ២០ លានរៀល។ បើអំពើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១ ០ឆ្នាំ។
ចំណែកមាត្រា ៩ ចែងថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ១៩ ទៅអ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ។
មាត្រា ១០ ចែងពីបទមិនគោរពតាមវិធានការរដ្ឋបាល នឹងត្រូវផ្តន្ទាទោសពី ៦ ខែទៅ ៣ ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការចម្លងជំងឺទៅអ្នកដទៃ។
បើតាមសេចក្តីព្រាងច្បាប់នេះ វិធានការរដ្ឋបាលដូចជាការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរ ការហាមឃាត់ការប្រមូលផ្តុំមនុស្ស ការកម្រិតសកម្មភាពការងារ ឬមុខរបរ និងការបិទខ្ទប់តំបន់ឬទីកន្លែងមួយចំនួនជាដើម។
បុគ្គលដែលមិនគោរពតាមវិធានការរដ្ឋបាល ក៏ត្រូវទទួលទណ្ឌកម្មនៃការព្យួរ ដកហូតអាជ្ញាបណ្ណ ឬបិទអាជីវកម្ម។ ចំណែកមាត្រា ១១ ចែងថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលដាក់ចេញស្របតាមច្បាប់ នឹងត្រូវដាក់ពន្ធនាការពី ៦ ខែទៅ ៣ ឆ្នាំ។ កាលបើអំពើនេះបណ្តាលឲ្យមានការចម្លងជំងឺដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសពី ២ ឆ្នាំទៅ ៥ ឆ្នាំ។
ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់នេះក៏អនុញ្ញាតឲ្យមានការលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលបាននូវការសម្រាលការទទួលខុសត្រូវព្រហ្មទណ្ឌ ក្នុងករណីក្រុមគ្រួសារនៃបុគ្គលប្រព្រឹត្តបង្ហាញប្រាប់ព័ត៌មានដល់មន្រ្តីសុខាភិបាល ឬមន្រ្តីមានសមត្ថកិច្ច ឬផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីបញ្ចៀសការឆ្លងរាលដាល។
សេចក្តីព្រាងច្បាប់នេះចែងថា សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ច។
បើតាមសេចក្តីព្រាងច្បាប់នេះ ច្បាប់នេះត្រូវប្រកាសឲ្យប្រើប្រាស់ជាការប្រញាប់។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរបស់រដ្ឋសភា ប្រាប់ VOA នៅរសៀលថ្ងៃអង្គារថា រដ្ឋសភាកំពុងពន្លឿនពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់នេះ តាមដែលអាចធ្វើទៅបាន។
សេចក្តីព្រាងច្បាប់នេះត្រូវបានបង្កើតនិងពន្លឿន ស្របពេលកម្ពុជាកំពុងប្រឈមការឆ្លងសហគមន៍ទ្រង់ទ្រាយធំក្នុងសហគមន៍ជនជាតិចិន ដែលកំពុងរាលដាលក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្ស ២៤ នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ កើនទៅដល់ ៣៤០ នាក់ ដែលភាគច្រើនជាជនជាតិចិន៕