ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ថៃ​ជំរុញ​ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ ​​ខណៈ​ករណី​ឆ្លង​កូវីដ១៩​កើន​​គំហុក​ពី​​ការ​​​ផ្ទុះ​រាតរាត្បាត​ថ្មី


មន្ត្រី​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​ក្នុង​ច្រមុះ​របស់​កម្មករ​ចំណាកស្រុក​ម្នាក់​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ ខណៈ​ពេល​ដែល​មាន​ការ​ផ្ទុះរាលដាល​ជំងឺ​កូវីដ១៩ ខេត្ត Samut Sakhon ប្រទេស​ថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
មន្ត្រី​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​ក្នុង​ច្រមុះ​របស់​កម្មករ​ចំណាកស្រុក​ម្នាក់​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ ខណៈ​ពេល​ដែល​មាន​ការ​ផ្ទុះរាលដាល​ជំងឺ​កូវីដ១៩ ខេត្ត Samut Sakhon ប្រទេស​ថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha បាន​អំពាវនាវ​ឲ្យ​រក្សា​ការ​ស្ងប់ស្ងៀម​នៅ​ថ្ងៃ​ច័ន្ទ​នេះ ហើយ​បាន​និយាយ​ថា មិន​មាន​ផែនការ​បន្ទាន់​ដើម្បីពង្រីក​ការ​បិទ​សកម្មភាព​សង្គម​ ​បន្ទាប់​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៣៨២​ករណី​ បាន​ត្រូវបាន​គេ​រក​ឃើញ​នោះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

៣៦០​ករណី​នៃ​ករណី​ថ្មី​ទាំង​អស់​នោះ បាន​ឆ្លង​ទៅ​ពួក​កម្មករ​ចំណាក​ស្រុក ដែល​ភាគ​ច្រើន​មក​ពីប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​ទាក់ទិន​ទៅ​នឹង​ការផ្ទុះរាតត្បាតនៅ​មជ្ឈមណ្ឌល​គ្រឿង​សមុទ្រមួយ​នៅ​ខេត្ត Samut Sakhon ជិត​រាជធានី​បាងកក​ ដោយ​អាជ្ញាធរ​បានបិទ​សកម្មភាព​សង្គម​នៅ​ទី​នោះ​ ហើយការ​ធ្វើ​តេស្ត​មនុស្ស​រាប់​ពាន់​នាក់ បាន​ត្រូវធ្វើ​ឡើង​ដើម្បី​រាំងខ្ទប់​និង​តាមដាន​ការ​រាតត្បាត​នេះ។

លោក Prayuth Chan-ocha បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​ឃ្លាំ​មើល​ស្ថានការណ៍​នេះ​ រយៈ​ពេល​មួយ​សប្តាហ៍​មុន​ពេល​ចាត់​វិធានការ​បន្ថែម​ទៀត។

លោក​នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា៖ «សូម​កុំភ័យ​ស្លន់ស្លោ។ យើង​សង្ឃឹម​យ៉ាង​ខ្លាំង​ថា អ្វីៗ​នឹង​ស្ងប់ស្ងាត់​ក្នុង​រយៈពេល​៧​ថ្ងៃ​ទៀត។ ខ្ញុំ​មិន​ចង់​បិទ​សកម្មភាព​សង្គម​ឆាប់​រហ័ស​ពេក​ដូច​ជាប្រទេស​ដទៃ​ទេ។ ការ​រាតដាល​នេះ អាច​តាម​ដាន​រកឃើញ​បាន»។​

មន្ត្រី​សុខាភិបាល បាន​និយាយ​ថា ការ​ឆ្លង​ជាប់​ទាក់ទិន​នឹង​មជ្ឈមណ្ឌល​គ្រឿង​សមុទ្រ​នេះបាន​កើន​ឡើង​ដល់​៨២១​ករណី ដែល​ភាគ​ច្រើន​នៃ​អ្នក​ឆ្លង​ទាំង​នោះ​មិន​ចេញ​រោគសញ្ញា។ មនុស្ស​រហូត​ដល់​៤០.០០០​នាក់ នឹង​ត្រូវ​ធ្វើ​តេស្ត​នៅ​ខាង​ក្នុង​និង​ជុំវិញ​ខេត្ត Samut Sakhon។​

កន្លង​មក​ប្រទេស​ថៃ​ ទប់​ស្កាត់​បាន​ការ​រាតត្បាតនៃ​ជំងឺ​កូវីដ១៩ ដោយ​គិត​មក​ត្រឹម​មុន​ការ​ផ្ទុះ​ថ្មី​នៅចុង​សប្តាហ៍​កន្លង​ទៅ​នេះ ប្រទេស​មាន​រកឃើញ​ករណី​ឆ្លង​តែ​៤.៣០០​ករណី​ប៉ុណ្ណោះ និង​អ្នក​ស្លាប់​ត្រឹម​៦០​នាក់ ដែលនេះ​ជា​តួលេខ​តិច​តួច​បំផុត​មួយ​ក្នុង​ពិភពលោក៕

XS
SM
MD
LG