លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរនៅតាមខេត្តជាប់ព្រំដែនថៃ បង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩មកក្នុងសហគមន៍កម្ពុជា ខណៈមានការផ្ទុះការឆ្លងជំងឺនេះនៅប្រទេសថៃ។
បើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ដែលមានមូលដ្ឋាននៅប្រទេសថៃ មនុស្សជាង៦០០នាក់ដែលភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា និងដែលធ្វើការនៅក្នុងផ្សារលក់អាហារសមុទ្រមួយក្នុងខេត្តសាមុត សាខន ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ១៩។ ករណីឆ្លងថ្មីនេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ហើយចំនួនអ្នកឆ្លងត្រូវគេរំពឹងថា នឹងបន្តកើនឡើងទៀត។
នៅក្នុងខ្សែអាត់សំឡេងរយៈពេលជាង២០នាទី ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានប្រាប់អាជ្ញាធរនៅខេត្តជាប់ពំ្រដែនប្រទេសថៃ ឲ្យបង្រួមច្រកព្រំដែន មកត្រឹមបីច្រកប៉ុណ្ណោះ និងរៀបចំវិធានការចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ក្នុងករណីមានការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ។
លោកថ្លែងថា៖ «ខ្ញុំព្រះករុណា ខ្ញុំក៏សុំយកឱកាសនេះអំពាវនាវចំពោះឪពុកម្តាយក្រុមគ្រួសារ ប្តីសី ប្រពន្ធ ឬកូន ដែលមានសាច់ញាតិដែលធ្វើការនៅក្នុងប្រទេសថៃ គឺលើកទឹកចិត្ត ឲ្យកូនចៅប្តីសីបងប្អូនដែលកំពុងធ្វើការនៅទីនោះ រស់នៅទីនោះបន្តទៀត ដើម្បីខិតខំធ្វើយ៉ាងណា រក្សាឲ្យបាននូវការងារធ្វើរបស់យើងនៅទីនោះ»។
លោក ហ៊ុន សែន បន្ថែមថា ពលករខ្មែរនៅពេលនេះ មិនគួរបម្លាស់ទីទេ ដើម្បីបញ្ចៀសការឆ្លងរាតត្បាតនៃជំងឺកូវីដនេះ មកក្នុងសហគមន៍ខ្មែរតាមព្រំដែន។ លោកឲ្យដឹងទៀតថា ពលរដ្ឋខ្មែរដែលមានបំណងចង់ចូលទៅប្រទេសថៃទាំងស្របច្បាប់ ឬខុសច្បាប់នោះ គួរកុំធ្វើដំណើរនៅពេលនេះ។ លោកថា បើសិនជាចូលទៅដោយស្របច្បាប់ ពួកគេក៏នឹងត្រូវថៃឲ្យដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ហើយសង្ឃឹមថាបងប្អូននឹងបន្ត នៅធ្វើការងារនៅទីនោះ ជាមួយនឹងប្រជាជនថៃ។ ប្រជាជនថៃមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាដ៏លំបាក ហើយរឿងនេះវាបានកើត ហើយបើសិនយើងចល័ត ចេញពីកន្លែងមួយមកកាន់កន្លែងមួយ គឺពិតជាមិនល្អទេ។ ដូច្នេះសូមកុំអាលចូលមកក្នុងប្រទេស»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យអាជ្ញាធរសុខាភិបាលបញ្ចេញម៉ាស់ក្រណាត់ទៅតាមច្រកព្រំដែន និងបញ្ជាឲ្យបញ្ជូនរថយន្តកងទ័ពចំនួន៧០គ្រឿង ដើម្បីត្រៀមដឹកជញ្ជូនពលករត្រឡប់មកប្រទេសវិញ ក្នុងចំនួនច្រើនតាមច្រកអន្តរជាតិ៣សំខាន់ៗ គឺច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកដូងខេត្តបាត់ដំបង។
បន្ទាប់ពីការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំឲ្យអាជ្ញាធរនៃខេត្តជាប់ព្រំដែនថៃបង្កើនវិធានការបង្ការ រួមមានការវាស់កម្តៅអ្នកដំណើរចូលមកកម្ពុជា ហើយរាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃជាចាំបាច់។
ក្រសួងសុខាភិបាលក៏បានស្នើឲ្យអាជ្ញាធរខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ រៀបចំទីកន្លែងឲ្យមានគម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅម្នាក់ ឲ្យបានពីមួយម៉ែត្រកន្លះឡើង នៅកន្លែងវាស់កម្តៅ កន្លែងបំពេញបែបបទចូលមកកម្ពុជា ឬកន្លែងរង់ចាំយកវត្ថុសំណាកជាដើម។
បើតាមក្រសួងសុខាភិបាល ខេត្តសាមុត សាខន នឹងត្រូវបានបិទពីម៉ោង១០យប់ដល់ម៉ោង៥ទាបភ្លឺរហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។
វីអូអេមិនអាចសុំការអធិប្បាយពីក្រុមមន្ត្រីនាំពាក្យក្រសួងសុខាភិបាល គឺលោកស្រី ឱ វណ្ណឌីន និងលោកស្រី យក់ សម្បត្តិ បានទេនៅថ្ងៃច័ន្ទនេះ។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព លើកឡើងពីការបារម្ភចំពោះពលរដ្ឋ ដែលឆ្លងកាត់តាមច្រករបៀងទៅកាន់ប្រទេសថៃ។ លោកបន្តថាអាជ្ញាធរត្រូវបង្កើនការឃ្លាំមើលសកម្មភាពនេះ។
លោកប្រាប់ VOA ថា៖ «អាជ្ញាធរហ្នឹងត្រូវពង្រឹង ពង្រឹងឲ្យមែនទែន។ បានន័យថាកុំឲ្យមានអ្នកដែលឆ្លងទៅឆ្លងមកតាមច្រករបៀងហ្នឹងទីមួយ។ ហើយទីពីរអ្នកដែលមកហ្នឹង ត្រូវតែមានទិន្នន័យអីគ្រប់គ្រាន់។ បើសិនជាគាត់ធ្វើតេស្តហើយ គាត់quarantine(នៅដោយឡែក)១៤ថ្ងៃហើយ អត់មានទេ ត្រូវមានទិន្នន័យត្រឹមត្រូវ។ ពេលណាដែលគាត់ចូលទៅផ្ទះគាត់វិញ ត្រូវតែមានទិន្នន័យគ្រប់គ្រាន់ ហើយឲ្យអាជ្ញាធរទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានហ្នឹង ដើម្បីឲ្យគាត់នៅបន្តតាមដានមើល»។
អភិបាលខេត្តតាមព្រំដែនមួយចំនួនបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានបង្កើនវិធានការត្រួតពិនិត្យពលរដ្ឋឆ្លងកាត់ព្រំដែន និងយកពលរដ្ឋណាដែលចេញមកពីប្រទេសថៃ ឲ្យមកធ្វើចត្តាឡីស័ក។
លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថាអាជ្ញាធរមិនបានរារាំងដំណើរចេញចូលរបស់ប្រជាពលរដ្ឋខ្មែរទៅប្រទេសថៃទេ ប៉ុន្តែពួកគេនឹងត្រូវស្នើឲ្យធ្វើចត្តាឡីស័ក បើសិនពួកគេធ្វើដំណើរចេញពីប្រទេសថៃ ចូលមកកម្ពុជា។ លោកកត់សម្គាល់ថាក្នុងមួយថ្ងៃ មានពលករជាង១០០នាក់ បានត្រឡប់មកពីប្រទេសថៃ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែអ្វីដែលសម្រាប់ក្រោយពីបទបញ្ជារបស់សម្តេចតេជោនេះ ក្នុងនាមគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត យើងបានរៀបចំយកពួកគាត់ធ្វើចត្តាឡីស័កទាំងអស់។ អត់មាននរណាមួយអត់ទេ។...ម៉ោងនេះ យើងគិតដល់ម៉ោងនេះ យើងបាន១០០នាក់។ ១០៨នាក់ហើយ។ ហើយបូកសរុបទាំងមុន ទាំងក្រោយដែលយើងយកមកនោះ ៣០០ជាងនាក់ហើយ ដែលយើងយកគាត់ធ្វើចត្តាឡីស័កនៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់បងប្អូនពលករដែលចូលមកក្នុងប្រទេសកម្ពុជាវិញ»។
លោកបន្ថែមថា អាជ្ញាធរបានរៀបចំឲ្យមានទីតាំងសម្រាប់ធ្វើចត្តាឡីស័កគ្រប់ក្រុង ស្រុកទាំងអស់របស់ខេត្ត ហើយថាថវិកាសម្រាប់ចំណាយលើការធ្វើចត្តាឡីស័ករបស់ពលរដ្ឋ ក៏ត្រូវបានត្រៀមបម្រុងទុករួចហើយដែរ។
ចំណែកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងឲ្យវីអូអេដឹងថាអាជ្ញាធរខេត្តរបស់លោកបានត្រៀមស្រុកពីរ គឺស្រុកកំរៀង និងសំពៅលូន សម្រាប់ជាទីតាំងធ្វើចត្តាឡីស័ក។ លោកថាអាជ្ញាធរខេត្តបានសហការជាមួយភាគីថៃ ឲ្យបិទច្រករបៀងនានា ដើម្បីបង្វែរទិសធ្វើដំណើររបស់ពលរដ្ឋឲ្យមកតាមច្រកដែលបានកំណត់។
លោកមានប្រសាសន៍ថា៖ «យើងសហការជាមួយថៃ។ យើងជូនដំណឹងឲ្យទៅថៃ ហើយតាមប្រសាសន៍របស់សម្តេច[នាយករដ្ឋមន្រ្តី ហ៊ុន សែន] សូមឲ្យពង្រួញច្រកសល់តែបីហ្នឹង។ មានន័យថា នៅបាត់ដំបង យើងមានច្រករបៀងទាំងប៉ុន្មាន សូមឲ្យថៃហ្នឹងគាត់បិទទៅ មកតែច្រកដូងមួយ»។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាលោកបានទម្លាក់កញ្ចប់ថវិកាចំនួន៥០លានរៀលឬប្រមាណ១២.៥០០ដុល្លារបន្ថែមលើថវិកាមានស្រាប់ទៅតាមខេត្តគោលដៅនីមួយៗដែលនៅជាប់ព្រំដែន ដើម្បីចាត់ចែងការចំណាយលើពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក។
ប្រទេសកម្ពុជាបានពើបប្រទះនឹងការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកដំបូង កាលពីចុងខែវិច្ឆិកា ដោយមនុស្ស៤១នាក់បានឆ្លង។ ប៉ុន្តែលោក ហ៊ុន សែន បានលើកឡើងថារដ្ឋាភិបាលអាចគ្រប់គ្រងការឆ្លងនេះបានរហូតមកដល់ពេលនេះ ប៉ុន្តែត្រូវបន្តរឹតបន្តឹងការប្រមូលផ្តុំទ្រង់ទ្រាយធំៗនានា៕