រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបគ្នានៅខែក្រោយដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌សម្រាប់ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមប្រធានសមាគមអាស៊ាននៅពេលបច្ចុប្បន្ន គឺប្រទេសកម្ពុជា បានប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៩ ខែមករា ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ានលោកប្រាក់ សុខុន កំពុងប្រុងប្រៀបរៀបចំដំណើរបំពេញទស្សនកិច្ចលើកទី១របស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ក្នុងសំណេរដើមជាភាសាខ្មែរថា៖ «អាទិភាពរបស់ឯកឧត្តម ក្នុងការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខនេះ»។ សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា សន្និសីទកំពូលនោះ គ្រោងធ្វើឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈខាងមុខ។
ការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ដោយពួកយោធាកាលពីឆ្នាំទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យរាំងស្ទះដល់អាស៊ានហើយនឹងការខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្ហាញថា ខ្លួនជាប្លុកមួយដែលរឹងមាំ និងមានសមាហរណកម្ម។
អាស៊ាន ធ្លាប់បានចាត់វិធានការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយបានរារាំងពួកយោធាមិនឲ្យចូលរួមជំនួបសំខាន់ៗដោយសារការបរាជ័យរបស់ខ្លួនមិនគោរពការមូលមតិ៥ចំណុចរបស់អាស៊ានដែលរួមមានការបញ្ឈប់អរិភាព ហើយបន្ទាប់មកនឹងមានការសន្ទនាគ្នា។
ក្នុងខែមករានេះ កម្ពុជាបាននិយាយថា ជំនួបរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី១ ក្នុងអំឡុងពេលដែលខ្លួនធ្វើជាប្រធានប្លុកដែលមានប្រទេស១០ជាសមាជិកនេះ បានត្រូវពន្យារពេលពីព្រោះតែរដ្ឋមន្ត្រីការបរទេសខ្លះ បានសម្តែងនូវការពិបាកនៅក្នុងការចូលរួម៕